29 C
Phnom Penh

សកម្មជន​បក្ស​កាន់​អំណាច​ជាច្រើន​នាក់​ស្រែក​ទាមទារ​យុត្តិធម៌​នៅ​ពេល​លោក ហ៊ុន សែន ផ្តល់​ឋានៈ​បុណ្យ​ស័ក្តិ​ដល់​ក្រុម​ប្រឆាំង​ដែល​ទើប​ចុះចូល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​មូលដ្ឋាន​ដែល​តស៊ូ​ជួយ​ឃោសនា​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ជាច្រើន​នាក់ ស្រែក​រក​យុត្តិធម៌​នៅ​ពេល​ដែល​មេដឹកនាំ​កំពូល​របស់​ពួកគេ គឺ​លោក ហ៊ុន សែន បាន​ផ្តល់​ឋានៈ​បុណ្យ​ស័ក្តិ​តួនាទី​ដល់​ក្រុម​ប្រឆាំង​ដែល​ទើប​នឹង​ប្រកាស​ចុះចូល​ជា​បន្តបន្ទាប់​នៅ​មុន​ការ​បោះឆ្នោត​នា​ពេលនេះ។

បុរស​ម្នាក់​ឈ្មោះ ឆាយ សុវណ្ណ ដែល​បាន​អះអាង​ថា​ខ្លួន​ជា​សកម្មជន​សកម្ម​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទម្លាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ​ថា លោក​បាន​តស៊ូ​ធ្វើ​កិច្ច​ការងារ​ដោយ​ការ​ផ្សព្វផ្សាយ​គំនិត​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ប្រឆាំង​តបត​នឹង​ក្រុម​ប្រឆាំង​តាំងពី​ឆ្នាំ​២០១៥ មក ក្នុង​នោះ​មាន​អ្នក​ធ្វើ​កិច្ចការ​ដូច​លោក​ជាច្រើន​នាក់​ដែរ ដូចជា​លោក ខ្លា ស លោក ស្អែក ស្លាប់ និង​លោក ផាន់ ណា ព្រមទាំង​មនុស្ស​ជាច្រើន​ទៀត​ដែល​នៅ​ពេល​នោះ គណបក្ស​ប្រឆាំង​មាន​កម្លាំង​គាំទ្រ​ខ្លាំង​ណាស់​ទាំង​នៅ​ក្នុង​ស្រុក និង​ឯ​បរទេស។

លោក ឆាយ សុវណ្ណ លើកឡើង​ថា អ្នក​តស៊ូ​ដើម្បី​បក្ស​ប្រជាជន​កម្ពុជា​មាន​ច្រើន​ណាស់ បាន​ជំរុញ​ឱ្យ​លោក​ទម្លាយ​រឿង​ដែល​ពួកគេ​ឈឺចាប់​នេះ ព្រោះ​តែ​គណបក្ស​បាន​បោះបង់​ពួកគេ​ចោល ដោយ​គ្មាន​ការ​ទំនុក​បម្រុង​រហូត​ក្លាយ​ជា​មនុស្ស​ដើរ​ទាត់​ខ្យល់ គ្មាន​លទ្ធភាព​សូម្បីតែ​ចិញ្ចឹម​គ្រួសារ​របស់​ខ្លួន។

សកម្មជន​បក្ស​ប្រជាជន​កម្ពុជា​រូប​នេះ​ត្អូញត្អែរ​ថា មន្ត្រី​បក្ស​កាន់​អំណាច​ដែល​ជា​ថ្នាក់​លើ​របស់​ខ្លួន​ខ្លះ បាន​បោក​ប្រើ​អ្នក​ទាំងនោះ​ដោយ​ការ​សន្យា​ថា នឹង​ជួយ​ពួកគេ​ជា​ថ្នូរ​នឹង​ការ​ជួយ​ឃោសនា​ឱ្យ​គណបក្ស​នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ប៉ុន្តែ​ក្រោយ​ពេល​បោះឆ្នោត​រួចរាល់ ស្រាប់តែ​បាត់​ស្រមោល​អ្នក​ទាំងនោះ​សូន្យ​ឈឹង ខណៈ​ក្រុម​ប្រឆាំង​ដែល​ជេរ​ប្រមាថ​ថ្នាក់​ដឹកនាំ​បក្ស​ប្រជាជន​កម្ពុជា​ជាង ១០​ឆ្នាំ គ្រាន់តែ​ចេះ​លើក​ដៃ​សំពះ​សុំទោស និង​សុំ​ចូល​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស ស្រាប់តែ​ទទួល​បាន​តំណែង​ខ្ពស់ៗ​ក្នុង​ជួរ​រដ្ឋាភិបាល​ភ្លាមៗ​តែម្តង។

