ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

នយោបាយ

វេទិកា​ពលរដ្ឋ​គាំទ្រ​ក្រុមហ៊ុន​មេតា​ផ្អាក​ដំណើរការ​ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន

By ឌឹ ខេមបូឌា ដេលី

July 01, 2023

វេទិកា​ពលរដ្ឋ​គាំទ្រ​ក្រុមហ៊ុន​មេតា ផ្អាក​ដំណើរការ​ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន ដោយសារ​មេដឹកនាំ​រូប​នេះ​តែងតែ​យក​ទំព័រ​ហ្វេសប៊ុក​ដើម្បី​ប្រើ​វោហារសាស្ត្រ​ហិង្សា​គំរាម​សម្លាប់​ពលរដ្ឋ សកម្មជន​ប្រជាធិបតេយ្យ និង​អ្នក​នយោបាយ​គូប្រជែង រួម​ទាំង​ញុះញង់​បំបែក​បំបាក់​សង្គម​ផង​ដែរ។

សេចក្តី​ថ្លែងការណ៍​របស់​វេទិកា​ពលរដ្ឋ​ចេញ​ផ្សាយ​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០២៣ ដោយ​ចាត់ទុក​ការ​បិទ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន នា​ពេលនេះ​ថា​ជា​វិធានការ​រឹតត្បិត​មជ្ឈមណ្ឌល ឬ​ឃ្លាំង​ព័ត៌មាន​ហិង្សា ចរិត​ជា​ឃាតករ ដែល​ជា​សត្រូវ​នៃ​ដំណើរការ​ប្រជាធិបតេយ្យ។ មួយ​វិញ​ទៀត វិធានការ​របស់​ក្រុមហ៊ុន​មេតា ដែល​បាន​ផ្អាក​ហ្វេសប៊ុក​លោក ហ៊ុន សែន នេះ ជា​ការ​រួម​ចំណែក ព្រមទាំង​បាន​កែលំអ​យ៉ាង​ធំ​ដល់​ស្ថានភាព​ឥត​សណ្ដាប់ធ្នាប់​នៃ​នយោបាយ​កម្ពុជា និង​បំបាក់​ឲ្យ​អាម៉ាស់​យ៉ាង​ដំណំ​នូវ​ក្រុម​បុគ្គល​ដែល​បំពាន​ច្បាប់​តាម​ទំនើងចិត្ត ដើម្បី​តែ​ប្រយោជន៍​អំណាច​របស់​ខ្លួន។

វេទិកា​ពលរដ្ឋ​បាន​ហៅ​វិធានការ​របស់​ក្រុមហ៊ុន​មេតា (Meta) ថា​ជា​ការ​វាយ​បំបាក់​ចរិត​ហិង្សា​របស់​លោក ហ៊ុន សែន និង​ធ្វើ​ឲ្យ​បណ្ដាញ​ហ្វេសប៊ុក​កាន់តែ​មាន​ប្រជាប្រិយភាព​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ឲ្យ​ប្រើប្រាស់​ដោយ​ប្រកាន់​គោលការណ៍​សីលធម៌ និង​មិន​សូវ​ខ្លាច​ពី​ការ​គំរាមកំហែង​ដូច​កន្លងមក។

ប្រភព​ដដែល​ថា នៅ​ក្នុង​បរិបទ​នេះ វា​ក៏​ជា​ការ​លើក​ទឹកចិត្ត​ពលរដ្ឋ​ខ្មែរ​ឲ្យ​កាន់តែ​មាន​កម្លាំង​ចិត្ត​បង្កើន​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដើម្បី​តស៊ូ​មតិ​ប្រឆាំង​អំពើ​អយុត្តិធម៌​ដែល​កំពុង​កើត​ជា​គំនរ​វិបត្តិ​សង្គម​ធំ​ឡើងៗ​នៅ​ប្រទេស​កម្ពុជា។

