សហគមន៍​រងគ្រោះ​ដីធ្លី​នៅ​ខេត្ត​កោះកុង នាំគ្នា​អំពាវនាវ​ឲ្យ​ដោះលែង​ពលរដ្ឋ​ចំនួន ៩​នាក់​ឲ្យ​មាន​សេរីភាព​ឡើងវិញ​នៅ​ថ្ងៃទី​៤ ខែ​កក្កដា ឆ្នាំ​២០២៣។

ជម្លោះដីធ្លី

សហគមន៍​រងគ្រោះ​ដីធ្លី​នៅ​កោះកុង​ស្នើ​លោក ហ៊ុន សែន អន្តរាគមន៍​ដោះលែង​ពលរដ្ឋ​៩​នាក់

By ឌឹ ខេមបូឌា ដេលី

July 06, 2023

សហគមន៍​រងគ្រោះ​ដីធ្លី​ជាមួយ​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ឧកញ៉ា លី យ៉ុងផាត់ បាន​នាំគ្នា​អំពាវនាវ​ទៅ​កាន់​លោក ហ៊ុន សែន ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​តុលាការ​ខេត្ត​កោះកុង ឲ្យ​ដោះលែង​ពលរដ្ឋ​ចំនួន ៩​នាក់ ឲ្យ​មាន​សេរីភាព​ឡើងវិញ ដោយ​ថា​ពួកគេ​ទាំងនោះ​មិន​បាន​ប្រព្រឹត្ត​បទ «ញុះញង់» ដូច​ការ​ចោទប្រកាន់​របស់​តុលាការ​ឡើយ។

ការ​ស្នើ​នេះ បន្ទាប់ពី​សមត្ថកិច្ច​ខេត្ត​កោះកុង កាលពី​ថ្ងៃទី​២៩ ខែ​មិថុនា បាន​ចាប់​ខ្លួន​សកម្មជន​ដីធ្លី​ចំនួន ១១​នាក់​ករណី​ពួកគេ​នាំគ្នា​ធ្វើ​ដំណើរ​ពី​ខេត្ត​មក​កាន់​រាជធានី​ភ្នំពេញ ដើម្បី​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​យុត្តិធម៌។

បើ​តាម​យុវជន​សហគមន៍​តានី ១៩៧ បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​០៤ ខែ​កក្កដា នេះ​ថា កន្លងមក លោក ហ៊ុន សែន បាន​ប្រកាស​មិន​ឲ្យ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ជាប់​ពន្ធនាគារ​ឡើយ ប៉ុន្តែ​មន្ត្រី​ក្រោម​ឱវាទ​បែរ​ជា​ចោទប្រកាន់ និង​ចាប់​ខ្លួន​ពលរដ្ឋ​រងគ្រោះ​ដាក់​គុក​ទៅវិញ។

ពួកគេ​ទទូច​ឲ្យ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​ទៅ​តុលាការ​ខេត្ត​កោះកុង ឲ្យ​ដោះលែង​ពលរដ្ឋ​ដែល​បាត់បង់​ដី​កំពុងតែ​រង​ទុក្ខ​វេទនា​នៅ​ក្នុង​ពន្ធនាគារ​ទាំង ៩​រូប ឲ្យ​មាន​សេរីភាព និង​បាន​ត្រឡប់​មក​ផ្ទះ​ដើម្បី​ឲ្យ​ពួកគេ​បាន​ជួបជុំ​គ្រួសារ​វិញ។

ការ​ដាក់​ញត្តិ​របស់​សកម្មជន​ដីធ្លី​នេះ ដើម្បី​ស្នើសុំ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ជួយ​កិច្ច​អន្តរាគមន៍​ទៅ​តុលាការ​ខេត្ត​កោះកុង ឲ្យ​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រឆាំង​នឹង​សហគមន៍​ពួកគេ ដោយសារតែ​ធ្វើ​សកម្មភាព​ការពារ​ដីធ្លី​របស់​ខ្លួន។ លើស​ពី​នេះ ពួកគេ​ក៏​ស្នើសុំ​ក្រសួង​ចាត់​វិធានការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ដែល​រំលោភ​សិទ្ធិ​របស់​ពួកគេ​ផង​ដែរ។

សកម្មជន​ដីធ្លី​ដែល​ត្រូវ​នគរបាល​ខេត្ត​កោះកុង​ចាប់​ខ្លួន ក្នុង​នោះ​មាន​អ្នកស្រី ផាវ ញ៉ើង អ្នកស្រី ដេត ហួរ អ្នកស្រី រ៉ឹក ស៊ឹង លោក ហេង ជ័យ លោក សុខ ជ័យ លោក ឡាំ ជាវ អ្នកស្រី សេង លីន អ្នកស្រី យឿន ខ្មៅ អ្នកស្រី យី គន្ធា អ្នកស្រី ទិន តាំង និង​អ្នកស្រី សួន ថេង ហើយ​និង​ក្មេងស្រី​អាយុ​ប្រាំពីរ​ឆ្នាំ​មួយ​រូប​ត្រូវ​បាន​នាំ​ទៅ​ជាមួយ​ខណៈ​ពេល​ចាប់​ខ្លួន​នោះ​ផង​ដែរ។

តែ​យ៉ាងណា សមត្ថកិច្ច​បាន​ដោះលែង​សកម្មជន​ម្នាក់ និង​កូនស្រី​អាយុ ៧​ឆ្នាំ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ប៉ុន្តែ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ខណៈ​ពលរដ្ឋ ៩​នាក់​ទៀត​ត្រូវ​បាន​តុលាការ​ចោទប្រកាន់ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​នៅ​ថ្ងៃទី​៣០ ខែ​មិថុនា ក្រោម​បទ​ចោទប្រកាន់ «ញុះញង់»។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ចេញ​ផ្សាយ​នៅ​ថ្ងៃទី​០៤ ខែ​កក្កដា នេះ​ថា មន្ត្រី​ពន្ធនាគារ​ខេត្ត​កោះកុង មិន​បាន​អនុញ្ញាត​ឲ្យ​ក្រុម​គ្រួសារ​បាន​ជួប និង​សួរ​សុខទុក្ខ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ឡើយ ក្រោម​ហេតុផល​ថា​កំពុង​មាន​ជំងឺ​ឆ្លង​ក្នុង​ពន្ធនាគារ។

សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើក​កម្ពស់​ផ្នែក​សិទ្ធិមនុស្ស ចាត់ទុក​ការ​ចោទប្រកាន់ និង​ឃុំ​ខ្លួន​ពលរដ្ឋ​ដែល​គ្រាន់តែ​ឡើង​មក​រក​កិច្ច​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ថា​ជា​រឿង​អយុត្តិធម៌​សម្រាប់​ពលរដ្ឋ​កំពុង​រងគ្រោះ​បាត់បង់​ដីធ្លី។

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ឡើង​មក​រក​កិច្ច​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​នេះ ធ្វើឡើង​បន្ទាប់ពី​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​កោះកុង លោក ឡោ ក្រឹម កាលពី​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០២២ បាន​សម្រេច​ដាក់​ឲ្យ​តំណាង​ពលរដ្ឋ ៧​នាក់​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ក្រោយ​ឆ្លើយ​បំភ្លឺ​ពាក់ព័ន្ធ​បទ​ចោទ «អំពើ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​អំពើ​ប៉ះពាល់​កម្មសិទ្ធិ​នៃ​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ»។

តំណាង​ពលរដ្ឋ ៧​នាក់​ក្នុង​នោះ​មាន​អ្នកស្រី ភាព តេង អ្នកស្រី ណុយ សុខ អ្នកស្រី ទន់ ឡាយ លោក តូច ង៉ាន់ លោក ឃង់ រុច និង​តំណាង​ពលរដ្ឋ​ផ្សេង​ទៀត។

បើ​តាម​ក្រុម​ប្រជាពលរដ្ឋ​ធ្លាប់​អះអាង​ថា ពួកគេ​ចំនួន ២៤៣​គ្រួសារ​នៅ​សហគមន៍​ព្រលាន​ក្នុង​ឃុំ​កណ្ដោល ស្រុក​បុទុមសាគរ ត្រូវ​បាន​ក្រុមហ៊ុន Koh Kong Sugar និង Koh Kong Plantation Industry របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ បាន​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​ដី និង​ផល​ដំណាំ​របស់​គាត់​អស់​ជាច្រើន​ហិកតារ​កាលពី​ឆ្នាំ​២០០៦ ហើយ​អាជ្ញាធរ​បាន​គំរាមកំហែង​មិន​ឲ្យ​ពលរដ្ឋ​ចេញ​តវ៉ា​ប្រឆាំង និង​បាន​គំរាម​ចាប់​ខ្លួន​ពួកគាត់​ដាក់​ពន្ធនាគារ​ផង​ដែរ បើ​ទោះបីជា​ដី​នោះ​ពួកគាត់​បាន​ចូល​ទៅ​អាស្រ័យ​ផល​តាំងពី​ឆ្នាំ​១៩៩៥។

គិត​ចាប់តាំងពី​ឆ្នាំ​២០០៦ មក​ដល់​បច្ចុប្បន្ន ពួកគេ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​ហើយ ហើយ​ពួកគេ​ត្រូវ​បាន​ឧកញ៉ា លី យ៉ុងផាត់ ប្ដឹង​ទៅ​តុលាការ​ថែម​ទៀត​ផង​ដែរ៕