លោក ឆាយ សុវណ្ណ បញ្ជាក់​ថា ពួកគេ​មិន​ត្រូវការ​តំណែង​ធំៗ​ណា​មួយ​នោះ​ទេ គ្រាន់តែ​ត្រូវការ​ការ​ជួយ​ទំនុក​បម្រុង​ពី​គណបក្ស​ខ្លះ​ដើម្បី​ចិញ្ចឹម​គ្រួសារ​ឱ្យ​មាន​ជីវភាព​សមរម្យ​ប៉ុណ្ណោះ ព្រោះ​រយៈពេល ១០​ឆ្នាំ​មក​នេះ លោក​មិន​ទទួល​បាន​ការ​ជួយ​ទំនុក​បម្រុង​ពី​គណបក្ស​ម្តង​ណា​ឡើយ ប៉ុន្តែ​នៅ​ពេលនេះ លោក​ពិត​ជា​ខ្មាស​ក្រុម​ប្រឆាំង​ដែល​បាន​ចុះចូល​ណាស់ ព្រោះ​ការងារ ១០​ឆ្នាំ​ដូច​គ្នា ពួកគេ​ទទួល​បាន​ការ​យកចិត្ត​ទុកដាក់​ពី​បក្ស​កាន់​អំណាច​ជាង​ពួកគេ​ដែល​ជា​កូនចៅ​របស់​បក្ស​ប្រជាជន​កម្ពុជា​ស្រាប់​ទៅ​ទៀត។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រុម​ប្រឆាំង​ទទួល​បាន​តំណែង​ក្នុង​ជួរ​បក្ស​កាន់​អំណាច​ផង និង​ក្នុង​ជួរ​រដ្ឋាភិបាល​ផង បន្ទាប់ពី​ពួកគេ​ប្រកាស​សុំ​ចុះចូល​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា​នៅ​ពេលនេះ។

ចាប់តាំងពី​ដើម​ខែ​មេសា ឆ្នាំ​២០២៣ មក មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​បាន​ប្រកាស​សុំ​ចុះចូល​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា​ជា​បន្តបន្ទាប់ ក្នុង​នោះ​ពួកគេ​ត្រូវ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ផ្តល់​តំណែង​ឱ្យ​គ្រប់ៗ​គ្នា​ទាំងអស់ ទាំង​ក្នុង​ជួរ​គណបក្ស និង​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​លោក ក្នុង​នោះ​អ្នក​ខ្លះ​ទទួល​បាន​តំណែង​ជា​ប្រធាន​ក្រុម​ការងារ​ខេត្ត អ្នក​ខ្លះ​ទទួល​បាន​តំណែង​ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ រហូត​មាន​អ្នក​ខ្លះ​ទទួល​បាន​តំណែង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​នៅ​មូលដ្ឋាន​ដូចជា​ខេត្ត​ពោធិ៍សាត់ ខេត្ត​បាត់ដំបង និង​ខេត្ត​សៀមរាប ជាដើម បាន​ទម្លាយ​ប្រាប់​សារព័ត៌ មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា ពួកគេ​មាន​ការ​បាក់​ទឹកចិត្ត និង​អាក់អន់​ចិត្ត​ជា​ខ្លាំង​នៅ​ពេល​ដែល​បក្ស​របស់​ខ្លួន​តែងតាំង​ក្រុម​ប្រឆាំង​ដែល​ទើប​នឹង​ចុះចូល ឱ្យ​កាន់​តំណែង​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល ស្រប​ពេល​ដែល​ពួកគេ​ជា​សមាជិក​ចាស់​ខំប្រឹង​ធ្វើ​ការ​ជូន​គណបក្ស​ជា​យូរ​មក​ហើយ​នោះ បាន​ត្រឹមតែ​ជា​ក្រុម​ការងារ​នៅ​មូលដ្ឋាន​ដដែល។

