រដ្ឋសភាឯកបក្សគ្រោងបើកកិច្ចប្រជុំពេញអង្គនៅចុងសប្ដាហ៍នេះ ដើម្បីពិនិត្យ និងអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោត បន្ទាប់ពីលោក ហ៊ុន សែន បានបញ្ជាកាលពីពេលថ្មីៗនេះ។
សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភានាថ្ងៃទី២១ ខែមិថុនា នេះ ឲ្យដឹងថា អង្គប្រជុំបានកំណត់បន្តបើកកិច្ចប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នៅវេលាម៉ោង ៨ព្រឹក ដឹកនាំកិច្ចប្រជុំដោយលោក ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីពិនិត្យ និងអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោត។
ការប្រកាសកំណត់ថ្ងៃអនុម័តដើម្បីកែច្បាប់បោះឆ្នោតភ្លាមៗរបស់រដ្ឋសភានេះ បន្ទាប់ពីបុរសខ្លាំងកាន់អំណាចជិត ៤០ឆ្នាំនៅកម្ពុជា លោក ហ៊ុន សែន បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋសភា ពន្លឿនកែច្បាប់បោះឆ្នោតនេះឲ្យបានមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខែកក្កដា ឆ្នាំ២០២៣ នេះ។
ការកែច្បាប់បោះឆ្នោតភ្លាមៗនេះ ដោយលោក ហ៊ុន សែន ថាដើម្បីដកសិទ្ធិពលរដ្ឋ និងបិទផ្លូវអ្នកនយោបាយប្រឆាំងមិនអាចចូលរួមឈរឈ្មោះបោះឆ្នោត បន្ទាប់ពីថ្នាក់ដឹកនាំ និងសកម្មជនបក្សប្រឆាំងនៅក្រៅប្រទេសបាននាំគ្នាធ្វើយុទ្ធនាការអំពាវនាវឲ្យពលរដ្ឋដែលទៅបោះឆ្នោតដោយបង្ខំទាំងអស់ គូសខ្វែងលើសន្លឹកឆ្នោតចោល ដោយសារមិនមានគណបក្សនយោបាយណាមួយដែលពួកគេពេញចិត្ត។
ការធ្វើយុទ្ធនាការនេះ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្រោមបញ្ជាលោក ហ៊ុន សែន មិនអនុញ្ញាតឲ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោត។
បើតាមខ្លឹមសារសេចក្ដីព្រាងនៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលរដ្ឋសភាគ្រោងនឹងអនុម័តចុងសប្ដាហ៍នេះ នៅមាត្រា១៤២(ថ្មី) បានចែងបើកផ្លូវឲ្យ គ.ជ.ប ផាកពិន័យចំពោះជនណាដែលប្រើគ្រប់មធ្យោបាយទុច្ចរិតក្នុងការរារាំងពលរដ្ឋជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀលទៅ ២០.០០០.០០០ (ម្ភៃលាន) រៀល។
ចេតនាទុច្ចរិត ដែលចែងក្នុងខ្លឹមសារមាត្រា១៤២(ថ្មី) ក្នុងនោះ ការរារាំង ឬញុះញង់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឲ្យទៅចុះឈ្មោះបោះឆ្នោត ឬរារាំងមិនឲ្យចុះឈ្មោះប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត និងសៀវភៅបញ្ជីបោះឆ្នោត។ លើសពីនេះ ការបង្កការអុកឡុក ឬរារាំងសកម្មភាពជាប្រក្រតីក្នុងទីកន្លែងសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅក្នុងអំឡុងពេលនៃការពិនិត្យបញ្ជី និងចុះឈ្មោះបោះឆ្នោត និងការរារាំងពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឲ្យទៅបោះឆ្នោត រួមទាំងបង្កការរំខានមិនឲ្យរាប់សន្លឹកឆ្នោតបាន ជាដើម។
ចំណែកមាត្រា ១៤៣ (ថ្មី) ក៏បានបើកផ្លូវឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលុបបេក្ខភាពឈរឈ្មោះរបស់គណបក្សនយោបាយ ឬ/ផាកពិន័យប្រាក់ពី ១០លានរៀលទៅ ៣០លានរៀល ព្រមទាំងដកសិទ្ធិមិនឲ្យចូលរួមបោះឆ្នោតរយៈពេល ៥ឆ្នាំយ៉ាងតិច ប្រសិនបើល្មើសនឹងមាត្រា ១៤២ (ថ្មី)។
ក្រុមឃ្លាំមើលចាត់ទុកការកែច្បាប់បោះឆ្នោតតាមបញ្ជារបស់មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ដើម្បីគាបសង្កត់មន្ត្រីបក្សក្រៅរដ្ឋាភិបាលឲ្យទៅបោះឆ្នោត ទាំងដែលមិនឲ្យគណបក្សរបស់ពួកគេឈរឈ្មោះបោះឆ្នោតនោះ ថាជាអំពើឧក្រិដ្ឋកម្មលើរដ្ឋធម្មនុញ្ញកម្ពុជាយ៉ាងធ្ងន់ធ្ងរ៕