នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វ្រៀន តាន់យ៉ុង (Nguyen Tan Dung) [ឆ្វេង] និង​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ក្នុង​ឱកាស​សម្ពោធ​បង្គោល​ព្រំដែន​គោក​លេខ​៣១៤ នៅ​រវាង​ខេត្ត​កំពត ប្រទេស​កម្ពុជា និង​ខេត្ត​គៀងយ៉ាង ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​២៤ ខែ​មិថុនា ឆ្នាំ​២០១២។

ព័ត៌មានជាតិ

វៀតណាម​ប្ដេជ្ញា​បន្ត​រក្សា​ព្រំដែន​សន្តិភាព​ជាមួយ​កម្ពុជា​ដើម្បី​ឱ្យ​បន្ទាត់​ព្រំដែន​ក្លាយ​ជា​ព្រំដែន​សន្តិភាព​យូរ​អង្វែង

By ឌឹ ខេមបូឌា ដេលី

July 08, 2023

រដ្ឋាភិបាល​វៀតណាម ប្ដេជ្ញា​បន្ត​រក្សា​ព្រំដែន​សន្តិភាព​ជាមួយ​កម្ពុជា​ជុំវិញ​ការ​គ្រប់គ្រង និង​ការពារ​ព្រំដែន​ឱ្យ​មាន​សន្តិសុខ សណ្ដាប់ធ្នាប់ និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​នៅ​តំបន់​ព្រំដែន​ឲ្យ​បាន​ល្អ​ប្រសើរ ដើម្បី​ឱ្យ​ខ្សែ​បន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ក្លាយ​ជា​ព្រំដែន​សន្តិភាព មិត្តភាព កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​យូរ​អង្វែង​ទៅ​ថ្ងៃ​អនាគត។

សារព័ត៌មាន​យុវជន (Tuoi Tre) នៃ​ប្រទេស​វៀតណាម បាន​ស្រង់​សម្ដី​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​វៀតណាម លោក Pham Thu Hang កាលពី​ដើម​សប្តាហ៍​នេះ​ថា ប្រទេស​វៀតណាម និង​កម្ពុជា​តែងតែ​សហការ​គ្នា​យ៉ាង​ជិតស្និទ្ធ​លើ​បញ្ហា​នៃ​ការ​គ្រប់គ្រង និង​ការ​ការពារ​ព្រំដែន សន្តិសុខ​សណ្ដាប់ធ្នាប់ និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​នៅ​តាម​តំបន់​ព្រំដែន​តាំងពី​ដើម​រហូត​មក មិន​ដែល​មាន​បញ្ហា​នឹង​គ្នា​នោះ​ទេ។

ការ​អះអាង​របស់​អ្នក​នាំពាក្យ​នៃ​ក្រសួង​ការបរទេស​វៀតណាម​នេះ ធ្វើឡើង​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​កម្ពុជា ប្រកាស​ដាក់​ពង្រាយ​កងទ័ព​នៅ​តាម​តំបន់​ព្រំដែន​ជាប់​ប្រទេស​វៀតណាម ក្រោយ​មាន​ការ​អះអាង​ថា​មាន​ដ្រូន​បើក​ហោះ​ចូល​ទឹកដី​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ។

នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​មន្ត្រី​ជាន់ខ្ពស់​នៃ​កងកម្លាំង​ប្រដាប់​អាវុធ​សំខាន់ៗ​ត្រៀម​កាំភ្លើង​សម្រាប់​បាញ់​យន្តហោះ​គ្មាន​មនុស្ស​បើក ដែល​បាន​ហោះ​ចូល​ទឹកដី​កម្ពុជា​ដែល​ស្ថិត​នៅ​ជាប់​ព្រំដែន​វៀតណាម នៅ​ភូមិភាគ​ឦសាន​ក្នុង​ខេត្ត​មណ្ឌលគិរី កាល​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​២០២៣ កន្លងទៅ​នេះ។

មេដឹកនាំ​ខ្មែរ​លោក ហ៊ុន សែន បញ្ជាក់​ថា ដ្រូន​ទាំងនោះ​មិនមែន​ជា​ដ្រូន​របស់​រដ្ឋាភិបាល​វៀតណាម​ទេ ប៉ុន្តែ​លោក​ដាក់​ការ​សង្ស័យ​ថា ដ្រូន​ទាំងនោះ​គឺជា​ដ្រូន​របស់​ជនជាតិ​វៀតណាម​ភាគតិច​ដេហ្គា ក្នុង​នោះ​លោក ហ៊ុន សែន បញ្ជាក់​ថា អង្គភាព​ណា​ដែល​បាន​អាច​បាញ់​ទម្លាក់​ដ្រូន​នោះ​បាន លោក​នឹង​ផ្តល់​រង្វាន់ ២០​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង ១​គ្រឿង ព្រោះ​លោក​ចង់​ដឹង​ថា ដ្រូន​ទាំងនោះ​ជា​ដ្រូន​របស់​ប្រទេស​ណា ហើយ​លោក​នឹង​ប្តឹង​ទៅ​អង្គការ​សហប្រជាជាតិ​តែម្តង​ពី​ការ​រំលោភ​ដែន​អធិបតេយ្យ​របស់​កម្ពុជា ប៉ុន្តែ​រហូត​មក​ដល់​ពេលនេះ គ្មាន​ដ្រូន​ណា​មួយ​ត្រូវ​បាន​បាញ់​ទម្លាក់​នោះ​ឡើយ។

បញ្ហា​យន្តហោះ​គ្មាន​មនុស្ស​បើក​ដែល​បាន​ហោះ​ចូល​ទឹកដី​កម្ពុជា​នេះ បាន​កើតឡើង​នៅ​ក្នុង​ខេត្ត​រតនគិរី ដែល​ស្ថិតនៅ​ភាគ​ខាងកើត​នៃ​ប្រទេស​កម្ពុជា ជាប់​ព្រំប្រទល់​ខេត្ត Dak Lak, Dak Nong និង Binh Phuoc ក្នុង​តំបន់​ខ្ពង់រាប​ភាគ​កណ្តាល​នៃ​ប្រទេស​វៀតណាម ដែល​ស្ថិតនៅ​ចន្លោះ​រវាង​ខ្សែ​បន្ទាត់​ព្រំដែន​គោក​នៃ​ប្រទេស​ទាំង​ពីរ​ដែល​មាន​ប្រវែង​សរុប​ជាង ១១០០​គីឡូម៉ែត្រ។

ជុំវិញ​ព្រឹត្តិការណ៍​ដ្រូន​ហោះ​ចូល​ទឹកដី​កម្ពុជា​នេះ ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ បាន​លើកឡើង​ថា បើ​ចង់​ដឹង​ថា​ដ្រូន​នោះ​ជា​ដ្រូន​របស់​ក្រុម​ជនជាតិ​វៀតណាម​ភាគតិច ឬ​ក៏​អត់ លោក ហ៊ុន សែន គួរតែ​ស្នើ​ភាគី​វៀតណាម​ឱ្យ​ជួយ​បាញ់​ដ្រូន​នោះ​ជាមួយ​កម្ពុជា ព្រោះ​ថា​រដ្ឋាភិបាល​វៀតណាម​ក៏​ចង់​កម្ចាត់​ជនជាតិ​ភាគតិច​ទាំងនោះ​ដែរ ដូច្នេះ​ចាំ​មើល​ថា​តើ​រដ្ឋាភិបាល​វៀតណាម​ហ៊ាន​សហការ​បាញ់​ដ្រូន​នោះ​ឬ​ក៏​អត់។

លោក គឹម សុខ បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​ក៏​ត្រូវ​ចាំ​មើល​ដែរ​ថា តើ​លោក ហ៊ុន សែន ហ៊ាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម សហការ​បាញ់​ដ្រូន​នោះ​ជាមួយ​ខ្លួន ឬ​ក៏​អត់​ផង​ដែរ ព្រោះ​ថា​បើ​ភាគី​វៀតណាម​ក៏​មិន​ហ៊ាន​សហការ ហើយ​លោក ហ៊ុន សែន ក៏​មិន​ហ៊ាន​ស្នើ​ឱ្យ​ភាគី​វៀតណាម​បាញ់​ដ្រូន​នោះ គឺ​មាន​ន័យ​ថា​ដ្រូន​ទាំងនោះ​មិនមែន​ជា​របស់​ក្រុម​ជនជាតិ​វៀតណាម​ភាគតិច​នោះ​ទេ គឺជា​ដ្រូន​របស់​វៀតណាម ឬ​ជា​ដ្រូន​របស់​លោក ហ៊ុន សែន ខ្លួនឯង​ប៉ុណ្ណោះ៕