គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសលទ្ធផលបណ្ដោះអាសន្នកាលពីយប់ថ្ងៃទី២៣ ខែកក្កដា បង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបាន ១២០អាសនៈ ខណៈមជ្ឈដ្ឋានជាតិ និងអន្តរជាតិនាំគ្នាចេញបដិសេធព្រោងព្រាតមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះជាបន្តបន្ទាប់។
គ.ជ.ប បានចេញផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះថា គណបក្សចំនួន ១៦ ដែលបានចូលរួមការបោះឆ្នោតនេះមិនទទួលបានអាសនៈទេ ខណៈគណបក្សប្រជាជនកម្ពុជាទទួលបាន ១២០អាសនៈក្នុងចំណោម ១២៥អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ៥អាសនៈ។
ការប្រកាសលទ្ធផលបឋមនេះ ធ្វើឡើងបន្ទាប់ពីកម្ពុជាបានរៀបចំឱ្យមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ។
ជុំវិញការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញសេចក្តីប្រកាសព័ត៌មានកាលពីយប់ថ្ងៃទី២៣ ខែកក្កដា ថា អត្រាអ្នកទៅបោះឆ្នោតមានចំនួន ៨លាន ២សែន ១ម៉ឺន ៣២៦០នាក់ ឬស្មើនឹង ៨៤,៥៨% នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោតទាំងអស់ដែលមានចំនួន ៩លាន ២សែន ៥៦៨១នាក់ ដែលនឹងត្រូវចូលរួមការបោះឆ្នោតនៅក្នុងការិយាល័យបោះឆ្នោតដែលមាននៅទូទាំងប្រទេសសរុប ២ម៉ឺន ៣៧៨៩ការិយាល័យ។
ទាក់ទិននឹងការបោះឆ្នោតនេះ គណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក (CNRP-USA) បានចេញសេចក្តីថ្លែងការណ៍កាលពីយប់ថ្ងៃទី២៣ កក្កដា ថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០២៣ នេះបានបំពានគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស និងប្រាសចាកពីស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសយ៉ាងធ្ងន់ធ្ងរ។
គណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក អះអាងថា សំឡេងគណបក្សប្រឆាំងដ៏ធំបំផុតនៅកម្ពុជា គឺគណបក្សសង្គ្រោះជាតិដែលដឹកនាំដោយលោក កឹម សុខា ត្រូវបានបំបាត់ចោលក្នុងដំណើរការនៃការបោះឆ្នោតនៅពេលនេះ ដែលជាមូលហេតុដ៏ចម្បងធ្វើឲ្យពលរដ្ឋខ្មែរនៅទូទាំងប្រទេសបាត់បង់ជម្រើសដើម្បីសំដែងឆន្ទៈចំពោះគណបក្សដែលពួកគេស្រឡាញ់ពេញចិត្ត។
ប្រភពដដែលអំពាវនាវឱ្យសហគមន៍ជាតិ និងអន្តរជាតិ កុំទទួលស្គាល់រដ្ឋសភា និងរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតដែលបំពានគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស និងមិនបានឆ្លុះបញ្ចាំងពីឆន្ទៈពិតរបស់ពលរដ្ឋនៅពេលនេះ។ ជាងនេះទៀត គណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិកក៏បានអំពាវនាវឱ្យពលរដ្ឋខ្មែរបន្តការតស៊ូដោយអហិង្សា ដើម្បីសិទ្ធិ និងសេរីភាពរបស់ខ្លួន និងបុព្វហេតុលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សពិតប្រាកដសម្រាប់កូនចៅជំនាន់ក្រោយផងដែរ។
ចំណែកតំណាងរាស្ត្រប្រចាំរដ្ឋ Victoria នៃប្រទេសអូស្ត្រាលី លោក តាក់ ម៉េងហ៊ាង បានលើកឡើងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ABC News កាលពីថ្ងៃទី២៣ ខែកក្កដា ថា ដើម្បីជួយឱ្យកម្ពុជាមានការបោះឆ្នោតប្រកបដោយសេរី ប្រជាធិបតេយ្យ លោកនៅតែរក្សាជំហរសាមគ្គីភាពជាមួយសហគមន៍ជនភៀសខ្លួនកម្ពុជាជុំវិញពិភពលោក និងជាមួយពលរដ្ឋនៅក្នុងប្រទេសកម្ពុជាផងដែរ ដើម្បីលទ្ធិប្រជាធិបតេយ្យ និងយុត្តិធម៌របស់កម្ពុជាទៅថ្ងៃមុខ។
ដោយឡែកអ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៤ កក្កដា នេះថា ការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ គឺជាការបោះឆ្នោតដែលលោក ហ៊ុន សែន ជាអ្នកកំណត់ទាំងអស់ ព្រោះគាត់បានគ្រប់គ្រងលើស្ថាប័ន គ.ជ.ប ខណៈលោក ឌី វិជ្ជា ដែលជាកូនប្រសារបស់គាត់ និងលោក នេត សាវឿន ដែលត្រូវជាក្មួយរបស់គាត់ដែរនោះ គឺជាអ្នកកាន់សន្តិសុខសណ្ដាប់ធ្នាប់ដំណើរការបោះឆ្នោតនេះផងដែរ។
ចំណែកលោក ទៀ បាញ់ និងលោក ហ៊ុន ម៉ានិត បានដាក់ពង្រាយកងទ័ព បំភ័យ និងគំរាមពលរដ្ឋនៅមុនការបោះឆ្នោត ខណៈលោក ហ៊ុន ម៉ានី ជាអ្នកកំណត់លទ្ធផលបោះឆ្នោតជាមុនតាមរយៈកម្លាំងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលគាត់ដាក់ពង្រាយឱ្យចូលទៅសង្កេតការណ៍នៅទូទាំងប្រទេស ហើយមានប្រទេសកុម្មុយនីស្តត្រូវរ៉ូវគ្នាជាមួយរដ្ឋាភិបាលលោក ហ៊ុន សែន ចាំជួយធ្វើជាសាក្សីដើម្បីគាំទ្រលទ្ធផលនេះ។
អ្នកវិភាគរូបនេះបញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោតនេះ ធ្វើឱ្យលោក ហ៊ុន សែន ទទួលរងនូវការបរាជ័យបីធំៗ គឺទី១ ប្រជាពលរដ្ឋបានគូសខ្វែងសន្លឹកឆ្នោតបង្ហាញពីការមិនពេញចិត្ត ទី២ ការលួចកំណត់ទិន្នន័យលទ្ធផលបោះឆ្នោតរបស់ក្រុមលោក ហ៊ុន សែន និងទី៣ ការរងនូវទណ្ឌកម្មពីសហគមន៍អន្តរជាតិដែលកើតមកពីការបោះឆ្នោតមិនត្រឹមត្រូវនេះ៕