28 C
Phnom Penh

អតីត​សកម្មជន​បក្ស​ប្រឆាំង​ថា​មន្ត្រី​ក្បែរ​លោក សម រង្ស៊ី ជាច្រើន​កំពុង​ធ្វើការ​ឱ្យ​លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហួរ សារ៉ាត់ បាន​ប្រកាស​ថា​មនុស្ស​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​បង្កប់​ខ្លួន​ក្នុង​បក្ស​ប្រឆាំង មិនមែន​មាន​តែ​លោក​ម្នាក់​នោះ​ទេ សូម្បីតែ​មន្ត្រី​នៅ​ក្បែរ​លោក សម រង្ស៊ី ជាច្រើន​នាក់​ទៀត​ក៏​កំពុង​ធ្វើការ​ឲ្យ​លោក ហ៊ុន សែន ដែរ។

ក្នុង​វីដេអូ​ឃ្លីប​ជិត ១០​នាទី​ដែល​ចុះផ្សាយ​ដោយ​សារព័ត៌មាន​គាំទ្រ​រដ្ឋាភិបាល fresh news នៅ​ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០២៣ អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហួរ សារ៉ាត់ បាន​លើកឡើង​ថា ការ​ចេញ​វីដេអូ​ឃ្លីប​ដើម្បី​បង្ហាញ​ឲ្យ​ថ្នាក់​ដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង​បាន​ដឹង​នា​ពេលនេះ ដោយសារ​ខ្លួន​វិល​ទៅ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ។

លោក​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​លោក​បង្កប់​ខ្លួន​ឲ្យ​ចូល​ធ្វើការ​នៅ​គណបក្ស​ប្រឆាំង​យូរ​ណាស់​មក​ហើយ ប៉ុន្តែ​មិន​មាន​អ្នក​ណា​បាន​ដឹង​ថា​លោក​ជា​មនុស្ស​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ។

លោក​បញ្ជាក់​ថា ទោះបីជា​ពេលនេះ​លោក​បង្ហាញ​ខ្លួន ហើយ​វិល​មក​ធ្វើ​ការងារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​វិញ​ក៏ដោយ ប៉ុន្តែ​មនុស្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​បង្កប់​ខ្លួន​ក្នុង​បក្ស​ប្រឆាំង​នៅ​មិន​ទាន់​ចេញ​អស់​ទេ ហើយ​ភាគច្រើន​ពួកគេ​នៅ​ក្បែរ​លោក សម រង្ស៊ី តែ​ធ្វើការ​ឲ្យ​លោក ហ៊ុន សែន។

អតីត​សកម្មជន​រូប​នេះ​អះអាង​ថា កត្តា​ដែល​នាំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​កាត់​បំបាក់​គណបក្ស​សង្គ្រោះ​ជាតិ​រហូត​ដល់​ធ្វើ​ឲ្យ​គណបក្ស​ភ្លើង​ទៀន​មិន​អាច​ចូលរួម​ការ​បោះឆ្នោត​បាន ដោយសារ​កម្សោយ​នៃ​ការ​ដឹកនាំ​របស់​លោក សម រង្ស៊ី ដោយ​មិន​បាន​ដឹង​ថា កូនចៅ​ដែល​នៅ​ក្បែរ​ខ្លួន​ជា​មនុស្ស​គណបក្ស​ប្រជាជន​កម្ពុជា។

ជាក់ស្ដែង លោក ឡុង រី ធ្លាប់​បាន​ទម្លាយ​ប្រាប់​លោក​អំពី​ទំនាក់ទំនង​ជាមួយ​លោក ហ៊ុន សែន ប៉ុន្តែ​ក្រោយ​មក លោក ឡុង រី បាន​បដិសេធ​វិញ​ក្រោម​ហេតុផល​ថា គណនី​ហេ្វសប៊ុក​ឈ្មោះ កុមារ​ពេជ្រ មិនមែន​ជា​លោក ហ៊ុន សែន ទេ។

លោក ហួរ សារ៉ាត់ អះអាង​ថា ការ​បញ្ចេញ​វីដេអូ​ឃ្លីប​ជិត ១០​នាទី ដោយ​បង្ហាញ​ខ្លួន​ជា​មនុស្ស​គណបក្ស​ប្រជាជន​កម្ពុជា​នា​ពេលនេះ បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បំបែក​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​បែកបាក់​គ្នា រហូត​ដល់​ធ្វើ​ឱ្យ​គណបក្ស​ភ្លើង​ទៀន​មិន​អាច​ចូលរួម​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ បាន​ផង​ដែរ។

ក្រៅពី​ចោទប្រកាន់​ទៅ​លើ​លោក ឡុង រី និង​មន្ត្រី​ផ្សេង​ទៀត​ដែល​ស្និទ្ធ​នឹង​លោក សម រង្ស៊ី ហើយ លោក ហួរ សារ៉ាត់ ក៏​បាន​វាយប្រហារ​ទៅ​លោក សម រង្ស៊ី ថា​ជា​មនុស្ស​អាត្មានិយម​ផង​ដែរ។

ការ​ចេញ​មក​វាយប្រហារ​លើ​លោក សម រង្ស៊ី និង​ថ្នាក់​ដឹកនាំ​ផ្សេងៗ​ទៀត​ពី​សំណាក់​សកម្មជន​បក្ស​ប្រឆាំង​នា​រដូវកាល​មុន​បោះឆ្នោត​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​បុរស​ខ្លាំង​ក្រាញ​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា លោក ហ៊ុន សែន ប្រកាស​ឲ្យ​ថ្នាក់​ដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ផ្ដាច់​ខ្លួន​ចេញពី​លោក សម រង្ស៊ី ជា​ថ្នូរ​នឹង​បាន​វិល​ចូល​ស្រុក​វិញ និង​ទទួល​បាន​តួនាទី តំណែង ព្រមទាំង​ការ​លើកលែង​ទោស​ផង​ដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស