បុរសខ្លាំងក្រាញអំណាច លោក ហ៊ុន សែន អះអាងថា ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ កម្ពុជានឹងមាននាយករដ្ឋមន្ត្រីថ្មី គឺលោក ហ៊ុន ម៉ាណែត ដែលនឹងត្រូវបន្តដឹកនាំប្រទេសកម្ពុជាជំនួសរូបលោក ដើម្បីបម្រើផលប្រយោជន៍ពលរដ្ឋខ្មែរ ហើយគណបក្សនយោបាយនានាក៏អាចរួមរស់ក្រោមម្លប់សន្តិភាពទាំងអស់គ្នាបានដែរ។
លោក ហ៊ុន សែន សរសេរលើប្រព័ន្ធទំនាក់ទំនងតេឡេក្រាមរបស់ខ្លួននៅថ្ងៃទី២៨ កក្កដា នេះថា ការដែលលោកប្រញាប់ប្រញាល់លាឈប់ពីតំណែងជានាយករដ្ឋមន្ត្រី ហើយផ្ទេរឱ្យកូនប្រុសរបស់លោកបែបនេះ គឺជាផែនការរៀបចំទុកជាមុនសម្រាប់ការរក្សាស្ថិរភាពរយៈពេលវែង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍរបស់កម្ពុជា ប៉ុន្តែការចូលកាន់តំណែងរបស់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក៏មិនបានរំលងនីតិវិធីច្បាប់របស់កម្ពុជាដែរ។
បុរសខ្លាំងក្រាញអំណាចតំណពូជលោក ហ៊ុន សែន បានថ្លែងអំណរគុណដល់ពលរដ្ឋដែលបានផ្តល់នូវសេចក្តីស្រឡាញ់ ការគាំទ្រ និងទំនុកចិត្តចំពោះរូបលោក និងកូនប្រុសរបស់គាត់ គឺលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដើម្បីដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសម្រាប់អាណត្តិទី៧ ឆ្នាំ២០២៣ បន្តទៅមុខទៀត ខណៈរូបលោកក៏នឹងត្រូវក្លាយទៅជាប្រធានព្រឹទ្ធសភាក្រោយការបោះឆ្នោតព្រឹទ្ធសភានាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ផងដែរ។
កាលពីថ្ងៃទី២៧ ខែកក្កដា លោក ហ៊ុន សែន បានប្រកាសលាលែងតំណែងជានាយករដ្ឋមន្ត្រីកម្ពុជាចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នេះតទៅ ដែលនឹងត្រូវជំនួសដោយកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត។
ក្នុងពេលផ្សាយផ្ទាល់លើប្រព័ន្ធផ្សព្វផ្សាយក្នុងការប្រកាសផ្ទេរអំណាច លោក ហ៊ុន សែន បានផ្តាំផ្ញើទៅលោក ហ៊ុន ម៉ាណែត ថាត្រូវតែលុបបំបាត់ក្រុមជ្រុលនិយមឱ្យអស់ពីកម្ពុជា ទោះលោកត្រូវលាលែងតំណែងពីនាយករដ្ឋមន្ត្រីក៏ដោយ ព្រោះច្បាប់កម្ពុជាមានស្រាប់ដើម្បីអនុវត្តបោសសម្អាតអ្នកទាំងនោះ។
ទាក់ទិននឹងបញ្ហានេះ អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី លើកឡើងនៅថ្ងៃទី២៨ កក្កដា នេះដែរថា កម្រិតនៃការរៀនសូត្ររបស់លោក ហ៊ុន ម៉ាណែត ក្នុងវិស័យយោធា តម្រូវឲ្យគាត់ទទួលបានឋានន្តរសក្តិត្រឹមតែសក្តិមួយប៉ុណ្ណោះ តែនៅកម្ពុជា ដោយសារតែគាត់ត្រូវបានលើកបន្តុបដោយឪពុករបស់គាត់ លោក ហ៊ុន ម៉ាណែត អាចឡើងពីសក្តិមួយដល់ផ្កាយ៤ យ៉ាងឆាប់រហ័សជាទីបំផុត ដូចអ្វីដែលពួកខ្មែរក្រហមហៅថា «មហាលោតផ្លោះ មហាអស្ចារ្យ»។
លោក សម រង្ស៊ី លើកឡើងបែបចំអកថា ប្រទេសខ្មែរពិតជាមានមោទនភាពណាស់ដែលមាននាយករដ្ឋមន្ត្រីថ្មីដោយការលើកបន្តុបរបស់ឪពុកបែបនេះ ហើយកាន់តែមោទនភាពទៀតនោះ គឺការផ្ទេរអំណាចនេះធ្វើឡើងដោយខុសច្បាប់យ៉ាងធ្ងន់ធ្ងរ និងជាការអនុវត្តដោយប្រាសចាកពីគន្លងប្រជាធិបតេយ្យផងដែរ។
ទាក់ទិននឹងបញ្ហានេះ បើទោះបីជាសមាសភាពរដ្ឋាភិបាលថ្មីដែលនឹងដឹកនាំដោយលោក ហ៊ុន ម៉ាណែត មិនទាន់ត្រូវបានប្រកាសក៏ដោយ ក៏មានការទម្លាយពីរចនាសម្ព័ន្ធដែលគណបក្សប្រជាជនកម្ពុជាបានរៀបចំទុកសម្រាប់រដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅផងដែរ ក្នុងនោះលោក ម៉ាណែត នឹងកាន់តំណែងជានាយករដ្ឋមន្ត្រីជំនួសលោក ហ៊ុន សែន លោក ស សុខា នឹងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃជំនួសលោក ស ខេង ខណៈលោក ទៀ សីហា នឹងកាន់តំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិជំនួសលោក ទៀ បាញ់ ផងដែរ៕