បុរសខ្លាំងក្រាញអំណាចតពូជនៅកម្ពុជា លោក ហ៊ុន សែន សម្រេចឲ្យពលរដ្ឋដែលកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីផុតសុពលភាព អាចយកទៅបោះឆ្នោតបាន ខណៈលោកបានផាត់បក្សភ្លើងទៀនមិនឲ្យចូលរួមបោះឆ្នោតនៅខែកក្កដា ខាងមុខនេះ។
ការសម្រេចរបស់លោក ហ៊ុន សែន ធ្វើឡើងនៅក្នុងអនុក្រឹត្យស្ដីពីការបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីដែលបានផុតសុពលភាព អាចប្រើប្រាស់សម្រាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។
បើតាមអនុក្រឹត្យដដែលថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីដែលបានផុតសុពលភាពប្រើប្រាស់ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ គឺត្រូវបានបន្តសុពលភាពសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ រហូតដល់ត្រឹមថ្ងៃប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧។
ទោះបីជាលោក ហ៊ុន សែន ប្រកាសឲ្យប្រជាពលរដ្ឋយកអត្តសញ្ញាណប័ណ្ណអស់សុពលភាពទៅបោះឆ្នោតក្ដី ប៉ុន្តែការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ មិនមានគណបក្សប្រឆាំងចូលរួមប្រកួតប្រជែងឡើយ។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខនេះ បណ្ដាញប្រទេសលោកសេរី ក្នុងនោះសហរដ្ឋអាមេរិក អូស្ត្រាលី និងបារាំង ជាដើម មិនបានបញ្ជូនអ្នកសង្កេតការណ៍មកចូលរួមទេ៕