26 C
Phnom Penh

រដ្ឋសភា​ឯក​បក្ស​អនុម័ត​ទាំងស្រុង​លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​បោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋសភា​ឯក​បក្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​អនុម័ត​ទាំងស្រុង​ដោយ​សំឡេង ១១១ លើ​សេចក្តី​ព្រាងច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​បោះឆ្នោត ត្រូវ​គេ​រំពឹង​ថា​នឹង​ចេញ​ជា​រូបរាង​យ៉ាង​ពិត​ប្រាកដ​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ខាងមុខ​នេះ។

អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ឯក​បក្ស​របស់​បក្ស​កាន់​អំណាច ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី​៩ នៅ​ថ្ងៃទី​២៣ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​នេះ គឺ​មាន​គោលបំណង​កែទម្រង់ “សិទ្ធិ​ឈរឈ្មោះ​ឱ្យ​គេ​បោះឆ្នោត” ដើម្បី​លើក​កម្ពស់​ការ​ទទួល​ខុសត្រូវ​របស់​អ្នក​ដឹកនាំ​នយោបាយ​ដែល​ត្រូវ​ជ្រើសរើស​តាមរយៈ​ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ទាំង​នៅ​ថ្នាក់​ជាតិ និង​នៅ​ថ្នាក់​ក្រោម​ជាតិ។

អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​កម្ពុជា អះអាង​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ក៏​ក្នុង​ន័យ​សំដៅ​លើក​ស្ទួយ​គុណតម្លៃ​នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដែល​បាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ ព្រោះ​ថា​កម្ពុជា​បាន​ប្រកាន់​យក​របប​នយោបាយ​ដឹកនាំ​ប្រទេស​តាម​បែប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដែល​មេដឹកនាំ​ប្រទេស​ត្រូវ​ជ្រើសរើស​តាមរយៈ​នៃ​ការ​បោះឆ្នោត​ដែល​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្រប​តាម​គោលការណ៍​នានា​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ច្បាប់ និង​បទដ្ឋាន​គតិយុត្តិ​ជាធរមាន។

កាលពី​ថ្ងៃទី​១៣ ខែ​មិថុនា ឆ្នាំ​២០២៣ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​ក្រសួង​មហាផ្ទៃ ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា និង​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ឲ្យ​បាន​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ​នេះ។

ក្រោយ​បញ្ជា​របស់​លោក ហ៊ុន សែន នៅ​ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​២០២៣ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្សព្វផ្សាយ​សេចក្តី​ព្រាងច្បាប់​នេះ ដែល​មាន ៨​មាត្រា ដោយ​កែប្រែ​ទៅ​លើ៖

  • ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ចំនួន ៣​មាត្រា
  • ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ចំនួន ៣​មាត្រា
  • ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ចំនួន ១​មាត្រា
  • និង​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ខណ្ឌ ចំនួន ១​មាត្រា​ផង​ដែរ។

សេចក្តី​ព្រាងច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​នេះ ក៏​បាន​ចែង​អំពី​ទោស​ទណ្ឌ​ផង​ដែរ ក្នុង​នោះ​ត្រង់​មាត្រា ១៤២​ថ្មី បាន​ចែង​ថា ត្រូវ​ផាក​ពិន័យ​ពី ៥​លាន​រៀល​ទៅ ២០​លាន​រៀល​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដោយ​មិន​ទាន់​គិត​ពី​ទោស​ផ្សេង​ទៀត​ដល់​ជន​ដែល​បាន​ប្រើ​មធ្យោបាយ​នានា​នោះ​ឡើយ ដូចជា​ការ​ញុះញង់​ប្រជាពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះឆ្នោត អុកឡុក​ការ​បោះឆ្នោត និង​បំផ្លាញ​សន្លឹកឆ្នោត ជាដើម គឺ​ត្រូវ​លុប​ឈ្មោះ​ពី​បញ្ជី​បោះឆ្នោត និង​ដក​សិទ្ធិ​ឲ្យ​ឈរឈ្មោះ​បោះឆ្នោត​យ៉ាងតិច ៥​ឆ្នាំ​ផង​ដែរ។

ជាង​នេះ​ទៀត មាត្រា ១៤៣​ថ្មី បាន​ចែង​អំពី​គណបក្ស​នយោបាយ​ថា គណបក្ស​នយោបាយ​ដែល​បាន​ប្រព្រឹត្ត​ទង្វើ​ខាងលើ នឹង​ត្រូវ​ពិន័យ​ពី ១០​លាន​រៀល​ទៅ ៣០​លាន​រៀល ហើយ​ត្រូវ​លុប​ចេញពី​បញ្ជី​បេក្ខភាព​ឈរឈ្មោះ​បោះឆ្នោត​ថែម​ទៀត។

ទាក់ទិន​នឹង​បញ្ហា​នេះ មេធាវី​កម្ពុជា អ្នកស្រី ម៉េង សុភារី បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ដើម្បី​ភាព​ងាយស្រួល មាន​តែ​អនុវត្ត​ច្បាប់​ដែល​កម្ពុជា​ធ្លាប់​អនុវត្ត​កន្លងមក​ប៉ុណ្ណោះ ដើម្បី​ឱ្យ​ពលរដ្ឋ​ប្រើ​សិទ្ធិ​របស់​ខ្លួន​ឱ្យ​បាន​ទូលំទូលាយ​ដូច​ការ​បោះឆ្នោត​មុនៗ។

ចំណែក​នាយិកា​មជ្ឈមណ្ឌល​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព លើក​ឡើង​ថា ប្រសិនបើ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​នៅ​ពេលនេះ​ក្នុង​គោលដៅ​លើកស្ទួយ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​មែន​នោះ រដ្ឋាភិបាល​គួរ​ចាប់ផ្តើម​ពិនិត្យ​ពី​លក្ខខណ្ឌ​ស្មុគស្មាញ​ដែល​បណ្តាល​ឱ្យ​គណបក្ស​មួយ​ចំនួន​ត្រូវ​បាត់បង់​សិទ្ធិ​ចូលរួម​បោះឆ្នោត និង​កែសម្រួល​លក្ខខណ្ឌ​នានា​ដែល​អាច​ឲ្យ​អ្នក​នយោបាយ​អាច​ចូលរួម​ប្រកួតប្រជែង​ដោយ​ស្មើភាព​គ្នា​បាន។

ដោយឡែក​ក្រុម​អ្នកវិភាគ អះអាង​ថា ការ​កែ​ច្បាប់​បោះឆ្នោត​ម្តង​នេះ គឺ​មាន​គោលដៅ​ទុច្ចរិត​ក្នុង​ចេតនា​សងសឹក​គំនុំ​នយោបាយ និង​បំបែក​បំបាក់ បំផ្លាញ​ជាតិ​ខ្មែរ ដើម្បី​តែ​ប្រយោជន៍​អំណាច​របស់​គ្រួសារ ហ៊ុន ប៉ុណ្ណោះ ព្រោះ​ខ្លឹមសារ​នៃ​ច្បាប់​នេះ គឺ​បាន​បង្កប់​ចេតនា​ទុច្ចរិត​យ៉ាង​ច្បាស់​ក្រឡែត​ក្នុង​ការ​បោស​សម្អាត​អ្នក​ប្រឆាំង និង​អ្នក​ប្រជាធិបតេយ្យ​ពី​សមរភូមិ​នយោបាយ​នៅ​កម្ពុជា​ឱ្យ​អស់​ទៅ​ថ្ងៃ​ក្រោយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស