ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មកពី​បណ្តា​រដ្ឋ​ផ្សេងៗ​នៃ​ទឹកដី​សហរដ្ឋ​អាមេរិក ជួបជុំ​គ្នា​ពិធីបុណ្យ​ខ្មោច​ឱ្យ​សាកសព​ក្រដាស​មួយ​ដែល​តំណាង​ឲ្យ​នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន សែន នៅ​ទីក្រុង​ឡូវ៉ែល រដ្ឋ​ម៉ាស្សាជូសេត កាលពី​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០២៣។ (Screenshot)

នយោបាយ

សមាគម​ខ្មែរ​នៅ​អាមេរិក​អំពាវនាវ​ឱ្យ​ពលរដ្ឋ​រួម​គ្នា​ផ្លាស់ប្ដូរ​របប​ដឹកនាំ​គ្រួសារ​ត្រកូល​ហ៊ុន​ចេញពី​កម្ពុជា

By ឌឹ ខេមបូឌា ដេលី

July 12, 2023

សមាគម​សំឡេង​ប្រជាធិបតេយ្យ​ខ្មែរ (KVD) ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Tacoma នៃ​រដ្ឋ​វ៉ាស៊ីនតុន សហរដ្ឋ​អាមេរិក អំពាវនាវ​ក្នុង​ពិធី​ប្រារព្ធ​ខួប ៧​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី ដើម្បី​ឱ្យ​អ្នក​ប្រជាធិបតេយ្យ អ្នក​ស្រឡាញ់​យុត្តិធម៌ និង​អ្នក​នយោបាយ​គ្រប់​និន្នាការ រួម​គ្នា​ផ្លាស់ប្ដូរ​របប​ដឹកនាំ​តាម​បែប​គ្រួសារ​និយម​របស់​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ​ចេញ។

សមាគម​សំឡេង​ប្រជាធិបតេយ្យ​ខ្មែរ (KVD) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​បុណ្យ​ខួប ៧​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី កាលពី​ថ្ងៃទី​១០ ខែ​កក្កដា ថា បណ្ឌិត កែម ឡី គឺជា​វីរជន​ខ្មែរ​មួយ​រូប​ដែល​បាន​លះបង់​អ្វីៗ​គ្រប់​បែប​យ៉ាង​រហូត​ដល់​ជីវិត​ផ្ទាល់ខ្លួន ដើម្បី​ផល​ប្រយោជន៍​ពលរដ្ឋ និង​ប្រទេស​កម្ពុជា​ដ៏​កម្សត់​ដែល​កំពុង​ត្រួតត្រា​ដោយ​របប​ឯក​បក្ស​ប្រជុំ​ទៅ​ដោយ​មេដឹកនាំ​ផ្ដាច់ការ ប្រៀប​បាន​នឹង​សត្វ​សាហាវ​ដែល​កំពុង​យក​ពលរដ្ឋ​ខ្មែរ​ធ្វើ​ជា​ចំណី​សព្វថ្ងៃ​នេះ។

ក្រុម​នេះ​បាន​នាំគ្នា​ត្អូញត្អែរ​ថា ទោះបីជា​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ទទួល​រង​នូវ​ទុក្ខ​វេទនា​ពី​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន រាប់​ទសវត្សរ៍​មក​ហើយ​ក្តី ក៏​មិនមែន​មាន​ន័យ​ថា របប​ដឹកនាំ​ដែល​ពោរពេញ​ទៅ​ដោយ​ការ​គាបសង្កត់ និង​ការ​គំរាមកំហែង​នេះ​ត្រូវ​បាន​បញ្ចប់​នោះ​ទេ ត្បិត​របប​ដឹកនាំ​ដ៏​យង់ឃ្នង​មួយ​នេះ​កំពុងតែ​រៀបចំ​បន្ត​ភាព​យូរអង្វែង​របស់​គេ​ទៅ​កាន់​អ្នក​ស្នង​អំណាច​ក្នុង​វង្ស​ត្រកូល​របស់​លោក ហ៊ុន សែន ដើម្បី​ជិះជាន់ និង​គាបសង្កត់​ពលរដ្ឋ​ខ្មែរ​ទៅ​ថ្ងៃ​មុខ​បន្ត​ទៀត។

សមាគម​សំឡេង​ប្រជាធិបតេយ្យ​ខ្មែរ (KVD) បញ្ជាក់​ថា បើ​ពលរដ្ឋ​ខ្មែរ​មិន​ចូលរួម​គ្នា​ផ្លាស់ប្ដូរ​របប​ផ្ដាច់ការ​ដែល​កំពុង​ដឹកនាំ​តាម​បែប​ក្រុម​គ្រួសារ​និយម​របស់​លោក ហ៊ុន សែន ដែល​កំពុង​អនុវត្ត និង​បន្ត​ចាក់ឫស​នៅ​កម្ពុជា​ទេ នោះ​ពលរដ្ឋ​ខ្មែរ និង​ប្រទេស​កម្ពុជា​នៅតែ​បន្ត​រងគ្រោះ និង​មិន​អាច​រក​សុភមង្គល​សម្រាប់​ជាតិ​បាន​ឡើយ។

កាលពី​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ចំនួន​បី​គ្រាប់​បណ្តាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង​ភ្លាមៗ​ក្នុង​ហាង​ស្តារ​ម៉ាត​នៃ​ស្ថានីយ​ប្រេងឥន្ធនៈ​កាល់តិច (Caltex) ត្រង់​ចំណុច​ស្តុប​បូកគោ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ បន្ទាប់ពី​បណ្ឌិត កែម ឡី លាតត្រដាង​នូវ​ផែនការ​លក់​ជាតិ និង​ការ​គ្រប់គ្រង​ជំនួញ​ក្នុង​ប្រទេស​កម្ពុជា​ស្ទើរតែ​ទាំងអស់​ដែល​មាន​ទឹកប្រាក់​រាប់​រយ​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​របស់​បក្ខពួក​ក្រុម​គ្រួសារ​ត្រកូល «ហ៊ុន» តាម​របាយការណ៍​អង្គការ គ្លប៊ល វីនេស (global witness)។

ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​១៩៩៩ ដែល​បាន​កើតមាន​ឡើង​ទៅ​លើ​អ្នករបាំ​ព្រះរាជទ្រព្យ​ដោយសារ​ភ្លើង​ប្រចណ្ឌ​របស់​អ្នកស្រី ប៊ុន រ៉ានី ក្នុង​រឿង​ស្នេហា​ត្រីកោណ​រវាង​លោក ហ៊ុន សែន និង​អ្នកស្រី ពិសិដ្ឋ ពិលីកា រហូត​ដល់​លោក ឈុត វុទ្ធី លោក ជា វិជ្ជា ព្រះភិក្ខុ សំ ប៊ុនធឿន និង​បណ្ឌិត កែម ឡី នៅ​ខែ​កក្កដា ឆ្នាំ​២០១៦ ហើយ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​បាន​អនុវត្ត​ច្បាប់​ចាប់​ឃាតករ​ពិត​មក​ទទួល​ទោស​នោះ​ទេ។

ការ​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ស្វែងរក​ឃាតករ​ពិត​មក​ផ្ដន្ទាទោស ក៏​ត្រូវ​គេ​សង្ស័យ​ថា ឃាតកម្ម​ទាំងអស់​ខាងលើ​នេះ គឺ​ជាប់​ពាក់ព័ន្ធ​នឹង​គ្រួសារ​លោក ហ៊ុន សែន ដោយ​ផ្ទាល់​ដែល​មាន​ប្រពន្ធ និង​កូនៗ​របស់​គាត់​ជា​អ្នកបញ្ជា​ឱ្យ​ជន​ដៃ​ដល់​ប្រព្រឹត្ត​អំពើ​ដ៏​ព្រៃផ្សៃ​នេះ ចំណែក​លោក ហ៊ុន សែន ត្រូវ​គេ​សង្ស័យ​ថា​គឺជា​អ្នក​ការពារ​អ្នក​នៅ​ពី​ក្រោយ​នៃ​ឃាតកម្ម​ទាំងនោះ​ផង​ដែរ។

ដោយសារ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ ប្រទេស​កម្ពុជា​បាន​ធ្លាក់​ទៅ​ក្នុង​អំពើ​និទ្ទណ្ឌភាព​អស់​រយៈពេល​រាប់​ទសវត្សរ៍​មក​ហើយ​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៩០ មក ដែល​ជនរងគ្រោះ និង​សាច់ញាតិ​របស់​ពួកគេ​ត្រូវ​រង​នូវ​ភាព​អយុត្តិធម៌​គ្មាន​ទី​បញ្ចប់ រហូត​ពួកគេ​អស់​សង្ឃឹម ដែល​នាំ​ឱ្យ​ក្រុម​គ្រួសារ​ជនរងគ្រោះ​ខ្លះ​សុខចិត្ត​រស់នៅ​ដោយ​និរទេស​ខ្លួន​ឃ្លាត​ឆ្ងាយ​ពី​មាតុភូមិ ដើម្បី​គេច​ពី​ការ​ព្យាបាទ​របស់​ជន​ដៃ​ដល់​ទាំងនោះ។

កាលពី​ឆ្នាំ​២០២១ គណៈកម្មការ​ស្រាវជ្រាវ​សៀវភៅ ស អះអាង​ថា ខ្លួន​បាន​ចងក្រង​នូវ​សំណុំរឿង​អយុត្តិធម៌​ជាច្រើន​នៅ​កម្ពុជា។ គណៈកម្មការ​នេះ​បញ្ជាក់​ថា សៀវភៅ «ស» នេះ​មាន​ចំនួន ៥​ជំពូក ក្នុង​នោះ​ជំពូក​ទី​១ និយាយ​ពី​ឃាតកម្ម​លើ​មេដឹកនាំ​សហជីព​លោក ជា វិជ្ជា ករណី​បាញ់​សម្លាប់​បណ្ឌិត កែម ឡី និង​មនុស្ស​មួយ​ចំនួន​ទៀត។ ចំណែក​ជំពូក​ទី​២ រៀបរាប់​ពី​ករណី​បាញ់​សម្លាប់​សិល្បករ និង​អ្នកកាសែត ខណៈ​ជំពូក​ទី​៣ លើកឡើង​ពី​ករណី​បោក​គ្រាប់បែក​ចូល​ហ្វូង​បាតុករ​កាលពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ ជាដើម។

ដោយឡែក​ជំពូក​ទី​៤ និយាយ​អំពី​រដ្ឋប្រហារ​ឆ្នាំ​១៩៩៧ និង​ជំពូក​ទី​៥ ចងក្រង​ពី​អំពើ​និទ្ទណ្ឌភាព និង​អំពើ​អយុត្តិធម៌​ជាច្រើន​ទៀត​នៅ​កម្ពុជា​ផង​ដែរ៕