ពលរដ្ឋដែលមកពីតាមបណ្តាខេត្តនានារាប់រយនាក់ បាននាំគ្នាចេញតវ៉ាលើកបដាជាសាធារណៈអង្វរសុំឱ្យប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ជួយអន្តរាគមន៍ឲ្យអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន អនុវត្តវិធានការច្បាប់ចាប់ខ្លួនម្ចាស់ក្រុមហ៊ុនបុរី VIP លោក ហម រ៉ន និងលោក វ៉ន វណ្ណៈ ដែលបានរំលោភកិច្ចសន្យា ឱ្យមកដោះស្រាយបញ្ហាដីធ្លី និងផ្ទះដែលពលរដ្ឋបានទិញជាលុយសុទ្ធ និងបង់រំលស់តាំងពីឆ្នាំ២០១៨ មក។
ពលរដ្ឋរាប់រយនាក់ដែលបានទិញដី និងផ្ទះពីក្រុមហ៊ុនបុរី VIP បានជួបជុំគ្នានៅខាងមុខសាលាខេត្តចាស់ក្នុងខេត្តព្រះសីហនុ។ ពួកគេកាន់បដារូបថតលោក ហ៊ុន សែន ដោយស្រែកស្នើសុំឲ្យអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ជួយរកយុត្តិធម៌ឲ្យពួកគេ។
ពលរដ្ឋទាំងនេះអះអាងថា ដី និងផ្ទះដែលពួកគេបានទិញបង់ផ្តាច់ជាលុយសុទ្ធពីក្រុមហ៊ុនបុរី VIP ក្នុងនោះមានផ្ទះខ្លះតម្លៃជាង ៣ម៉ឺនដុល្លារ និងផ្ទះខ្លះទៀតមានតម្លៃរហូតដល់ជិត ៦ម៉ឺនដុល្លារឯណោះ ប៉ុន្តែរហូតដល់ពេលនេះ ពួកគេមិនទាន់ទទួលបានប្លង់កម្មសិទ្ធិ និងផ្ទះពីម្ចាស់បុរីនេះនៅឡើយទេ ខណៈបុរីនេះត្រូវគេទុកចោលគ្មានការសាងសង់អ្វីទាំងអស់នៅពេលនេះ។
អ្នកស្រី ជា សុធី ដែលជាជនរងគ្រោះពីការទិញផ្ទះពីគម្រោងបុរីនេះ អះអាងថា អ្នកស្រីគឺជាអ្នករស់នៅខេត្តស្វាយរៀង បានទិញផ្ទះពីក្រុមហ៊ុនបុរី VIP ដោយបង់លុយផ្តាច់កាលពីឆ្នាំ២០១៨ ក្នុងទំហំទឹកប្រាក់ ៥១៨៨០ដុល្លារអាមេរិក ប៉ុន្តែរហូតដល់ពេលនេះ អ្នកស្រីមិនទាន់ទទួលបានប្លង់បញ្ជាក់កម្មសិទ្ធិទេ ហើយក៏មិនទាន់ទទួលបានផ្ទះនៅឡើយដែរ ខណៈការសាងសង់ត្រូវបានម្ចាស់បុរីមួយនេះផ្អាកចោលត្រឹមពាក់កណ្តាលដោយគ្មានមូលហេតុ ហើយគ្មាននរណាម្នាក់ចេញមុខទទួលខុសត្រូវដោះស្រាយលើបញ្ហានេះទាល់តែសោះនោះ។
ចំណែកលោក ឃីន ស៊ីថា ជាអតិថិជនរងគ្រោះពីបុរីនេះដែរ បញ្ជាក់ថា លោកគឺជាអតិថិជនម្នាក់ដែលបានទិញផ្ទះពីក្រុមហ៊ុនបុរី VIP នេះ ក្នុងចំណោមអតិថិជនជាង ២ពាន់នាក់ផ្សេងទៀត ហើយក្នុងចំណោមអ្នកដែលទិញផ្ទះពីបុរីនេះ មិនមែនមានតែអ្នកដែលរស់នៅក្នុងខេត្តព្រះសីហនុ នេះទេ គឺមានមកពីតាមបណ្តាខេត្តជាច្រើនទៀត។
លោកបន្ថែមថា ការតវ៉ាទាមទាររបស់អតិថិជន គឺសុំឲ្យតែខាងក្រុមហ៊ុនចេញប្លង់កម្មសិទ្ធិឲ្យពួកគេប៉ុណ្ណោះ ខណៈផ្ទះដែលក្រុមហ៊ុនសាងសង់មិនទាន់រួច ពួកគេសុខចិត្តចេញលុយផ្ទាល់ខ្លួនសាងសង់បន្តទៀត ប៉ុន្តែការទាមទាររបស់ពលរដ្ឋមិនត្រូវបានអាជ្ញាធរខេត្តយកទៅដោះស្រាយនោះឡើយ បើទោះជាពួកគាត់បានតវ៉ាជាច្រើនលើកច្រើនសានាពេលកន្លងមកក៏ដោយ។
ការតវ៉ារបស់ពលរដ្ឋទាំងនេះធ្វើឡើងបន្ទាប់ពីម្ចាស់ក្រុមហ៊ុនបុរី VIP បានរំលោភកិច្ចសន្យាមិនប្រគល់ប្លង់កម្មសិទ្ធិ និងមិនសាងសង់ផ្ទះដូចមានចែងក្នុងកិច្ចសន្យាដែលពួកគេបានព្រមព្រៀងគ្នាតាំងពីឆ្នាំ២០១៨ មកនោះ។
បុរី VIP ដែលជាកម្មសិទ្ធិរបស់លោក ហម រ៉ន និងលោក វ៉ន វណ្ណៈ មានទីតាំងស្ថិតនៅភូមិអូរតាសេក ឃុំឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប៉ុន្តែសព្វថ្ងៃ គម្រោងបុរីនេះត្រូវផ្អាកដំណើរការទាំងស្រុងដោយបិទរបងទុកចោល ខណៈផ្ទះខ្លះទើបតែបណ្ដុះសរសេរបាន ២ទៅ ៣ដើមប៉ុណ្ណោះ ហើយផ្ទះខ្លះទៀតសាងសង់បានពី ៣០ ទៅ ៤០% ចំណែកកន្លែងខ្លះក៏មិនទាន់ឃើញមានការចាក់គ្រឹះដើម្បីសាងសង់នៅឡើយដែរ ស្របពេលដែលអតិថិជនខ្លះបានបង់លុយផ្តាច់រួចរាល់ និងខ្លះទៀតបានបង់រំលស់អស់រយៈពេលជាង ៥ឆ្នាំជិតគ្រប់ចំនួនលុយទៅហើយនោះ។
ក្នុងរយៈពេលចុងក្រោយនេះ ប្រជាពលរដ្ឋដែលទិញផ្ទះ និងដីតាមរយៈក្រុមហ៊ុនអចលនទ្រព្យនៅកម្ពុជា បានរងនូវការខាតបង់ជាបន្តបន្ទាប់ ដូចជាក្រុមហ៊ុនរបស់ឧកញ៉ា ជា សារ៉ន ក្រុមហ៊ុនបុរី VIP ក្រុមហ៊ុនឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមហ៊ុនអចលនទ្រព្យជាច្រើនទៀត ខណៈចំណាត់ការ និងការអន្តរាគមន៍របស់អាជ្ញាធរ ឬរដ្ឋាភិបាលនៅមានកម្រិតទាបនៅឡើយ។
ជាក់ស្តែង ដូចជាក្រុមហ៊ុនអចលនទ្រព្យរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា ជាដើម បានរំលោភកិច្ចសន្យាអតិថិជនមិនសាងសង់ផ្ទះទៅតាមពេលវេលាដូចមានចែងក្នុងកិច្ចព្រមព្រៀងនោះទេ ហើយអាជ្ញាធរក៏មិនបានអនុវត្តវិធានការច្បាប់ដើម្បីទាមទារឲ្យម្ចាស់ក្រុមហ៊ុនអនុវត្តការងារទៅតាមកិច្ចសន្យានោះដែរ បើទោះបីជាពលរដ្ឋនាំគ្នាតវ៉ាហើយក៏ដោយ។
ជាក់ស្តែងគម្រោងដីឡូត៍របស់ឧកញ៉ា ឡេង ណាវ៉ាត្រា នៅខេត្តបាត់ដំបង ស្ថិតក្នុងស្រុកថ្មគោល មិនទាន់ចេញប័ណ្ណកម្មសិទ្ធិឲ្យអតិថិជននៅឡើយទេ ខណៈដីដែលអតិថិជនបានទិញ ក៏ភាគីក្រុមហ៊ុនមិនបានបញ្ជាក់ប្រាប់ថាស្ថិតនៅត្រង់ចំណុចណានោះដែរ ព្រោះភាគីក្រុមហ៊ុនមិនទាន់បានកំណត់ដីឡូត៍ទាំងនោះថាចំណុចឡូត៍មួយណាជារបស់អតិថិជនមួយណានៅឡើយដែរ។
ក្រុមអ្នកឃ្លាំមើលការអភិវឌ្ឍសង្គម លើកឡើងថា ក្រុមហ៊ុនអចលនទ្រព្យនៅកម្ពុជាច្រើនណាស់ដែលឆ្លៀតឱកាសប្រកបអាជីវកម្មកេងចំណេញពីអតិថិជនដែលពួកគេព្យាយាមលាក់កិច្ចសន្យាមិនបង្ហាញឱ្យបានច្បាស់លាស់នៅពេលដែលអតិថិជនចាប់ផ្តើមទិញនៅពេលដំបូង ខណៈអាជ្ញាធរមានសមត្ថកិច្ចក៏មិនមានចំណាត់ការការពារពលរដ្ឋពីការកេងចំណេញរបស់ក្រុមហ៊ុនទាំងនោះដែរ។
ជាក់ស្តែង ពេលអតិថិជនមកទិញផ្ទះរបស់ពួកគេក្នុងតម្លៃណាមួយ ពួកគេមិនបានប្រាប់លម្អិតពីកិច្ចសន្យារបស់ក្រុមហ៊ុននោះទេ ប៉ុន្តែនៅពេលដែលអតិថិជនបង់លុយគ្រប់ចំនួន ឬបង់បានពាក់កណ្តាល ហើយទាមទារប្លង់កម្មសិទ្ធិនោះ ភាគីក្រុមហ៊ុនបែរជាតម្រូវឲ្យអតិថិជនចេញលុយលើថ្លៃកាត់ប្លង់កម្មសិទ្ធិទៅវិញ៕