លោក អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​កម្ពុជា។

នយោបាយ

ក្រុមប្រឹក្សាធម្មនុញ្ញ៖ ការ​បោះឆ្នោត​អាណត្តិ​នេះ​ល្អ​ប្រសើរ​ជាង​ការ​បោះឆ្នោត​រៀបចំ​ដោយ​អ៊ុនតាក់

By ឌឹ ខេមបូឌា ដេលី

July 20, 2023

ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​កម្ពុជា លើកឡើង​ថា ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ នេះ​មាន​លក្ខណៈ​កាន់តែ​ល្អ​ប្រសើរ​ជាង​ការ​បោះឆ្នោត​ជាតិ​លើកដំបូង​កាលពី​ឆ្នាំ​១៩៩៣ ដែល​រៀបចំ​ដោយ​អ៊ុនតាក់ ដោយសារតែ​កម្ពុជា​មាន​ការ​កែទម្រង់​ទៅ​លើ​ច្បាប់​បោះឆ្នោត និង​វិធានការ​ពាក់ព័ន្ធ​ផ្សេងៗ។

ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​កម្ពុជា លោក អ៊ឹម ឈុនលឹម បាន​លើកឡើង​នៅ​ក្នុង​ពិធី​ជួប​ជាមួយ​គណៈប្រតិភូ​បេសកកម្ម​សង្កេតការណ៍​បោះឆ្នោត ហ្វ្រង់កូហ្វូនី កាលពី​ថ្ងៃទី​១៨ ខែ​កក្កដា នេះ​ថា ដំណើរ​វិវឌ្ឍន៍​នៃ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ចាប់តាំងពី​ការ​បោះឆ្នោត​លើក​ទី​១ ឆ្នាំ​១៩៩៣ ដែល​រៀបចំ​ឡើង​ដោយ​អ៊ុនតាក់ កម្ពុជា​បាន​ធ្វើ​ឱ្យ​មាន​ភាព​កាន់តែ​ល្អ​ប្រសើរ​ឡើង​បន្តិច​ម្ដងៗ​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ។

លោក អ៊ឹម ឈុនលឹម លើកឡើង​ថា ទោះជា​ដំណើរការ​នៃ​ការ​បោះឆ្នោត​បាន​វិវឌ្ឍ​ទៅ​រក​ភាព​ល្អ​ប្រសើរ​ក៏ដោយ ប៉ុន្តែ​នៅ​ពេល​ដែល​កម្ពុជា​រៀបចំ​ឱ្យ​មាន​ការ​បោះឆ្នោត​នៅ​ឆ្នាំ​១៩៩៨ ក៏​បាន​ប្រឈម​បញ្ហា​ខ្លាំង​ដែរ​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​បញ្ជី​ឈ្មោះ​បោះឆ្នោត ជាពិសេស​បញ្ហា​សញ្ជាតិ ដែល​ករណី​ទាំងនោះ​បាន​បន្សល់​ទុក​តាំងពី​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣ មក​ម្ល៉េះ ប៉ុន្តែ​ភាព​ល្អ​ប្រសើរ​បាន​វិលត្រឡប់​មក​វិញ​រហូត​ដល់​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ នេះ។

ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​រូប​នេះ​បញ្ជាក់​ថា គ្រប់​គណបក្ស​នយោបាយ​ដែល​បាន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​អាណត្តិ​ទី​៧ នេះ អាច​ប្ដឹង​តវ៉ា​ពី​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការ​បោះឆ្នោត​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​ដោយ​ផ្ទាល់​ផង​ដែរ។

លោក អ៊ឹម ឈុនលឹម បញ្ជាក់​ថា ដើម្បី​បង្ហាញ​ពី​តម្លាភាព និង​ភាព​យុត្តិធម៌​នៃ​លទ្ធផល​ក្នុង​ការ​បោះឆ្នោត​នៅ​អាណត្តិ​ទី​៧ នេះ ការ​រាប់​សន្លឹកឆ្នោត​នឹង​ធ្វើឡើង​នៅ​នឹង​ការិយាល័យ​បោះឆ្នោត​នៅ​ថ្ងៃ​បោះឆ្នោត​តែម្ដង។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​នាំគ្នា​រិះគន់​ជុំ​ទិស​អំពី​ដំណើរការ​នៃ​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា​នៅ​ចុង​ខែ​កក្កដា ឆ្នាំ​២០២៣ នេះ។

នៅ​ថ្ងៃទី​១៩ ខែ​កក្កដា ឆ្នាំ​២០២៣ នេះ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន សរសេរ​លើ​បណ្ដាញ​សង្គម​ធ្វីតធឺ​របស់​ខ្លួន​ថា ពួក​ជ្រុល​និយម​ដែល​បញ្ជា​ដោយ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​រក​គ្រប់​វិធី​ដើម្បី​បំផ្លាញ​ចោល​នូវ​ដំណើរការ​ប្រជាធិបតេយ្យ​តាមរយៈ​នៃ​ការ​ញុះញង់​ឱ្យ​ប្រជាពលរដ្ឋ​បំផ្លាញ​ចោល​ការ​បោះឆ្នោត ដូចជា​យុទ្ធនាការ​មិន​ឲ្យ​ប្រជាជន​ទៅ​បោះឆ្នោត និង​យុទ្ធនាការ​គូស​ខ្វែង​សន្លឹកឆ្នោត ជាដើម។

