26 C
Phnom Penh

បក្ស​ភឿថៃ​សម្រេច​ដើរ​ចេញពី​សម្ព័ន្ធភាព​៨​បក្ស ហើយ​រក​សម្ព័ន្ធភាព​ថ្មី​ដើម្បី​បង្កើត​រដ្ឋាភិបាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ទីបំផុត គណបក្ស​ភឿថៃ ជា​គណបក្ស​ធំ​ទី​២ នៅ​ក្នុង​សភា បាន​សម្រេច​ដើរ​ចេញពី​សម្ព័ន្ធភាព​ដើម្បី​ឈាន​ទៅ​ដល់​ការ​បង្កើត​រដ្ឋាភិបាល​ដោយ​ពុំ​មាន​សំឡេង​កម្លាំង​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ ដឹកនាំ​ដោយ​លោក ភីថា លឹមចារឿនរ៉ាត់។

តាម​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍ គណបក្ស​ភឿថៃ បាន​សម្រេច​ដូចនេះ​ក្រោយពី​មិន​ចុះសម្រុង​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​នឹង​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ អំពី​មាត្រា​១១២ នៃ​ក្រមព្រហ្មទណ្ឌ​ដែល​មាត្រា​នេះ​ហើយ​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ​នៅតែ​ទាមទារ​មិន​ទម្លាក់​ចោល ទោះ​ជា​គណបក្ស​ភឿថៃ បញ្ចុះបញ្ចូល​យ៉ាងណា​ក៏ដោយ​នោះ។

មាត្រា​១១២ នៃ​ក្រមព្រហ្មទណ្ឌ​បាន​ចែង​អំពី​ជន​ទាំងឡាយ​ណា​ដែល​ប្រមាថ​ចេស្ដា​ព្រះមហាក្សត្រ​ថៃ នឹង​ត្រូវ​ផ្ដន្ទាទោស​រហូត​ដល់ ១៥​ឆ្នាំ។

គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ ដែល​ជា​កម្លាំង​ខ្លាំង​របស់​យុវជន បាន​សន្យា​នៅ​ក្នុង​ការ​រក​សំឡេង​ឆ្នោត បាន​ប្រកាស​អំពី​ការ​លុប​ចោល​មាត្រា​១១២ នេះ បើ​បក្ស​នេះ​ក្លាយ​ជា​បក្ស​ដែល​មាន​អំណាច​ធំ​ជាងគេ​នៅ​ក្នុង​រដ្ឋសភា។ ដូចនេះ​ហើយ​បាន​ជា​គណបក្ស​មួយ​ចំនួន​ជំទាស់​នឹង​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ​នេះ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អំណាច​របស់​ព្រះរាជា។ បន្ថែម​លើ​នេះ បក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ នៅតែ​ទាមទារ​កាត់បន្ថយ​អំណាច​របស់​ពួក​យោធា​ដោយ​សន្យា​មិន​ឲ្យ​ពួក​យោធា​មាន​ឱកាស​ជា​ថ្មី​ម្ដង​ទៀត​ដើម្បី​កាន់​អំណាច។

សេចក្ដី​រាយការណ៍​របស់​កាសែត​បាងកក​ប៉ុស្តិ៍ បាន​ចុះផ្សាយ​ថា គណបក្ស​ភឿថៃ បាន​បោះ​ពាក្យ​សម្ដី​ភ្លាមៗ​ថា គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ មិន​ទទួលយក​សំណើ​របស់​ខ្លួន​ដែល​សុំ​ឲ្យ​ទម្លាក់​ចោល​មាត្រា​១១២ នោះ​ទេ។ ដូច​នេះ​ហើយ បាន​ជា​នាំ​ឲ្យ​មាន​ការ​មិន​ចុះសម្រុង​គ្នា ហើយ​ទីបំផុត គណបក្ស​ភឿថៃ សម្រេច​ដើរ​ចេញពី​សម្ព័ន្ធភាព ៨​គណបក្ស ដែល​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ​ដឹកនាំ​ដោយ​លោក ភីថា លឹមចារឿនរ៉ាត់ ជា​គណបក្ស​ធំ​ជាងគេ។

