ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី ប្រមូលផ្ដុំ​គ្នា​តវ៉ា​នឹង​ការ​បោះឆ្នោត​នៅ​កម្ពុជា និង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ និង​ខ្លឹមសារ​ដើម​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ថ្ងៃទី​១៦ ខែ​កក្កដា ឆ្នាំ​២០២៣។ (screenshot)

នយោបាយ

ក្រុម​សង្កេត​ការណ៍​ថា​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​ជា​រឿង​ត្រឹមត្រូវ

By ឌឹ ខេមបូឌា ដេលី

July 18, 2023

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​ប្រមូលផ្ដុំ​ជួបជុំ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​អូស្ត្រាលី ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ និង​ខ្លឹមសារ​ដើម​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គឺជា​រឿង​ត្រឹមត្រូវ ព្រោះ​កម្ពុជា​គឺជា​ប្រទេស​ដែល​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៧ កក្កដា នេះ​ថា ការ​ទាមទារ​ឱ្យ​ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា សកម្មជន​សិទ្ធិមនុស្ស កញ្ញា សេង ធារី និង​មេដឹកនាំ​សហជីព កញ្ញា ឈឹម ស៊ីថរ ជាដើម មិន​មែន​ជា​រឿង​ខុស​ច្បាប់​នោះ​ទេ ព្រោះ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ប្រជាពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​ការ​បញ្ចេញមតិ​ស្រប​តាម​រដ្ឋធម្មនុញ្ញ ប្រសិនបើ​ពួកគេ​រក​ឃើញ​នូវ​អំពើ​អយុត្តិធម៌​ណា​មួយ​ដែល​បាន​កើតឡើង​នោះ។

លោក សេក សុជាតិ បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​មាន​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​បញ្ចប់​ការ​តវ៉ា​នេះ ដោយ​គ្រាន់តែ​បើក​លំហ​សេរីភាព​បញ្ចេញមតិ ដោះលែង​អ្នកទោស​មនសិការ​ឱ្យ​មាន​សេរីភាព​ពេញលេញ​ឡើងវិញ និង​ធានា​នូវ​ការ​បោះឆ្នោត​មួយ​ដែល​ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ និង​មាន​ការ​ចូលរួម​ពី​គណបក្ស​នយោបាយ​នានា ដើម្បី​ធានា​នូវ​សិទ្ធិ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​ក្នុង​ជ្រើសរើស​គណបក្ស​នយោបាយ និង​មេដឹកនាំ​ដែល​ពួកគេ​ស្រឡាញ់​ពេញចិត្ត​ដោយ​គ្មាន​ការ​រឹតត្បិត ជាដើម។

កាលពី​ថ្ងៃទី​១៦ ខែ​កក្កដា ឆ្នាំ​២០២៣ ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី​រាប់​សិប​នាក់​បាន​ប្រមូលផ្ដុំ​ជួបជុំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន នៅ​មុន​ការ​បោះឆ្នោត​ចុងខែ​កក្កដា នេះ​ជាច្រើន​ចំណុច ដោយ​ទាមទារ​ឱ្យ​ដោះលែង​អ្នកទោស​មនសិការ​ដែល​កំពុង​ជាប់​ឃុំ​ដោយ​អយុត្តិធម៌ ដូចជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា សកម្មជន​សិទ្ធិមនុស្ស​កញ្ញា សេង ធារី និង​មេដឹកនាំ​សហជីព កញ្ញា ឈឹម ស៊ីថរ ជាដើម។

ក្នុង​ការ​ជួបជុំ​ប្រមូលផ្ដុំ​តវ៉ា​នេះ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ប្រទេស​អូស្ត្រាលី​ទាំងនោះ ក៏​តវ៉ា​ប្រឆាំង​នឹង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០២៣ នា​ចុងខែ​កក្កដា នេះ​ដែរ ដោយ​ពួកគេ​ចោទ​ថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ និង​បង្គ្រប់​កិច្ច​តាម​ការ​ចង់បាន​របស់​លោក ហ៊ុន សែន ប៉ុណ្ណោះ ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​បំបិទ​មិន​ឱ្យ​ចូលរួម ខណៈ​គណបក្ស​ភ្លើង​ទៀន​ដែល​មាន​ប្រជាពលរដ្ឋ​គាំទ្រ​ជាង ១​លាន ៦​សែន​នាក់ ក៏​ត្រូវ​រាំង​ខ្ទប់​មិន​ឱ្យ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​នេះ​ថែម​ទៀត ខណៈ​គណបក្ស​ដែល​ចូលរួម​ផ្សេងៗ​គ្រាន់តែ​ជា​គណបក្ស​តូចតាច​ដែល​គ្មាន​កម្លាំង​ប្រកួត​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ។

ទាក់ទិន​នឹង​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​បោះឆ្នោត​នៅ​កម្ពុជា​នៅ​អាណត្តិ​ទី​៧ នេះ កាលពី​ចុងខែ​មិថុនា ឆ្នាំ​២០២៣ ក្រុមប្រឹក្សា ២៣ តុលា ១៩៩១ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង បាន​ប្រកាស​បដិសេធ​មិន​ទទួលស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​កម្ពុជា នា​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ​ដាច់ខាត។

ប្រភព​ដដែល​ក៏​បាន​អំពាវនាវ​ឱ្យ​អង្គការ​សហប្រជាជាតិ និង​សហប្រធាន​សន្និសីទ​អន្តរជាតិ​ក្រុង​ប៉ារីស​ថ្ងៃទី​២៣ តុលា ១៩៩១ ចាត់​វិធានការ​ដ៏​សមស្រប​ជាបន្ទាន់​បំផុត​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ឡើងវិញ​ផង​ដែរ​ជុំវិញ​ការ​រៀបចំ​ដំណើរការ​នៃ​ការ​បោះឆ្នោត​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៣ បណ្ដាញ​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ក៏​បាន​ធ្វើ​យុទ្ធនាការ​ស្វែងរក​ហត្ថលេខា​អ្នកគាំទ្រ​តាម​ប្រព័ន្ធ​អនឡាញ​លើ​ញត្តិ​របស់​ពួកគេ ដើម្បី​ទាមទារ​ឲ្យ​ផ្អាក​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា​ឆ្នាំ​២០២៣ នេះ​ដែរ ក្នុង​នោះ​ពួកគេ​ក៏​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ឆ្នោត​ទាំងអស់​ពហិការ​មិន​ចូលរួម​ការ​បោះឆ្នោត​នៅ​ចុងខែ​កក្កដា ខាងមុខ​នេះ​ថែម​ទៀត។

នៅ​សល់​ត្រឹមតែ ៥​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដំណើរការ​នៃ​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៧ នឹង​មក​ដល់​ហើយ ដែល​នឹង​ធ្វើឡើង​នៅ​អាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ ប៉ុន្តែ​ការ​បោះឆ្នោត​នេះ​មិន​មាន​ការ​ចូលរួម​សង្កេតការណ៍​ពី​សហគមន៍​អន្តរជាតិ​ទេ ដោយសារតែ​ពួកគេ​ចាត់ទុក​ថា​ការ​បោះឆ្នោត​នេះ​មិន​ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌៕