28 C
Phnom Penh

បុរស​ខ្លាំង​ថា​លោក ហ៊ុន ម៉ាណែត អាច​នឹង​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​នៅ ៣-៤​សប្ដាហ៍​ខាងមុខ​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ពូជ​នៅ​កម្ពុជា​លោក ហ៊ុន សែន ថ្លែង​ថា កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត អាច​នឹង​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​នៅ ៣-៤​សប្ដាហ៍​ខាងមុខ​នេះ បន្ទាប់ពី​បញ្ចប់​ដំណើរការ​បោះឆ្នោត និង​លទ្ធផល​បោះឆ្នោត​ត្រូវ​បាន​ប្រកាស​រួច។

ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ចិន ដែល​មាន​រយៈពេល​ជាង ៣​នាទី លោក ហ៊ុន សែន បង្ហាញ​ជំនឿ​ថា លោក ហ៊ុន ម៉ាណែត មាន​លទ្ធភាព​ខ្ពស់​ជាង​លោក​ក្នុង​ការ​ទទួល​បាន​អ្នកគាំទ្រ ដែល​អាច​ឈាន​ក្លាយ​ទៅ​ជា​នាយករដ្ឋមន្ត្រី ខណៈ​បច្ចុប្បន្ន​បេក្ខជន​នាយករដ្ឋមន្ត្រី​មាន ២​នាក់ គឺ​រូបលោក និង​កូនប្រុស​របស់​លោក។

បុរស​ខ្លាំង​ក្រាញ​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា អះអាង​ថា រូបលោក​មិន​ខ្វល់​ចំពោះ​ការ​រិះគន់ និង​ទិតៀន​ពី​បណ្ដា​ប្រទេស​លោក​សេរី និង​បក្ស​ប្រឆាំង ព្រមទាំង​អង្គការ​សង្គម​ស៊ីវិល​ឡើយ អ្វី​ដែល​សំខាន់​នោះ ឲ្យ​តែ​ការ​ឡើង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​របស់​កូនប្រុស​លោក​ស្រប​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា​បច្ចុប្បន្ន។

លោក ហ៊ុន សែន ថា​គ្មាន​អ្នក​ណា​ម្នាក់​ហ៊ាន​មក​កាត់​សិទ្ធិ​ទាំង​កូនប្រុស​របស់​លោក​មិន​ទោស​នោះ​ទេ ហើយ​ក៏​មិនមែន​ឲ្យ​តែ​កូន​នាយករដ្ឋមន្ត្រី​គ្មាន​សិទ្ធិ​ធ្វើ​នយោបាយ​ដែរ។ លោក​ថា​នៅ​លើ​ពិភពលោក ដូចជា​នៅ​សហរដ្ឋ​អាមេរិក ជប៉ុន និង​សាំងហ្គាពួរ (សិង្ហបុរី) ក៏​មាន​រឿង​នេះ​កើតឡើង​ដែរ ប៉ុន្តែ​គ្រាន់តែ​បណ្ដា​ប្រទេស​ទាំងនោះ​បាន​កំណត់​អាណត្តិ​របស់​មេដឹកនាំ​នីមួយៗ។

លោក​ថា​គ្មាន​ឪពុក​ណា​ម្នាក់​បណ្ដុះបណ្ដាល​ឲ្យ​កូន​របស់​ខ្លួន​ឲ្យ​ធ្វើ​មេចោរ​នោះ​ទេ ប៉ុន្តែ​បើ​លោក ហ៊ុន ម៉ាណែត មិន​អាច​ធ្វើ​នាយករដ្ឋមន្ត្រី​កម្ពុជា ក៏​អាច​ធ្វើ​ការងារ​អ្វី​ផ្សេង​បាន​ដែរ។

បច្ចុប្បន្ន​នេះ លោក ហ៊ុន សែន ថា​លោក​មាន​អំណាច​ពេញ​ដៃ ប៉ុន្តែ​រយៈពេល ១​ខែ​ខាង​មុខ​ប្រហែល​ជា​លោក​គ្មាន​អំណាច​ចុះហត្ថលេខា​បន្ត​ទៀត ខណៈ​ការ​លះបង់​នេះ លោក​ថា​មិនមែន​ដើម្បី​តែ​កូនប្រុស​របស់​លោក​នោះ​ទេ ផ្ទុយ​មក​វិញ គឺ​លោក​ចង់​ឱ្យ​លោក ហ៊ុន ម៉ាណែត រក្សា​សន្តិភាព​ក្នុង​នាម​ជា​ឈាម​ថ្មី​បន្ត​វេន​ពី​លោក។

បុរស​ខ្លាំង​រូប​នេះ​ថា​អ្នក​ដែល​បាន​លះបង់​ធំ​នោះ គឺ​រូបលោក ដោយ​លះបង់​តំណែង​ជា​នាយករដ្ឋមន្ត្រី ប៉ុន្តែ​លោក​បាន​ក្លាយ​ជា​ឪពុក​របស់​នាយករដ្ឋមន្ត្រី​ដែល​បាន​អំណាច​ពី​លោក​វិញ។

កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ នេះ ដោយ​មាន​គណបក្ស​ចូលរួម​ប្រកួតប្រជែង​ចំនួន ១៨​គណបក្ស​នយោបាយ។ ក្នុង​ចំណោម ១៨​គណបក្ស​នយោបាយ គឺ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ទេ​លេចធ្លោ​ជាងគេ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​រយៈពេល ២១​ថ្ងៃ​នេះ បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ស្ថិត​ក្រោម​បញ្ជា​លោក ហ៊ុន សែន បាន​បិទ​គណបក្ស​ភ្លើង​ទៀន​មិន​ឲ្យ​ចូលរួម​ការ​បោះឆ្នោត​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ឡើយ។

ការ​បិទ​គណបក្ស​ប្រឆាំង​មិន​ឲ្យ​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​នេះ ដោយ​អ្នក​ឃ្លាំមើល​ថា​ដើម្បី​បើក​ផ្លូវ​ឲ្យ​លោក ហ៊ុន ម៉ាណែត ធ្វើ​ជា​នាយករដ្ឋមន្ត្រី​បន្ត​វេន​ពី​ឪពុក បន្ទាប់ពី​លោក ហ៊ុន សែន បាន​កាន់​អំណាច​អស់​រយៈពេល​ជិត ៤០​ឆ្នាំ​មក។

តែ​យ៉ាងណា ការ​បោះឆ្នោត​លើក​នេះ បណ្ដា​ប្រទេស​លោក​សេរី ក្នុង​នោះ​មាន​សហរដ្ឋ​អាមេរិក ជប៉ុន អូស្ត្រាលី និង​បារាំង ជាដើម មិន​បាន​បញ្ជូន​អ្នក​សង្កេតការណ៍​ឲ្យ​មក​ឃ្លាំមើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​នោះ​ទេ។

ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ នេះ ក៏​រង​ការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ​ខ្លាំង ខណៈ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​បណ្ដា​ប្រទេស​ផ្សេងៗ បាន​នាំគ្នា​ធ្វើ​យុទ្ធនាការ​លើ​បណ្ដាញ​សង្គម ដោយ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គូស​ខ្វែង​សន្លឹកឆ្នោត​នៅ​ពេល​ទៅ​បោះឆ្នោត។ លើស​ពី​នេះ ពួកគេ​ក៏​បាន​នាំគ្នា​ធ្វើ​បាតុកម្ម​ដើម្បី​ប្រឆាំង និង​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស