34 C
Phnom Penh

លោក ហ៊ុន ម៉ាណែត ថា​សមិទ្ធផល​ធំ​បំផុត​របស់​កម្ពុជា​គឺ​ធនធាន​មនុស្ស​ដែល​ពោរពេញ​ដោយ​សមត្ថភាព សីលធម៌ និង​គុណធម៌

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទាយាទ​ស្នង​មរតក​អំណាច​ត​ត្រកូល​ដែល​កំពុង​ត្រៀម​ខ្លួន​ឡើង​កាន់​តំណែង​នាយករដ្ឋមន្ត្រី​របស់​កម្ពុជា លោក ហ៊ុន ម៉ាណែត លើកឡើង​ថា សមិទ្ធផល​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា គឺជា​ធនធាន​មនុស្ស​ដែល​រឹងមាំ និង​ពោរពេញ​ទៅ​ដោយ​សមត្ថភាព សីលធម៌ និង​គុណធម៌ ដើម្បី​បណ្តុះបណ្តាល​អ្នក​ជំនាន់​ក្រោយ​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត ក្នុង​គោលដៅ​ទ្រទ្រង់​ប្រទេស​ជាតិ​ឱ្យ​កាន់តែ​រឹងមាំ​ទៅ​ថ្ងៃ​មុខ។

កូនប្រុស​មេដឹកនាំ​ក្រាញ​អំណាច​របស់​ត្រកូល​ហ៊ុន គឺ​លោក ហ៊ុន ម៉ាណែត បង្ហោះ​វីដេអូ​ឃ្លីប​មួយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៣ សីហា នេះ​ថា គ្រប់​ដំណាក់កាល​នីមួយៗ រាជរដ្ឋាភិបាល​តែង​កំណត់​យក​ការ​អប់រំ​ធនធាន​មនុស្ស​ជា​វិស័យ​អាទិភាព​បំផុត ដោយ​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​លើ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស ការ​បង្កើត​ការងារ​ដើម្បី​កាត់បន្ថយ​ភាព​ក្រីក្រ។

លោក ហ៊ុន ម៉ាណែត ដែល​នឹង​ត្រៀម​ខ្លួន​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​លើក​បន្តុប​បន្ត​ពី​លោក ហ៊ុន សែន អះអាង​ថា ការ​វិនិយោគ​ដើម្បី​លើក​កម្ពស់​គុណភាព​អប់រំ​នៅ​កម្ពុជា នឹង​នៅតែ​បន្ត​ជា​អាទិភាព​ចម្បង​សម្រាប់​រាជរដ្ឋាភិបាល​ដែល​លោក​នឹង​ដឹកនាំ​នៅ​ថ្ងៃ​មុខ ដូច្នេះ​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​នៅ​តាម​គ្រឹះស្ថាន​អប់រំ​នានា គឺជា​សសរទ្រូង​សម្រាប់​ទ្រទ្រង់​ប្រទេស​ជាតិ​ដ៏​សំខាន់​បំផុត។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​មាន​ការ​រិះគន់​ជា​ហូរហែ​ទៅ​លើ​សមាសភាព​របស់​លោក ហ៊ុន ម៉ាណែត ដែល​ត្រៀម​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​ទី​៧ នេះ ថា​មិនមែន​ជា​ធនធាន​មនុស្ស​ដែល​អាច​ដឹកនាំ​ប្រទេស​បាន​ទៅ​ថ្ងៃ​មុខ​ទេ ខណៈ​រដ្ឋាភិបាល​ដែល​បាន​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ជាង ៤​ទសវត្ស​កន្លងមក​នេះ ក៏​ត្រូវ​គេ​រិះគន់​ថា​បាន​បំផ្លាញ​ធនធាន​មនុស្ស​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣ សីហា នេះ​ថា ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា​នា​ពេល​កន្លងមក បាន​រង​នូវ​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​នានា​ជា​បន្តបន្ទាប់ ថា​បាន​ធ្វើ​ឲ្យ​បាត់បង់​ធនធាន​មនុស្ស​សម្រាប់​កសាង​ប្រទេស​ជាតិ​យ៉ាង​ធ្ងន់ធ្ងរ ដោយសារតែ​ការ​បែងចែក​និន្នាការ​នយោបាយ​របស់​បក្ស​កាន់​អំណាច។

