លោក ហេង សំរិន ដើរ​មើល​ផ្ទះ​ដែល​លោក​សង់​នៅ​ភូមិ​កំណើត​របស់​លោក។ (រូបថត៖ ហ្វេសប៊ុក)

ព័ត៌មានជាតិ

យុវជន​ខ្មែរ​នៅ​កូរ៉េខាងត្បូង​ជំរុញ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចេះ​ស្រឡាញ់​ទឹកដី​ដូច​ស្រមោច​ស្រឡាញ់​សម្បុក

By ឌឹ ខេមបូឌា ដេលី

July 13, 2023

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង ព្រមាន​ទៅ​កាន់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ថា ប្រទេស​កម្ពុជា​មិនមែន​ជា​កម្មសិទ្ធិ​ផ្ដាច់មុខ​របស់​គ្រួសារ​ត្រកូល​ហ៊ុន​នោះ​ទេ បើ​លោក ហ៊ុន សែន ហ៊ាន​កាត់​ភូមិ​របស់​ប្រធាន​រដ្ឋសភា​កម្ពុជា​លោក ហេង សំរិន ដែល​ជា​ទឹកដី​ខ្មែរ​ឱ្យ​ទៅ​វៀតណាម គឺជា​ទង្វើ​ខុសឆ្គង​ចំពោះ​ជាតិ​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។

សមាជិក​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រទេស​កូរ៉េខាងត្បូង លោក យ៉ង់ ស៊ីណេត បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១១ កក្កដា ថា សត្វ​ស្រមោច​ពិត​មែន​តែ​តូច តែ​ពួក​វា​ចេះ​ស្រឡាញ់ និង​ការពារ​សម្បុក​របស់​វា​ខ្លាំង​ណាស់​នៅ​ពេល​ដែល​មាន​អ្នក​ចូល​ទៅ​បំផ្លាញ ប៉ុន្តែ​ប្លែក​អី​តែ​ពលរដ្ឋ​ខ្មែរ​ដែល​គាំទ្រ​បក្ស​កាន់​អំណាច​ដែល​មាន​ភាសា ទឹកដី អរិយធម៌ វប្បធម៌ និង​សម្បត្តិ​ធនធាន​ធម្មជាតិ​ដ៏​មហាសាល តែ​បែរ​ជា​បណ្តែតបណ្តោយ​ឱ្យ​គណបក្ស​មួយ​នេះ​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាតិ​ខ្មែរ​ដោយ​គ្មាន​ការ​ឈឺចាប់​ទៅវិញ។

លោក យ៉ង់ ស៊ីណេត អះអាង​ថា ការ​លើកឡើង​របស់​លោក​មិនមែន​គ្មាន​ភស្តុតាង ឬ​គ្មាន​ហេតុផល​នោះ​ទេ ព្រោះ​ទឹកដី​កម្ពុជា​ក្រោម​បាន​បាត់បង់ កោះត្រល់​ក៏​បាន​បាត់បង់ ការ​បោះ​បង្គោល​ព្រំដែន​ធ្វើឡើង​ដោយ​ស្ងាត់ៗ និង​ទឹកដី​ខ្មែរ​ជាច្រើន​លាន​ហិកតារ​ត្រូវ​របប​លោក ហ៊ុន សែន សម្បទាន​ទៅ​ឱ្យ​វៀតណាម​រហូត​ដល់ ៩៩​ឆ្នាំ​ថែម​ទៀត ប៉ុន្តែ​អ្នកគាំទ្រ​គណបក្ស​នេះ​មិន​ដែល​នាំគ្នា​តវ៉ា​នោះ​ទេ តែ​ពួកគេ​បែរ​ជា​គាំទ្រ​ផែនការ​រំលោភ​ទឹកដី​ខ្មែរ​របស់​បរទេស​ឈ្លានពាន​តាមរយៈ​ទង្វើ​នានា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុងតែ​បំផ្លាញ​ទឹកដី​របស់​ខ្លួន​ទៅវិញ។

ប្រភព​ដដែល​លើក​ជា​សំណួរ​ថា តើ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​គួរ​នាំគ្នា​រស់នៅ​ក្នុង​ប្រទេស​ដែល​មាន​មេដឹកនាំ​ខ្លួនឯង​រំលោភ​ច្បាប់ បំផ្លាញ​ទ្រព្យសម្បត្តិ​ជាតិ បង្ក​ភាព​អយុត្តិធម៌​ពេញ​ផ្ទៃ​ប្រទេស​កើត​ដែរ​ទេ ហើយ​ប្រសិនបើ​ពលរដ្ឋ​ខ្មែរ​ដែល​មាន​លក្ខណៈ​សម្បត្តិ​ជា​មនុស្ស​អាច​បន្ត​រស់នៅ​បាន នោះ​មាន​ន័យ​ថា សត្វ​ស្រមោច​មាន​ឧត្តមគតិ​ជាង​ពួកគេ​ពិតប្រាកដ​មិន​អាច​ប្រកែក​បាន​ឡើយ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​វីដេអូ​មួយ​របស់​លោក ហ៊ុន សែន ដែល​បាន​លើកឡើង​ពី​ការ​កំណត់​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ដែល​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ឡើងវិញ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ព្រោងព្រាត​កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០២០ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​អះអាង​ថា ការ​កំណត់​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម បាន​រក​ឃើញ​ថា​ភូមិ​ខ្មែរ​មួយ​ចំនួន​នៅ​ក្នុង​ទឹកដី​វៀតណាម ខណៈ​ភូមិ​វៀតណាម​ខ្លះ​ក៏​ស្ថិត​នៅ​ក្នុង​ទឹកដី​ខ្មែរ​ដែរ ក្នុង​នោះ​គេ​រក​ឃើញ​ដែរ​ថា ភូមិ​របស់​លោក ហេង សំរិន នៅ​ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ក៏​បាន​ស្ថិត​នៅ​ក្នុង​ទឹកដី​វៀតណាម ដែរ។

លោក ហ៊ុន សែន បាន​លើកឡើង​ថា ដើម្បី​ដោះស្រាយ​ព្រំដែន​បែប​នេះ គឺ​មាន​ជម្រើស​៣ ទី​១ គឺ​ត្រូវ​កាត់​ភូមិ​លោក ហេង សំរិន ឱ្យ​ទៅ​វៀតណាម ចំណែក​ជម្រើស​ទី​២ គឺ​ត្រូវ​រុះរើ​ភូមិ​លោក ហេង សំរិន មក​ក្នុង​ទឹកដី​ខ្មែរ​វិញ តែ​ត្រូវ​រក​កន្លែង​ផ្សេង​សម្រាប់​ធ្វើជា​ភូមិ​របស់​គាត់ ដោយឡែក​ជម្រើស​ទី​៣ គឺ​មាន​តែ​ដោះដូរ​ភូមិ​ខ្មែរ​ជាមួយ​ភូមិ​វៀតណាម​តែប៉ុណ្ណោះ។

មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប​លោក ហ៊ុន សែន បញ្ជាក់​ថា បើ​ដោះដូរ​ភូមិ​ជាមួយ​វៀតណាម គឺ​កម្ពុជា​នឹង​ចំណេញ​ដី​ពី​ការ​ដោះដូរ​នេះ​ជាង ២​ពាន់​ហិកតារ​ឯណោះ ហើយ​លោក​ក៏​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដោះដូរ​នេះ​ដែរ ខណៈ​ដី​ជាង ២​ពាន់​ហិកតារ​នោះ​គឺ​ត្រូវ​ប្រគល់​ឱ្យ​កងទ័ព​ដែល​រក្សា​ព្រំដែន​នៅ​ទីនោះ​តែម្តង។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​លើកឡើង​ថា វៀតណាម​មិន​ល្ងង់​ដល់​ថ្នាក់​ប្រគល់​ដី​របស់​ពួកគេ​ឱ្យ​ខ្មែរ​ចំណេញ​ដល់​ទៅ​ជាង ២​ពាន់​ហិកតារ​នោះ​ទេ។ លោក​បន្ថែម​ថា ជុំវិញ​ករណី​ព្រំដែន​នេះ លោក ហ៊ុន សែន បាន​ប្រព្រឹត្ត​កំហុស​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​ការ​ចុះ​កិច្ចព្រមព្រៀង​ខ្សែបន្ទាត់​ព្រំដែន​ជាមួយ​វៀតណាម ដោយ​ផ្អែក​ទៅ​លើ​កិច្ចព្រមព្រៀង​ខុស​ច្បាប់​ព្រំដែន​ទឹក​ប្រវត្តិសាស្ត្រ​ឆ្នាំ​១៩៨២ សន្ធិសញ្ញា​ខុស​ច្បាប់​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ និង​សន្ធិសញ្ញា​ខុស​ច្បាប់​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ សម្រាប់​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​កំណត់​ព្រំដែន​រវាង​កម្ពុជា-វៀតណាម សព្វថ្ងៃ​នេះ។

លោក ម៉ែន ណាត អះអាង​ថា ជាង​នេះ​ទៀត ការ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​វៀតណាម​ដោយ​កំណត់​យក​ផែនទី​បោន​ខ្នាត ១/២៥​ពាន់ និង​ផែនទី​បោន​ខ្នាត ១/៥០​ពាន់ ជំនួស​ផែនទី​បោន​ខ្នាត ១/១០០​ពាន់ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ដើម្បី​កំណត់​ខ្សែបន្ទាត់​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម​នោះ គឺ​រឹតតែ​ខុស​ធ្ងន់ធ្ងរ​ថែម​ទៀត ដែល​នឹង​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ទឹកដី​ទៅ​វៀតណាម​កាន់តែ​ច្រើន កុំ​ថា​ឡើយ​ដល់​ទៅ​និយាយ​រឿង​កម្ពុជា​ចំណេញ​ដី​ជាង ២​ពាន់​ហិកតារ​ពី​វៀតណាម​នោះ។

រដ្ឋធម្មនុញ្ញ​កម្ពុជា មាត្រា​២ ចែង​ថា បូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​មិន​អាច​រំលោភ​បាន​ដាច់ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន​ដែល​មាន​កំណត់​ក្នុង​ផែនទី​ខ្នាត ១/១០០.០០០៕