27 C
Phnom Penh

លោក ហ៊ុន សែន តែងតាំង​អ្នក​បញ្ចូល​សំឡេង​ត្រូល​ឆាវ​ឆាវ​ជា​សមាជិក​ក្រុម​លេខា​នាយករដ្ឋមន្ត្រី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន សម្រេច​តែងតាំង​លោក អ៊ុយ រិទ្ធី ដែល​ជា​អ្នក​បញ្ចូល​សំឡេង «ត្រូល ឆាវ​ឆាវ» តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​សមាជិក​ក្រុម​លេខា​នាយករដ្ឋមន្ត្រី​មាន​ឋានៈ​ស្មើ​ប្រធាន​នាយកដ្ឋាន។

មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​មួយ​កាលពី​ថ្ងៃទី​៣ ខែ​កក្កដា ឆ្នាំ​២០២៣ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៥ កក្កដា នេះ បាន​សម្រេច​តែងតាំង​ម្ចាស់​សំឡេង ត្រូល ឆាវ​ឆាវ លោក អ៊ុយ រិទ្ធី ជា​សមាជិក​ក្រុម​លេខា​នាយករដ្ឋមន្ត្រី បន្ទាប់ពី​វីដេអូ​បញ្ចូល​សំឡេង​របស់​លោក​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​ក្នុង​ខ្លឹមសារ​រិះគន់​ក្រុម​ប្រឆាំង​ត្រូវ​លោក ហ៊ុន សែន ពេញចិត្ត​នៅ​ពេលនេះ។

ការ​តែងតាំង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា លោក ហ៊ុន សែន កំពុង​ប្រើ​ល្បិច​ដើម្បី​ឲ្យ​អ្នក​ដែល​ទទួល​ការ​តែងតាំង​ពី​រូបលោក​ព្យាយាម​ទាក់ទាញ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​បោះឆ្នោត​ខាងមុខ​នេះ។

កាលពី​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០២៣ មេដឹកនាំ​ខ្មែរ​លោក ហ៊ុន សែន បាន​ប្រកាស​ផ្តល់​តួនាទី​ជា​ជំនួយការ​នាយករដ្ឋមន្ត្រី​ដល់​អ្នក​ដែល​បាន​យក​ឈ្មោះ​របស់​លោក​ទៅ​បង្កើត​បណ្ដាញ​ទំនាក់ទំនង​សង្គម Tik Tok ផង​ដែរ បន្ទាប់ពី​បុគ្គល​រូប​នោះ​បាន​ប្រើ​ឈ្មោះ​របស់​លោក​បង្កើត​គណនី Tik Tok ដែល​មាន​អ្នក​តាមដាន​ជាង ៣​សែន​នាក់ និង​អ្នក​ចូលចិត្ត​ជាង ៤​លាន​នាក់ ដើម្បី​ឲ្យ​ចូលរួម​ជួយ​គ្រប់គ្រង​បណ្ដាញ​សង្គម​មួយ​នេះ។

នៅ​មុន​ការ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា ឆ្នាំ​២០២៣ នេះ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​ផ្តល់​ឋានៈ​បុណ្យ​ស័ក្តិ​ដល់​សកម្មជន សមាជិក និង​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ចុះចូល​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ជា​បន្តបន្ទាប់ ដូចជា​តំណែង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ ជាដើម ខណៈ​សមាជិក​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមក​មាន​ការ​អាក់អន់​ចិត្ត និង​ខឹងសម្បា​យ៉ាង​ខ្លាំង ដោយសារតែ​ពួកគេ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​យូរ​ហើយ ប៉ុន្តែ​មិន​ទទួល​បាន​តំណែង​អ្វី​ទាំងអស់។