តែ​គណបក្ស​ភឿថៃ មិន​បាន​ប្រកាស​ថា​គណបក្ស ៦​គណបក្ស​ទៀត​ដើរ​តាម​គណបក្ស​ភឿថៃ យ៉ាង​ណា​ឬ​ទេ គឺ​គ្រាន់តែ​ប្រកាស​ថា គណបក្ស​ភឿថៃ​ខ្លួន​គេ​ផ្ទាល់​កំពុងតែ​ស្វះស្វែង​រក​សម្ព័ន្ធភាព​ថ្មី ហើយ​គណបក្ស​ភឿថៃ​ខ្លួន​គេ​ផ្ទាល់​ជា​គណបក្ស​ដែល​មាន​សិទ្ធិ​ក្នុង​ការ​ជ្រើសរើស​បេក្ខភាព​នាយករដ្ឋមន្ត្រី​ទៅ​សុំ​សេចក្ដី​យល់ព្រម និង​អនុម័ត​ពី​សភា​ទាំង​ពីរ​ថ្នាក់​ដែល​មាន​សំឡេង ៧៥០​សំឡេង។

តើ​គណបក្ស​ភឿថៃ ដែល​ហក់​ចេញពី​សម្ព័ន្ធភាព ៨​គណបក្ស​នេះ​មាន​អ្វី​នៅ​ពីក្រោយ?

រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ នយោបាយ​នៅ​ទីក្រុង​បាងកក មាន​ការ​វិវឌ្ឍ​ជា​ខ្លាំង​ដែល​គណបក្ស​ភឿថៃ កំពុងតែ​ត្រៀម​ដើម្បី​ទទួល​ការ​វិល​មក​វិញ​របស់​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីត​នាយករដ្ឋមន្ត្រី​ថៃ ដែល​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ១៥​ឆ្នាំ​មក​ហើយ​នោះ។

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺជា​ខ្នងបង្អែក​តែ​មួយ​គត់​របស់​គណបក្ស​ភឿថៃ ដែល​កូនស្រី​របស់​លោក គឺ​អ្នកស្រី ផៃថនថាន ស៊ីណាវ៉ាត្រា ក៏​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​ភឿថៃ ផង​ដែរ។

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាន​ប្រកាស​ពី​ខាងក្រៅ​ប្រទេស​មក​ថា នៅ​ថ្ងៃទី​១០ សីហា ខាងមុខ​នេះ លោក​សម្រេច​វិល​ចូល​ប្រទេស​ថៃ​វិញ​ហើយ​នៅ​ក្រោម​បរិយាកាស​នយោបាយ​ដែល​លោក​ប្រកាស​ថា លោក​ចង់​ឃើញ​អ្នក​នយោបាយ​មាន​ការ​បង្រួបបង្រួម​ជាតិ។

អ្នកស្រី ផៃថនថាន បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា ឪពុក​របស់​អ្នកស្រី​កំណត់​ជាក់លាក់​ថា ត្រូវតែ​ចូល​ប្រទេស​វិញ​នៅ​ថ្ងៃទី​១០ ខែ​សីហា នេះ ជាមួយ​នឹង​ការ​ដែល​ត្រូវ​បញ្ចប់​ភាព​និរទេស​ខ្លួន ១៥​ឆ្នាំ។

ប៉ុន្តែ​អ្នកស្រី ផៃថនថាន មិន​បាន​បង្ហើប​ថា ឪពុក​របស់​ខ្លួន​វិល​មក​វិញ​នេះ​នៅ​ក្រោម​បរិយាកាស​ដែល​ត្រូវ​សម្របសម្រួល​ជាមួយ​នឹង​ពួក​យោធា ឬ​យ៉ាង​ណា​នោះ​ទេ តែ​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា អ្នកស្រី ផៃថនថាន និង​គណបក្ស​ភឿថៃ សម្របសម្រួល​ជាមួយ​នឹង​ពួក​យោធា​ដើម្បី​ឲ្យ​លោក ថាក់ស៊ីន វិល​ចូល​ប្រទេស​វិញ​ដោយ​យ៉ាងហោចណាស់​ទទួល​បាន​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ។

