ក្រុមបញ្ញវន្តខ្មែរនៅក្រៅស្រុក អះអាងថា ប្រទេសកម្ពុជាកំពុងស្ថិតក្នុងការបាត់បង់អធិបតេយ្យជាតិទៅក្នុងការគ្រប់គ្រងរបស់វៀតណាមធ្ងន់ធ្ងរ ដោយសារតែមេដឹកនាំប្រទេសនេះ គឺលោក ហ៊ុន សែន បានប្រើអំណាចគាបសង្កត់ឱ្យប្រជាពលរដ្ឋរបស់ខ្លួនទទូចយកនូវមហិច្ឆតាឈ្លានពានរបស់វៀតណាម ដែលប៉ុនប៉ងរំលោភយកទឹកដីខ្មែរដោយគំរាមចាប់ខ្លួនប្រជាពលរដ្ឋដែលប្រឆាំងតវ៉ានឹងល្បិចកលកាត់ទឹកដីខ្មែរឱ្យបរទេសឈ្លានពាននេះ។
អ្នកវិភាគឯករាជ្យ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី១៣ កក្កដា ថា លោក ហ៊ុន សែន តែងអះអាងប្រាប់ប្រជាពលរដ្ឋពីការងារនៃរដ្ឋាភិបាលរបស់គាត់ក្នុងការកំណត់ព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាមជាបន្តបន្ទាប់ ក្នុងនោះគាត់បានអះអាងថា ការកំណត់ព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាម គឺធ្វើឡើងដោយត្រឹមត្រូវជាទីបំផុត ប៉ុន្តែលោក ហ៊ុន សែន បែរជាហាមឃាត់ប្រជាពលរដ្ឋខ្មែរមិនឱ្យទៅមើលការកំណត់ព្រំដែនដែលរដ្ឋាភិបាលរបស់គាត់បានចុះកិច្ចព្រមព្រៀងកំណត់ជាមួយប្រទេសវៀតណាមទៅវិញ។
លោក គឹម សុខ បន្ថែមថា អ្នកដែលចុះទៅមើលព្រំដែនត្រូវរងនូវការចោទប្រកាន់ និងចាប់ដាក់គុកថែមទៀត ដូច្នេះក្នុងរឿងកំណត់ព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាមនេះ គឺស្ថិតក្នុងការមន្ទិលសង្ស័យយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរចំពោះទំនាក់ទំនងលោក ហ៊ុន សែន និងវៀតណាមជារហូតមក។
លោក គឹម សុខ ត្អូញត្អែរថា នៅលើពិភពលោកនេះទោះជាមេដឹកនាំប្រទេសកុម្មុយនីស្តផ្ដាច់ការ ឬមេដឹកនាំប្រទេសលោកសេរីប្រជាធិបតេយ្យក៏ដោយ គឺគេដឹងពីមុខនាទីរបស់ខ្លួនច្បាស់ថា ពួកគេត្រូវតែការពារទឹកដីរបស់ខ្លួន ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ ប៉ុន្តែចម្លែកអីតែមេដឹកនាំខ្មែរលោក ហ៊ុន សែន បែរជាព្យាយាមពន្យល់ប្រជាពលរដ្ឋខ្លួនឯងឱ្យព្រមទទួលយកល្បិចឈ្លានពានរបស់បរទេសជិតខាង ដែលបានរំលោភយកទឹកដីរបស់ខ្លួនទៅវិញ ដែលនេះគឺពិតជារឿងចម្លែកមិនដែលធ្លាប់កើតមាននៅលើពិភពលោកនេះទាល់តែសោះ។
អ្នកវិភាគរូបនេះបញ្ជាក់ថា អំពើព្រៃផ្សៃចំពោះជាតិខ្មែររបស់លោក ហ៊ុន សែន ដែលគាត់បានប្រព្រឹត្តចាប់តាំងពីវៀតណាមលើកបន្តុបជានាយករដ្ឋមន្ត្រីខ្មែរមក បានក្លាយទៅជាអំពើឧក្រិដ្ឋកម្មបំផ្លាញជាតិខ្មែរដល់ឫសគល់ ខណៈអំពើព្រៃផ្សៃទាំងនោះ គឺមានការជ្រោមជ្រែងពីវៀតណាមដោយផ្ទាល់។
ក្នុងរយៈពេលប៉ុន្មានថ្ងៃនៅមុនការបោះឆ្នោតនាចុងខែកក្កដា នេះ វីដេអូមួយដែលលោក ហ៊ុន សែន លើកឡើងពីការកំណត់ព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាម កាលពីអំឡុងខែសីហា ឆ្នាំ២០២០ ត្រូវបានគេចែកចាយតៗគ្នាព្រោងព្រាតលើនៅលើបណ្ដាញសង្គមហ្វេសប៊ុក។