ជាក់ស្តែង កាលពី​ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​២០២៣ បុរស​ម្នាក់​ឈ្មោះ ឆាយ សុវណ្ណ ដែល​បាន​អះអាង​ថា​ខ្លួន​ជា​សកម្មជន​សកម្ម​របស់​គណបក្ស​ប្រជាជន​កម្ពុជា រួម​ទាំង​លោក ខ្លា ស លោក ស្អែក ស្លាប់ និង​លោក ផាន់ ណា ព្រមទាំង​មនុស្ស​ជាច្រើន​ទៀត បាន​ទម្លាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា ពួកគេ​បាន​តស៊ូ​ធ្វើ​កិច្ច​ការងារ​គណបក្ស​អស់​រយៈពេល ១០​ឆ្នាំ​ហើយ ប៉ុន្តែ​ពួកគេ​មិន​ទទួល​បាន​ការ​យកចិត្ត​ទុកដាក់​ពី​គណបក្ស​ឡើយ សូម្បីតែ​លុយកាក់​សម្រាប់​ចិញ្ចឹម​គ្រួសារ​ក៏ដោយ។ ផ្ទុយទៅវិញ អ្នក​ដែល​ធ្លាប់​បំផ្លាញ​គណបក្ស​ប្រជាជន​កម្ពុជា បែរជា​ទទួល​បាន​តំណែង​ទៅវិញ​នៅ​ពេល​ដែល​ពួកគេ​បាន​ចុះចូល​នៅ​ពេលនេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​នៅ​មូលដ្ឋាន ដូចជា​ខេត្ត​ពោធិ៍សាត់ ខេត្ត​បាត់ដំបង និង​ខេត្ត​សៀមរាប ជាដើម បាន​ទម្លាយ​ប្រាប់​សារព័ត៌ មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា ពួកគេ​មាន​ការ​បាក់​ទឹកចិត្ត និង​អាក់អន់​ចិត្ត​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​បក្ស​របស់​ខ្លួន​តែងតាំង​ក្រុម​ប្រឆាំង​ដែល​ទើប​នឹង​ចុះចូល ឱ្យ​កាន់​តំណែង​ខ្ពស់ៗ​ក្នុង​ជួរ​រដ្ឋាភិបាល ស្រប​ពេល​ដែល​ពួកគេ​ដែល​ជា​សមាជិក​ចាស់​ខំប្រឹង​ធ្វើការ​ជូន​គណបក្ស​ជា​យូរ​មក​ហើយ​នោះ បាន​ត្រឹម​តែ​ជា​ក្រុម​ការងារ​នៅ​មូលដ្ឋាន​ដដែល។

សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​នៅ​មូលដ្ឋាន​ខាងលើ​បញ្ជាក់​ថា បើ​គង់តែ​បែប​នេះ​ដដែល ពួកគេ​សុខចិត្ត​ធ្វើ​ជា​ក្រុម​ប្រឆាំង​វិញ ដើម្បី​មាន​ឱកាស​កាន់​តំណែង​ខ្ពស់ៗ​ក្នុង​រាជរដ្ឋាភិបាល​នៅ​ពេល​ដែល​ពួកគេ​នាំគ្នា​ចុះចូល​ដូច​ក្រុម​ប្រឆាំង​ធ្វើ​នៅ​ពេលនេះ។

សមាជិក​បក្ស​កាន់​អំណាច​ទាំងនោះ​បន្ថែម​ថា សព្វថ្ងៃ​នេះ​សមាជិក​ខ្លះ​គេ​មិន​សូវ​ចុះ​ពង្រឹង​ក្រុម​ការងារ​នៅ​មូលដ្ឋាន​ទេ ដោយ​ពួកគេ​និយាយ​ចំអក​ថា ទុក​ឱ្យ​ពួក​ប្រឆាំង​ដែល​បាន​តំណែង​ខ្ពស់ៗ​ទាំងនោះ​ធ្វើ​ការងារ​នេះ​វិញ​ចុះ។

ចាប់តាំងពី​ដើម​ខែ​មេសា ឆ្នាំ​២០២៣ មក មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​បាន​ប្រកាស​សុំ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​បន្តបន្ទាប់ ក្នុង​នោះ​ពួកគេ​ត្រូវ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ផ្តល់​តំណែង​ឱ្យ​គ្រប់ៗ​គ្នា​ទាំងអស់ ទាំង​ក្នុង​ជួរ​គណបក្ស និង​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​លោក ក្នុង​នោះ​អ្នក​ខ្លះ​ទទួល​បាន​តំណែង​ជា​ប្រធាន​ក្រុម​ការងារ​ខេត្ត អ្នក​ខ្លះ​ទទួល​បាន​តំណែង​ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ រហូត​មាន​អ្នក​ខ្លះ​ទទួល​បាន​តំណែង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​ផ្តល់​ឋានៈ​តួនាទី​ដល់​បុគ្គល​ផ្សេងៗ​ដើម្បី​ផលប្រយោជន៍​របស់​លោក ហ៊ុន សែន បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាតិ​យ៉ាង​ធ្ងន់ធ្ងរ ពីព្រោះ​អ្នក​ដែល​លោក ហ៊ុន សែន តែងតាំង​ឲ្យ​មាន​ឋានៈ​ក្នុង​ស្ថាប័ន​រដ្ឋ​ភាគច្រើន​កន្លងមក មិន​មាន​សមត្ថភាព​សម្រាប់​កសាង​ជាតិ​ទេ គឺ​គ្រាន់តែ​ដើម្បី​បម្រើ​ផលប្រយោជន៍​ឲ្យ​គណបក្ស​កាន់​អំណាច​ប៉ុណ្ណោះ ប៉ុន្តែ​លុយ​ដែល​ប្រជាពលរដ្ឋ​បង់​ពន្ធ​សម្រាប់​កសាង​ជាតិ ត្រូវ​ចំណាយ​ទៅ​លើ​អ្នក​ទាំងនោះ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស