34 C
Phnom Penh

សភា​ថៃ​នឹង​កោះ​ប្រជុំ​ជ្រើសតាំង​នាយករដ្ឋមន្ត្រី​ថ្មី​បន្ទាប់ពី​លោក ភីថា ទទួល​សំឡេង​គាំទ្រ​មិន​គ្រប់​ចំនួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋសភា និង​ព្រឹទ្ធសភា​ថៃ នឹង​បើក​កិច្ចប្រជុំ​មួយ​លើក​ទៀត​នៅ​ថ្ងៃ​ពុធ ទី​១៩ កក្កដា ដើម្បី​បោះឆ្នោត​ជ្រើសតាំង​នាយករដ្ឋមន្ត្រី​ម្នាក់​ឱ្យ​បង្កើត​រដ្ឋាភិបាល ក្រោយពី​សភា​ទាំង​ពីរ​ថ្នាក់​នេះ​បាន​បោះឆ្នោត​ម្ដង​រួច​ហើយ​កាលពី​ថ្ងៃទី​១៣ កក្កដា លើ​បេក្ខជន​មកពី​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ គឺ​លោក ភីថា លឹមចារឿនរ៉ាត់ ដែល​លោក ភីថា មិន​អាច​ទទួល​បាន​សំឡេង​គ្រប់​ចំនួន​ពី​សភា​ទាំង​ពីរ​ថ្នាក់​នេះ។

អនុប្រធាន​សភា លោក Pichet Chuamuangphan បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា សភា​នឹង​បើក​កិច្ចប្រជុំ​របស់​ខ្លួន​ជា​លើក​ទី​២ នៅ​ថ្ងៃទី​១៩ កក្កដា ប៉ុន្តែ​លោក​មិន​បាន​បង្ហើប​អំពី​ឈ្មោះ​បេក្ខជន​ក្រោយ​នេះ​ទេ ហើយ​ចំពោះ​លោក ភីថា ក៏​អនុប្រធាន​សភា​រូប​នេះ​មិន​បាន​បង្ហើប​ឈ្មោះ​ដែរ។

លោក Pichet គឺជា​សមាជិក​សភា​មកពី​បក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ។ លោក​បាន​និយាយ​ថា គេ​ត្រូវ​តែ​ជជែក​គ្នា​ជា​អាទិភាព​សិន​មុន​កំណត់​ថា​បេក្ខជន​ណា​នឹង​ចូល​ខ្លួន​ទៅ​សភា​ជា​ថ្មី​ទៀត​នោះ។ តែ​លោក​បង្ហើប​ថា កំពុងតែ​ប្រមូល​មតិ និង​ការ​ឆ្លើយតប​ពី​ប្រជាជន ថា​តើ​បេក្ខជន​រូប​ណា​មាន​ការ​គាំទ្រ​ច្រើន។

ជាមួយ​គ្នា​នេះ អគ្គលេខាបក្ស​ភឿថៃ Prasert Jantararuangtong បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា សម្ព័ន្ធភាព​គណបក្ស ៨​បក្ស ត្រូវ​បើក​កិច្ចប្រជុំ​នៅ​រសៀល​ថ្ងៃទី​១៤ កក្កដា ដើម្បី​កំណត់​បេក្ខភាព​ជា​នាយករដ្ឋមន្ត្រី ដើម្បី​នាំ​ទៅ​បង្ហាញ​ខ្លួន ហើយ​សុំ​ការ​យល់ព្រម​ពី​សមាជិក​សភា។

កាលពី​ថ្ងៃទី​១៣ កក្កដា សភា​ទាំង​ពីរ​ថ្នាក់​របស់​រាជាណាចក្រ​ថៃ បាន​ចាប់ផ្តើម​នៅ​ម៉ោង ៩ និង ៣០​នាទី ដើម្បី​បោះឆ្នោត​សម្រេច​លើ​បេក្ខជន​នាយករដ្ឋមន្ត្រី​ដែល​មាន​តែ​ម្នាក់​គត់ គឺ​លោក ភីថា ប្រធាន​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ (Move Forward) ដែល​បាន​សំឡេង​ឆ្នោត​នាំមុខ​បក្ស​ផ្សេង​ទៀត​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​កាលពី​ថ្ងៃទី​១៤ ខែ​ឧសភា។