ក្រៅពី​គាំទ្រ​ហើយ អគ្គលេខាធិការ​វេទិកា​ពលរដ្ឋ លោក អ៊ាប សេង ក៏​បាន​អំពាវនាវ​ទៅ​ក្រុមហ៊ុន​មេតា (Meta) កំណត់​លក្ខខណ្ឌ​ឲ្យ​បាន​ច្បាស់លាស់​ចំពោះ​ហ្វេសប៊ុក ដោយ​ឲ្យ​លោក ហ៊ុន សែន ធ្វើ​កិច្ចសន្យា​ឈប់​ប្រើ​ពាក្យ​អសីលធម៌ ការ​ញុះញង់​បំបែក​បំបាក់​សង្គម វោហារ​ហិង្សា ការ​គំរាម​ធ្វើ​ទុក្ខបុកម្នេញ និង​ការ​គំរាម​សម្លាប់​ជាដើម មុន​នឹង​ប្រគល់​ផេក (Page) ហ្វេសប៊ុក​ផ្លូវការ​របស់​គាត់​ឲ្យ​គាត់​ប្រើប្រាស់​ប្រក្រតី​វិញ។

ចំណែក​សកម្មជន​អង្គការ​ចលនា​មាតា​ធម្មជាតិ កញ្ញា ភួន កែវរស្មី បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ហាក់​ចំអក​ទៅ​កាន់​រដ្ឋមន្ត្រី​នៅ​តាម​ក្រសួង និង​ស្ថាប័ន​រដ្ឋ​ថា កញ្ញា​មិន​ហ៊ាន​គេង​ទេ ដោយ​រង់ចាំ​មើល​ក្រសួង​នានា​ចេញ​ញត្តិ​គាំទ្រ​លោក​នាយករដ្ឋមន្ត្រី បន្ទាប់ពី​ហ្វេសប៊ុក​លុប​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន ដែល​មាន​អ្នក​តាមដាន​ចំនួន ១៤​លាន​នាក់​ក៏ដោយ។

ប៉ុន្តែ​សម្រាប់​ក្រុម​អ្នកគាំទ្រ​លោក ហ៊ុន សែន និង​អ្នក​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ទទួល​បាន​តួនាទី តំណែង បាន​នាំគ្នា​ចេញ​ប្រតិកម្ម ហើយ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ឈប់​ប្រើប្រាស់​ហ្វេសប៊ុក បន្ទាប់ពី​ក្រុមហ៊ុន​មេតា (Meta) ផ្អាក​ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន មិន​ឲ្យ​ដំណើរការ​រយៈពេល​កន្លះ​ឆ្នាំ​នោះ។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​សរសេរ​លើ​ហ្វេសប៊ុក​នា​ថ្ងៃទី​៣០ មិថុនា នេះ​ថា បច្ចុប្បន្ន​ពលរដ្ឋ​ខ្មែរ​បាន​ប្រើប្រាស់ ឬ​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ច្រើន​លើសលប់​ជាងគេ ដូច្នេះ​ប្រសិនបើ​បិទ​ទាំង​មិន​បាន​ពិចារណា​ដិតដល់​នោះ លោក​ថា​វា​អាច​មាន​ផល​ជះ​មក​ខ្លួន​កាន់តែ​ខ្លាំង។

លោក​ថា រដ្ឋាភិបាល​ត្រូវ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​បណ្ដាញ​សង្គម​បន្ត​ទៀត ចំណេញ​ជាង​ការ​បិទ​ដោយ​មិន​បាន​ពិចារណា។

បន្ទាប់ពី​ក្រុមហ៊ុន​មេតា​ផ្អាក​ទំព័រ​ហ្វេសប៊ុក បុរស​ខ្លាំង​ក្រាញ​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា លោក ហ៊ុន សែន ក៏​បាន​ប្រកាស​ជា​សាធារណៈ​ដោយ​ឈប់​ប្រើប្រាស់​ហ្វេសប៊ុក ហើយ​ងាក​មក​ប្រើ TikTok របស់​ចិន និង​តេឡេក្រាម​របស់​រុស្ស៊ី វិញ ក្រោម​លេស​ថា ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន។

ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន ដែល​មាន​អ្នក​តាមដាន​ជាង ១៤​លា​នាក់ ត្រូវ​បាន​ក្រុមហ៊ុន​មេតា (Meta) ផ្អាក​ដំណើរការ​រយៈពេល​កន្លះ​ឆ្នាំ បន្ទាប់ពី​មាន​សំណើ​របស់​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន​មួយ​នេះ៕