កាលពីថ្ងៃចន្ទ ទី៣ ខែកក្កដា រដ្ឋសភាថៃ បានបើកកិច្ចប្រជុំដំបូងរបស់ខ្លួននៃអាណត្តិថ្មីក្រោមព្រះអធិបតីភាពព្រះមហាក្សត្រ។ សមាជិកសភាដែលជាប់ឆ្នោតទាំងអស់ ៥០០រូប ត្រូវមកបង្ហាញខ្លួនដើម្បីទទួលយកសុពលភាពជាសមាជិកសភាដែលជាប់ឆ្នោតកើតចេញពីការបោះឆ្នោតកាលពីថ្ងៃទី១៤ ឧសភា។
នៅថ្ងៃអង្គារ ទី៤ ខែកក្កដា នេះ រដ្ឋសភាថៃ បានប្រជុំជាលើកទី២ របស់ខ្លួន តែកិច្ចប្រជុំលើកនេះដើម្បីជ្រើសតាំងប្រធានរដ្ឋសភា និងអនុប្រធាន ២រូប។ យោងតាមសារព័ត៌មាន Bloomberg ចុះផ្សាយថា ប្រធានសមាជិករដ្ឋសភាថ្មីនៃរដ្ឋសភាដែលត្រូវបានគណបក្សធំពីរ គឺគណបក្សឆ្ពោះទៅមុខ និងគណបក្សភឿថៃ ព្រមព្រៀងគ្នានោះ គឺលោក Wan Muhamad Noor Matha អាយុ ៧៩ឆ្នាំជាមេដឹកនាំនៃគណបក្សប្រាឆារ៉ាត។
តាមប្រភពដដែលនេះ សមាជិកសភាលើសលប់បានបោះឆ្នោតគាំទ្រអតីតអ្នកនយោបាយជើងចាស់រូបនេះដែលធ្លាប់ជាប្រធានរដ្ឋសភាម្ដងរួចមកហើយ។ ការជ្រើសរើសបុរសវ័យជិត ៨០ឆ្នាំរូបនេះ ដោយសំឡេងមតិដាច់ណាត់ពីក្រុមចម្រុះនៃ ៨គណបក្ស។
ក្រុមចម្រុះនេះហើយដែលកំពុងរៀបចំខ្លួនដើម្បីបង្កើតរដ្ឋាភិបាលចម្រុះដែលលោក ភីថា លឹមចារឿរ៉ាត់ ជាបេក្ខជននាយករដ្ឋមន្ត្រី។ ចំណែកឯអនុប្រធាន ២រូបទៀតនៃរដ្ឋសភា គឺម្នាក់មកពីគណបក្សឆ្ពោះទៅមុខ និងម្នាក់ទៀតមកពីគណបក្សភឿថៃ។
ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំរដ្ឋសភានៅពេលនេះ ត្រូវបានគេមើលឃើញថា គឺជាការបំបែកភាពជាប់គាំងរវាងគណបក្សឆ្ពោះទៅមុខ និងគណបក្សភឿថៃ។ តែយ៉ាងណា ចំពោះលោក ភីថា លឹមចារឿរ៉ាត់ ដែលជាបេក្ខជននាយករដ្ឋមន្ត្រីអាទិភាពជាងគេនៅតែប្រឈមមុខនឹងឧបសគ្គនៅឡើយនោះទេ ដែលគេថាពេលវេលាសម្រាប់លោក លឹមចារឿរ៉ាត់ ជិតអស់ហើយ។
នៅថ្ងៃទី១៣ កក្កដា សប្ដាហ៍ក្រោយនេះ សភាថៃទាំងពីរថ្នាក់ គឺសមាជិកសភា ៥០០រូប បូកនឹងសមាជិកព្រឹទ្ធសភា ២៥០រូប ត្រូវអង្គុយរួមគ្នាដើម្បីបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មី។ ចំពោះលោក ភីថា លឹមចារឿរ៉ាត់ នៅតែស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ដោយសារតែសំណុំរឿងជាច្រើនបានប្ដឹងលោកទៅកាន់គណៈកម្មាធិការបោះឆ្នោត ដោយចោទថាអ្នកនយោបាយវ័យក្មេងមកពីគណបក្សចលនាឆ្ពោះទៅមុខនេះមានភាគហ៊ុននៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ ដែលច្បាប់របស់រាជាណាចក្រនេះហាមដាច់ខាតបុគ្គលទាំងឡាយណាដែលឈរជាបេក្ខជននាយករដ្ឋមន្ត្រីក្ដី ឬសមាជិកសភាក្ដី មិនត្រូវមានមុខជំនួញដូចនេះទេ។
លោក ភីថា លឹមចារឿរ៉ាត់ អាយុ ៤២ឆ្នាំ នៅពេលនេះក៏កំពុងមានភាពតានតឹងជាមួយនឹងពួកយោធា ជាមួយនឹងសមាជិកព្រឹទ្ធសភា និងបក្សដែលមាននិន្នាការទៅរកពួកយោធា ព្រោះតែអ្នកនយោបាយវ័យ ៤២ឆ្នាំរូបនេះនៅតែប្រកាន់ជំហររុះរើមាត្រា១១២ នៃក្រមព្រហ្មទណ្ឌដែលចែងពីការដាក់ទោសធ្ងន់ធ្ងរទៅលើជនណាដែលប្រមាថព្រះមហាក្សត្រ។
សមាជិកព្រឹទ្ធសភាមួយភាគធំព្រមានមិនបោះឆ្នោតគាំទ្រលោក ភីថា លឹមចារឿរ៉ាត់ នោះទេ បើទោះជាបុរសនេះទម្លាក់ចោលនូវជំហររបស់ខ្លួនក៏ដោយ នៅខណៈដែលគណបក្សផ្សេងៗទៀតក៏ប្រឆាំងនឹងលោក ភីថា ដែលចង់លុបចោលមាត្រា១១២ នេះ។
កាសែតបាងកកប៉ុស្តិ៍បានចុះផ្សាយថា លោក ភីថា កំពុងតែបញ្ចុះបញ្ចូលសមាជិកព្រឹទ្ធសភា និងសមាជិកសភាមកពីគណបក្សផ្សេងៗទៀតឲ្យទទួលយកការពន្យល់របស់លោក ដែលលោកចង់កាត់បន្ថយអំណាចរបស់រាជា និងពួកយោធា។
ប៉ុន្តែជាមួយគ្នានេះ មេដឹកនាំគណបក្សជំនាន់ថ្មីដ៏មានប្រជាប្រិយភាពរូបនេះព្រមានព្រឹទ្ធសភាថា ការដែលពួកព្រឹទ្ធសភាមិនគាំទ្ររូបលោកជានាយករដ្ឋមន្ត្រី មានន័យថាជាការបំផ្លាញទឹកចិត្ត និងឆន្ទៈរបស់ប្រជាជនថៃ យុវជនថៃ ដែលបានបោះឆ្នោតប្រគល់សិទ្ធិអំណាចមកឱ្យរូបលោក។
យ៉ាងណា អ្នកសង្កេតការណ៍មើលឃើញថា បើលោក ភីថា មិនត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីថ្មីនោះទេ គឺត្រូវតែទម្លាក់បេក្ខភាពនាយករដ្ឋមន្ត្រីនេះទៅឲ្យអ្នកផ្សេងទៀតក្នុងគណបក្សរបស់លោក ឬទៅឲ្យអ្នកនយោបាយមកពីគណបក្សភឿថៃ ដែលគេរំពឹងថាអ្នកស្រី ភៃថោងថាន ស៊ីណាវ៉ាត់ នឹងក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រីដែលមានអាទិភាពជាងគេ។
តែជាមួយគ្នានេះ អ្នកសង្កេតការណ៍ខ្លះព្រមានថា បើមិនអាចបង្កើតរដ្ឋាភិបាលបានក្នុងអំឡុង ៦០ថ្ងៃក្រោយការបោះឆ្នោតទេ នឹងនាំឱ្យសភាថៃគាំង ហើយឈានទៅដល់ការរំលាយសភា ហើយបោះឆ្នោតជាថ្មីម្ដងទៀត តែក៏ផ្ដល់ឱកាសឱ្យគណបក្សដែលលម្អៀងទៅពួកយោធាអាចបន្តបង្កើតរដ្ឋាភិបាលថ្មីឡើងវិញ ព្រោះតែសមាជិកព្រឹទ្ធសភា ២៥០រូបនោះជារបស់ពួកយោធាភាគច្រើនទៅហើយនោះ។ យ៉ាងណាក៏ដោយ រលកកំហឹងរបស់យុវជនថៃ នឹងផ្ទុះកម្រើកជាថ្មីពាសពេញក្រុងបាងកក ប្រឆាំងនឹងពួកយោធា៕