សមាជិក​សភា​ទាំង​ពីរ​ថ្នាក់​នេះ​មាន​សរុប ៧៥០​នាក់ តែ​មាន​សមាជិក​ព្រឹទ្ធសភា​ម្នាក់​បាន​លាឈប់​ពី​មុខតំណែង ដូច្នេះ​នៅ​សល់​តែ ៧៤៩​នាក់។ មាន​ន័យ​ថា លោក ភីថា ត្រូវការ​សំឡេង​គាំទ្រ​ចំនួន ៣៧៥​សំឡេង​ដើម្បី​អាច​ក្លាយ​ជា​នាយករដ្ឋមន្ត្រី។

លោក ភីថា ប្រធាន​បក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ ដែល​បាន​បង្កើត​សម្ព័ន្ធ​គណបក្ស​ដើម្បី​រៀបចំ​ធ្វើ​រដ្ឋាភិបាល​ចម្រុះ ក្នុង​នោះ​មាន​បក្ស​ភឿថៃ ជា​បក្ស​ដ៏​ធំ​ទី​ពីរ​នៅ​ថៃ។ សម្ព័ន្ធ​គណបក្ស​ចម្រុះ ៨​បក្ស​នេះ​ដឹកនាំ​ដោយ​លោក ភីថា មាន​អាសនៈ​ក្នុង​សភា​ជាតិ ៣១២​អាសនៈ​ក្នុង​ចំណោម ៥០០​អាសនៈ។ ដើម្បី​អាច​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​បាន គឺ​លោក ភីថា ត្រូវការ​សំឡេង​ឆ្នោត​គាំទ្រ​ពី​ព្រឹទ្ធសភា​ចំនួន ៦៣ ទៀត ដើម្បី​បាន​គ្រប់ ៣៧៥។

បន្ទាប់ពី​ការ​រាប់​សំឡេង​ឆ្នោត​ក្នុង​សភា​ថៃ បាន​បញ្ចប់ លទ្ធផល​បាន​បង្ហាញ​ថា ប្រធាន​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ​រូប​នេះ​ទទួល​បាន​សំឡេង​គាំទ្រ​មិន​គ្រប់គ្រាន់​ដើម្បី​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ថ្មី​នៃ​រាជាណាចក្រ​ថៃ។ លោក​ទទួល​បាន​ការ​គាំទ្រ ៣២៤​សំឡេង មាន​ន័យ​ថា​លោក​នៅ​ខ្វះ ៥១​សំឡេង​ទៀត។

ដោយសារតែ​មិន​អាច​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី​បាន​បែប​នេះ សភា​ថៃ​ត្រូវ​រៀបចំ​ការ​បោះឆ្នោត​រក​សំឡេង​គាំទ្រ​ជា​ថ្មី​ម្តង​ទៀត​នៅ​សប្តាហ៍​នេះ ហើយ​បេក្ខជន​ដដែល​នៅតែ​អាច​ឈរឈ្មោះ​ជា​ថ្មី ឬ​ក៏​បេក្ខជន​ផ្សេង​ទៀត​ត្រូវ​បាន​តែងតាំង​ឱ្យ​ចូលរួម​ប្រកួតប្រជែង។ នីតិវិធី​បែប​នេះ​នឹង​ត្រូវ​ធ្វើឡើង​រហូត​ទាល់​តែ​មាន​បេក្ខជន​ទទួល​បាន​សំឡេង​គាំទ្រ​គ្រប់គ្រាន់ ប៉ុន្តែ​យោង​តាម​ច្បាប់​បោះឆ្នោត​ថៃ រដ្ឋាភិបាល​ថ្មី​ត្រូវ​បង្កើត​ឱ្យ​បាន​អំឡុង ៦០​ថ្ងៃ​ក្រោយ​ការ​បោះឆ្នោត។

តើ​អ្នក​នយោបាយ​ណា​ខ្លះ​មាន​សិទ្ធិ​អាច​ឈរឈ្មោះ​ជា​នាយករដ្ឋមន្ត្រី?

នៅ​មុន​ការ​បោះឆ្នោត​សភា​កាលពី​ខែ​ឧសភា កន្លងទៅ គណបក្ស​នីមួយៗ​ត្រូវ​បាន​តម្រូវ​ឱ្យ​ដាក់​បញ្ជី​ឈ្មោះ​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​ខ្លួន​ជូន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ថៃ។ គណបក្ស​ណា​មួយ​ដែល​ឈ្នះ​អាសនៈ​យ៉ាង​ហោច ២៥​អាសនៈ​ឡើង​ទៅ​ក្នុង​ចំណោម​អាសនៈ​សរុប​នៃ​រដ្ឋសភា មាន​សិទ្ធិ​តែងតាំង​បេក្ខជន​នាយករដ្ឋមន្ត្រី​ចម្បង​ម្នាក់ និង ២​នាក់​ទៀត​ជា​បេក្ខជន​បម្រុង។ ក្នុង​ពេល​បច្ចុប្បន្ន​មាន​បេក្ខជន​នាយករដ្ឋមន្ត្រី​ចំនួន ៩​រូប ក្នុង​នោះ​មាន​បេក្ខជន​មកពី​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​គណបក្ស Move Forward មាន​ដូចជា​លោក ភីថា ផ្ទាល់ និង​បេក្ខជន ២​រូប​មកពី​គណបក្ស​ឈ្នះ​ឆ្នោត​ជាប់​លំដាប់​ទី​២ គឺ​សេដ្ឋី​អចលនទ្រព្យ​លោក Srettha Thavisin និង​អ្នកនាង ផែថងឋាន Paetongtarn (แพทองธาร ชินวัตร = Phaethongthan) Shinawatra ជា​កូនស្រី​បង្កើត​របស់​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ មកពី​គណបក្ស​ភឿថៃ។

ចំណែក​បេក្ខជន​មកពី​គណបក្ស​ផ្សេង​ទៀត​រួម​មាន​ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​សុខាភិបាល លោក Anutin Charnvirakul លោក Prawit Wongsuwan និង​លោក Prayuth Chan-ocha ប៉ុន្តែ​លោក Prayuth បាន​ប្រកាស​ពី​ការ​សម្រេច​ចិត្ត​ចូល​និវត្តន៍​ពី​នយោបាយ។ លោក ប្រាយុទ្ធ បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​លោក​កាលពី​ថ្ងៃទី​១១ កក្កដា ថា ចាប់ពី​ពេលនេះ​តទៅ លោក​លាឈប់​ពី​នយោបាយ និង​លាលែង​ពី​សមាជិក​នៃ​គណបក្ស​ថៃ​រួបរួម​ជាតិ។

លោក ប្រាយុទ្ធ បាន​ក្លាយ​ជា​មេដឹកនាំ​នៃ​រដ្ឋាភិបាល​ថៃ​ជា​លើកដំបូង​កាលពី​ក្នុង​ឆ្នាំ​២០១៤ បន្ទាប់ពី​លោក​បាន​ដឹកនាំ​ការ​ធ្វើ​រដ្ឋប្រហារ​ដែល​នាំ​ទៅ​រក​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​ស៊ីវិល​របស់​អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់។ ក្រោយ​មក លោក​ក៏​បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​តាមរយៈ​ការ​បោះឆ្នោត​សភា​ថៃ​នា​ឆ្នាំ​២០១៩។

តែ​ការ​បោះឆ្នោត​សភា​កាលពី​ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ គណបក្ស​ថៃ​រួបរួម​ជាតិ​របស់​លោក ប្រាយុទ្ធ បាន​ជួប​រឿង​បរាជ័យ​ធ្ងន់ធ្ងរ ដោយ​បាន​អាសនៈ​ចំនួន​៣៦។ គណបក្ស​ដែល​ឈ្នះ​ឆ្នោត​ច្រើន​ជាងគេ គឺ​បក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ​ដឹកនាំ​ដោយ​លោក ភីថា លឹមចារឿនរ៉ាត់ ជា​អ្នក​នយោបាយ​វ័យ​ក្មេង​អាយុ ៤២​ឆ្នាំ។ លោក​ជា​អ្នក​ជំរុញ​ឱ្យ​កាត់បន្ថយ​អំណាច​នៃ​ក្រុមប្រឹក្សា​រាជបល្ល័ង្គ និង​ពួក​យោធា៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស