ក្រុមប្រឹក្សា ២៣ តុលា ១៩៩១ ដែលមានមូលដ្ឋាននៅប្រទេសបារាំង ប្រកាសបដិសេធលទ្ធផលនៃការបោះឆ្នោតនៅកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះជាដាច់ខាត និងអំពាវនាវឱ្យអង្គការសហប្រជាជាតិ និងសហប្រធានសន្និសីទអន្តរជាតិក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ចាត់វិធានការដ៏សមស្របជាបន្ទាន់បំផុត ដើម្បីឲ្យមានការអនុវត្តឱ្យបានត្រឹមត្រូវតាមស្មារតី «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១»។
ក្រុមប្រឹក្សា ២៣ តុលា ១៩៩១ បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនដែលសារព័ត៌មាន The Cambodia Daily ទទួលបាននៅថ្ងៃទី២៣ មិថុនា នេះថា ការបោះឆ្នោតជាតិពីមួយអាណត្តិទៅមួយអាណត្តិ គឺបក្សកាន់អំណាចតែងប្រើមធ្យោបាយទុច្ចរិតគ្រប់រូបភាព ដូចជាការទិញទឹកចិត្តប្រជាពលរដ្ឋ ការគំរាមកំហែងដោយផ្ទាល់ផង និងដោយប្រយោលផង ការលួចបន្លំសន្លឹកឆ្នោត រហូតឈានដល់បិទទ្វារការិយាល័យរាប់សន្លឹកឆ្នោតកាលពីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងទៅនេះថែមទៀត។
ប្រភពដដែលអះអាងថា ខ្លួនបានតាមដានស្ថានការណ៍នយោបាយប្រទេសកម្ពុជាដោយយកចិត្តទុកដាក់ជាទីបំផុត ហើយក៏អាចយល់បានយ៉ាងច្បាស់ថា ចាប់តាំងពីព្រឹត្តិការណ៍រដ្ឋប្រហារនៅថ្ងៃទី៥ និងទី៦ ខែកក្កដា ឆ្នាំ១៩៩៧ មក របបផ្ដាច់ការដែលបានគ្រប់គ្រង និងដឹកនាំដោយលោក ហ៊ុន សែន គឺធ្វើឡើងតាមតែខ្សែញាក់របស់វៀតណាមកុម្មុយនីស្តក្រុងហាណូយ រហូតមក។
ក្រុមប្រឹក្សា ២៣ តុលា ១៩៩១ បញ្ជាក់ថា បើបក្សកាន់អំណាចដែលលោក ហ៊ុន សែន កំពុងគ្រប់គ្រងសព្វថ្ងៃនេះចាញ់ឆ្នោត នោះវៀតណាមគ្មានលេសណាមួយនឹងលូកដៃជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជាដោយសមរម្យនោះទេ ដូច្នេះទោះជាក្នុងតម្លៃណាក៏ដោយ វៀតណាមត្រូវតែប្រើគ្រប់មធ្យោបាយដើម្បីឲ្យមេដឹកនាំខ្មែរដែលខ្លួនបានលើកបន្តុបឈ្នះឆ្នោតជារៀងរហូត។
ប្រភពដដែលគូសបញ្ជាក់ថា ដើម្បីសម្រេចផែនការរបស់ខ្លួន លោក ហ៊ុន សែន ត្រូវតែទិញទឹកចិត្តខ្មែរគ្រប់រូបភាព ដូចជាការផ្តល់នូវបុណ្យស័ក្តិ លាភសក្ការៈផ្សេងៗ ដើម្បីឲ្យអ្នកទាំងនោះបង្កើតគណបក្សនយោបាយជួយលំអឆាកល្ខោនបោះឆ្នោតបោកប្រាស់បន្លំភ្នែកសហគមន៍អន្តរជាតិបន្តទៀត។
នៅសល់ត្រឹមតែ ៣០ថ្ងៃទៀតប៉ុណ្ណោះ ដំណើរការនៃការបោះឆ្នោតជាតិអាណត្តិទី៧ នឹងបានមកដល់ហើយ ដែលនឹងធ្វើឡើងនៅអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ប៉ុន្តែការបោះឆ្នោតនេះមិនមានការចូលរួមសង្កេតការណ៍ពីសហគមន៍អន្តរជាតិទេ ដោយសារតែពួកគេចាត់ទុកថាការបោះឆ្នោតដែលមិនប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលគ្មានតម្លាភាព។
ទាក់ទិននឹងបញ្ហានេះ កាលពីអំឡុងខែមីនា ឆ្នាំ២០២៣ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ប្រាជ្ញ ចន្ទ បានស្នើមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសបារាំង ឱ្យបញ្ជូនអ្នកសង្កេតការណ៍បារាំងមកពិនិត្យ និងសង្កេតមើលការបោះឆ្នោតជាតិនៅកម្ពុជាដែរ ប៉ុន្តែបារាំងនៅមិនទាន់ឆ្លើយតប ថាតើនឹងបញ្ជូន ឬមិនបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតមកកម្ពុជា ដើម្បីចូលរួមការបោះឆ្នោតខាងមុខនេះនៅឡើយទេរហូតដល់ពេលនេះ។
ជាងនេះទៀត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏ធ្លាប់បានបញ្ជាក់កាលពីពេលថ្មីៗនេះថា ក្រៅពីប្រទេសបារាំង រដ្ឋាភិបាលកម្ពុជាក៏បានអញ្ជើញអ្នកសង្កេតការណ៍មកពីប្រទេសអង់គ្លេស (U.K) អាល្លឺម៉ង់ (Germany) និងប៉ាឡេស្ទីន (Palestine) ផងដែរ ប៉ុន្តែប្រទេសទាំងនោះក៏មិនទាន់ឆ្លើយតបមកកម្ពុជាវិញដែរ។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បណ្ដាញសហគមន៍ខ្មែរនៅក្រៅប្រទេសបានចាប់ផ្តើមធ្វើយុទ្ធនាការស្វែងរកហត្ថលេខាអ្នកគាំទ្រតាមប្រព័ន្ធអនឡាញលើញត្តិរបស់ពួកគេ ដើម្បីទាមទារឲ្យផ្អាកការបោះឆ្នោតជាតិនៅកម្ពុជាឆ្នាំ២០២៣ នេះ ក្នុងនោះពួកគេអំពាវនាវឲ្យពលរដ្ឋខ្មែរម្ចាស់ឆ្នោតទាំងអស់ ពហិការមិនចូលរួមការបោះឆ្នោតនៅចុងខែកក្កដា ខាងមុខនេះ៕