អ្នកស្រី Paetongtarn "Ing" Shinawatra កូនស្រី​ពៅ​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra)។

ព័ត៌មានអន្តរជាតិ

លោក ថាក់ស៊ីន ប្រកាស​វិល​ចូល​ប្រទេស​ថៃ​វិញ​នៅ​ថ្ងៃទី​១០​សីហា ខណៈ​សមត្ថកិច្ច​ត្រៀម​ចាប់​ខ្លួន

By ឌឹ ខេមបូឌា ដេលី

July 28, 2023

កូនស្រី​របស់​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ គឺ​អ្នកស្រី ផែថោងថាន និយាយ​ថា ឪពុក​របស់​អ្នកស្រី​នឹង​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ ដនមឿង នៅ​ថ្ងៃទី​១០ ខែ​សីហា។

បើ​យោង​តាម​សារព័ត៌មាន The Nation ដែល​ស្រង់​សម្ដី​អ្នកស្រី ផែថោងថាន អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ មាន​គម្រោង​វិលត្រឡប់​ចូល​ប្រទេស​ថៃ​វិញ​នៅ​ថ្ងៃទី​១០ ខែ​សីហា នៅ​វេលា​ម៉ោង ៩ និង ៣០​នាទី។

លោក ថាក់ស៊ីន ធ្លាប់​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ថៃ ចាប់ពី​ឆ្នាំ​២០០១ រហូត​ដល់​ពេល​លោក​ត្រូវ​បាន​គេ​ទម្លាក់​ពី​អំណាច​ក្នុង​រដ្ឋប្រហារ​យោធា​កាលពី​ឆ្នាំ​២០០៦។ សព្វថ្ងៃ លោក ថាក់ស៊ីន កំពុង​រស់នៅ​ដោយ​និរទេស​ក្រោយ​ភៀស​ខ្លួន​ចេញពី​ប្រទេស​ថៃ ដើម្បី​គេចវេះ​ពី​ការ​ជាប់​ពន្ធនាគារ​ពាក់ព័ន្ធ​សំណុំរឿង​ពុករលួយ​កាលពី​ឆ្នាំ​២០០៨។ តាម​ដំណឹង​មក​ថា លោក ថាក់ស៊ីន កំពុង​ស្ថិត​នៅ​ទីក្រុង​ហុងកុង។

ខណៈ​ដែល​ដំណឹង​កំពុងតែ​ចុះផ្សាយ​ព្រោងព្រាត​អំពី​គម្រោង​វិល​មក​វិញ​របស់​លោក ថាក់ស៊ីន សមត្ថកិច្ច​ប៉ូលិស​ក្រុង​បាងកក កំពុង​ត្រៀម​ដើម្បី​ចាប់​ខ្លួន​អតីត​នាយករដ្ឋមន្ត្រី​នេះ​ទៅ​អនុវត្ត​ទោស​នៅ​ក្នុង​ពន្ធនាគារ ប្រសិនបើ​លោក​មិន​ទទួល​បាន​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ។

ឧត្តមសេនីយ៍ Montri Pancharoen ដែល​ទទួល​បន្ទុក​ត្រួតពិនិត្យ​អន្តោប្រវេសន៍​នៅ​អាកាសយានដ្ឋាន​សុវណ្ណភូមិ និង​អាកាសយានដ្ឋាន​អន្តរជាតិ ដនមឿង បាន​និយាយ​ថា ប៉ូលិស​អន្តោប្រវេសន៍​មិន​ដឹង​ពី​កាលបរិច្ឆេទ​ជាក់លាក់​ណា​មួយ​ដែល​លោក ថាក់ស៊ីន នឹង​មក​ដល់​នោះ​ទេ។ លោក​បាន​និយាយ​ថា មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​ថា តើ​លោក ថាក់ស៊ីន នឹង​មក​ដល់​ព្រលាន​យន្តហោះ​សុវណ្ណភូមិ ឬ ដនមឿង នៅ​ថ្ងៃ​ណា​នោះ​ទេ។

យ៉ាងណា​ក៏ដោយ លោក​បាន​បន្ថែម​ថា ការិយាល័យ​របស់​លោក​បាន​រៀបចំ​ផែនការ​រួច​ហើយ​ជាមួយ​ប៉ូលិស​ក្រុង ថា​តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​នៅ​ពេល​លោក ថាក់ស៊ីន មក​ដល់។

តាម​ឧត្តមសេនីយ៍​រូប​នេះ ការិយាល័យ​អន្តោប្រវេសន៍​បាន​សម្របសម្រួល​ជាមួយ​ប៉ូលិស​ក្រុង​រួច​ហើយ​លើ​គោលការណ៍​ណែនាំ​ក្នុង​ការ​ត្រួតពិនិត្យ​បុគ្គល​ដែល​ចូល​ប្រទេស។

លោក​បញ្ជាក់​ថា ភារកិច្ច​ចម្បង​របស់​មន្ត្រី​អន្តោប្រវេសន៍ គឺ​ត្រួតពិនិត្យ​លិខិត​ឆ្លងដែន​នៅ​ពេល​ដែល​លោក ថាក់ស៊ីន ធ្វើ​ដំណើរ​ចូល​មក​ដល់​ប្រទេស​ថៃ ប្រសិនបើ​មាន​ដីកា ឬ​លោក ថាក់ស៊ីន ជា​ជន​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង លោក​នឹង​ត្រូវ​ឃុំ​ខ្លួន ហើយ​នឹង​ប្រគល់​ឱ្យ​ប៉ូលិស​ពន្ធនាគារ។

