អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន ថាការដែលលោក ហ៊ុន សែន គំរាមរំលាយរបបរាជានិយមអាស្រ័យធម្មនុញ្ញ ឬផ្តួលរំលំរាជបល្ល័ង្គ ដោយសារតែសម្តេចព្រះនរោត្តម សីហនុ ជំទាស់មិនឱ្យមេដឹកនាំខ្មែរដែលវៀតណាមលើកបន្តុបមួយនេះប្រើប្រាស់សន្ធិសញ្ញា និងកិច្ចព្រមព្រៀងកំណត់ទឹកដីខុសច្បាប់ដែលគាត់បានចុះហត្ថលេខាជាមួយវៀតណាម បន្តទៀត។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងលោក អ៊ុំ សំអាន បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី២០ កក្កដា ថា ទោះបីជារដ្ឋធម្មនុញ្ញចែងយ៉ាងច្បាស់អំពីការប្រើប្រាស់ផែនទីបោនខ្នាត ១លើ១០០ពាន់ ដើម្បីរក្សាព្រំដែនកម្ពុជាជាមួយប្រទេសដទៃ ជាពិសេសជាមួយប្រទេសវៀតណាម ព្រមទាំងយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ធ្វើជាគោលការណ៍ដើម្បីធ្វើមោឃភាពនូវសន្ធិសញ្ញាខុសច្បាប់ទាំងអស់ដែលលោក ហ៊ុន សែន បានចុះហត្ថលេខាជាមួយវៀតណាមក៏ដោយ ក៏លោក ហ៊ុន សែន នៅតែព្យាយាមជួយរកល្បិចកលឱ្យសន្ធិសញ្ញាខុសច្បាប់ដែលគាត់បានចុះហត្ថលេខាជាមួយវៀតណាមទាំងនោះមានសុពលភាពឡើងវិញដែរ។
លោក អ៊ុំ សំអាន អះអាងថា ការដែលមាត្រា២ នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជាចែងអំពីការកំណត់ព្រំដែនរបស់ប្រទេសកម្ពុជាជាមួយប្រទេសដទៃ ជាពិសេសជាមួយប្រទេសវៀតណាម ដោយប្រើផែនទីបោនខ្នាត ១លើ១០០ពាន់ គឺក្នុងបំណងទប់ស្កាត់កុំឱ្យលោក ហ៊ុន សែន ប្រើសន្ធិសញ្ញាខុសច្បាប់ដែលគាត់បានចុះហត្ថលេខាជាមួយវៀតណាមបន្តទៀត ព្រោះគេសុទ្ធតែដឹងថាកិច្ចព្រមព្រៀងខុសច្បាប់ទាំងនោះ គឺជាកិច្ចសន្យាដែលលោក ហ៊ុន សែន បានយល់ព្រមកាត់ទឹកដីកម្ពុជាឱ្យទៅវៀតណាមទាំងអស់។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិរូបនេះបញ្ជាក់ថា ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ សម្តេចព្រះនរោត្តម សីហនុ បានទាមទារយកផែនទីបារាំងដែលតម្កល់នៅអង្គការសហប្រជាជាតិមកបោះបង្គោលព្រំដែនជាមួយវៀតណាមដែរ ប៉ុន្តែភាគីវៀតណាម មិនឯកភាពនោះឡើយ។
លោក អ៊ុំ សំអាន គូសបញ្ជាក់ថា វៀតណាមបានទាមទារឱ្យយកកិច្ចព្រមព្រៀងដែលលោក ហ៊ុន សែន បានចុះហត្ថលេខាជាមួយខ្លួនឆ្នាំ១៩៨២ ឆ្នាំ១៩៨៣ និងឆ្នាំ១៩៨៥ ធ្វើជាលក្ខខណ្ឌក្នុងការបោះបង្គោលព្រំដែនវិញ ប៉ុន្តែដោយសារតែកិច្ចព្រមព្រៀងទាំងនោះអស់សុពលភាពក្រោមឥទ្ធិពលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ទើបលោក ហ៊ុន សែន ចុះហត្ថលេខាបង្កើតសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ជាមួយវៀតណាម ដើម្បីគាត់អាចប្រើប្រាស់កិច្ចព្រមព្រៀងទាំងនោះជាមួយវៀតណាមឡើងវិញ។
