នៅថ្ងៃទី១៣ ខែកក្កដា ខាងមុខនេះ សភាថៃទាំងពីរថ្នាក់ គឺសមាជិកព្រឹទ្ធសភា និងរដ្ឋសភាត្រូវទៅអង្គុយជុំគ្នានៅក្នុងមន្ទីររដ្ឋសភា ដើម្បីបោះឆ្នោតជ្រើសតាំងបេក្ខជនម្នាក់ឱ្យឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីទី៣០ របស់រាជាណាចក្រនៅអាស៊ីអាគ្នេយ៍មួយនេះ។
បេក្ខជនដែលកំពុងតែធ្វើការផ្ទៀងផ្ទាត់ដើម្បីចូលកាន់តំណែងនេះ គឺជាអ្នកនយោបាយវ័យក្មេងឈ្មោះ ភីថា លឹមចារឿរ៉ាត់ មកពីគណបក្សចលនាឆ្ពោះទៅមុខ។ គណបក្សចលនាឆ្ពោះទៅមុខ ជាគណបក្សដែលទទួលបានអាសនៈច្រើនជាងគេទាំងអស់នៅក្នុងការបោះឆ្នោតសភាកាលពីថ្ងៃទី១៤ ឧសភា។
ការប្រជុំសភារបស់ថៃ នៅថ្ងៃទី១៣ ខែកក្កដា គឺមានការប្រជុំរួមគ្នារវាងសមាជិកសភា ៥០០រូប និងព្រឹទ្ធសភា ២៥០រូប។ សម្រាប់បេក្ខជនដែលយកទៅបង្ហាញខ្លួនដើម្បីឱ្យសមាជិកសភាទាំងពីរថ្នាក់បោះឆ្នោតគាំទ្រ ឬក៏មិនគាំទ្រនោះ មានតែលោក ភីថា លឹមចារឿរ៉ាត់ ប៉ុណ្ណោះ។
បុរសវ័យ ៤២ឆ្នាំរូបនេះជាអ្នកនយោបាយប្រសូតចេញពីត្រកូលអ្នកជំនួញអចលនទ្រព្យ និងប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែលោក ភីថា នៅពេលនេះកំពុងស្ថិតនៅក្នុងភាពចម្រូងចម្រាសយ៉ាងខ្លាំងដោយសារតែមានការប្ដឹងពីអ្នកនយោបាយក្រុមប្រឆាំង និងសមាជិកព្រឹទ្ធសភាមួយចំនួនដែលថា លោក ភីថា មានភាគហ៊ុនក្នុងមុខជំនួញប្រព័ន្ធផ្សព្វផ្សាយដែលច្បាប់បោះឆ្នោតរបស់ថៃហាមបេក្ខជនដែលឈរឈ្មោះតំណាងរាស្ត្រ ឬបេក្ខជននាយករដ្ឋមន្ត្រីមានមុខជំនួញប្រភេទនេះ។
តែនៅពេលនេះ វិទ្យាស្ថានជាតិអភិវឌ្ឍន៍ ហៅកាត់ថា នីដា បានចុះធ្វើការស្ទង់មតិទៅលើពលរដ្ឋថៃ ចំនួន ១៣១០នាក់ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ហើយមានចំណេះដឹងគ្រប់គ្រាន់ដើម្បីសាកសួរពួកគេអំពីទឹកចិត្តចង់ឃើញបេក្ខជនណាដែលស័ក្ដិសមជានាយករដ្ឋមន្ត្រីថ្មីចុងក្រោយរបស់រាជាណាចក្រថៃ។ ការស្ទង់មតិរបស់វិទ្យាស្ថាននេះ ធ្វើឡើងរយៈពេល ៣ថ្ងៃ ពីថ្ងៃទី៥ ដល់ទី៧ កក្កដា ក្រោយពីរដ្ឋសភាមានប្រធានរដ្ឋសភា និងអនុប្រធានរដ្ឋសភាហើយនោះ។
យោងតាមការស្ទង់មតិ បានបង្ហាញថា ប្រជាជនថៃរហូតដល់ ៦៥% ជឿថាគណបក្សចម្រុះសម្ព័ន្ធភាព ៨គណបក្ស នឹងឯកភាពគ្នាទាំងស្រុងសម្រេចមិនរុះរើបេក្ខភាពរបស់លោក ភីថា នោះទេ បើទោះជារងសម្ពាធពីអ្នកនយោបាយខាងក្រៅក៏ដោយ រួមទាំងសម្ពាធពីសមាជិកព្រឹទ្ធសភា។
ប្រជាជនថៃទាំងនោះទទូចថា គេត្រូវតែផ្ដល់ឱកាសឱ្យលោក ភីថា ទទួលបានតំណែងនាយករដ្ឋមន្ត្រីថៃ ជាជាងប្រគល់បេក្ខភាពណាមួយផ្សេងទៀត។
ចំពោះការឆ្លើយសំណួរមួយទៀត ថាតើប្រធានរដ្ឋសភាថ្មី Wan Muhamad Noor Matha សមនឹងកាន់មុខតំណែងនេះដែរឬទេ គឺជិត ៦០% ឆ្លើយថាលោក Muhamad Noor សមនឹងទទួលបានតំណែងនេះ ព្រោះបុរសវ័យ ៧៩ឆ្នាំរូបនេះជាអ្នកនយោបាយឈរលើចំណុចកណ្ដាល និងមានភាពអត់ធ្មត់ក្នុងវិស័យនយោបាយ និងវិជ្ជាជីវៈរបស់ខ្លួន ដែលឲ្យគណបក្សផ្សេងៗទៀតអាចទទួលយកបាននូវតួនាទីរបស់គាត់។
តែយ៉ាងណា អ្នកជំនាញ និងអ្នកសង្កេតការណ៍អំពីនយោបាយរបស់រាជាណាចក្រថៃ យល់ថា លោក ភីថា ទំនងពិបាកទទួលបានការឯកភាពភាគច្រើនចេញពីព្រឹទ្ធសភា និងសមាជិកសភាមកពីគណបក្សក្រៅពីសម្ព័ន្ធភាព ព្រោះតែលោក ភីថា មានសំណុំរឿងប្ដឹងលោកទៅកាន់ស្ថាប័នបោះឆ្នោត គឺករណីលោកមានភាគហ៊ុនជាមួយប្រព័ន្ធផ្សព្វផ្សាយ និងមួយទៀតពាក់ព័ន្ធនឹងការដែលលោកព្យាយាមរុះរើមាត្រា១១២ ទាក់ទងនឹងច្បាប់ព្រហ្មទណ្ឌដែលប្រឆាំងជនទាំងឡាយណាដែលប្រមាថចេស្ដាព្រះមហាក្សត្រ។
ចំណុចទី២ នេះហើយដែលលោក ភីថា ប៉ះទង្គិចជាខ្លាំងជាមួយនឹងគណបក្សដែលមាននិន្នាការជាមួយនឹងពួកយោធា និងគណបក្សដែលមានទំនោរទោរទន់ទៅរករាជបល្ល័ង្គ ជាពិសេសក្រុមសមាជិកព្រឹទ្ធសភាមួយភាគធំ។
ក្រុមសម្ព័ន្ធភាពចម្រុះរបស់គណបក្សចលនាឆ្ពោះទៅមុខដែលមាន ៨គណបក្ស មានអាសនៈនៅក្នុងដៃចំនួន ៣១២។ យោងតាមច្បាប់ និងរដ្ឋធម្មនុញ្ញថៃ គឺបេក្ខជនត្រូវការសំឡេងសរុប ៣៧៦ ឡើងទៅ។ ដូច្នេះ សម្ព័ន្ធភាពនេះត្រូវការយ៉ាងតិច ៦៤សំឡេងថែមទៀតដែលចាំបាច់ត្រូវការបំផុតពីសមាជិកព្រឹទ្ធសភា។
អ្នកសង្កេតការណ៍ព្រមានថា បើលោក ភីថា មិនអាចក្លាយជានាយករដ្ឋមន្ត្រីបាននោះ គឺប្រជាជនថៃ ជាពិសេសយុវជនថៃ នឹងខកចិត្តជាខ្លាំង ហើយពួកគេអាចនឹងចុះដើរតាមផ្លូវតវ៉ា ព្រោះពួកគេកំពុងគាំទ្រខ្លាំងទៅលើលោក ភីថា និងគណបក្សចលនាឆ្ពោះទៅមុខដែលបក្សនេះដណ្ដើមបានអាសនៈដល់ទៅ ៣២ ក្នុងអាសនៈសរុប ៣៣ នៅមណ្ឌលបោះឆ្នោតក្រុងបាងកក ហើយបើពុំនោះទេ ចលាចលនយោបាយអាចនឹងផ្ទុះខ្លាំងនៅក្រុងបាងកក ជាថ្មីម្ដងទៀត៕