គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៦ នៅកម្ពុជា ត្រូវបានគេស៊ើបអង្កេតរកឃើញថាបានធ្វើឲ្យអន្តរាយដល់ពលរដ្ឋកម្ពុជាដែលជាអ្នកខ្ចីប្រាក់ បន្ទាប់ពីអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) និងអង្គការសមធម៌កម្ពុជា (EC) ដែលតាងនាមឱ្យពលរដ្ឋកម្ពុជាជាអ្នកខ្ចីឥណទានខ្នាតតូច បានដាក់ពាក្យបណ្ដឹងទៅការិយាល័យភាពអនុលោម ទីប្រឹក្សា ដោះស្រាយវិវាទ កាលពីខែកុម្ភៈ ឆ្នាំ២០២២ កន្លងមក។
សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) និងអង្គការសមធម៌កម្ពុជា បានចេញសេចក្តីថ្លែងការណ៍ផ្សព្វផ្សាយនៅថ្ងៃចន្ទ ទី៣ កក្កដា នេះបានឲ្យដឹងថា ការស៊ើបអង្កេតនោះគ្របដណ្ដប់លើធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៦ គឺធនាគារអេស៊ីលីដា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ធនាគារហត្ថា ធនាគារអិលអូអិលស៊ី និងធនាគារស្ថាបនា ជាដើម។
អង្គការលីកាដូ និងអង្គការសមធម៌កម្ពុជា តាងនាមឱ្យពលរដ្ឋកម្ពុជាជាអ្នកខ្ចីឥណទានខ្នាតតូចបានដាក់ពាក្យបណ្ដឹងស្ដីពី “កម្ពុជា៖ អន្តរការីហិរញ្ញវត្ថុ-០៤” ទៅការិយាល័យភាពអនុលោម ទីប្រឹក្សា ដោះស្រាយវិវាទ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២។ នៅក្នុងពាក្យបណ្ដឹងបានធ្វើការចោទប្រកាន់ក្នុងចំណោមបញ្ហានានា ដោយមានការបរាជ័យរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិក្នុងដំណើរការត្រួតពិនិត្យដ៏ត្រឹមត្រូវនៅមុនពេលដំណើរការគម្រោង និងការរំលោភបំពានស្តង់ដារអនុវត្តរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បណ្តាលមកពីការអនុវត្តកម្ចីគ្មានសីលធម៌ និងកម្ចីបែបកេងប្រវ័ញ្ចនៅកម្ពុជា។
ជាការឆ្លើយតប ការិយាល័យភាពអនុលោម ទីប្រឹក្សា ដោះស្រាយវិវាទ (ស៊ីអេអូ) នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានកំណត់ថា ការស៊ើបអង្កេតលើភាពអនុលោម ត្រូវបានអនុញ្ញាតដើម្បីជាការឆ្លើយតបទៅនឹងពាក្យបណ្ដឹងអំពីការវិនិយោគរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៦ស្ថាប័ននៅកម្ពុជា ក៏ដូចជាមូលនិធិ និងវិនិយោគិនចំនួន៤ ដែលបានរួមចំណែកធ្វើឱ្យការខូចខាតអន្តរាយដល់ប្រជាពលរដ្ឋកម្ពុជាអ្នកខ្ចីប្រាក់។
ការស៊ើបអង្កេតនោះ គ្របដណ្ដប់លើធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៦ ក្នុងប្រទេសកម្ពុជា គឺមានធនាគារអេស៊ីលីដា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ធនាគារហត្ថា ធនាគារអិលអូអិលស៊ី និងធនាគារស្ថាបនា ជាដើម។ ចំណែកវិនិយោគិន ឬមូលនិធិចំនួន ៤ ទៀត ដូចជាឥណទានពង្រឹងមីក្រូហិរញ្ញវត្ថុ មូលនិធិគំនិតផ្ដួចផ្ដើមមីក្រូហិរញ្ញវត្ថុដើម្បីបំណុលអាស៊ី ក្រុមហ៊ុន Advans S.A និងក្រុមហ៊ុន North Haven Thai Private Equity Fund L.P ក៏ស្ថិតក្នុងការស៊ើបអង្កេតនេះដែរ។ នេះបើតាមសេចក្តីថ្លែងការណ៍ផ្សព្វផ្សាយនៅថ្ងៃចន្ទ ដោយអង្គការលីកាដូ និងអង្គការសមធម៌កម្ពុជា។
ទោះបីជាយ៉ាងណា ក្នុងដំណើរការដែលមិនធ្លាប់មានពីមុនមក ផ្នែកគ្រប់គ្រងនៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បានស្នើឱ្យមានការត្រួតពិនិត្យឡើងវិញដោយក្រុមប្រឹក្សាភិបាលនៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ចំពោះសេចក្តីសម្រេចរបស់ការិយាល័យភាពអនុលោម ទីប្រឹក្សា ដោះស្រាយវិវាទ ដែលការស្នើនេះអាចនាំឱ្យពន្យារពេល ឬបញ្ចប់ដំណើរការស៊ើបអង្កេតភាពអនុលោម។
ក្រុមប្រឹក្សាភិបាលមានរយៈពេល ១០ថ្ងៃ ដើម្បីត្រួតពិនិត្យមើលសំណើនេះ។ ដំណើរការនេះអាចអនុញ្ញាតឱ្យការស៊ើបអង្កេតភាពអនុលោម បន្តទៅមុខផ្លាស់ប្ដូរសេចក្តីសម្រេចរបស់ការិយាល័យភាពអនុលោម ទីប្រឹក្សា ដោះស្រាយវិវាទ ឬក៏ផ្តល់ឱ្យក្រុមប្រឹក្សាភិបាលនូវពេលវេលាបន្ថែមដើម្បីត្រួតពិនិត្យសំណើ។
អ្នកនាង ណាលី ពីឡូក នាយិកាទទួលបន្ទុកកិច្ចការក្រៅតំបន់នៃអង្គការលីកាដូ បានមានប្រសាសន៍ថា «ការស៊ើបអង្កេតជាជំហានដ៏សំខាន់ឆ្ពោះទៅរកយុត្តិធម៌ និងដំណោះស្រាយសំណងសម្រាប់ពលរដ្ឋកម្ពុជាអ្នកខ្ចីប្រាក់ ដែលបន្តរងគ្រោះដោយសារតែកម្ចីបែបកេងប្រវ័ញ្ច។»
អ្នកនាងបានលើកឡើងទៀតថា សំណើរបស់ផ្នែកគ្រប់គ្រងនៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ឱ្យមានការត្រួតពិនិត្យឡើងវិញដោយក្រុមប្រឹក្សាភិបាល បន្ទាប់ពីការិយាល័យភាពអនុលោម ទីប្រឹក្សា ដោះស្រាយវិវាទ បានសម្រេចបើកការស៊ើបអង្កេតដែលជាកិច្ចការដ៏ស័ក្តិសមដែលត្រូវធ្វើ ហើយនោះវាគឺជារឿងដ៏គួរអាម៉ាស់ដើម្បីជៀសវាងពីការពិនិត្យមើល។ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិត្រូវបង្ហាញថា ខ្លួនមានការប្ដេជ្ញាចិត្តក្នុងការទទួលខុសត្រូវតាមរយៈការិយាល័យភាពអនុលោម ទីប្រឹក្សា ដោះស្រាយវិវាទ និងបញ្ឈប់ការប៉ុនប៉ងដែលធ្វើឱ្យខូចដំណើរការឯករាជ្យ។
លោក អៀង វុទ្ធី នាយកប្រតិបត្តិនៃអង្គការសមធម៌កម្ពុជា បានមានប្រសាសន៍ថា ពលរដ្ឋកម្ពុជាអ្នកខ្ចីប្រាក់នៅបន្តរងគ្រោះពីផលប៉ះពាល់នៃវិស័យមីក្រូហិរញ្ញវត្ថុ និងកម្ចីឥណទានខ្នាតតូច ខណៈលោក កាំង តុងងី អ្នកនាំពាក្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាថ្លែងថា សមាគមកំពុងយកចិត្តទុកដាក់ពិនិត្យលើករណីនេះ។
កាលពីឆ្នាំ២០២១ អង្គការលីកាដូ រកឃើញថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាកំពុងធ្វើឲ្យមានការរំលោភសិទ្ធិមនុស្សនៅក្នុងភូមិជាច្រើន។ អង្គការលីកាដូឲ្យដឹងទៀតថា ពលរដ្ឋដែលជាកូនបំណុលទាំងនោះបានបង្ខំចិត្តខ្ចីប្រាក់ពីអ្នកចងការឯកជន កាត់បន្ថយអាហារបរិភោគ លក់ទ្រព្យសម្បត្តិ លក់ដី ពលកម្មកុមារ កុមារបោះបង់ការសិក្សា ភាពតានតឹងនៅក្នុងគ្រួសារ បញ្ហាដំណេក និងការធ្វើចំណាកស្រុកដោយសារបញ្ហាបំណុល៕