សមាជិក​បក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​នៅ​មូលដ្ឋាន​ខាងលើ បញ្ជាក់​ថា បើ​គង់តែ​បែប​នេះ​ដដែល ពួកគេ​សុខចិត្ត​ធ្វើ​ជា​ក្រុម​ប្រឆាំង​វិញ​ដើម្បី​មាន​ឱកាស​កាន់​តំណែង​ខ្ពស់ៗ​ក្នុង​រាជរដ្ឋាភិបាល នៅ​ពេល​ដែល​ពួកគេ​នាំគ្នា​ចុះចូល​ដូច​ក្រុម​ប្រឆាំង​ធ្វើ​នៅ​ពេលនេះ។ សមាជិក​បក្ស​កាន់​អំណាច​ទាំងនោះ​បន្ថែម​ថា សព្វថ្ងៃ​នេះ​សមាជិក​ខ្លះ​គេ​មិន​សូវ​ចុះ​ពង្រឹង​ក្រុម​ការងារ​នៅ​មូលដ្ឋាន​ទេ ដោយ​ពួកគេ​និយាយ​ចំអក​ថា ទុក​ឱ្យ​ពួក​ប្រឆាំង​ដែល​បាន​តំណែង​ខ្ពស់ៗ​ទាំងនោះ​ធ្វើ​ការងារ​នេះ​វិញ​ចុះ។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២១ មិថុនា នេះ​ថា បន្ទាប់ពី​ក្រុម​ប្រឆាំង​ចុះចូល ក៏​ត្រូវ​លោក ហ៊ុន សែន តែងតាំង​ជា​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​ព្រោងព្រាត ប៉ុន្តែ​តំណែង​ទាំងនោះ​គ្រាន់​ជា​តំណែង​ចុង​អាណត្តិ​ប៉ុណ្ណោះ ព្រោះ​តំណែង​ទាំងនេះ​នឹង​អស់​សុពលភាព​នៅ​ពេល​រដ្ឋាភិបាល​ថ្មី​ត្រូវ​បាន​បង្កើត​ឡើង​ក្រោយ​ការ​បោះឆ្នោត ដូច្នេះ​បើ​គ្មាន​ការ​តែងតាំង​ថ្មី​ទេ នោះ​តំណែង​ទាំងនោះ​ក៏​នឹង​មិន​អាច​បន្ត​ទៅ​ថ្ងៃ​មុខ​ទៀត​បាន​ដែរ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា ការ​ផ្តល់​តំណែង​តួនាទី​ដល់​អ្នក​ចុះចូល​បែប​នេះ ក៏​ជា​យុទ្ធសាស្ត្រ​មួយ​របស់​បក្ស​កាន់​អំណាច​ដែរ ស្រប​ពេល​ដែល​បក្ស​ប្រឆាំង​កំពុង​បែកបាក់​កម្លាំង​សាមគ្គី​នៅ​ពេលនេះ ប៉ុន្តែ​ក្រុម​ប្រឆាំង​ដែល​ចុះចូល​ទាំងនោះ​ក៏​អាច​នឹង​ត្រូវ​គណបក្ស​កាន់​អំណាច​បោះបង់​ចោល​ដែរ​នៅ​ក្រោយ​ការ​បោះឆ្នោត ប្រសិនបើ​ពួកគេ​លែង​មាន​ប្រយោជន៍​សម្រាប់​គណបក្ស​ទៀត​នោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស