បេក្ខជននាយករដ្ឋមន្ត្រីថៃ លោក Pita Limjaroenrat ប្រឈមមុខនឹងបណ្ដឹងនៅតុលាការធម្មនុញ្ញ ដែលមេធាវីម្នាក់ដ៏មានឥទ្ធិពលបានប្ដឹងលោកពីបទប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលប្រជាធិបតេយ្យជ្រកក្រោមដំបូលរដ្ឋធម្មនុញ្ញ។
ភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា តុលាការធម្មនុញ្ញថៃ មិនត្រឹមតែទទួលយកបណ្ដឹងរបស់មេធាវីម្នាក់នោះមកពិចារណានោះទេ គឺនៅថ្ងៃទី១២ កក្កដា នេះ តុលាការកំពូលមួយនេះក៏បានទទួលសំណើពីគណៈកម្មការបោះឆ្នោតថៃ ដែលស្នើឱ្យផ្អាកជាបន្ទាន់ការប្រជុំសភាទាំងពីរថ្នាក់ក្នុងការជ្រើសតាំងលោក Pita Limjaroenrat មកពីគណបក្សចលនាឆ្ពោះទៅមុខជានាយករដ្ឋមន្ត្រី។
បើតាមប្រភពដដែលនេះ សំណុំរឿងពីរនេះកំពុងធ្លាក់ក្នុងដៃតុលាការធម្មនុញ្ញដែលត្រូវសិក្សា ដើម្បីឈានទៅដល់ការពិនិត្យនីតិវិធីបើកសវនាការ ឬទម្លាក់ចោលសំណុំរឿងទាំងពីរនេះ។
យោងតាមសេចក្ដីជូនដំណឹងរបស់តុលាការធម្មនុញ្ញ ដែលបញ្ជូនទៅសភាទាំងពីរថ្នាក់ គឺរដ្ឋសភា និងព្រឹទ្ធសភា បានបង្គាប់ឱ្យលើកពេលប្រជុំដើម្បីជ្រើសតាំងលោក Pita Limjaroenrat ដោយអនុញ្ញាតឱ្យបើកសម័យប្រជុំនៅថ្ងៃទី២៧ កក្កដា។
សេចក្ដីបង្គាប់របស់តុលាការធម្មនុញ្ញថៃ បានធ្វើឡើងបន្ទាប់ពីគណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសថៃ បានផ្តល់អនុសាសន៍ទៅកាន់តុលាការជាន់ខ្ពស់នេះឱ្យផ្អាកសមាជិកភាពសភារបស់មេដឹកនាំគណបក្ស Move Forward គឺលោក Pita Limjaroenrat ជាបណ្ដោះអាសន្ន និងជាបន្ទាន់ជុំវិញការចោទប្រកាន់ថារូបលោកបានបំពានច្បាប់បោះឆ្នោត។
គណបក្ស Move Forward បានទទួលជ័យជម្នះក្នុងការបោះឆ្នោតសភាកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ដោយទទួលបានអាសនៈច្រើនជាងគេ គឺ ១៥១អាសនៈ ហើយជាបក្សមានអាទិភាពជាងគេក្នុងការបញ្ជូនបេក្ខជននាយករដ្ឋមន្ត្រីម្នាក់ទៅសុំការទុកចិត្តពីសមាជិកសភាថៃទាំងពីរថ្នាក់ដែលមាន ៧៥០រូប។
កាលពីខែមិថុនា គណៈកម្មការរៀបចំការបោះឆ្នោតថៃ បានបង្កើតគណៈកម្មាធិការពិសេសមួយដើម្បីបើកការស៊ើបអង្កេតថា តើអ្នកនយោបាយវ័យក្មេងរូបនេះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីធ្វើជាសមាជិកសភា និងឈរឈ្មោះជានាយករដ្ឋមន្ត្រីដែរឬយ៉ាងណា ពាក់ព័ន្ធនឹងការចោទថាលោកកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ iTV នៅក្រុងបាងកក នៅពេលដែលច្បាប់បោះឆ្នោតរបស់ប្រទេសថៃហាមដាច់ខាត។
លោក Ittiporn Boonprakong ជាប្រធានស្ថាប័នបោះឆ្នោត បានបញ្ជាក់ថា គណៈកម្មការបោះឆ្នោតបានស្នើទៅតុលាការធម្មនុញ្ញឱ្យផ្អាកសមាជិកភាពតំណាងរាស្ត្ររបស់លោក Pita ស្របពេលដែលសភាថៃ នឹងត្រូវរៀបចំការបោះឆ្នោតដើម្បីជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា។
នៅក្រោមច្បាប់បោះឆ្នោតរបស់ប្រទេសថៃ ទោះជាលោក Pita ត្រូវបានផ្អាកសមាជិកភាពសភាក្តី ក៏លោកនៅតែអាចឈរឈ្មោះជានាយករដ្ឋមន្ត្រីបានដែរ។ តែសេចក្ដីបង្គាប់របស់តុលាការថៃ បានធ្វើឱ្យសភាទាំងពីរនេះពុំមានសិទ្ធិបើកសម័យប្រជុំរបស់ខ្លួននោះទេ ជាពិសេសចំពោះការបោះឆ្នោតលើបេក្ខភាពរបស់លោក Pita ដែលត្រៀមឡើងកាន់តំណែងនាយករដ្ឋមន្ត្រីថៃ ទី៣០។