អនុប្រធានវេទិកាពលរដ្ឋលោក ម៉ែន ណាត បានលើកឡើងក្នុងកិច្ចពិភាក្សាអំពីកិច្ចការព្រំដែននេះដែរថា បារាំងបានកំណត់ព្រំដែនរដ្ឋបាលរវាងកម្ពុជា និងកូសាំងស៊ីន ឬកម្ពុជាក្រោម តាមអនុសញ្ញាមួយនៅឆ្នាំ១៨៧៣ ដែលបានបោះបង្គោលកំណត់ព្រំដែនចំនួន ១២៤បង្គោល ដូច្នេះប្រសិនបើលោក ហ៊ុន សែន កំណត់ព្រំដែនជាមួយវៀតណាមដោយប្រើអនុសញ្ញានៅឆ្នាំ១៨៧៣ នេះ នោះដែនទឹក និងកោះត្រល់របស់ខ្មែរក៏មិនធ្លាក់ទៅក្នុងការគ្រប់គ្រងរបស់វៀតណាមដែរ។
លោក ម៉ែន ណាត អះអាងថា នៅអំឡុងខែឧសភា ឆ្នាំ១៩៩៤ សម្តេចព្រះនរោត្តម សីហនុ ធ្លាប់ជំរុញឱ្យលោក ហ៊ុន សែន ទាមទារឱ្យវៀតណាមយកបង្គោលព្រំដែនទាំង ១២៤បង្គោលដែលបារាំងបានកំណត់នៅឆ្នាំ១៨៧៣ នោះ មកតម្កល់នៅទីតាំងដើមវិញ ប៉ុន្តែលោក ហ៊ុន សែន បែរជាសហការជាមួយវៀតណាម ធ្វើសន្ធិសញ្ញាខុសច្បាប់ថ្មីនៅឆ្នាំ២០០៥ ដើម្បីលុបចោលអនុសញ្ញារដ្ឋបាលកម្ពុជា និងកូសាំងស៊ីន ដើម្បីធានានូវសុពលភាពកិច្ចព្រមព្រៀងខុសច្បាប់ដែលគាត់បានចុះហត្ថលេខាជាមួយវៀតណាមទៅវិញ ដែលជាមូលហេតុធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីជាបន្តបន្ទាប់រហូតដល់ពេលនេះ។
កាលពីឆ្នាំ១៩៨២ នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀង កូថាច់ បានចុះហត្ថលេខាខុសច្បាប់កំណត់ព្រំដែនទឹកឆ្នាំ១៩៨២ និងចុះហត្ថលេខាលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋដោយខុសច្បាប់ឆ្នាំ១៩៨៥ ជាមួយលោក ហ៊ុន សែន ដែលជារដ្ឋមន្ត្រីការបរទេសនាពេលនោះ។ ជាងនេះទៀត កាលពីឆ្នាំ២០០៥ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាន វ៉ាន់ខាយ បានសហការជាមួយប្រមុខរដ្ឋាភិបាលខ្មែរលោក ហ៊ុន សែន ចុះហត្ថលេខាទទួលស្គាល់សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដោយខុសច្បាប់ ដែលផ្ទុយទៅនឹងខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ទាំងស្រុង។
មិនត្រឹមតែប៉ុណ្ណោះ កាលពីឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់លោក ង្វៀន ស៊ុនហ្វុក ជានាយករដ្ឋមន្ត្រីវៀតណាម បានទាមទារឲ្យលោក ហ៊ុន សែន ចុះហត្ថលេខាខុសច្បាប់លើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ មួយទៀត ដើម្បីបញ្ជាក់ពីសុពលភាពកិច្ចព្រមព្រៀងខុសច្បាប់នានារវាងកម្ពុជា-វៀតណាម កន្លងមក ដែលបានមោឃភាពដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ថានៅតែមានសុពលភាពសម្រាប់ប្រទេសទាំងពីរទៅថ្ងៃអនាគតថែមទៀត។
ជុំវិញបញ្ហានេះ លោក ហ៊ុន សែន ក៏ធ្លាប់បានគំរាមផ្តួលរំលំរាជបល្ល័ង្គពីរបបរាជានិយមទៅជារបបសាធារណរដ្ឋដែរ ប្រសិនព្រះមហាក្សត្រខ្មែរសម្តេចព្រះ នរោត្តម សីហមុនី មិនព្រមឡាយព្រះហស្តលេខាលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដើម្បីឱ្យគាត់អាចបន្តអនុវត្តកិច្ចព្រមព្រៀងកំណត់ព្រំដែនដោយខុសច្បាប់ជាមួយវៀតណាមទេនោះ៕