ចំណែក​ឧត្តមសេនីយ៍ Chokchai Ngamwong ស្នងការ​រង​ប៉ូលិស​ក្រុង​បាងកក បាន​និយាយ​ថា ប៉ូលិស​មិនទាន់​មាន​ព័ត៌មាន​ផ្លូវការ​អំពី​កាលបរិច្ឆេទ​ពិតប្រាកដ​ថា​លោក ថាក់ស៊ីន នឹង​ត្រឡប់​មក​វិញ ឬ​ព្រលាន​យន្តហោះ​ណា​ដែល​លោក​នឹង​មក​ដល់​នោះ​ទេ។

លោក​បាន​និយាយ​ថា ប្រសិនបើ​លោក ថាក់ស៊ីន មក​ដល់​ក្នុង​ម៉ោង​ធ្វើការ លោក​នឹង​ត្រូវ​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​តុលាការ។ ទោះជា​យ៉ាង​នេះ​ក្តី ប្រសិនបើ​គាត់​មក​ដល់​ក្រៅពី​ម៉ោង​ធ្វើការ លោក​នឹង​ត្រូវ​នាំ​ខ្លួន​ទៅ​កាន់​មន្ទីរ​ឃុំឃាំង​ពិសេស ហើយ​បញ្ជូន​ទៅ​តុលាការ​នៅ​ពេល​ក្រោយ ប៉ុន្តែ​បើ​សិន​ចាំបាច់ គាត់​នឹង​ត្រូវ​បញ្ជូន​ទៅ​ពន្ធនាគារ​នៅ​បាងកក។

ចំណែក​ឧបនាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ចាំ​ផ្ទះ Wissanu Krea-ngam និយាយ​ថា លោក ថាក់ស៊ីន អាច​មិន​បាន​ត្រូវ​ចាប់​ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ លុះត្រាតែ​លោក​ទទួល​បាន​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ។ បើ​តាម​លោក Wissanu លោក ថាក់ស៊ីន ប្រឈម​នឹង​ការ​អនុវត្ត​ទោស​ជាង ១០​ឆ្នាំ។

បើ​លោក ថាក់ស៊ីន វិល​ចូល​ប្រទេស​ថៃ​វិញ​នៅ​ថ្ងៃទី​១០ សីហា ដូច​ការ​ប្រកាស​របស់​កូនស្រី​លោក គឺជា​ការ​បិទ​បញ្ចប់​ភាព​និរទេស​ខ្លួន​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ​រូប​នេះ​នៅ​ក្រៅ​ប្រទេស​រយៈពេល ១៥​ឆ្នាំ។

ផែនការ​វិលត្រឡប់​ចូល​ស្រុក​វិញ​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ ចំ​ពេល​ដែល​គណបក្ស​ភឿថៃ កំពុង​ព្យាយាម​ដឹកនាំ​កិច្ចប្រឹងប្រែង​បង្កើត​រដ្ឋាភិបាល​ថ្មី​ក្រោយ​ឈ្នះ​បាន​អាសនៈ​ច្រើន​ជាងគេ​លំដាប់​ទី​២ ក្នុង​ការ​បោះឆ្នោត​សកល​កាលពី​ខែ​ឧសភា។ អ្នកស្រី ផែថោងថាន ក៏​ជា​បេក្ខជន​ម្នាក់​ក្នុង​ចំណោម​បេក្ខជន​នាយករដ្ឋមន្ត្រី​សរុប ៣​នាក់​របស់​គណបក្ស​ភឿថៃ។

ក្រុម​អ្នក​តាមដាន​នយោបាយ​នៅ​រាជាណាចក្រ​ថៃ ព្រមាន​ថា បើ​មិន​មាន​ការ​សម្របសម្រួល​ឈាន​ដល់​ការ​លើកលែង​ទោស ហើយ​លោក ថាក់ស៊ីន បែរ​ជា​មក​ដល់​ក្រុង​បាងកក ដូច​ការ​គ្រោង​ទុក គឺ​ការ​ចាប់​ខ្លួន​អតីត​នាយករដ្ឋមន្ត្រី​រូប​នេះ​អាច​នឹង​កើតមាន។

ករណី​នេះ​នឹង​នាំ​ទៅ​រក​ការ​រំជើបរំជួល​នយោបាយ​ជា​ខ្លាំង នៅ​ពេល​ក្រុង​បាងកក​ដែល​កំពុងតែ​ធ្លាក់​ក្នុង​ការ​រំជើបរំជួល​នយោបាយ​ទៅ​ហើយ​ករណី​មេដឹកនាំ​ចលនា​ឆ្ពោះ​ទៅ​មុខ (MFP) លោក ភីថា លឹមចារឿនរ៉ាត់ ជា​អ្នក​នយោបាយ​ដ៏​មាន​ប្រជាប្រិយ​ត្រូវ​បាន​តុលាការ​ធម្មនុញ្ញ​ព្យួរ​សមាជិក​សភា​របស់​លោក ខណៈ​អ្នក​នយោបាយ​វ័យ ៤២​ឆ្នាំ​រូប​នេះ​បរាជ័យ​ការ​ឡើង​កាន់​តំណែង​នាយករដ្ឋមន្ត្រី​ថៃ​ទី​៣០៕