មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរិះគន់លោក ហ៊ុន ម៉ាណែត ដែលកំពុងត្រៀមឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីកម្ពុជាថា ពិតជាមានចរិតផ្ដាច់ការមិនខុសពីឪពុក ដោយសារមិនទាន់ក្លាយជានាយករដ្ឋមន្ត្រីស្របច្បាប់ផង បានប្រើអំណាចបញ្ជាឱ្យកម្លាំងក្រោមបង្គាប់ចាប់ចងពលរដ្ឋដែលមានជំងឺសរសៃប្រសាទដែលបានរិះគន់លើខ្លួន។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៣១ កក្កដា ថា មិនទាន់បានកាន់អំណាចពេញដៃផង ចាប់ផ្តើមផ្ដាច់ការបណ្តើរៗហើយ ចុះទម្រាំបានក្លាយជានាយករដ្ឋមន្ត្រីនៅចុងខែសីហា នេះទៀត តើកូនប្រុសច្បងស្នងមរតកអំណាចបន្តពូជនេះ នឹងចាប់ឃុំខ្លួនពលរដ្ឋ និងមន្ត្រីបក្សប្រឆាំងប៉ុន្មាននាក់ទៀតយកទៅដាក់គុក។
លោក អ៊ុំ សំអាន លើកឡើងថា ស្លឹកឈើពិតជាជ្រុះមិនឆ្ងាយពីគល់មែន ឪពុកផ្ដាច់ការ កូនក៏ផ្ដាច់ការដែរ។
លោកបន្តថា បើតាមច្បាប់ គេមិនអាចឃុំខ្លួន ឬដាក់គុកមនុស្សឆ្កួតបានទេ ព្រោះឪពុកម្តាយរបស់ស្ត្រីម្នាក់នោះបានបញ្ជាក់ហើយថា កូនរបស់គាត់ គឺមានជំងឺផ្លូវចិត្ត ឬសរសៃប្រសាទធ្ងន់ធ្ងរយូរមកហើយ។ ជាងនេះទៀត សូម្បីការនិយាយស្តីក្នុងវីដេអូនោះក៏គេដឹងថាស្ត្រីម្នាក់នោះមានស្មារតីមិនប្រក្រតីដែរ។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះបញ្ជាក់ថា សូម្បីតុលាការខ្មែរក្រហមក៏ដោះលែងអ្នកស្រី អៀង ធារិទ្ធ ដែលត្រូវជាប្រពន្ធរបស់លោក អៀង សារី ឱ្យមានសេរីភាពដែរ ទោះបីជនជាប់ចោទរូបនោះរងនូវការចោទប្រកាន់ថាធ្លាប់បានប្រព្រឹត្ត ឬពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋប្រល័យពូជសាសន៍ក្នុងរបបខ្មែរក្រហមក៏ដោយ ព្រោះគេរកឃើញថាអ្នកស្រី អៀង ធារិទ្ធ មានជំងឺផ្លូវចិត្ត។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីស្ត្រីម្នាក់ដែលគេអះអាងថាមានជំងឺសរសៃប្រសាទត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗក្រោយបង្ហោះវីដេអូលើបណ្ដាញសង្គម Tik Tok ដែលនិយាយពាក់ព័ន្ធនឹងលោក ហ៊ុន ម៉ាណែត កាលពីចុងខែកក្កដា កន្លងទៅនេះ។
កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ស្ត្រីម្នាក់ឈ្មោះ ឌី សូរនាត រស់នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបង្ហោះវីដេអូលើបណ្ដាញសង្គម Tik Tok ដោយអះអាងខ្លួនជាព្រះម៉ែគង្គា និងជាអ្នកបង្កើតលោក ហ៊ុន ម៉ាណែត មកលើផែនដីនេះដើម្បីឱ្យធ្វើអំពើល្អ។
ស្ត្រីដែលមានស្មារតីមិនប្រក្រតីខាងលើលើកឡើងថា កន្លងមកលោក ហ៊ុន ម៉ាណែត បានប្រព្រឹត្តអំពើអាក្រក់ច្រើនណាស់ ប៉ុន្តែបើនៅតែប្រព្រឹត្តអំពើអាក្រក់ទៀត រូបនាងនឹងយកលោក ហ៊ុន ម៉ាណែត ទៅដុតជាមួយពពួកបិសាចមិនឱ្យមករស់នៅឋានមនុស្សទៀតទេ។
ស្ត្រីរូបនេះបន្តថា លោក ហ៊ុន ម៉ាណែត ត្រូវតែប្រឹងធ្វើអំពើល្អឱ្យបានច្រើន ព្រោះថាដោយសារតែអំពើអាក្រក់របស់លោកកន្លងមកនេះហើយដែលសូម្បីតែការបោះឆ្នោតឆ្នាំ២០២៣ នេះ ក៏ប្រទេសដទៃមិនទទួលស្គាល់ដែរ ខណៈតំណែងជានាយករដ្ឋមន្ត្រីរបស់លោកក៏គេមិនទទួលស្គាល់ថែមទៀត។
បន្ទាប់ពីស្ត្រីមានសតិមិនសូវពេញលេញខាងលើបង្ហោះវីដេអូបានប៉ុន្មានម៉ោង ស្រាប់តែនៅយប់ថ្ងៃទី៣១ ខែកក្កដា ដដែលនោះ អាជ្ញាធរក្រុងភ្នំពេញបានដាក់កម្លាំងចុះចាប់ខ្លួនស្ត្រីម្នាក់នោះភ្លាមៗ ដោយចោទប្រកាន់ថា នាងបានបង្កភាពវឹកវរដល់សន្តិសុខសង្គម និងបានប្រមាថមន្ត្រីរាជការសាធារណៈ។
ក្រោយសមត្ថកិច្ចចាប់ខ្លួន ឪពុកម្តាយរបស់ស្ត្រីរូបនោះបានចេញវីដេអូសូមការអភ័យទោសពីមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ផងដែរ ដោយបញ្ជាក់ថា កូនស្រីរបស់គាត់មានជំងឺផ្លូវចិត្តធ្ងន់ធ្ងររយៈពេល ២ឆ្នាំមកហើយ។ ជាងនេះទៀត នាងមិនដែលរស់នៅចុះសម្រុងជាមួយឪពុកម្តាយឡើយ។ ឪពុកម្តាយរបស់នាងសន្យាថានឹងប្រដៅកូនឱ្យបានល្អ មិនឱ្យប្រព្រឹត្តទង្វើណាដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ទៀតទេ។
មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ចសង្គម និងវប្បធម៌របស់ប្រទេសជាតិ ខណៈសេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋត្រូវបានដោះស្រាយ និងពិនិត្យយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ ប៉ុន្តែរដ្ឋាភិបាលក្រោមការគ្រប់គ្រងរបស់បក្សកាន់អំណាចសព្វថ្ងៃនេះ ត្រូវគេមើលឃើញថា បានអនុវត្តផ្ទុយពីមាត្រាដែលបានចែងក្នុងរដ្ឋធម្មនុញ្ញទាំងស្រុង។
កាលពីចុងឆ្នាំ២០២២ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា បានលើកឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៤៩ នៅទីក្រុងហ្សឺណែវ នៃប្រទេសស្វីស ថា ទិដ្ឋភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជានៅតែបង្កការព្រួយបារម្ភធ្ងន់ធ្ងរដដែល ព្រោះថាលំហសេរីភាពរបស់ពលរដ្ឋ និងនយោបាយនៅកម្ពុជាកាន់តែរួមតូច និងកំពុងដើរថយក្រោយ ដោយសារតែគ្រប់គ្រងតាមបែបឯកបក្សសព្វថ្ងៃនេះ៕