27 C
Phnom Penh

លោក ហ៊ុន ម៉ាណែត អំពាវនាវ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ឱ្យ​លោក ហ៊ុន សែន ធ្វើ​ជា​នាយករដ្ឋមន្ត្រី​បន្ត​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន ម៉ាណែត ដែល​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ឡើង​តាម​ជើងខោ​ឪពុក អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បន្ត​ជឿ​ទុកចិត្ត​លើ​ឪពុក​របស់​លោក ដោយ​នាំគ្នា​ទៅ​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ឲ្យ​លោក ហ៊ុន សែន ធ្វើជា​នាយករដ្ឋមន្ត្រី​នៅ​អាណត្តិ​ទី​៧ នេះ។

កូនប្រុស​ច្បង​របស់​មេដឹកនាំ​ខ្មែរ​ពូកែ​ប្លន់​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា លោក ហ៊ុន ម៉ាណែត បង្ហោះ​វីដេអូ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៦ កក្កដា នេះ ដោយ​រៀបរាប់​ថា លោក​សុំ​ចិត្ត​ប្រជាពលរដ្ឋ ៣​ចំណុច​នៅ​មុន​ការ​បោះឆ្នោត​នេះ គឺ​នាំគ្នា​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា និង​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ឲ្យ​លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​កម្ពុជា​បន្ត​ទៀត និង​សូម​កុំ​ជឿ​ការ​ញុះញង់​របស់​ក្រុម​ប្រឆាំង​ដែល​ឃោសនា​ឲ្យ​ប្រជាពលរដ្ឋ​គូស​ខ្វែង​សន្លឹកឆ្នោត​ដើម្បី​បំផ្លាញ​ការ​បោះឆ្នោត​នេះ។

បេក្ខជន​នាយករដ្ឋមន្ត្រី​ដែល​ត្រៀម​ទទួល​មរតក​អំណាច​គ្រួសារ​និយម​លោក ហ៊ុន ម៉ាណែត លើកឡើង​ថា នៅ​ពេលនេះ​មាន​ចរន្ត​ពីរ​ដែល​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត ចរន្ត​ទី​១ គឺ​អំពាវនាវ​ឲ្យ​ទៅ​បោះឆ្នោត​ដើម្បី​ធានា​នូវ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​ចរន្ត​ទី​២ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត តែ​ត្រូវ​គូស​ខ្វែង​សន្លឹកឆ្នោត​ដើម្បី​បំផ្លាញ​ការ​បោះឆ្នោត​នេះ ប៉ុន្តែ​លោក​ជឿជាក់​ថា ប្រជាពលរដ្ឋ​នឹង​មិន​ជឿ​តាម​ការ​ញុះញង់​របស់​ក្រុម​ប្រឆាំង​នាំគ្នា​ទៅ​គូស​ខ្វែង​សន្លឹកឆ្នោត​ចោល​ដើម្បី​បំផ្លាញ​ការ​បោះឆ្នោត​នៅ​ពេល​ខាងមុខ​នេះ​ទេ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​យុទ្ធនាការ​របស់​ក្រុម​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​កំពុង​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​ឈ្មោះ​បោះឆ្នោត នាំគ្នា​ទៅ​បោះឆ្នោត តែ​ត្រូវ​គូស​ខ្វែង​សន្លឹកឆ្នោត​ចោល ដើម្បី​បំផ្លាញ​ការ​បោះឆ្នោត​ដែល​មិន​ត្រឹមត្រូវ​នៅ​ចុងខែ​កក្កដា ឆ្នាំ​២០២៣ នេះ។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ នៅតែ​បន្ត​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត ប៉ុន្តែ​ត្រូវ​នាំគ្នា​គូស​ខ្វែង​សន្លឹកឆ្នោត​ចោល​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ឲ្យ​ឃើញ​ថា សន្លឹកឆ្នោត​ដែល​ត្រូវ​បាន​គូស​ខ្វែង​នោះ​មាន​រាប់​លាន​សន្លឹក​ក្នុង​ការ​ប្រឆាំង​នឹង​ភាព​អយុត្តិធម៌​ចំពោះ​ការ​បោះឆ្នោត​នៅ​ពេលនេះ ហើយ​ការ​គូស​ខ្វែង​សន្លឹកឆ្នោត​នេះ ក៏​ជា​ការ​បង្ហាញ​ពី​ការ​តវ៉ា​ទាមទារ​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ពី​ការ​គាបសង្កត់​ក្រោម​ការ​ដឹកនាំ​នៃ​រដ្ឋាភិបាល​ឯក​បក្ស​សព្វថ្ងៃ​នេះ​ដែរ។

លោក គឹម សុខ អះអាង​ថា ការ​បោះឆ្នោត​ដ៏​អយុត្តិធម៌​នា​ពេល​ខាងមុខ​នេះ បង្កើត​បាន​តែ​ពួក​តំណាងរាស្ត្រ​ឯក​បក្ស និង​មេដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មិន​គិត​ពី​ផលប្រយោជន៍​ជាតិ​តែប៉ុណ្ណោះ មិន​បាន​ធានា​នូវ​សិទ្ធិ​ពលរដ្ឋ មិន​បាន​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ មិន​បាន​ធានា​នូវ​យុត្តិធម៌​សង្គម​នោះ​ទេ ដូច្នេះ​មាន​ប្រយោជន៍​អ្វី​ដែល​ប្រជាពលរដ្ឋ​ត្រូវ​នាំគ្នា​ទៅ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ផ្តល់​ឱកាស​ឱ្យ​ពួកគេ​បំផ្លាញ​ជាតិ​បន្ត​ទៀត​នោះ។

អ្នកវិភាគ​ឯករាជ្យ​រូប​នេះ​បញ្ជាក់​ថា ដោយសារតែ​លោក ហ៊ុន សែន ដឹង​ថា​ប្រជាពលរដ្ឋ​ច្រើន​លើសលប់​មិន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដូច្នេះ​ហើយ​បាន​ជា​គាត់​ប្រើ​វិធី​ទុច្ចរិត​បិទ​មិន​ឲ្យ​គណបក្ស​ដែល​មាន​កម្លាំង​ប្រកួតប្រជែង​ជាមួយ​ខ្លួន​ចូលរួម​ការ​បោះឆ្នោត​នេះ ហើយ​ថែម​ទាំង​ធ្វើ​ច្បាប់​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ទៀត ដែល​ទង្វើ​បែប​នេះ​គឺជា​អំពើ​អយុត្តិធម៌​ជាទីបំផុត​សម្រាប់​ពលរដ្ឋ​ខ្មែរ ដែល​ប្រទេស​របស់​ខ្លួន​បាន​ប្រកាន់​យក​របប​លទ្ធិប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស​ទៅ​ហើយ​នោះ។

ដំណើរការ​នៃ​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៧ ឆ្នាំ​២០២៣ នៅ​កម្ពុជា​នៅ​សល់​រយៈពេល​តែ ១៧​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ប៉ុន្តែ​ការ​បោះឆ្នោត​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា ជា​ការ​បោះឆ្នោត​ដែល​គ្មាន​តម្លាភាព មិន​ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដោយសារតែ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន រារាំង​មិន​ឱ្យ​គណបក្ស​ដែល​មាន​ឥទ្ធិពល​អាច​ប្រកួតប្រជែង​ជាមួយ​ខ្លួន​ចូលរួម​ការ​បោះឆ្នោត​នេះ ព្រមទាំង​បញ្ជា​ឲ្យ​រដ្ឋសភា​ឯក​បក្ស​កែប្រែ​ច្បាប់​បោះឆ្នោត​គាបសង្កត់​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវតែ​ទៅ​បោះឆ្នោត​ថែម​ទៀត ទោះ​មិន​មាន​គណបក្ស​ដែល​ពួកគេ​គាំទ្រ​នៅ​លើ​សន្លឹកឆ្នោត​ក៏ដោយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស