អតីត​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ​ប្រចាំ​ខេត្ត​កោះកុង លោក មុំ អស្សនី

ព័ត៌មានជាតិ

លោក មុំ អស្សនី ចោទ​ថា​លោក ហ៊ុន ម៉ាណែត និង​សមាជិក​គ្រួសារ​ហ៊ុន ៣​នាក់​ទៀត​កាន់កាប់​ជំនួញ​ខុស​ច្បាប់​ធំៗ​នៅ​កម្ពុជា

By ឌឹ ខេមបូឌា ដេលី

July 14, 2023

អតីត​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ប្រចាំ​លំហ​សមុទ្រ​ខេត្ត​កោះកុង លោក មុំ អស្សនី ចោទ​សមាជិក​គ្រួសារ​ត្រកូល​ហ៊ុន ចំនួន ៤​នាក់ ដូចជា​បេក្ខជន​នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានី អ្នកស្រី ហ៊ុន សេងនី និង​អ្នកស្រី ហ៊ុន ស៊ីណាត ថា​កំពុង​កាន់កាប់​ជំនួញ​ខុស​ច្បាប់​ធំៗ​នៅ​កម្ពុជា។

អតីត​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ​ប្រចាំ​ខេត្ត​កោះកុង លោក មុំ អស្សនី បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១២ កក្កដា ថា សាច់ឈាម​ជិតដិត​របស់​លោក ហ៊ុន សែន ទាំង ៤​នាក់​ខាងលើ​នេះ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​រាប់​មិន​អស់​តាមរយៈ​មុខជំនួញ​មិន​ស្រប​ច្បាប់​របស់​ពួកគេ ក្នុង​នោះ​អ្នកស្រី ហ៊ុន សេងនី ប្រកប​មុខជំនួញ​ខុស​ច្បាប់​ដូចជា​រត់​ពន្ធ​ស្វា​ទៅ​លក់​នៅ​ក្រៅ​ប្រទេស និង​រំលោភ​យក​ដី​រដ្ឋ​តាម​អនុក្រឹត្យ​របស់​លោក ហ៊ុន សែន ដើម្បី​ចែក​លុយ​គ្នា ជាដើម។

លោក មុំ អស្សនី អះអាង​ថា អ្នកស្រី ហ៊ុន ស៊ីណាត គឺជា​មេ​ឈ្មួញ​លាង​លុយ​ចិន​ខុស​ច្បាប់​យ៉ាង​ធំ​តាមរយៈ​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ឈ្មោះ​ក្រុមហ៊ុន Cambodia Airway។ លោក​បន្ត​ថា លោក ហ៊ុន ម៉ាណែត គឺជា​មេ​ឧក្រិដ្ឋជន​ព្រៃឈើ​ធំ​បំផុត​នៅ​កម្ពុជា ខណៈ​លោក ហ៊ុន ម៉ានី គឺជា​អ្នក​នៅ​ពីក្រោយ​នៃ​ការ​ចរាចរ​គ្រឿងញៀន​ដ៏​ធំ​នៅ​ក្នុង​ស្រុក​ខ្មែរ​ផង​ដែរ។

លោក មុំ អស្សនី លើកឡើង​ថា រាល់​មុខជំនួញ​ខុស​ច្បាប់​ទាំងអស់​ដែល​ពួកគេ​កំពុង​ប្រព្រឹត្ត ជាពិសេស​អ្នកស្រី ហ៊ុន សេងនី និង​អ្នកស្រី ហ៊ុន ស៊ីណាត គឺ​ត្រូវ​ផ្តល់​លុយ​ទាំងនោះ​ឱ្យ​ទៅ​លោក ហ៊ុន សែន ជា​អ្នក​បែងចែក​ឱ្យ​ពួកគេ​ត្រឡប់​មក​វិញ ព្រោះ​ថា​ពួកគេ​គ្មាន​សិទ្ធិ​បែងចែក​លុយ​ទាំងនោះ​ទេ។

លោក​បន្ថែម​ថា ជុំវិញ​ការ​បែងចែក​លុយ​នេះ មន្ត្រី​ធំ​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន ម្នាក់​ធ្លាប់​ត្រូវ​លោក ហ៊ុន សែន គំរាម​ដល់​ជីវិត​ម្តង​រួច​មក​ហើយ​នៅ​ពេល​ដែល​មន្ត្រី​រូប​នោះ​ហ៊ាន​បែងចែក​លុយ​ដែល​ខ្លួន​រកបាន ដោយ​មិន​ទុក​ឱ្យ​លោក ហ៊ុន សែន ជា​អ្នក​បែងចែក​នោះ។

អតីត​មន្ត្រី​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ​រូប​នេះ​បញ្ជាក់​ថា សព្វថ្ងៃ​នេះ​បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​របស់​ត្រកូល​ហ៊ុន គឺ​លោក ហ៊ុន ម៉ាណែត កំពុង​វិវឌ្ឍ​ខ្លួន​ទៅ​ជា​អ្នក​នៅ​ពីក្រោយ​នៃ​អំពើ​ខុស​ច្បាប់​នានា​នៅ​កម្ពុជា​ដូច​ឪពុក​របស់​គាត់​ដែរ ដើម្បី​គ្រប់គ្រង​លុយ និង​អំណាច​ឲ្យ​កាន់តែ​ខ្លាំង​នៅ​ពេល​ដែល​គាត់​ឡើង​កាន់កាប់​អំណាច​ជា​នាយករដ្ឋមន្ត្រី បន្ទាប់ពី​អវត្តមាន​លោក ហ៊ុន សែន នៅ​ពេល​ខាងមុខ​នោះ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​របស់​លោក ហ៊ុន សែន ត្រូវ​បាន​គេ​រក​ឃើញ​ថា​កំពុង​កាន់កាប់​ជំនួញ​ទាំង​ខុស​ច្បាប់ និង​ស្រប​ច្បាប់​ជាច្រើន​នៅ​កម្ពុជា​ក្នុង​ទំហំ​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​សព្វថ្ងៃ​នេះ។

អង្គការ​ឃ្លាំមើល​ពិភពលោក គ្លប៊ល វីនេស (Global Witness) បាន​ចេញ​របាយការណ៍​ជុំវិញ​អាណាចក្រ​ជំនួញ​គ្រួសារ​ត្រកូល​ហ៊ុន កាលពី​ពេល​កន្លងទៅ​ដែល​មាន​ចំណងជើង​ថា Hostile Takeover: The Corporate Empire of Cambodia’s Ruling Family ដែល​បាន​រៀបរាប់​យ៉ាង​លម្អិត​ថា គ្រួសារ​ត្រកូល “ហ៊ុន” ដែល​កំពុង​រកស៊ី​យ៉ាង​គគ្រឹកគគ្រេង​ក្នុង​ប្រទេស​កម្ពុជា ដូចជា​លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានី លោក ហ៊ុន ម៉ានិត អ្នកស្រី ហ៊ុន ម៉ាណា អ្នកស្រី ហ៊ុន ម៉ាលី ហ៊ុន ចិន្តាវី ហ៊ុន តូ ឌី វិជ្ជា ហ៊ុន ជា ហ៊ុន គិមលេង ហ៊ុន ចន្ធូ សុខ ពុទ្ធីវុធ សេង ឃាង ឌី ចូច ឌី ប្រឹម និង​សមាជិក​ដទៃ​ទៀត កំពុង​គ្រប់គ្រង និង​មាន​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ផ្នែក​ឧស្សាហកម្ម កសិកម្ម រ៉ែ ព្រៃឈើ ថាមពល រោងចក្រ កន្លែង​កម្សាន្ត តំបន់​សេដ្ឋកិច្ច​ពិសេស សណ្ឋាគារ ទេសចរណ៍ រោងចក្រ ល្បែងស៊ីសង ក្រុមហ៊ុន​ដឹកជញ្ជូន ហិរញ្ញវត្ថុ សារព័ត៌មាន និង​ក្រុមហ៊ុន​ជាច្រើន​ទៀត​សព្វថ្ងៃ​នេះ។

របាយការណ៍​ខាងលើ​លាតត្រដាង​ថា គ្រួសារ​ត្រកូល​ហ៊ុន​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ម៉ាក​អន្តរជាតិ​ជាច្រើន​ដែរ ដូចជា​ក្រុមហ៊ុន​អន្តរជាតិ Apple ក្រុមហ៊ុន Canon ក្រុមហ៊ុន LG Electronics ក្រុមហ៊ុន Lenovo-IBM ក្រុមហ៊ុន Nokia និង​ក្រុមហ៊ុន​ផលិតផល​ជាច្រើន​ទៀត ដូចជា​ក្រុមហ៊ុន​ស្រា​ល្បីៗ ជាដើម។

លើស​ពី​នេះ គ្រួសារ​នេះ​ក៏​មាន​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន Viettel នៃ​ក្រុមហ៊ុន Viettel Group ដែល​ជា​ក្រុមហ៊ុន​រកស៊ី​លើ​បណ្ដាញ​ទូរសព្ទ​មិត្តហ្វូន​គ្រប់គ្រង​ដោយ​កងទ័ព​វៀតណាម​ផង​ដែរ ហើយ​ការ​ធ្វើ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​នេះ​មាន​ការ​ជ្រោមជ្រែង​ពី​លោក ហ៊ុន សែន យ៉ាង​ខ្លាំង ដោយ​តម្រូវ​ឱ្យ​កងទ័ព​ខ្មែរ​ទាំងអស់​ប្រើប្រាស់​ប្រព័ន្ធ​ទូរសព្ទ​មួយ​នេះ​នៅ​គ្រប់​អង្គភាព​ទាំងអស់​នៅ​កម្ពុជា៕