ក្នុងវីដេអូនោះ លោក ហ៊ុន សែន ពន្យល់ថា ការដែលភូមិរបស់លោក ហេង សំរិន ស្ថិតក្នុងដីវៀតណាម ហើយភូមិរបស់វៀតណាមខ្លះបានស្ថិតនៅក្នុងដីខ្មែរ គឺដោយសារតែបារាំងដែលធ្លាប់ជាអាណាព្យាបាលលើប្រទេសកម្ពុជា បានគូសខ្សែព្រំដែនដែលកំពុងនៅជាធរមានសព្វថ្ងៃនេះ ដូច្នេះហើយបានជាទឹកដីខ្មែរមួយចំនួន រួមទាំងកោះត្រល់ផង បានធ្លាក់ទៅក្នុងការគ្រប់គ្រងរបស់វៀតណាម រហូតដល់ពេលនេះ។
លោក ហ៊ុន សែន បញ្ជាក់ថា បើផ្អែកទៅលើខ្សែបន្ទាត់ព្រំដែនដែលបារាំងបានគូសនោះ យើងអាចឱ្យកម្ពុជាចំណេញដីពីវៀតណាមជាង ២ពាន់ហិកតារឯណោះ ប្រសិនបើភាគីទាំងសងខាងព្រមដោះដូរភូមិនៅតាមព្រំដែនជាមួយគ្នាទៅវិញទៅមក។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានវេទិកាពលរដ្ឋលោក ម៉ែន ណាត បានលើកឡើងក្នុងកម្មវិធី Idea Talk ខាងលើនេះថា បារាំងបានកំណត់ព្រំដែនរដ្ឋបាលរវាងប្រទេសកម្ពុជា និងដែនដីកូសាំងស៊ីន ឬកម្ពុជាក្រោមតាមអនុសញ្ញាមួយនៅឆ្នាំ១៨៧៣ ដែលគេបានបោះបង្គោលកំណត់ព្រំដែនចំនួន ១២៤បង្គោល ប៉ុន្តែអនុសញ្ញានេះមិនបានធ្វើឱ្យភូមិលោក ហេង សំរិន និងកោះត្រល់ធ្លាក់ក្នុងការគ្រប់គ្រងវៀតណាមឡើយ។
លោក ម៉ែន ណាត អះអាងថា នៅអំឡុងខែឧសភា ឆ្នាំ១៩៩៤ សម្តេចព្រះ នរោត្តម សីហនុ ធ្លាប់បានផ្ញើលិខិតមួយទៅកាន់លោក ហ៊ុន សែន ឱ្យទាមទារឱ្យរដ្ឋាភិបាលវៀតណាមយកបង្គោលព្រំដែនទាំង ១២៤ ដែលបារាំងបានកំណត់នៅឆ្នាំ១៨៧៣ នោះ មកតម្កល់នៅទីតាំងដើមវិញ ប៉ុន្តែលោក ហ៊ុន សែន មិនបានធ្វើតាមការដាស់តឿនរបស់សម្តេចព្រះ នរោត្តម សីហនុ ទេ។
ចំណែកអ្នកជំនាញខាងព្រំដែន និងជាមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន បានលើកឡើងជុំវិញបញ្ហាព្រំដែននេះថា ភូមិកំណើតរបស់លោក ហេង សំរិន និងកោះត្រល់ ធ្លាក់ទៅក្នុងការគ្រប់គ្រងរបស់វៀតណាម គឺដោយសារសន្ធិសញ្ញាខុសច្បាប់កំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ ដែលចុះហត្ថលេខាទទួលស្គាល់រវាងលោក ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសវៀតណាម ង្វៀង កឺថាច់ ដែលជាសន្ធិសញ្ញាមួយធ្វើឡើងនៅអំឡុងពេលដែលកងទ័ពវៀតណាមឈ្លានពាន និងត្រួតត្រាប្រទេសកម្ពុជា។
លោក អ៊ុំ សំអាន លើកឡើងថា ភូមិកំណើតរបស់លោក ហេង សំរិន គឺជាដីខ្មែរ ប៉ុន្តែត្រូវលោក ហ៊ុន សែន ចាត់ទុកថាជាដីរបស់វៀតណាម ដូច្នេះនៅពេលនេះ បើគាត់យកដីខ្មែរនៅតំបន់ណាមួយទៅដោះដូរនឹងភូមិលោក ហេង សំរិន ដែលស្ថិតនៅក្នុងទឹកដីខ្មែរវិញនោះ គឺមានន័យថា លោក ហ៊ុន សែន បានយកដីខ្មែរទៅដោះដូរយកដីខ្មែរពីវៀតណាម ដែលគាត់បានកាត់ទៅឱ្យវៀតណាម កាលពីឆ្នាំ១៩៨៥ នោះ៕