កាលពីឆ្នាំ២០១៩ លោក Thanathorn Juangroongruangkit ដែលជាមេដឹកនាំអតីតគណបក្ស Future Forward ត្រូវបានតុលាការធម្មនុញ្ញថៃ ដកសមាជិកភាពសភា និងហាមធ្វើសកម្មភាពនយោបាយរយៈពេល ១០ឆ្នាំ ដោយចោទប្រកាន់ថាបានបំពានច្បាប់បោះឆ្នោតពាក់ព័ន្ធនឹងការកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ V-Luck Media ដែលជាការចោទប្រកាន់ដូចគ្នានឹងលោក Pita កំពុងប្រឈមនាពេលនេះ។
គណបក្ស Future Forward ជាគណបក្សដើមរបស់បក្សចលនាឆ្ពោះទៅមុខ Move Forward ដែលត្រូវបានតុលាការធម្មនុញ្ញថៃ រំលាយក្នុងឆ្នាំ២០២០។
យ៉ាងណា ប្រសិនបើលោក Pita មិនអាចក្លាយជានាយករដ្ឋមន្ត្រីបានទេ គឺបក្សរបស់លោក និងបក្សសម្ព័ន្ធភាពត្រូវផ្គូផ្គងបេក្ខជនថ្មីម្នាក់ទៀតទៅសុំសេចក្ដីទុកចិត្តសភាទាំងពីរថ្នាក់នេះ។ តែយ៉ាងណា នាយករដ្ឋមន្ត្រីចាំផ្ទះ លោក ប្រាយុទ្ធ ចាន់អូចា នឹងត្រូវដឹកនាំប្រទេសជាបណ្ដោះអាសន្នរហូតទាល់តែរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង។
ជាមួយគ្នានេះ កាលពីថ្ងៃព្រហស្បតិ៍ ទី១១ កក្កដា លោក ប្រាយុទ្ធ បានប្រកាសពីការសម្រេចចិត្តចូលនិវត្តន៍ពីនយោបាយ។
លោក ប្រាយុទ្ធ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សលោកថា៖ ចាប់ពីពេលនេះតទៅ លោកលាឈប់ពីនយោបាយ និងលាលែងពីសមាជិកនៃគណបក្សថៃរួបរួមជាតិ។
លោក ប្រាយុទ្ធ បានក្លាយជាមេដឹកនាំនៃរដ្ឋាភិបាលថៃជាលើកដំបូង កាលពីក្នុងឆ្នាំ២០១៤ បន្ទាប់ពីលោកដឹកនាំការធ្វើរដ្ឋប្រហារយោធា ដែលនាំទៅរកការផ្តួលរំលំរដ្ឋាភិបាលស៊ីវិលរបស់អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់។ ក្រោយមក លោកក៏បានក្លាយជានាយករដ្ឋមន្ត្រីក្រោយការបោះឆ្នោតសភាថៃ នាឆ្នាំ២០១៩។
តែការបោះឆ្នោតសភានៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នេះ គណបក្សរបស់លោក ប្រាយុទ្ធ បានជួបរឿងបរាជ័យធ្ងន់ធ្ងរ ដែលបក្សឈ្នះឆ្នោតច្រើនជាងគេ គឺបក្សចលនាឆ្ពោះទៅមុខដឹកនាំដោយលោក Pita Limjaroenrat និងបក្សភឿថៃ របស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់។
បើតាមអ្នកសង្កេតការណ៍ លោក Pita Limjaroenrat អាចនឹងបាត់បង់សិទ្ធិជាបេក្ខជននាយករដ្ឋមន្ត្រីបើតុលាការធម្មនុញ្ញសម្រេចសេចក្ដីថា លោកពិតជាមានកំហុស ហើយលទ្ធភាពអាចផ្ដល់ទៅលើបក្សភឿថៃ។ តែបើបក្សនេះអស់លទ្ធភាពទៀតនោះ វានឹងចូលទៅដល់ក្រុមសម្ព័ន្ធភាពនៃពួកយោធាវិញម្ដង។
ប្រការនេះ នាំឱ្យមានការចោទសួរថា តើលោក ប្រាយុទ្ធ មានឱកាសម្ដងទៀតដែរឬទេដើម្បីតោងអំណាចជាថ្មី។
យ៉ាងណា ក្រុមយុវជនថៃនៅទីក្រុងបាងកក ដ៏លើសលប់ព្រមានងើបឡើងប្រឆាំងនឹងពួកយោធាដែលព្យាយាមបង្កើតសម្ព័ន្ធភាពដើម្បីបន្តក្រាញអំណាច។
ក្រុមយុវជនថៃ ដែលមកពីគណបក្សចលនាឆ្ពោះទៅមុខ និងគណបក្សភឿថៃ បានព្រមានរួចស្រេចហើយថា ពួកគេនឹងប្រមូលកម្លាំងយុវជននៅទូទាំងក្រុងបាងកក ធ្វើការតវ៉ាតាមដងផ្លូវដាក់សម្ពាធទៅព្រឹទ្ធសភាឱ្យគោរពឆន្ទៈរបស់ប្រជាជន ដោយមិនត្រូវរកលេសដើម្បីឱ្យពួកយោធាបន្តកាន់អំណាចទៀតនោះទេ៕