27 C
Phnom Penh

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ធ្វើ​ពិធីបុណ្យ​ខ្មោច​ឱ្យ​សាកសព​ក្រដាស​តំណាង​ឱ្យ​លោក ហ៊ុន សែន ដើម្បី​ប្រឆាំង​ការ​បោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពិធីបុណ្យ​ខ្មោច​ឱ្យ​សាកសព​ក្រដាស​មួយ​ដែល​តំណាង​ឲ្យ​នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន សែន ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ក្នុង​ទីក្រុង​ឡូវ៉ែល រដ្ឋ​ម៉ាស្សាជូសេត នៃ​ទឹកដី​សហរដ្ឋ​អាមេរិក ធ្វើឡើង​ដើម្បី​ប្រឆាំង​នឹង​ការ​បោះឆ្នោត​នៅ​កម្ពុជា នា​ខែ​កក្កដា នេះ ហើយ​ក៏​ដើម្បី​បញ្ជាក់​ថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា​គឺ​បាន​ស្លាប់​បាត់​ហើយ​ក្រោម​ការ​អុកឡុក​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន។

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​មកពី​បណ្តា​រដ្ឋ​ផ្សេងៗ​នៃ​ទឹកដី​សហរដ្ឋ​អាមេរិក បាន​មក​ជួបជុំ​គ្នា​នៅ​ទីក្រុង​ឡូវ៉ែល រដ្ឋ​ម៉ាស្សាជូសេត កាលពី​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០២៣ ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​សាកសព​ក្រដាស​មួយ​ដែល​តំណាង​ឱ្យ​លោក ហ៊ុន សែន ដោយ​ការ​ដង្ហែ​សាកសព​ក្រដាស​នោះ​ដាក់​ក្នុង​មឈូស និង​មាន​ទង់ព្រលឹង ព្រមទាំង​កាន់​បដា​ជាច្រើន​ដែល​បង្ហាញ​ពី​ការ​គូស​ខ្វែង​សន្លឹកឆ្នោត​ដើម្បី​ប្រឆាំង​នឹង​ការ​បោះឆ្នោត​មិន​ត្រឹមត្រូវ​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ នេះ។

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​ចូលរួម​ពិធី​ខាងលើ​នេះ​បាន​នាំគ្នា​ស្រែក​ស្រុះៗ​គ្នា​នៅ​ក្នុង​ពិធី​ព្យុហយាត្រា​នេះ​ថា មិន​ត្រូវ​ការ ហ៊ុន សែន ទៀត​ទេ (No More Hun Sen) ហើយ​ការ​ដង្ហែ​មឈូស​ដែល​មាន​រូប​ក្រដាស​តំណាង​ឱ្យ​លោក ហ៊ុន សែន នៅ​ខាង​ក្នុង​នោះ គឺ​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​បាច​អង្ករ​ដែល​ជា​ទំនៀមទម្លាប់​របស់​ជនជាតិ​ខ្មែរ បង្ហាញ​ពី​ការ​បណ្តេញ​ឧបទ្រព​ចង្រៃ ខណៈ​អ្នក​ខ្លះ​ទៀត​ស្តោះ​ទឹកមាត់​ដាក់​សាកសព​ក្រដាស​នោះ ដែល​បង្ហាញ​ពី​ភាព​ស្អប់ខ្ពើម រហូត​ពួកគេ​យក​ខ្សែ​អំបោះ​ពណ៌​ស​មក​ចង​រុំ​ព័ទ្ធ​ជុំវិញ​សាកសព​ក្រដាស​នោះ​ថែម​ទៀត ដែល​ជា​សញ្ញា​នៃ​ការ​ព័ទ្ធ​ខ្សែ​សីមា​លើ​ពពួក​ព្រាយ​បិសាច​អ៊ីចឹង​ដែរ។

ការ​ធ្វើ​ព្យុហយាត្រា​នេះ ធ្វើឡើង​ដើម្បី​ប្រឆាំង​នឹង​ការ​បោះឆ្នោត​នៅ​កម្ពុជា ដែល​គេ​ចាត់ទុក​ថា​ជា​ការ​បោះឆ្នោត​ក្លែងក្លាយ​ក្រោម​ការ​រៀបចំ​របស់​លោក ហ៊ុន សែន។

ដំណើរការ​នៃ​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៧ ឆ្នាំ​២០២៣ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កក្កដា នេះ ប៉ុន្តែ​ការ​បោះឆ្នោត​នេះ​ត្រូវ​គេ​ចាត់ទុក​ថា​ជា​ការ​បោះឆ្នោត​ដែល​មិន​ត្រឹមត្រូវ ដោយសារតែ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បិទ​ខ្ទប់​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ភ្លើង​ទៀន រារាំង​មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា និង​លោក សម រង្ស៊ី ចាប់​មន្ត្រី​បក្ស​ប្រឆាំង​ដាក់​គុក ជាដើម ក្នុង​បំណង​ដើម្បី​កុំ​ឲ្យ​ពួកគេ​អាច​ចូលរួម​ក្នុង​ការ​បោះឆ្នោត​នេះ។

ទោះជា​បែប​នេះ​ក្តី កាលពី​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២៣ ក្នុង​ពិធី​ដាក់​សម្ពោធ​ស្ពាន​អាកាស​ឫស្សីកែវ មេដឹកនាំ​ខ្មែរ​ដែល​កំពុង​រៀប​ផែនការ​ប្លន់​លទ្ធផល​បោះឆ្នោត​លោក ហ៊ុន សែន អះអាង​ថា កម្ពុជា​មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​គូប្រកួត​មួយ​ក្នុង​ការ​បោះឆ្នោត​ខាងមុខ​នេះ មិនមែន​ជា​អ្នក​រៀបចំ​នៅ​ពីក្រោយ​នៃ​ការ​បោះឆ្នោត​នោះ​ឡើយ។

យ៉ាងណា​ក៏ដោយ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១០ កក្កដា ដោយ​អំពាវនាវ​ឱ្យ​ខ្មែរ​អ្នក​ស្នេហា​ជាតិ និង​អ្នក​ស្រឡាញ់​យុត្តិធម៌​ទាំងអស់​មកពី​គ្រប់​និន្នាការ​គណបក្ស​នយោបាយ រួម​គ្នា​ធ្វើ​កាយវិការ​ដូច​គ្នា​ដោយ​ការ​គូស​សន្លឹកឆ្នោត​ចោល​ដោយ​សម្ងាត់ នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ខាងមុខ​នេះ ដើម្បី​ជួយ​ជាតិ​មាតុភូមិ​ឲ្យ​រួច​ផុត​ពី​ក្រញាំ​នៃ​ជន​ផ្ដាច់ការ ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ភាព​ថ្លៃថ្នូរ​ជាតិ​ខ្មែរ​ឡើងវិញ។

ជុំវិញ​ដំណើរការ​នៃ​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា នា​ខែ​កក្កដា នេះ ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា សេចក្តី​ថ្លែងការណ៍​របស់​សហភាព​អឺរ៉ុប និង​បារាំង នៅតែ​បន្ត​អំពាវនាវ​ឱ្យ​កម្ពុជា​រៀបចំ​នូវ​ការ​បោះឆ្នោត​មួយ​ដោយ​សេរី តម្លាភាព និង​ពហុបក្ស ស្រប​តាម​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ និង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា បើ​ពិនិត្យ​លើ​សកម្មភាព​ទុច្ចរិត​ក្នុង​កិច្ចការ​នយោបាយ​របស់​លោក ហ៊ុន សែន ដែល​ប្រើ​ឧបាយកល​លួច​សន្លឹកឆ្នោត​កាលពី​អាណត្តិ​កន្លងមក​ផង និង​ការ​រៀបចំ​ផែនការ​លុប​បំបាត់​វត្តមាន​គណបក្ស​ប្រឆាំង និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ក្នុង​ការ​បោះឆ្នោត​ជាតិ​ខាងមុខ​នេះ​ផង​នោះ គេ​អាច​វាយតម្លៃ​បាន​ថា ការ​បោះឆ្នោត​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២៣ នេះ គឺជា​ការ​រៀប​ផែនការ​ប្លន់​លទ្ធផល​បោះឆ្នោត​របស់​គណបក្ស​កាន់​អំណាច​ដែល​កំពុង​បញ្ជា​ដោយ​លោក ហ៊ុន សែន ប៉ុណ្ណោះ មិនមែន​ជា​ការ​បោះឆ្នោត​ដោយ​ត្រឹមត្រូវ​នោះ​ទេ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស