រាជាណាចក្រថៃ នៅពេលនេះកំពុងរអិលធ្លាក់ក្នុងការបែកបាក់សង្គមហើយ។ កាលពីថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ការតវ៉ាធំមួយបានផ្ទុះឡើងនៅកណ្ដាលក្រុងបាងកក ដែលមានក្បួនតវ៉ាជារថយន្ត និងទោចក្រយានយន្តដល់ទៅជាង ៥០០គ្រឿង។
ក្រុមតវ៉ានេះទៅប្រមូលផ្ដុំគ្នានៅក្នុងសួនវិមានប្រជាធិបតេយ្យនៅខាងមុខទីបញ្ជាការកងទ័ពជើងទឹក ទ័ពជើងគោក និងទីបញ្ជាការប៉ូលិស។ ក្រុមតវ៉ាទាំងនោះជាអ្នកគាំទ្រ និងបោះឆ្នោតឱ្យគណបក្សចលនាឆ្ពោះទៅមុខ ដែលមានលោក ភីថា លឹមចារឿនរ៉ាត់ ជាបេក្ខជនបក្សដ៏មានប្រជាប្រិយបំផុតនេះ។
ក្រុមអ្នកតវ៉ាបានស្រែកអាក្រោធថា សមាជិកព្រឹទ្ធសភាណាដែលមិនបានបោះឆ្នោតគាំទ្រលោក ភីថា កាលពីក្នុងកិច្ចប្រជុំសភាថ្ងៃទី១៣ កក្កដា ត្រូវតែលាលែងពីតំណែង។ ក្រុមបាតុករបានស្រែកទៀតថា ក្រុមសមាជិកសភាដែលមានសិទ្ធិចូលទៅអង្គុយក្នុងរដ្ឋសភាជាមួយនឹងសមាជិកសភាជាប់ឆ្នោតនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី១៤ ឧសភា ពុំតំណាងសំឡេងរបស់ម្ចាស់ឆ្នោតនោះទេ ព្រោះតែក្រុមនេះកើតឡើងដោយការធ្វើរដ្ឋប្រហារឆ្នាំ២០១៤។
ជាមួយគ្នានេះ ក្រុមតវ៉ាបានសន្យារួមគ្នាកេណ្ឌកម្លាំងមកពីទូទាំងប្រទេសដែលគាំទ្រគណបក្សចលនាឆ្ពោះទៅមុខ និងគាំទ្របក្សសម្ព័ន្ធភាព ៧គណបក្សទៀត រួមទាំងបក្សភឿថៃ ដែលជាបក្សធំទី២ ឱ្យមកកាន់ក្រុងបាងកក ដើម្បីគាបសង្កត់ឱ្យសមាជិកសភាដែលគាំទ្រប្រជាធិបតេយ្យទទួលយកញត្តិសុំកាត់បន្ថយអំណាច និងសិទ្ធិសមាជិកព្រឹទ្ធសភា ដោយមិនត្រូវឱ្យមកចូលសម្រេចក្នុងការបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រីនោះទេ។
មិនតែប៉ុណ្ណោះ ក្រុមបាតុករបានប្រកាសប្រឆាំងតុលាការធម្មនុញ្ញថៃ ប្រសិនបើកាត់សេចក្ដីដកហូតលោក ភីថា មិនឱ្យជាអ្នកតំណាងរាស្ត្រ ឬដកបេក្ខភាពជានាយករដ្ឋមន្ត្រី។ ក្រុមបាតុករប្រកាសថា ពួកគេទទួលបានការឆ្លើយតបថាជាង ១០ខេត្តក្រុងនៅជុំវិញក្រុងបាងកក នឹងឡើងមកកាន់រាជធានីមួយនេះនៅថ្ងៃពុធ ទី១៩ កក្កដា ដែលសភាទាំងពីរថ្នាក់ត្រូវបោះឆ្នោតលើបេក្ខភាពនាយករដ្ឋមន្ត្រីម្ដងទៀត ដែលគេរំពឹងថាលោក ភីថា អាចត្រូវបានបក្សសម្ព័ន្ធភាព ៨បក្សយល់ព្រមឱ្យលោកទៅបង្ហាញខ្លួនជាបេក្ខជននាយករដ្ឋមន្ត្រីម្ដងទៀត។