កត្តា​នេះ​ដែល​នាំ​ឲ្យ​គណបក្ស​ភឿថៃ ពិបាក​ខ្លាំង​ណាស់​ក្នុង​ការ​ចង​សម្ព័ន្ធភាព​ជាមួយ​ចលនា​ឆ្ពោះ​ទៅ​មុខ ពីព្រោះ​ចលនា​ឆ្ពោះ​ទៅ​មុខ​ឥឡូវ​នេះ​ក្លាយ​ជា​គូប្រជែង​ស្លាប់​រស់​ជាមួយ​ពួក​យោធា​ដែល​មាន​កម្លាំង​នៅ​ក្នុង​រដ្ឋសភា​ទាំង​ពីរ​ថ្នាក់​នេះ។

ទោះជា​យ៉ាងណា​ក៏ដោយ នៅ​ពេលនេះ​ក៏​គេ​ដឹង​ដែរ​ថា មេដឹកនាំ​គណបក្ស​ភូមិឆាតថៃ ដែល​មាន​និន្នាការ​ទៅ​រក​បក្ស​ពួក​យោធា​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ហុងកុង ដើម្បី​ជួប​លោក ថាក់ស៊ីន ហើយ​ដែល​ត្រូវ​គេ​សង្ស័យ​ថា​លោក ថាក់ស៊ីន អាច​នឹង​ដាក់​គំនាប​មក​បក្ស​ភឿថៃ ឲ្យ​សម្រប​ខ្លួន​ត្រូវរ៉ូវ​នឹង​ពួក​យោធា ដើម្បី​ឈាន​ទៅ​ដល់​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​មួយ​ដែល​អាច​មាន​កម្លាំង​នយោបាយ​ថ្មី​ក្រៅពី​សម្ព័ន្ធភាព ៨​គណបក្ស។

បាងកក​ប៉ុស្តិ៍ បង្ហើប​ថា​គណបក្ស​ភឿថៃ កំពុងតែ​សម្លឹង​ទៅ​រក​គណបក្ស​បួន​ធំៗ ដែល​ក្នុង​នោះ​សូម្បី​តែ​គណបក្ស​របស់​ពួក​យោធា គឺ​គណបក្ស​បល្ល័ង្គប្រាចារ៉ាត នឹង​គណបក្ស​ថៃ​រួបរួម​ជាតិ​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ ប្រាយុទ្ធ ចាន់អូចា ក៏​បក្ស​ភឿថៃ​អាច​ចាប់​ដៃ​នឹង​គណបក្ស​ពីរ​នេះ​ដែរ។

នេះ​ជា​កត្តា​មួយ​ដែល​រុញ​ឲ្យ​មាន​ការ​បែកបាក់​សម្ព័ន្ធភាព ៨​គណបក្ស​ដែល​បក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ ព្រមាន​រួច​ស្រេច​ហើយ​បើ​បក្ស​ភឿថៃ​សម្រេច​ចង​សម្ព័ន្ធភាព​នឹង​បក្ស​យោធា គឺ​បក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ នឹង​សម្រេច​ខ្លួន​គេ​ជា​បក្ស​ប្រឆាំង​នៅ​ក្នុង​រដ្ឋសភា។

តែ​អ្នកជំនាញ​មើល​ឃើញ​ថា បក្ស​ភឿថៃ​ពិត​ណាស់​សោកស្ដាយ​ដោយសារតែ​មាន​ការ​បែកបាក់​ពី​បក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ តែ​បក្ស​ភឿថៃ​គ្មាន​ជម្រើស​នោះ​ទេ​ដើម្បី​សម្របសម្រួល​ឲ្យ​លោក ថាក់ស៊ីន វិល​ចូល​រាជាណាចក្រ​ថៃ​វិញ ក្រោម​បរិយាកាស​មួយ​ដែល​ផ្ដល់​ឱកាស​ឲ្យ​លោក ថាក់ស៊ីន វិល​ចូល​ថៃ​វិញ​ដោយ​សុវត្ថិភាព ហើយ​បក្ស​ភឿថៃ​ក៏​មាន​ឱកាស​ដឹកនាំ​រដ្ឋាភិបាល​ទៀត​ផង៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស