សមាគមខ្មែរទូទាំងពិភពលោក ប្រកាសប្រមូលផ្ដុំប្រជាពលរដ្ឋខ្មែរនៅជុំវិញពិភពលោក ឱ្យចូលរួមវេទិកាដើម្បីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា «ក្រោមប្រធានបទ ពេលនេះទៅមុខ គោលដៅខ្មែរអ្នកស្រឡាញ់ប្រជាធិបតេយ្យត្រូវធ្វើអ្វីបន្តទៀត» ដើម្បីលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិអំណាចរបស់ប្រជាពលរដ្ឋខ្មែរនៅមុនការបោះឆ្នោតជាតិនៅកម្ពុជា នាខែកក្កដា ឆ្នាំ២០២៣ នេះ។
សមាគមខ្មែរទូទាំងពិភពលោក ចេញសេចក្តីជូនដំណឹងនៅថ្ងៃទី៦ កក្កដា នេះថា ពួកគេនឹងជួបជុំជាទ្រង់ទ្រាយធំមួយនៅថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះនៅ Long Beach City College, Dyer Hall ក្នុងទីក្រុងឡុងប៊ិច នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដូច្នេះសម្រាប់អ្នកដែលចង់ចូលរួម អាចចុះឈ្មោះតាមរយៈវេបសាយដែលមានឈ្មោះថា SAVECAMBODIA.ORG/EVENTS។
សមាគមខ្មែរខាងលើបញ្ជាក់ថា សម្រាប់អ្នកដែលមានបំណងចូលរួមវេទិកានេះ ក៏អាចទាក់ទងទៅអ្នកទទួលខុសត្រូវក្នុងការរៀបចំកម្មវិធីជួបជុំនេះផងដែរ គឺមានដូចជា លោក រ៉េត សម្បត្តិ លេខទំនាក់ទំនង ៧០២ ៨០៨ ០៣៣៧ និងលោក អ៊ុង បូរ៉ាមី លេខទំនាក់ទំនង ៧៨៦ ៥៤៨ ០០៩២ ចំណែកលោក យ៉ាប់ គឹមទឹង លេខទំនាក់ទំនង ៧០៣ ៦៧៥ ៣៩៩៧។
ការប្រកាសធ្វើកម្មវិធីប្រមូលផ្ដុំប្រជាពលរដ្ឋខ្មែរអ្នកស្នេហាលទ្ធិប្រជាធិបតេយ្យនេះ ក្នុងគោលបំណងដើម្បីទាមទារឲ្យរដ្ឋាភិបាលកម្ពុជាងាកទៅរកការគោរពលទ្ធិប្រជាធិបតេយ្យ ជាពិសេសជុំវិញដំណើរការបោះឆ្នោតនៅចុងខែកក្កដា ឆ្នាំ២០២៣ នេះ។
កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ អ្នកនាំពាក្យក្រុមសង្គមស៊ីវិលខ្មែរឯនាយសមុទ្រ លោក សោម កុលវឌ្ឍន៍ បានអំពាវនាវក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily ឱ្យប្រជាពលរដ្ឋខ្មែរនៅជុំវិញពិភពលោកចូលរួមវេទិកានេះដោយផ្ទាល់ និងតាមប្រព័ន្ធហ្សូមផងដែរ សម្រាប់ប្រជាពលរដ្ឋខ្មែរដែលនៅតាមបណ្តាប្រទេសនានានៅលើសកលលោក ដើម្បីចូលរួមពិភាក្សារកដំណោះស្រាយធ្វើឲ្យប្រទេសកម្ពុជាវិលទៅរកការដឹកនាំតាមគន្លងលទ្ធិប្រជាធិបតេយ្យដូចមានចែងក្នុងរដ្ឋធម្មនុញ្ញវិញ។
លោក សោម កុលវឌ្ឍន៍ អះអាងថា វេទិកានេះមិនមែនបង្កើតដោយគណបក្សនយោបាយណាមួយនោះទេ គឺធ្វើឡើងដោយប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់ គាំទ្រ ការពារលទ្ធិប្រជាធិបតេយ្យប៉ុណ្ណោះ។ លោកបន្ថែមថា វេទិកាពិភាក្សានេះគឺជាវិធីសាស្ត្រមួយក្នុងការស្នើឱ្យសហគមន៍អន្តរជាតិជួយរុញច្រានរដ្ឋាភិបាលកម្ពុជា ឲ្យងាកទៅការអនុវត្តការដឹកនាំតាមខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ វិញ ដើម្បីធានានូវការគោរពច្បាប់ និងធានានូវស្ថិរភាពនយោបាយរបស់កម្ពុជាឲ្យបានពេញលេញផងដែរ។
មាត្រា១ នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រទេសកម្ពុជាជាព្រះរាជាណាចក្រប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស ប៉ុន្តែប្រជាធិបតេយ្យនៅកម្ពុជាត្រូវគេមើលឃើញថាបានធ្លាក់ចុះធ្ងន់ធ្ងរសព្វថ្ងៃនេះ ដោយសារតែការបង្ក្រាបរបស់មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ទៅលើក្រុមអ្នកប្រជាធិបតេយ្យ លើសារព័ត៌មានឯករាជ្យ លើអង្គការសង្គមស៊ីវិលដែលមិនចំណុះឲ្យរដ្ឋាភិបាល ដោយការចាប់ឃុំខ្លួន ការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីចោទប្តឹង និងការប្រើប្រាស់អំពើហិង្សានានាក្រៅប្រព័ន្ធច្បាប់ ជាដើម។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Turk បានលើកឡើងថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកាត់បន្ថយលំហពលរដ្ឋមុនពេលការបោះឆ្នោតជាតិនៅកម្ពុជា ក្នុងឆ្នាំ២០២៣ នេះ ដែលមានការរឹតត្បិតលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់ពលរដ្ឋដែលធានាដោយរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា និងឧបករណ៍សិទ្ធិមនុស្សអន្តរជាតិដទៃទៀត។
ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិរូបនេះអះអាងថា មុនការបោះឆ្នោត ត្រូវតែមានបរិយាកាសបើកចំហ និងពហុនិយម ដែលធានាសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងការបញ្ចេញមតិដោយសេរី ប៉ុន្តែអ្នកការពារសិទ្ធិមនុស្ស សហជីព និងសកម្មជននយោបាយត្រូវបានគេរាយការណ៍ថាប្រឈមមុខនឹងការដាក់ទណ្ឌកម្មផ្លូវច្បាប់ចំពោះការអនុវត្តសិទ្ធិរបស់ពួកគេ ដោយការប្រើសេរីភាពនៃការបញ្ចេញមតិ និងការជួបប្រជុំដោយសន្តិវិធី ជាដើម។
លោក Volker Turk ជំរុញឲ្យរដ្ឋាភិបាលកម្ពុជាអនុវត្តតាមខ្លឹមសារដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិផ្សេងទៀត ដើម្បីធានានូវសន្តិភាព វិបុលភាព និងអនាគតដ៏ល្អប្រសើរសម្រាប់ប្រទេសកម្ពុជាទៅថ្ងៃមុខ៕