នៅក្នុងការបោះឆ្នោតសភាកាលពីថ្ងៃទី១៤ ឧសភា មានអ្នកចេញទៅបោះឆ្នោតជាង ៧៥ភាគរយ គឺជិត ៣៨លាននាក់។ ក្នុងនោះ បក្សចលនាឆ្ពោះទៅមុខ បានសំឡេងច្រើនជាងគេ គឺជាង ១៤លាន ៤សែននាក់ ហើយគណបក្សភឿថៃ បានសន្លឹកឆ្នោតទី២ បានជិត ១១លាននាក់។ នៅទីក្រុងបាងកក ដែលជាមណ្ឌលបោះឆ្នោតធំជាងគេមានរហូត ៣៣អាសនៈ គឺគណបក្សចលនាឆ្ពោះទៅមុខ ដណ្ដើមផ្ដាច់មុខគេ ដោយទទួលបាន ៣២អាសនៈ ហើយបក្សភឿថៃ បានមួយអាសនៈ។ ចំណែកបក្សរបស់ពួកយោធាដែលមានលោក ប្រាយុទ្ធ ជាមេខ្លោងធំជាងគេ មិនទទួលបានអាសនៈមួយទេនៅមណ្ឌលបោះឆ្នោតក្រុងបាងកក។
អាសនៈរដ្ឋសភាសរុបចំនួន ៥០០ បក្សសម្ព័ន្ធភាព ៨បក្សមានអាសនៈ ៣១២។ ក្នុងចំណោមបក្សទាំង៨ នៃក្រុមសម្ព័ន្ធភាពដឹកនាំដោយបក្សចលនាឆ្ពោះទៅមុខ លោក ភីថា ជាបេក្ខជនអាទិភាពដែលត្រូវក្លាយជានាយករដ្ឋមន្ត្រីនៃរាជាណាចក្រនេះ។ នៅក្នុងការបោះឆ្នោតកាលថ្ងៃទី១៣ កក្កដា លោក ភីថា បានជួបរឿងបរាជ័យដោយលោកខ្វះសំឡេងគាំទ្រចំនួន ៥២សំឡេងទៀត គឺទទួលបានតែ ៣២៤សំឡេង។
យោងតាមរដ្ឋធម្មនុញ្ញថៃ ឆ្នាំ២០១៧ ដែលពួកយោធាតាក់តែងឡើងតម្រូវឱ្យបេក្ខជននាយករដ្ឋមន្ត្រីត្រូវឆ្លងកាត់ការបោះឆ្នោតក្នុងសំឡេងទាំងសមាជិករដ្ឋសភា និងព្រឹទ្ធសភាចំនួន ៧៥០រូប ហើយបេក្ខជនត្រូវការសំឡេង៣៧៦។ សម្រាប់លោក ភីថា ទទួលបាន ៣២៤សំឡេងនៅក្នុងការបោះឆ្នោតជុំទី១។ តាមការចុះផ្សាយក្នុងសារព័ត៌មានថៃជាច្រើន បក្សសម្ព័ន្ធភាពកំពុងតែសាកល្បងយកលោក ភីថា ទៅកាន់សភាម្ដងទៀត។ ប៉ុន្តែក្រុមសមាជិកព្រឹទ្ធសភាមួយក្រុមបានចេញមុខប្រឆាំងមិនឱ្យបក្សសម្ព័ន្ធភាពនេះបញ្ជូនលោក ភីថា ទៅកាន់សភាម្ដងទៀតនោះទេ។ សមាជិកព្រឹទ្ធសភា Seri Suwannapanont បាននិយាយថា បេក្ខជនដែលបរាជ័យហើយនោះ មិនគួរមានមុខទៅកាន់សម័យប្រជុំសភាដើម្បីឱ្យមានបោះឆ្នោតលើកទី២ នោះទេ។
ប៉ុន្តែក្រុមសម្ព័ន្ធភាពរបស់បក្សចលនាឆ្ពោះទៅមុខ ទំនងជាមិនទទួលយកការគាបសង្កត់ពីក្រុមព្រឹទ្ធសភាខាងលោក Seri Suwannapanont នោះទេ។ ក្រុមសម្ព័ន្ធភាពថាគេចង់ដឹងថាតើលោក ភីថា អាចកើនការគាំទ្រ ឬក៏ថយចុះការគាំទ្រនៅក្នុងការបោះឆ្នោតនៃសមាជិកសភាថ្ងៃពុធក្នុងសប្ដាហ៍នេះ។
ជាមួយគ្នានេះ ប្រធានព្រឹទ្ធសភា លោក Pornpetch Wichitcholchai បានទទូចទៅសមត្ថកិច្ចប៉ូលិសក្រុងបាងកក ឱ្យជួយការពារសុវត្ថិភាពរបស់គ្រួសារសមាជិកព្រឹទ្ធសភា ដែលលោកថាពួកបាតុករបានគំរាមដល់គេហដ្ឋានរបស់ពួកគាត់។ លោក Pornpetch បានថ្លែងថា សមាជិកព្រឹទ្ធសភាមួយចំនួនបានបញ្ជូនសារមកលោកថា សមាជិកគ្រួសាររបស់ពួកគាត់កំពុងភ័យខ្លាចបាតុករប្រើហិង្សា។
អ្នកវិភាគ និងអ្នកសង្កេតការណ៍មើលឃើញថា លោក ភីថា លឹមចារឿនរ៉ាត់ នៅពេលនេះកំពុងមានសត្រូវដ៏មានឥទ្ធិពលនៅចំពោះមុខ គឺដូចនឹងអតីតមេរបស់លោកដែរ គឺលោក Thanathorn Juangroongruangkit អតីតប្រធានគណបក្សអនាគតទៅមុខ (FFP) ដែលត្រូវបានតុលាការធម្មនុញ្ញរំលាយកាលពីក្រោយការបោះឆ្នោតសភានៅឆ្នាំ២០១៩ តាមបណ្ដឹងរបស់គណៈកម្មការបោះឆ្នោតដែលចោទលោក Thanathorn ថាបានរំលោភច្បាប់បោះឆ្នោត ដោយសារលោក Thanathorn បានបញ្ចេញប្រាក់របស់លោកហួសការកំណត់របស់ច្បាប់បោះឆ្នោតទៅប្រើប្រាស់ក្នុងពេលយុទ្ធនាការរកសំឡេងឆ្នោត។
យោងតាមបណ្ដឹងនេះ តុលាការធម្មនុញ្ញថៃបានសម្រេចកាត់ទោសលោក Thanathorn និងមន្ត្រីជាន់ខ្ពស់ក្នុងបក្សលោកជាច្រើននាក់ដែលជាប់ឆ្នោត គឺហាមធ្វើនយោបាយរយៈពេល ១០ឆ្នាំ ហើយរំលាយគណបក្សអនាគតឆ្ពោះទៅមុខទៀតផង។ ចំណែកគណបក្សចលនាឆ្ពោះទៅមុខ ជាគណបក្សជំនួសឲ្យគណបក្សអនាគតទៅមុខ។ លោក ភីថា លឹមចារឿនរ៉ាត់ កំពុងត្រូវបានអ្នកសង្កេតការណ៍ និងអ្នកវិភាគមើលឃើញថា សំណុំរឿងរបស់លោកចំនួន២ ដែលថាលោករំលោភច្បាប់បោះឆ្នោត ព្រោះមានភាគហ៊ុនប្រព័ន្ធផ្សព្វផ្សាយដែលច្បាប់បោះឆ្នោតហាមដាច់ខាតសមាជិកសភាមិនឲ្យមានមុខជំនួញដូចនេះ ហើយនិងបណ្ដឹងរបស់មេធាវីសកម្មជនសង្គមប្ដឹងលោកពីបទប៉ុនប៉ងផ្ដួលរំលំរាជានិយមកំពុងតែស្ថិតនៅក្នុងដៃរបស់តុលាការធម្មនុញ្ញ។
គេរំពឹងថា តុលាការកំពូលនេះនឹងបើកជំនុំជម្រះក្ដីសំណុំរឿងពីរនេះនៅពេលខាងមុខ ហើយបើតុលាការជាន់ខ្ពស់នេះសម្រេចឲ្យលោក ភីថា មានទោស គឺជៀសពុំរួចទេ គឺលោក ភីថា លឹមចារឿនរ៉ាត់ អាចមានវាសនាដូចនឹងលោក Thanathorn អតីតមេរបស់លោក៕