គល់​ឈើ ឈើ​អារ​ច្រៀក ឈើ​ក្ដារ និង​ឈើ​ឃ្លុំ​ដែល​បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ ប្រទះ​ឃើញ​ពេល​ចុះ​ល្បាត​ចាប់ពី​ថ្ងៃទី​១១-១៤ ខែ​មិថុនា ឆ្នាំ​២០២៣។

ព័ត៌មានជាតិ

បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ​រួច​ផុត​ពី​ការ​តាម​សម្លាប់​របស់​ជនល្មើស​ដែល​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់

By ឌឹ ខេមបូឌា ដេលី

June 21, 2023

បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ ទទូច​ឲ្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ ចុះ​ស្រាវជ្រាវ​ចាត់​វិធានការ​ច្បាប់​ចំពោះ​ជនល្មើស​ដែល​បាន​កាប់​បំផ្លាញ​ព្រៃឈើ ដើម្បី​រក្សា​ព្រៃឡង់​ឲ្យ​នៅ​គង់វង្ស​យូរ​អង្វែង។

បណ្ដាញ​សហគមន៍​ព្រៃឡង់ ឲ្យ​ដឹង​ថា រយៈពេល ៤​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០២៣ ពួកគេ​ចុះ​ល្បាត​បាន​ប្រទះ​ឃើញ​បទល្មើស ដូចជា​គល់ឈើ​ដែល​ទើប​កាត់​រួច​ចំនួន ២៥០​គល់ និង​ឈើ​អារ​ច្រៀក​រួច​កំពុង​ដឹក និង​មិន​ទាន់​ដឹកជញ្ជូន​ចំនួន​ ២១,២៤​ម៉ែត្រគូប។ ក្នុង​នោះ ឈើ​ឃ្លុំ​ចំនួន ៤​ជ្រុង​សរុប ១៤,៤០​ម៉ែត្រគូប ដែល​ជា​ប្រភេទ​ឈើទាល ផ្ដៀក ដួងចែម និង​គគីរ ដោយ​ជនសង្ស័យ​ដែល​បណ្ដាញ​សហគមន៍​បាន​ជួប​មាន​ឈ្មោះ អុល (ហៅ​ខ្លាឃ្មុំ) និង​ឈ្មោះ សូប៉ោង រួម​ទាំង​សមាជិក ២០​នាក់​ទៀត។ ពួកគេ​ទាំងនេះ​មាន​ទីលំនៅ​ភូមិ​ពើក ឃុំ​ពុទ្រា ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ។

បណ្ដាញ​សហគមន៍​ព្រៃឡង់ ឲ្យ​ដឹង​ថា ចំពោះ​ទីតាំង​ដែល​ពួកគេ​ប្រព្រឹត្ត​បទល្មើស​នៅ​ត្រង់​ចំណុច​ស្រែស្តៅ វាលលំហាច អូពូរោង ស្រែពពេល ក្នុង​ភូមិសាស្ត្រ​តំបន់​ព្រៃឡង់ ដែល​ជា​ចំណុច​ប្រសព្វ ៣​ខេត្ត គឺ​ខេត្ត​ព្រះវិហារ ខេត្ត​កំពង់ធំ និង​ខេត្ត​ស្ទឹងត្រែង។

ប្រភព​ដដែល​បញ្ជាក់​ថា មេ​ឈ្មួញ​ឈើ​ទាំង ២​នាក់​ដែល​ឈ្មោះ​មាន អុល (ហៅ​ខ្លាឃ្មុំ) និង​ឈ្មោះ សូប៉ោង ហើយ​និង​កម្មករ​ជាច្រើន​នាក់​កំពុង​សម្ងំ​កាប់ និង​ដឹកជញ្ជូន​ឈើ​យ៉ាង​អនាធិបតេយ្យ​ជា​យូរ​មក​ហើយ ដោយ​មាន​រណារ​យន្ត និង​អាវុធ​កែច្នៃ​ជាច្រើន​ផង​ដែរ។

ក្រៅពី​កាប់​បំផ្លាញ​ព្រៃឈើ​ហើយ ក្រុម​ជនល្មើស​ទាំងនេះ​ដែល​ប្រដាប់​ដោយ​អាវុធ​កែច្នៃ (កាប៊ិន) កាំបិត និង​ពូថៅ​ជាច្រើន​បាន​ដេញ​តាម​បម្រុង​នឹង​ធ្វើ​ឃាត​សមាជិក​សហគមន៍​ព្រៃឡង់​ដែល​កំពុងតែ​ចុះ​ត្រួតពិនិត្យ និង​តាមដាន​បទល្មើស​ព្រៃឈើ ប៉ុន្តែ​ពុំ​មាន​អ្នក​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ឡើយ ដោយសារ​ពួកគេ​រត់​ភៀសខ្លួន​ទាន់​ពេលវេលា។

បណ្ដាញ​សហគមន៍​ព្រៃឡង់​បាន​ស្នើ​ទៅ​ដល់​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​ចុះ​ស្រាវជ្រាវ​ដោយ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ជនល្មើស​ដែល​បាន​កាប់​បំផ្លាញ​ព្រៃឈើ ដើម្បី​រក្សា​ព្រៃឡង់​ឲ្យ​នៅ​គង់វង្ស​យូរ​អង្វែង។

ការ​ស្នើ​ជា​ថ្មី​ទៀត​របស់​បណ្ដាញ​សហគមន៍​ព្រៃឡង់​នេះ ហាក់​បង្ហាញ​ឲ្យ​ឃើញ​ថា បទល្មើស​ព្រៃឈើ​នៅតែ​មិន​ថយ​ចុះ បើ​ទោះបីជា​លោក ហ៊ុន សែន បាន​អំពាវនាវ​ទៅ​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល និង​អ្នក​មាន​អំណាច និង​អ្នក​មាន​លុយ​ឱ្យ​ដក​ខ្លួន​ចេញ​ជាបន្ទាន់​បើសិន​ពួកគេ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ក៏ដោយ។

លោក​ថា ការ​អំពាវនាវ​នេះ​បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​ថា​មាន​ជន​ឆ្លៀត​ឱកាស​កាប់​បំផ្លាញ​ព្រៃឈើ និង​ទន្ទ្រាន​ដីធ្លី​របស់​រដ្ឋ​អំឡុង​ពេល​រដ្ឋាភិបាល​កំពុង​ជាប់​រវល់​រៀបចំ​ដំណើរការ​បោះឆ្នោត។

បុរស​ខ្លាំង​កាន់​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា​ដែល​បរាជ័យ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ក៏​បាន​ចេញ​បទបញ្ជា​ជា​ថ្មី​ទៀត​កាលពី​ថ្ងៃទី​០៥ ខែ​មិថុនា ទៅ​កងកម្លាំង​ឲ្យ​ចាប់​មេខ្លោង​ដែល​នៅ​ពីក្រោយ​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​យក​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់ ដោយ​គ្មាន​ការ​លើកលែង និង​យោគយល់​ផង​ដែរ។

ព្រៃឡង់ មាន​ផ្ទៃដី​ជាង ៤៣​ម៉ឺន​ហិកតារ គ្របដណ្ដប់​ខេត្ត​ចំនួន​៤ គឺ​ខេត្ត​ព្រះវិហារ កំពង់ធំ ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង។ ព្រៃឡង់ ជា​ព្រៃ​ធំ​ជាងគេ​នៅ​កម្ពុជា ហើយ​ត្រូវ​បាន​រដ្ឋាភិបាល​កំណត់​ជា​តំបន់​ការពារ​នៅ​ក្នុង​ឆ្នាំ​២០១៦។

អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​ចេញ​របាយការណ៍​មួយ​នៅ​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០២២ បង្ហាញ​ថា ព្រៃឈើ​ចំនួន ៦២៧១​ហិកតារ ត្រូវ​បាន​កាប់​បំផ្លាញ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ចំនួន​២ ក្នុង​នោះ​មាន​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ និង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ ដោយ​ការ​កាប់​ឈើ​ខុស​ច្បាប់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​កំពុង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ និង​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច។

លើស​ពី​នេះ អង្គការ Amnesty International បាន​រក​ឃើញ​ទៀត​ថា អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​មន្ត្រី​ក្រសួង​បរិស្ថាន មិន​បាន​អើពើ និង​មិន​ខ្វល់​ចំពោះ​ការ​រាយការណ៍​របស់​ពលរដ្ឋ​ពាក់ព័ន្ធ​បទល្មើស ខណៈ​សកម្មភាព​ចុះ​ទៅ​ស៊ើបអង្កេត​ខ្លះ​របស់​មន្ត្រី​ក្រសួង​បរិស្ថាន ធ្វើឡើង​ដើម្បី​ទទួល​លុយ​ក្រោម​តុ​ពី​ជនល្មើស​តែប៉ុណ្ណោះ៕