រដ្ឋសភាឯកបក្ស ១២៥រូបដែលសុទ្ធតែមកពីគណបក្សប្រជាជនកម្ពុជា អនុម័តទទួលយកសេចក្ដីព្រាងច្បាប់ស្ដីពី វិសោធនកម្មច្បាប់បោះឆ្នោត យកទៅពិនិត្យពិភាក្សាតាមសំណើរបស់មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ហើយនៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ។
អគ្គលេខាធិការដ្ឋាននៃរដ្ឋសភាឯកបក្សរបស់បក្សកាន់អំណាច ចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នេះថា រដ្ឋសភាបានទទួលយកសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត និងសេចក្ដីព្រាងច្បាប់ចំនួន ៥ ទៀត ដើម្បីពិនិត្យពិភាក្សាតាមការស្នើរបស់រាជរដ្ឋាភិបាលហើយនៅពេលនេះ។
សេចក្តីព្រាងច្បាប់នេះធ្វើឡើងតាមសំណើរបស់មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ក្នុងបំណងជំរុញឱ្យមន្ត្រីបក្សក្រៅរដ្ឋាភិបាលចេញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅថ្ងៃបោះឆ្នោតនាខែកក្កដា ខាងមុខនេះ។
បុរសខ្លាំងដែលគេចាត់ទុកជាចោរលួចសន្លឹកឆ្នោត លោក ហ៊ុន សែន បានលើកឡើងក្នុងពិធីជួបកម្មករកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ដោយបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ ធ្វើវិសោធនកម្មច្បាប់បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឲ្យបានមុនការបោះឆ្នោតជាតិឆ្នាំ២០២៣ ខាងមុខនេះ។
មេដឹកនាំបក្សកាន់អំណាចដែលពលរដ្ឋខ្មែរចាត់ទុកជាចោរប្លន់លទ្ធផលបោះឆ្នោតលោក ហ៊ុន សែន ព្រមានថា ជនណាក៏ដោយ នៅក្នុងគណបក្សណាក៏ដោយ ដែលមានបំណងឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យ ប៉ុន្តែខ្លួនឯងមិនទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះទេ នោះពួកគេនឹងត្រូវបាត់បង់សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យអស់មួយជីវិត។
ជុំវិញបញ្ហានេះ មេធាវីកម្ពុជា អ្នកស្រី ម៉េង សុភារី បានលើកឡើងកាលពីពេលថ្មីៗនេះថា ប្រសិនបើការធ្វើវិសោធនកម្មនៃច្បាប់បោះឆ្នោតនេះ ពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតមិនបានទៅបោះឆ្នោត ត្រូវបាត់សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតនោះ ពលរដ្ឋខ្មែរជាច្រើនដែលរស់នៅក្រៅប្រទេស ឬមានធុរៈទៅធ្វើជំនួញ ឬការងារ ឬមានធុរៈនាំកូនទៅរៀន ឬកំពុងបន្តការសិក្សា ឬទៅព្យាបាលជំងឺ ឬទៅថែទាំអ្នកជំងឺនៅក្រៅប្រទេស ឬកំពុងជាប់ពន្ធនាគារនាអំឡុងពេលបោះឆ្នោត តើពលរដ្ឋខ្មែរទាំងនោះពិតជាបាត់បង់សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតមែនទេ?
អ្នកច្បាប់រូបនេះលើកឡើងថា ដើម្បីឱ្យការអនុវត្តច្បាប់ថ្មីនេះប្រកបដោយប្រសិទ្ធភាព និងតម្លាភាព រាជរដ្ឋាភិបាលគួរពិចារណាអំពីការរៀបចំឱ្យមានការិយាល័យបោះឆ្នោតនៅក្រៅប្រទេសដែរ ដើម្បីឱ្យពលរដ្ឋខ្មែរដែលកំពុងរស់នៅ ឬកំពុងធ្វើការ ឬកំពុងបន្តការសិក្សានៅក្រៅប្រទេសអាចទៅបោះឆ្នោតបាន ចៀសវាងពួកគេបាត់បង់សិទ្ធិឈរឈ្មោះបោះឆ្នោតទៅថ្ងៃក្រោយ។
ជាងនេះទៀត ការខ្វះខាតឯកសារក្នុងការចុះឈ្មោះបោះឆ្នោត ក៏ជាបញ្ហាសម្រាប់ពលរដ្ឋមួយចំនួនដែលចង់ទៅបោះឆ្នោតដែរ ដូច្នេះរាជរដ្ឋាភិបាលក៏គួរពិចារណាលើចំណុចនេះថែមទៀត ថាតើត្រូវធ្វើយ៉ាងណាធានាថា ការមិនបានទៅបោះឆ្នោត គឺដោយសារតែអ្នកទាំងនោះសម្រេចចិត្តបោះបង់សិទ្ធិបោះឆ្នោតរបស់ខ្លួន ឬដោយសារតែមិនអាចអនុវត្តនូវសិទ្ធិរបស់ពួកគេបានដោយសារតែបញ្ហាបច្ចេកទេសរបស់រាជរដ្ឋាភិបាលនោះ។
អ្នកស្រី ម៉េង សុភារី បញ្ជាក់ថា សរុបសេចក្តីមក ពិតជាមានការលំបាកខ្លាំងណាស់ក្នុងការធានាថា នរណាបានទៅបោះឆ្នោត និងនរណាខ្លះមិនបានទៅបោះឆ្នោត ដើម្បីកំណត់ឱ្យច្បាស់ថា បុគ្គលណាអាច ឬមិនអាចឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យទៅថ្ងៃក្រោយ ដូច្នេះអ្នកស្រីយល់ឃើញថា ដើម្បីភាពងាយស្រួល មានតែអនុវត្តច្បាប់ដែលកម្ពុជាធ្លាប់អនុវត្តកន្លងមកប៉ុណ្ណោះ ដើម្បីឱ្យពលរដ្ឋប្រើសិទ្ធិរបស់ខ្លួនឱ្យបានទូលំទូលាយដូចការបោះឆ្នោតមុនៗ។
ទាក់ទិននឹងបញ្ហានេះ អ្នកវិភាគឯករាជ្យ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ អះអាងថា ការកែច្បាប់បោះឆ្នោតម្តងនេះ គឺមានគោលដៅសងសឹក និងបំបែកបំបាក់បំផ្លាញជាតិឯង ដើម្បីតែប្រយោជន៍អំណាចគ្រួសារ «ហ៊ុន» ប៉ុណ្ណោះ ព្រោះខ្លឹមសារនៃច្បាប់នេះ គឺដើម្បីព្យាយាមបោសសម្អាតអ្នកប្រឆាំង និងអ្នកប្រជាធិបតេយ្យពីសមរភូមិនយោបាយនៅកម្ពុជា។
លោក គឹម សុខ បញ្ជាក់ថា យ៉ាងណាក៏ដោយ លោក ហ៊ុន សែន នៅតែប្រឈមនឹងភាពអាម៉ាស់ដដែល ព្រោះថាបើគ្មានបក្សណាដែលពលរដ្ឋខ្មែរពេញចិត្តទេ ពួកគាត់អាចខ្វែងសន្លឹកឆ្នោតចោល ឬសរសេរពាក្យពេចន៍តាមពួកគាត់ចង់ ដូចជាពាក្យផ្ដាច់ការ ជាដើម ហើយបត់សន្លឹកឆ្នោតនោះឲ្យស្អាត ទម្លាក់ចូលធុងឆ្នោតជាការស្រេច ដើម្បីសំដែងឆន្ទៈរបស់ពួកគេប្រឆាំងនឹងការគាបសង្កត់នៅពេលនេះ៕