លោក ហ៊ុន សែន លើកឡើង​ថា តើ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ កម្លាំង​ប្រជាធិបតេយ្យ​ដែល​ចូលរួម​ការ​បោះឆ្នោត​មាន​ច្រើន​ជាង ឬ​មាន​តិច​ជាង​កម្លាំង​បំផ្លាញ​ការ​បោះឆ្នោត ដូច្នេះ​មាន​តែ​រង់ចាំ​មើល​ទាំងអស់​គ្នា​ប៉ុណ្ណោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​លើកឡើង​ថា ការ​បោះឆ្នោត​ដែល​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ ក្នុង​ឆ្នាំ​១៩៩៣ មាន​លក្ខណៈ​ត្រឹមត្រូវ សេរី យុត្តិធម៌​យ៉ាង​ពេញលេញ និង​ពិតប្រាកដ ផ្ទុយ​ស្រឡះ​ពី​ការ​បោះឆ្នោត​ដែល​រៀបចំ​ដោយ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​តែង​លួច​បន្លំ និង​ប្លន់​សន្លឹកឆ្នោត​គ្រប់ៗ​អាណត្តិ​នៅ​ពេល​ដែល​អ៊ុនតាក់​បាន​ដក​ចេញពី​ប្រទេស​កម្ពុជា​ត្រឡប់​ទៅ​វិញ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ដំណើរការ​នៃ​ការ​បោះឆ្នោត​ចាប់តាំងពី​ឆ្នាំ​១៩៩៨ ដល់​ឆ្នាំ​២០២៣ នេះ សុទ្ធតែ​ជា​ការ​បោះឆ្នោត​ក្លែងក្លាយ​ទាំងអស់ ព្រោះ​ថា​ដើម្បី​ប្លន់​អំណាច​ពី​ប្រជារាស្ត្រ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន តែងតែ​បំភ្លៃ និង​ក្បត់​ឆន្ទៈ​រាស្ត្រ​ជានិច្ច​តាមរយៈ​នៃ​ការ​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​ក្លែងក្លាយ ដែល​គាត់​ជា​អ្នក​បញ្ជា​គ្រប់​បែប​យ៉ាង​តាម​តែ​ខ្លួន​ចង់​បាន ក្នុង​ចេតនា​ដើម្បី​រក្សា​អំណាច​បន្ត​វង្ស​ត្រកូល​របស់​គាត់​ទៅ​ថ្ងៃ​មុខ។

ជុំវិញ​ការ​បោះឆ្នោត​នៅ​ចុង​ខែ​កក្កដា ឆ្នាំ​២០២៣ នេះ ក្រុម​អ្នក​ប្រជាធិបតេយ្យ អង្គការ​ក្រៅ​រដ្ឋាភិបាល ដូចជា​នៅ​សហរដ្ឋ​អាមេរិក នៅ​ប្រទេស​អូស្ត្រាលី និង​នៅ​ប្រទេស​កូរ៉េខាងត្បូង ជាដើម បាន​នាំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​មិន​ទទួលស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​ជា​បន្តបន្ទាប់ ក្រោម​ហេតុផល​ថា ការ​បោះឆ្នោត​នេះ គឺ​ត្រូវ​បាន​ចាត់ចែង និង​គ្រប់គ្រង​ដោយ​គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ប៉ុណ្ណោះ។

ទាក់ទិន​នឹង​ការ​បោះឆ្នោត​នេះ ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង ក៏ដូចជា​សហគមន៍​ខ្មែរ​នៅ​តាម​បណ្តា​រដ្ឋ​នានា​ក្នុង​សហរដ្ឋ​អាមេរិក នៅ​អឺរ៉ុប និង​អូស្ត្រាលី បាន​នាំគ្នា​ប្រកាស​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃទី​២២ ខែ​កក្កដា ខាងមុខ​នេះ ដើម្បី​ប្រឆាំង​នឹង​ការ​បោះឆ្នោត​ដែល​ពួកគេ​ចាត់ទុក​ថា​ជា​ការ​បោះឆ្នោត​ក្លែងក្លាយ​នេះ​ផង​ដែរ។

ការ​បោះឆ្នោត​ដ៏​សោះកក្រោះ​នៅ​ថ្ងៃ​អាទិត្យ​ខាងមុខ​នេះ ត្រូវ​បាន​សហគមន៍​អន្តរជាតិ​បដិសេធ​មិន​ដាក់​ភ្នាក់ងារ​របស់​ពួកគេ​មក​សង្កេតការណ៍​នោះ​ទេ ដោយសារតែ​គេ​ចាត់ទុក​ថា​ជា​ការ​បោះឆ្នោត​ដែល​មិន​ត្រឹមត្រូវ។

ចាប់តាំងពី​ឆ្នាំ​១៩៩៣ រហូត​ដល់​ឆ្នាំ​២០១៨ កន្លងទៅ កម្ពុជា​បាន​រៀបចំ​ឱ្យ​មាន​ការ​បោះឆ្នោត​ជាតិ​ចំនួន ៦​លើក​រួច​មក​ហើយ ប៉ុន្តែ​ការ​បោះឆ្នោត​ដែល​គេ​ចាត់ទុក​ថា​ត្រឹមត្រូវ​នោះ គឺ​មាន​តែ​ការ​បោះឆ្នោត​ដែល​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ​នៅ​អាណត្តិ​ទី​១ ឆ្នាំ​១៩៩៣ ប៉ុណ្ណោះ ក្រៅពី​នេះ ដូចជា​អាណត្តិ​ទី​២ ឆ្នាំ​១៩៩៨ អាណត្តិ​ទី​៣ ឆ្នាំ​២០០៣ អាណត្តិ​ទី​៤ ឆ្នាំ​២០០៨ អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ និង​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨ សុទ្ធសឹងតែ​ជា​ការ​បោះឆ្នោត​ដែល​លួច​បន្លំ​សន្លឹកឆ្នោត​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​អាណត្តិ​ទាំងអស់៕