អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ចោទថា កាលពី ២៦ឆ្នាំមុន គឺនៅថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ គឺជាថ្ងៃដែលមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន បានបញ្ជាឲ្យកងទ័ពដែលគាត់ដឹកនាំ សម្លាប់កងកម្លាំងគណបក្សហ៊្វុនស៊ិនប៉ិច រាប់រយនាក់ ដែលជាការធ្វើរដ្ឋប្រហារបង្ហូរឈាមមួយនៅកណ្តាលទីក្រុងភ្នំពេញដ៏ឃោរឃៅនៅឆ្នាំនោះ។
អតីតមេដឹកនាំបក្សប្រឆាំងដែលកំពុងរកច្រកចូលស្រុក លោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី៦ កក្កដា នេះថា ថ្ងៃនេះគឺជាខួប ២៦ឆ្នាំនៃរដ្ឋប្រហារបង្ហូរឈាមដែលប្រព្រឹត្តដោយមេដឹកនាំខ្មែរលើកបន្តុបដោយវៀតណាម លោក ហ៊ុន សែន កាលពីថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧។
លោកបន្ថែមថា ក្នុងរដ្ឋប្រហារនោះ ពលរដ្ឋខ្មែរ និងកងទ័ពរាជានិយមជាច្រើននាក់ត្រូវបានសម្លាប់ក្រោមចុងកាំភ្លើងរបស់កងទ័ពដែលទទួលបញ្ជាពីលោក ហ៊ុន សែន បើទោះបីជាទាហានទាំងនោះបានសារភាពចុះចាញ់ហើយក៏ដោយ។
លោក សម រង្ស៊ី លើកឡើងថា ដោយសារតែទង្វើដែលលោក ហ៊ុន សែន បានធ្វើក្នុងអតីតកាលសុទ្ធតែជាអំពើអាក្រក់ ដូច្នេះហើយបានជាគាត់ចេះតែសង្ស័យថាមានមនុស្សប៉ុនប៉ងសម្លាប់គាត់ជាប់ជានិច្ច។ ជាក់ស្តែង ការអះអាងថាមានយន្តហោះគ្មានមនុស្សបើកហោះចូលទឹកដីកម្ពុជាដើម្បីប៉ុនប៉ងសម្លាប់គាត់ គ្រាន់តែជាអំពើអាក្រក់ដែលគាត់បានប្រព្រឹត្តតាមលងបន្លាចគាត់ប៉ុណ្ណោះ ព្រោះថារហូតដល់ពេលនេះ គ្មានដ្រូនណាមួយបានហោះចូលដែនអធិបតេយ្យរបស់កម្ពុជាដូចការអះអាងរបស់លោក ហ៊ុន សែន នោះទេ។
ការអះអាងនេះ ធ្វើឡើងដើម្បីរំលឹកខួបនៃព្រឹត្តិការណ៍ដែលបានកើតឡើងកាលពីជាង ២០ឆ្នាំមុននៅកណ្តាលក្រុងភ្នំពេញ ដែលគេមើលឃើញថាជាព្រឹត្តិការណ៍ដណ្តើមអំណាចពីគណបក្សហ៊្វុនស៊ិនប៉ិចរបស់កងទ័ពរដ្ឋកម្ពុជាក្រោមបញ្ជារបស់លោក ហ៊ុន សែន នៅពេលនោះ។
មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន លើកឡើងនៅថ្ងៃខួបនៃព្រឹត្តិការណ៍រដ្ឋប្រហារបង្ហូរឈាមនេះថា លោក ហ៊ុន សែន ធ្វើរដ្ឋប្រហារនៅថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ គឺដើម្បីដណ្តើមអំណាចពីសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ និងកម្ទេចគណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីធានាជោគជ័យនៃការបោះឆ្នោតឆ្នាំ១៩៩៨ ប៉ុណ្ណោះ ព្រោះគាត់ខ្លាចចាញ់ដូចការបោះឆ្នោតឆ្នាំ១៩៩៣ ដែលជាការបោះឆ្នោតលើកដំបូងនោះ។
លោក អ៊ុំ សំអាន លើកឡើងថា ដោយសារតែលោក ហ៊ុន សែន ដឹងថាគណបក្សប្រជាជនកម្ពុជានឹងចាញ់ការបោះឆ្នោតនៅឆ្នាំ១៩៩៨ បន្តទៀត ដូច្នេះហើយគាត់គ្មានជម្រើសណាល្អជាងការធ្វើរដ្ឋប្រហារដើម្បីកម្ទេចគណបក្សហ៊្វុនស៊ិនប៉ិចនៅមុនការបោះឆ្នោតក្នុងអាណត្តិទី២ នោះទេ ដើម្បីធានាថា គាត់អាចឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីនៅក្រោយការបោះឆ្នោតនោះ។
រដ្ឋប្រហារបង្ហូរឈាមថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ ត្រូវគេចាត់ទុកថាជាឧក្រិដ្ឋកម្មសង្គ្រាមដែលមានលោក ហ៊ុន សែន ជាមេខ្លោង ព្រោះថាកម្លាំងកងទ័ពដែលលោក ហ៊ុន សែន ជាអ្នកបញ្ជា បានធ្វើទារុណកម្ម និងសម្លាប់ឈ្លើយសឹកដែលបានសារភាពចុះចាញ់គ្មានអាវុធក្នុងដៃយ៉ាងព្រៃផ្សៃ ដែលជាការរំលោភបំពានអនុសញ្ញាទីក្រុងហ្សឺណែវ ស្តីអំពីច្បាប់សង្គ្រាមយ៉ាងធ្ងន់ធ្ងរ។
ក្នុងនោះ គេបានរកឃើញសាកសពកងទ័ពរាជានិយមដែលត្រូវគេសម្លាប់ ហើយកប់ក្នុងដីរាក់ៗ ដៃទាំងសងខាងត្រូវជាប់ចំណង ភ្នែកទាំងគូត្រូវគេខ្វេះ និងដងខ្លួនពោរពេញដោយស្នាមជាំគ្រប់កន្លែង ដែលបង្ហាញពីការធ្វើទារុណកម្មសួរចម្លើយមុននឹងត្រូវគេសម្លាប់។
ជុំវិញព្រឹត្តិការណ៍រដ្ឋប្រហារបង្ហូរឈាមថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ នេះ លោក ហ៊ុន សែន តែងបដិសេធថាពុំមែនជាព្រឹត្តិការណ៍រដ្ឋប្រហាររបស់គណបក្សកាន់អំណាចទេ ប៉ុន្តែវាជាហេតុការណ៍មួយដើម្បីទប់ទល់សភាពការណ៍ពីកម្លាំងគណបក្សហ៊្វុនស៊ិនប៉ិចតែប៉ុណ្ណោះ ដែលប៉ះទង្គិចគ្នានៅពេលនោះ។
ទាក់ទិននឹងបញ្ហានេះ អ្នកវិភាគឯករាជ្យ លោក គឹម សុខ ធ្លាប់បានព្រមានថា មេដឹកនាំខ្មែរបាតដៃប្រឡាក់ឈាម លោក ហ៊ុន សែន បានជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មធំៗទាំងអស់ដែលកើតមាននៅក្នុងប្រទេសកម្ពុជា ដូចជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មឈ្លានពាន និងឧក្រិដ្ឋកម្មបែបភេរវកម្មរដ្ឋ ឬឧក្រិដ្ឋកម្មបែបបណ្ដាញ ដែលភស្តុតាងនៃឧក្រិដ្ឋកម្មទាំងនោះគឺសុទ្ធតែមានក្នុងដៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ទាំងអស់។
លោក គឹម សុខ បញ្ជាក់ថា លោក ហ៊ុន សែន គឺជាមនុស្សតែម្នាក់គត់ដែលបានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្គ្រាមអំឡុងពេលធ្វើរដ្ឋប្រហារឆ្នាំ១៩៩៧ ដោយសារតែកងកម្លាំងប្រដាប់អាវុធដែលស្ថិតក្រោមការបញ្ជារបស់គាត់បានសម្លាប់ឈ្លើយសឹកដែលបានសារភាពចុះចាញ់រាប់រយនាក់ ដែលជាការរំលោភលើអនុសញ្ញាទីក្រុងហ្សឺណែវ ស្តីអំពីច្បាប់សង្គ្រាមយ៉ាងធ្ងន់ធ្ងរ។
ទាក់ទិននឹងបញ្ហានេះ តំណាងពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកខាងសិទ្ធិមនុស្សនៅកម្ពុជា លោក ថូម៉ាស ហាំម៉ាប៊ឺក និងនាយកប្រតិបត្តិអង្គការសិទ្ធិមនុស្ស Human Rights Watch ទទួលបន្ទុកតំបន់អាស៊ី លោក ប្រ៊ែដ អាដាមស៍ បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងរបាយការណ៍របស់ពួកគេទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីខែតុលា ឆ្នាំ១៩៩៧ ថា ព្រឹត្តិការណ៍ថ្ងៃទី៥-៦ ខែកក្កដា គឺជា “រដ្ឋប្រហារ” ពិតៗដែលធ្វើឡើងដោយលោក ហ៊ុន សែន៕