លោក ហ៊ុន ម៉ាណែត បំពាក់​គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​មហាសេរីវឌ្ឍន៍​ដល់​អ្នកស្រី សាយ សោភា ក្នុង​ពិធី​សម្ពោធ​អគារ​ធម្មសាលា​ព្រះពុទ្ធរូប​ចតុទិស និង​សមិទ្ធផល​នានា​នៅ​វត្ត​ភ្នៀតសិម្ពលី ស្ថិត​ក្នុង​សង្កាត់​ស្នោ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ។

នយោបាយ

ភរិយា​មេបញ្ជាការ​រង​កងពល​តូច​លេខ​៧០ ទទួល​បាន​គោរមងារ​ឧកញ៉ា​បន្ទាប់ពី​កាន់​ក្រុមហ៊ុន​ដែល​ពី​មុន​ដឹកនាំ​ដោយ​ភរិយា​លោក ហ៊ុន ម៉ាណែត

By ឌឹ ខេមបូឌា ដេលី

July 08, 2023

ភរិយា​របស់​មេបញ្ជាការ​រង​កងពល​តូច​លេខ​៧០ អ្នកស្រី សាយ សោភា ត្រូវ​បាន​លោក ហ៊ុន សែន ទូល​ថ្វាយ​ទៅ​ព្រះមហាក្សត្រ​ឲ្យ​ផ្ដល់​គោរមងារ​ជា «ឧកញ៉ា» ដែល​កំពុង​ដឹកនាំ​ក្រុមហ៊ុន​ជំនួស​អ្នកស្រី ពេជ ចន្ទមុន្នី ដែល​ជា​ភរិយា​របស់​លោក ហ៊ុន ម៉ាណែត។

ក្នុង​ព្រះរាជក្រឹត្យ​ដែល​ឡាយព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ​ខ្មែរ​កាលពី​ថ្ងៃទី​៧ ខែ​តុលា ឆ្នាំ​២០២២ បាន​ត្រាស់​បង្គាប់​ផ្ដល់​គោរមងារ​ដល់​អ្នកស្រី សាយ សោភា ជា «ឧកញ៉ា» ចាប់​ពី​ពេលនេះ​តទៅ។

លោក ហ៊ុន សែន បាន​ទូល​ថ្វាយ​ទៅ​ព្រះមហាក្សត្រ ដើម្បី​ស្នើសុំ​ផ្ដល់​ងារ​កិត្តិយស​ផ្តល់​ជូន​ដល់​អ្នកស្រី សាយ សោភា បន្ទាប់ពី​ស្ត្រី​អ្នកជំនួញ​រូប​នេះ​បាន​បរិច្ចាគ​ថវិកា​ជូន​រដ្ឋ​យ៉ាងតិច ៥០​ម៉ឺន​ដុល្លារ។

ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​ចុះបញ្ជី​អ្នកស្រី សាយ សោភា ជា​ប្រធាន​ក្រុមហ៊ុន​ចំនួន​៧ រួម​ទាំង​ក្រុមហ៊ុន ភឺន ផល្លា គ្រុប ឌីវេឡុបមេន (Phoeun Phalla Group Development) ក្រុមហ៊ុន សាយ សោភា អេឌ្យូខេសិន (Say Sorphea Education) និង​ក្រុមហ៊ុន អ៊ែកធីវ ប្រព្វផឹធី (Active Properties) ដែល​កំពុង​ដំណើរការ​នា​ពេល​បច្ចុប្បន្ន។ បើ​តាម​ព័ត៌មាន​របស់​ក្រសួង​ពាណិជ្ជកម្ម បញ្ជាក់​ថា ក្រុមហ៊ុន Active Properties ពី​មុន​ត្រូវ​បាន​ដឹកនាំ​ដោយ​លោកស្រី ពេជ ចន្ទមុន្នី ដែល​ជា​ភរិយា​របស់​លោក ហ៊ុន ម៉ាណែត។

លើស​ពី​នេះ អ្នកស្រី សាយ សោភា ដែល​កំពុង​ដឹកនាំ​ក្រុមហ៊ុន​ជំនួស​ភរិយា​លោក ហ៊ុន ម៉ាណែត ក៏​ទទួល​បាន​ដី​ជាច្រើន​ហិកតារ​ពី​លោក ហ៊ុន សែន ផង​ដែរ។

ជាក់ស្ដែង​ខែ​ធ្នូ ឆ្នាំ​២០២១ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​កាត់​ដី​ផ្ទៃ​បឹង​តាមោក​ចំនួន ៧៥​ហិកតារ​ដែល​នៅ​ទីតាំង​ចំនួន​៤ ស្ថិត​ក្នុង​សង្កាត់​សំរោង សង្កាត់​ពញាពន់ និង​សង្កាត់​គោករកា ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ ប្រគល់​ទៅ​ឱ្យ​លោកស្រី សាយ សោភា ដើម្បី​ធ្វើ​ជា​កម្មសិទ្ធិ។

គិត​ចាប់ពី​ឆ្នាំ​២០២១ ដល់​ដើម​ឆ្នាំ​២០២៣ អ្នកស្រី សាយ សោភា ដែល​ជា​អគ្គនាយិកា​សាលា​អន្តរជាតិ វើលដ៍​កម្ពុជា និង​ជា​ភរិយា​របស់​ឧត្ដមសេនីយ៍​ផ្កាយ​ពីរ​នៅ​អង្គភាព “ង​៧០” លោក ភឿន ផល្លា ទទួល​បាន​ផ្ទៃដី​បឹង​តាមោក​សរុប​ជាង ១០០​ហិកតារ។

ស្វាមី​របស់​អ្នកស្រី គឺ​លោក ភឿន ផល្លា ជា​មេបញ្ជាការ​រង​កងពល​តូច​លេខ​៧០ និង​ធ្លាប់​ជា​អង្គភាព​អង្គរក្ស​ផ្ទាល់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​រង​ការ​ចោទប្រកាន់​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​ដែល​មាន​លក្ខណៈ​នយោបាយ​ផង​ដែរ។

ក្រៅពី​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​មនុស្ស​ហើយ កាលពី​ថ្ងៃទី​១២ ខែ​តុលា ឆ្នាំ​២០២២ លោក ភឿន ផល្លា មេបញ្ជាការ​រង​កងពល​តូច​ង​៧០ រូប​នេះ​ក៏​ត្រូវ​បាន​ពលរដ្ឋ​នៅ​សង្កាត់​១ ក្រុង​ព្រះសីហនុ ចោទប្រកាន់​ថា​ប្រើប្រាស់​តួនាទី​ចូល​ទៅ​បំផ្លាញ​ទ្រព្យសម្បត្តិ និង​ទន្ទ្រាន​រំលោភ​ដីធ្លី​របស់​ពួកគេ បើ​ទោះជា​ពួកគេ​ដែល​ជា​ពលរដ្ឋ​បាន​កាន់កាប់​អាស្រ័យ​ផល​មក​យូរ​ឆ្នាំ​ក៏ដោយ៕