27 C
Phnom Penh

បុរស​ខ្លាំង​ប្រកាស​ផ្ទេរ​អំណាច​ឱ្យ​កូនប្រុស​ច្បង​គឺ​លោក ហ៊ុន ម៉ាណែត ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ថ្មី​នៅ​ថ្ងៃទី​២២​សីហា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ខ្មែរ​ដែល​កងទ័ព​វៀតណាម​លើក​បន្តុប​តាំងពី​ឆ្នាំ​១៩៨៥ លោក ហ៊ុន សែន ប្រកាស​លាលែង​តំណែង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​ចាប់ពី​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៣ នេះ​តទៅ ដោយ​លោក ហ៊ុន ម៉ាណែត នឹង​ត្រូវ​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ថ្មី​បន្ទាប់ពី​រដ្ឋសភា​បើក​កិច្ចប្រជុំ​លើកដំបូង ខណៈ​មន្ត្រី​ជាន់ខ្ពស់​របស់​បក្ស​កាន់​អំណាច​ចាស់ៗ​ក៏​ត្រូវ​លាលែង​ពី​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​ផង​ដែរ។

មេដឹកនាំ​ខ្មែរ​ក្រាញ​អំណាច​ត​ត្រកូល​ពី​ឪពុក​ទៅ​កូន គឺ​លោក ហ៊ុន សែន ផ្សាយ​ផ្ទាល់​ពិសេស​តាម​បណ្ដាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​នៅ​ថ្ងៃទី​២៦ កក្កដា នេះ​ថា ក្រោយ​ចាកចេញ​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី លោក​នឹង​កាន់​តំណែង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជា​ប្រធាន​ឧត្ដមក្រុមប្រឹក្សា​ព្រះមហាក្សត្រ និង​ជា​ប្រធាន​ព្រឹទ្ធសភា​នៅ​ដើម​ឆ្នាំ​២០២៤ ដើម្បី​កាន់​តួនាទី​ជា​ប្រមុខ​រដ្ឋ​ស្តីទី​ពេល​អវត្តមាន​ព្រះមហាក្សត្រ​ផង​ដែរ ខណៈ​មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់​អំណាច ដូចជា​លោក ស ខេង លោក ហេង សំរិន អ្នកស្រី ម៉ែន សំអន និង​លោក ទៀ បាញ់ ក៏​នឹង​ត្រូវ​តែងតាំង​ជា​ឧត្ដមប្រឹក្សា​ផ្ទាល់​របស់​ព្រះមហាក្សត្រ​ថែម​ទៀត ខណៈ​លោក សាយ ឈុំ គេ​មិន​បាន​លឺ​ថា​លោក ហ៊ុន សែន ប្រកាស​ថា​នឹង​ត្រូវ​បាន​តែងតាំង​ក្នុង​តួនាទី​ណា​មួយ​នោះ​ទេ។

លោក ហ៊ុន សែន ដែល​គេ​ស្គាល់​ថា​ជា​មេដឹកនាំ​ដែល​រំលោភ​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា លើកឡើង​ថា ព្រះមហាក្សត្រ​ខ្មែរ​នឹង​តែងតាំង​នាយករដ្ឋមន្ត្រី​ថ្មី​នៅ​ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០២៣ បន្ទាប់​មក​នៅ​ថ្ងៃទី​២១ ខែ​សីហា ព្រះអង្គ​នឹង​កោះ​ប្រជុំ​សភា​លើកដំបូង ហើយ​នៅ​ពេល​រសៀល​ថ្ងៃ​ដដែល​នោះ សមាជិក​រដ្ឋសភា​នឹង​ស្បថ​ចូល​កាន់​តំណែង​តែម្តង។

លោក ហ៊ុន សែន បន្ថែម​ថា នៅ​ថ្ងៃទី​២២ ខែ​សីហា រដ្ឋសភា​នឹង​កោះ​ប្រជុំ​ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋ​បុរស ហើយ​ក្បាលម៉ាស៊ីន​នៃ​រដ្ឋសភា និង​ក្បាលម៉ាស៊ីន​នៃ​រាជរដ្ឋាភិបាល​នឹង​ត្រូវ​បង្កើត​ឡើង​នៅ​ពេល​នោះ ហើយ​នៅ​ពេល​រសៀល​ថ្ងៃ​ដដែល​នោះ សមាជិក​រាជរដ្ឋាភិបាល​នឹង​ត្រូវ​បាន​ស្បថ​ចូល​កាន់​តំណែង​ផង​ដែរ។

លោក​ថា​លោក ហ៊ុន ម៉ាណែត នឹង​ចាប់ផ្តើម​ធ្វើ​នាយករដ្ឋមន្ត្រី​នៅ​ល្ងាច​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៣ ខាងមុខ ហើយ​ពួកគេ​ចង់​ហៅ​នាយករដ្ឋមន្ត្រី​ក៏​ហៅ​ទៅ មិន​ចង់​ហៅ​ក៏​នៅ​ក្រៅ​ច្បាប់​ទៅ ដោយសារតែ​ប្រជាពលរដ្ឋ​ជាង ៨៤​ភាគរយ​បាន​បោះឆ្នោត ហើយ​ក្នុង​នោះ​មាន ៨២​ភាគរយ​បាន​គាំទ្រ គឺ​គ្រប់គ្រាន់​រួច​ទៅ​ហើយ។

លោក ហ៊ុន ម៉ាណែត និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ថ្ងៃ​បោះឆ្នោត​សកល​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣។

បុរស​ខ្លាំង​ល្មោភ​អំណាច​បំពាន​ច្បាប់ លោក ហ៊ុន សែន អះអាង​ថា បើ​ទោះបីជា​លោក​លាលែង​តំណែង​ជា​នាយករដ្ឋមន្ត្រី​ក៏ដោយ ក៏​លោក​នៅតែ​ជា​តួអង្គ​នយោបាយ​ដឹកនាំ​ប្រទេស​បន្ត​ទៀត​ក្នុង​នាម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ​លោក​នឹង​មិន​ជ្រៀតជ្រែក​កិច្ចការ​របស់​នាយករដ្ឋមន្ត្រី ឬ​រាជរដ្ឋាភិបាល​ថ្មី​ឡើយ។

យ៉ាងណា​ក៏ដោយ ក្នុង​នាទី​ចុងក្រោយ លោក ហ៊ុន សែន ព្រមាន​ថា ក្រុម​ជ្រុល​និយម​ត្រូវតែ​លុប​បំបាត់​ឱ្យ​អស់​ពី​កម្ពុជា ទោះ​លោក​ត្រូវ​លាលែង​តំណែង​ពី​នាយករដ្ឋមន្ត្រី​ក៏ដោយ ព្រោះ​ច្បាប់​កម្ពុជា​មាន​ស្រាប់​ដើម្បី​អនុវត្ត​បោស​សម្អាត​អ្នក​ទាំងនោះ។

ការ​ប្រកាស​លាលែង​តំណែង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​របស់​លោក ហ៊ុន សែន នៅ​ពេលនេះ ធ្វើឡើង​ដើម្បី​ផ្ទេរ​អំណាច​ឱ្យ​ទៅ​កូនប្រុស​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត ដែល​គេ​មើល​ឃើញ​ថា​ជា​ការ​ផ្ទេរ​អំណាច​ត​ពូជ​របស់​ត្រកូល​ហ៊ុន ដើម្បី​ក្តោប​ក្តាប់​ប្រទេស​កម្ពុជា​ទៅ​ថ្ងៃ​មុខ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាល​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​លើកឡើង​ថា លោក​នឹង​កាន់កាប់​តំណែង​ជា​ប្រធាន​គណបក្ស​ទៅ​ថ្ងៃ​មុខ​បន្ត​ទៀត បើ​ទោះបីជា​លោក​ចាកចេញ​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​ក៏ដោយ ព្រោះ​ថា​ប្រសិនបើ​នាយករដ្ឋមន្ត្រី​ថ្មី និង​គណៈរដ្ឋមន្ត្រី​ថ្មី​អនុវត្ត​ខុស​ពី​គោលជំហរ​គណបក្ស នោះ​លោក​នឹង​មាន​សិទ្ធិ​ដក​តំណែង​របស់​ពួកគេ​គ្រប់​ពេល​ទាំងអស់ ព្រោះ​ថា​នៅ​កម្ពុជា ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណបក្ស ដូច្នេះ​បក្ស​ត្រូវតែ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​គ្រប់គ្រង​អ្នក​ទាំងនោះ។

អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ប្រាស់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៦ កក្កដា នេះ​ថា ការ​លាលែង​ចេញពី​អំណាច​ជា​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន សែន មិនមែន​មាន​ន័យ​ថា​គាត់​អស់​អំណាច​នោះ​ទេ ព្រោះ​តំណែង​ដែល​គាត់​គ្រោង​នឹង​កាន់កាប់​ដែល​បាន​រៀបរាប់​ខាងលើ គឺជា​តំណែង​ដែល​ពោរពេញ​ដោយ​អំណាច​បញ្ជា និង​ចាត់តាំង​ទាំងអស់។

លោក មាជ សុវណ្ណារ៉ា លើកឡើង ពេលនេះ​ការ​បោះ​ជំហាន​ទៅ​រក​ការ​ចងក្រង​អំណាច​ជា​សែស្រឡាយ​បាន​រីក​ដុះដាល និង​បោះ​ជំហាន​បាន​មួយ​ដំណាក់កាល​ហើយ នៅ​ពេល​ដែល​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​មន្ត្រី​ជាន់ខ្ពស់​របស់​បក្ស​នេះ​បាន​ឯកភាព​នឹង​ផែនការ​រៀបចំ​អ្នក​បន្ត​វេន​របស់​បក្ស​កាន់​អំណាច ក៏ដូចជា​អ្នក​បន្ត​វេន​កាន់កាប់​អំណាច​របស់​ក្រុម​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ថ្ងៃ​មុខ។

ចំណែក​អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​នេះ​ដែរ​ថា ការ​ប្រកាស​ផ្ទេរ​អំណាច​របស់​លោក ហ៊ុន សែន ទៅ​លោក ហ៊ុន ម៉ាណែត នៅ​ពេលនេះ គាត់​មាន​ល្បិច ២​យ៉ាង ដើម្បី​ឱ្យ​ផែនការ​ផ្ទេរ​អំណាច​នេះ​បាន​សម្រេច គឺ​ទី​១ ត្រូវតែ​ផ្ទេរ​អំណាច​នេះ​ឱ្យ​បាន​មុន​ការ​ប្រកាស​ដាក់​ទណ្ឌកម្ម​របស់​សហគមន៍​អន្តរជាតិ​ជុំវិញ​ការ​បោះឆ្នោត​មិន​ត្រឹមត្រូវ​នៅ​ពេលនេះ ដើម្បី​ចៀសវាង​នូវ​ការ​ជំទាស់​ពី​ផ្ទៃក្នុង​របស់​គាត់ ក្រោម​ហេតុផល​ថា លោក ហ៊ុន ម៉ាណែត នៅ​ក្មេងខ្ចី​ក្នុង​ការ​ដឹកនាំ​ប្រទេស​នៅ​ពេល​ទណ្ឌកម្ម​ទាំងនោះ​បាន​មក​ដល់។

ចំណែក​ទី​២ នៅ​ពេល​ដែល​អាមេរិក​បង្ហាញ​សញ្ញា​មុន​គេ​ក្នុង​ការ​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​ថ្មី​ដែល​កើត​ក្រោយ​ការ​បោះឆ្នោត​នៅ​ពេលនេះ លោក ហ៊ុន សែន ប្រើ​ល្បិច​ប្រកាស​ផ្ទេរ​អំណាច​ទៅ​កូនប្រុស​របស់​គាត់​ស្កាត់​មុន​ឱ្យ​ហើយ ដើម្បី​ចង់​ដឹង​ថា​ភាគី​ណា​នៅ​ផ្ទៃក្នុង​របស់​គាត់​ជំទាស់​នឹង​ផែនការ​ផ្ទេរ​អំណាច​នេះ ដើម្បី​ឱ្យ​គាត់​មាន​ឱកាស​កម្ចាត់​អ្នក​ទាំងនោះ​ឱ្យ​ហើយ ដើម្បី​ធានា​ដល់​ការ​ស្នង​អំណាច​នេះ។

ដោយឡែក​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៦ កក្កដា នេះ​ដែរ​ថា ប្រព័ន្ធ​ដឹកនាំ​ប្រទេស​ដែល​លោក ហ៊ុន សែន ប្រកាស​ផ្ទេរ​អំណាច​ឱ្យ​កូនប្រុស​របស់​គាត់​បន្ត​អំណាច​បែប​នេះ ពិត​ជា​មាន​តែ​មួយ​គ្មាន​ពីរ​នៅ​លើ​ពិភពលោក ដែល​ទំនង​ជា​លោក​ចង់​សំដៅ​ដល់​ការ​ចងក្រង​អំណាច​ជា​សែស្រឡាយ​ក្នុង​ក្រុម​គ្រួសារ​របស់​គាត់​ក្នុង​ប្រទេស​ដែល​ប្រកាន់​យក​របប​លទ្ធិប្រជាធិបតេយ្យ។

មាត្រា​១ នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា ប្រទេស​កម្ពុជា ជា​ព្រះរាជាណាចក្រ​ដែល​ប្រតិបត្តិ​តាម​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ប៉ុន្តែ​កម្ពុជា​ក្រោម​ការ​ត្រួតត្រា​អស់​រយៈពេល​ជាង ៤០​ឆ្នាំ​របស់​លោក ហ៊ុន សែន ត្រូវ​គេ​មើល​ឃើញ​ថា ដែនដី​សុវណ្ណ​ភូមិ​មួយ​នេះ​កំពុង​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់គ្រង​តាម​បែប​គ្រួសារ​និយម​ដូច​ប្រទេស​កុម្មុយនីស្ត​ផ្ដាច់ការ​ទៅ​ហើយ​សព្វថ្ងៃ​នេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស