អង្គការចលនាមាតាធម្មជាតិកម្ពុជា ស្នើឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន បញ្ឈប់ការលក់ឧទ្យានជាតិបុទុមសាគរក្នុងខេត្តកោះកុង ទៅឱ្យក្រុមហ៊ុនឯកជនបន្តទៀត ព្រោះថាឧទ្យានជាតិមួយនេះដែលរដ្ឋាភិបាលបានសម្បទានឱ្យទៅក្រុមហ៊ុនចិន UDG (Union Develop ment Group Co.,Ltd) និងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង កន្លងមក កំពុងរងនូវការបំផ្លិចបំផ្លាញធនធានធម្មជាតិនៅតំបន់នោះខ្ទេចគ្មានសល់។
អង្គការចលនាមាតាធម្មជាតិសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៩ ខែកក្កដា នេះដោយភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹកដែលបង្ហាញពីទិដ្ឋភាពនៅទីតាំងឧទ្យានជាតិបុទុមសាគរ ស្ថិតនៅភូមិថ្មស និងភូមិចម្លងគោ ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង ដែលបានបង្ហាញឱ្យឃើញពីការបាត់បង់ព្រៃឈើដោយសារតែរងនូវការកាប់បំផ្លាញ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានសម្បទានដីនៅតំបន់ឧទ្យាននោះឱ្យទៅក្រុមហ៊ុនចិន និងក្រុមហ៊ុនឯកជនក្នុងស្រុកធ្វើការអភិវឌ្ឍកន្លងមក។
ប្រភពដដែលត្អូញត្អែរថា ឧទ្យានជាតិបុទុមសាគរ ដែលជាកេរដំណែលរបស់សម្តេចព្រះបាទ នរោត្តម សីហនុ បន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយ ពេលនេះត្រូវបានបំផ្លាញធនធានធម្មជាតិទាំងស្រុងដោយក្រុមហ៊ុនចិន UDG និងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង ព្រមទាំងក្រុមហ៊ុនឯកជនជាច្រើនផ្សេងទៀតនៅពេលនេះ។
អង្គការចលនាមាតាធម្មជាតិ លើកឡើងថា ពួកគេមានការសោកស្ដាយយ៉ាងខ្លាំងចំពោះកេរដំណែលធម្មជាតិសម្រាប់ពលរដ្ឋខ្មែរ និងប្រទេសកម្ពុជា ដែលបានបន្សល់ទុកដោយដូនតាជំនាន់មុន តែបែរជាត្រូវបានបំផ្លាញចោលដោយកូនខ្មែរនៅជំនាន់នេះទៅវិញ។
ប្រភពដដែលបញ្ជាក់ថា ការធ្វើឱ្យបាត់បង់នូវធនធានធម្មជាតិរបស់កម្ពុជា ក៏ជាភាពអាម៉ាស់មួយរបស់រដ្ឋាភិបាលផងដែរ ដែលខ្លួនមានធនធានធម្មជាតិដ៏មហាសាលហើយ តែមិនមានសមត្ថភាពអាចការពារធនធានធម្មជាតិទាំងនេះឱ្យគង់វង្សបានសម្រាប់កូនខ្មែរជំនាន់ក្រោយ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីព្រៃឈើដ៏ស្កឹមស្កៃដែលជាសម្បត្តិធម្មជាតិដ៏មហាសាលនៅតំបន់ឧទ្យានជាតិបុទុមសាគរ បានរងនូវការបំផ្លិចបំផ្លាញគ្មានសល់បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាសម្រេចផ្តល់ដីសម្បទាននៅតំបន់នោះឱ្យទៅក្រុមហ៊ុនឯកជនដើម្បីអភិវឌ្ឍ។
ក្រុមហ៊ុន Union Development Group (UDG) ទទួលបានដីសម្បទានចំនួន ៣ម៉ឺន ៦ពាន់ហិកតារកាលពីឆ្នាំ២០០៨ សម្រាប់ជួលរយៈពេល ៩៩ឆ្នាំនៅខេត្តកោះកុង ដើម្បីអភិវឌ្ឍមណ្ឌលកម្សាន្តទេសចរណ៍ធម្មជាតិ «តារាសាគរ» ក្នុងទំហំទឹកប្រាក់ ៣៨០០លានដុល្លារអាមេរិក ដែលក្នុងនោះក៏មានការសាងសង់ព្រលានយន្តហោះដ៏ធំជាងគេបំផុតនៅកម្ពុជា និងកំពង់ផែទឹកជ្រៅដែលអាចបម្រើដល់ការសំចតនាវាចម្បាំងផងដែរ។
ជាងនេះទៀត កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ លោក ហ៊ុន សែន ក៏បានចេញអនុក្រឹត្យកាត់ផ្ទៃដីទំហំជាង ១៦០ហិកតារក្នុងឧទ្យានជាតិបុទុមសាគរ នេះដែរ ក្រោមលក្ខខណ្ឌជួលឱ្យក្រុមហ៊ុន រ៉ូយាល់គ្រុប ដើម្បីធ្វើការអភិវឌ្ឍរោងចក្រអគ្គិសនីដុតធ្យូងថ្មរបស់ឧកញ៉ា គិត ម៉េង។
ចាប់តាំងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់ដីសម្បទាននៅឧទ្យានជាតិបុទុមសាគរ ឱ្យក្រុមហ៊ុនចិន Union Development Group និងក្រុមហ៊ុនឯកជនផ្សេងៗ ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋជាមួយក្រុមហ៊ុនទាំងនោះបានកើតឡើងជាបន្តបន្ទាប់ ដោយសារតែក្រុមហ៊ុនទាំងនោះបានរំលោភបំពានយកដីរបស់ពលរដ្ឋរហូតឈានដល់ការដុតបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋអស់រាប់រយខ្នង ជាដើម ប៉ុន្តែអាជ្ញាធរកម្ពុជាមិនដែលចុះអន្តរាគមន៍ទប់ស្កាត់ចំពោះករណីហិង្សានេះឡើយ ដោយសារតែក្រុមហ៊ុនទាំងនោះទទួលបានការការពារពីមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលឯកបក្សសព្វថ្ងៃនេះ។
ទាក់ទិននឹងការផ្តល់ដីសម្បទានឱ្យទៅក្រុមហ៊ុនចិននេះ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងសេដ្ឋកិច្ចអាមេរិក បានសម្រេចដាក់ទណ្ឌកម្មលើក្រុមហ៊ុន Union Development Group នេះតាមច្បាប់ Global Magnitsky Act ក្រោមមូលហេតុថា ក្រុមហ៊ុននេះបានរំលោភសិទ្ធិមនុស្ស និងប្រព្រឹត្តអំពើពុករលួយ ដោយការរឹបអូស ព្រមទាំងបំផ្លិចបំផ្លាញលំនៅឋានរបស់ប្រជាពលរដ្ឋដើម្បីសាងសង់គម្រោងអភិវឌ្ឍន៍តារាសាគរនៅក្នុងខេត្តកោះកុង ចាប់តាំងពីទទួលបានដីសម្បទានពីរដ្ឋាភិបាលមក។
ក្រសួងសេដ្ឋកិច្ចអាមេរិក បានអះអាងថា ក្រុមហ៊ុន Union Development Group ជាក្រុមហ៊ុនរបស់រដ្ឋចិន ហើយបានទាក់ទងជាមួយលោក គន់ គីម ដែលជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីឱ្យមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់រូបនេះជួយប្រមូលដីរបស់ពលរដ្ឋឱ្យខ្លួនដោយមិនចាំបាច់ផ្តល់សំណងទៅជនរងគ្រោះ។
កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ បានចេញអនុក្រឹត្យបង្កើតតំបន់ឧទ្យានជាតិបុទុមសាគរ មានផ្ទៃដី ១៨ម៉ឺន ៣៤០៨ហិកតារ ទុកជាតំបន់ធម្មជាតិ និងជាដែនជម្រកសត្វព្រៃ និងមច្ឆជាតិគ្រប់ប្រភេទ ដែលស្ថិតនៅស្រុកបុទុមសាគរ ខេត្តកោះកុង ប៉ុន្តែឧទ្យានជាតិមួយនេះត្រូវបានបុរសខ្លាំងលោក ហ៊ុន សែន កាត់ឆ្វៀលឱ្យទៅក្រុមហ៊ុនឯកជនជាបន្តបន្ទាប់រហូតមក ដែលជាហេតុធ្វើឱ្យធនធានធម្មជាតិនៅតំបន់នោះរងនូវការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ៕