លោក សេក សុជាតិ លើកឡើង​ថា នៅ​ពេល​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​មួយ​ដឹកនាំ​ប្រទេស​ដោយ​បក្ខពួក​ក្រុម​គ្រួសារ​និយម​នោះ ធនធាន​មនុស្ស​របស់​ប្រទេស​នោះ​ក៏​ត្រូវ​បំផ្លាញ​ដោយ​ស្វ័យប្រវត្តិ​ដែរ ព្រោះ​ថា​ធនធាន​មនុស្ស​ដែល​ជា​កម្លាំង​កសាង​ជាតិ​ពិតប្រាកដ​ត្រូវ​បាន​ទុក​ចោល និង​ប្តូរ​មក​វិញ​នូវ​ធនធាន​មនុស្ស​ចេញពី​បក្ខពួក និង​ក្រុម​គ្រួសារ​ដែល​គ្មាន​គុណភាព ត្រូវ​យក​ទៅ​ដឹកនាំ​ប្រទេស​ដែល​ជា​ហេតុ​នាំ​ទៅ​រក​ការ​បំផ្លាញ​ជាតិ​យ៉ាង​ធ្ងន់ធ្ងរ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ បញ្ជាក់​ថា នៅ​ពេល​ដែល​មេដឹកនាំ​នយោបាយ​គិតគូរ​តែ​ពី​ផល​ប្រយោជន៍​បក្ស​ធំ​ជាង​ផល​ប្រយោជន៍​ជាតិ ដើម្បី​តែ​បម្រើ​និន្នាការ​នយោបាយ​របស់​ខ្លួន នោះ​ធនធាន​មនុស្ស​ដែល​គ្មាន​សមត្ថភាព​នឹង​ត្រូវ​តម្រង់​ជួរ​គ្នា​ចូល​បម្រើ​បក្ស ជាជាង​បម្រើ​ជាតិ​ជាមិនខាន ដូច្នេះ​លទ្ធផល​គឺ​ត្រូវ​គេ​ដឹង​ទុក​ជា​មុន​ថា ប្រទេស​ជាតិ​នឹង​ដាំ​ក្បាល​ចុះ​នៅ​ថ្ងៃ​ខាង​មុខ​ដោយ​ចៀស​ពុំ​រួច​ឡើយ។

កម្ពុជា​នៅ​ក្រោម​ការ​ត្រួតត្រា​អស់​រយៈពេល​ជាង ៤០​ឆ្នាំ​របស់​លោក ហ៊ុន សែន ត្រូវ​គេ​មើល​ឃើញ​ថា ដែនដី​សុវណ្ណ​ភូមិ​មួយ​នេះ​កំពុង​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់គ្រង​តាម​បែប​គ្រួសារ​និយម​ដូច​ប្រទេស​កុម្មុយនីស្ត​ផ្ដាច់ការ​ទៅ​ហើយ​សព្វថ្ងៃ​នេះ។ ជាក់ស្តែង នៅ​ពេលនេះ​លោក ហ៊ុន សែន បាន​បង្ហាញ​ពី​អំណាច​ចាត់ចែង​ក្នុង​នាម​ជា​ឪពុក​របស់​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា ដែល​គាត់​បាន​លើក​បន្តុប​នៅ​ក្រោយ​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ កន្លងទៅ​នេះ ដូច្នេះ​ធនធាន​មនុស្ស​ដែល​អាច​ដឹកនាំ​ប្រទេស​ឱ្យ​រីកចម្រើន​មិន​មាន​ឱកាស​នឹង​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​ទេ គឺ​មាន​តែ​បក្ខពួក និង​ក្រុម​គ្រួសារ​សាច់ញាតិ​លោក ហ៊ុន សែន ប៉ុណ្ណោះ​ដែល​អាច​ចូល​ទៅ​ដឹកនាំ​ជាតិ​បាន។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ធ្លាប់​បាន​លើកឡើង​ថា រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន នឹង​ត្រៀម​ផ្ទេរ​ទៅ​ឱ្យ​លោក ហ៊ុន ម៉ាណែត នា​ពេល​ខាងមុខ គ្រាន់តែ​ជា​កងកម្លាំង​ឧទ្ទាម​ដែល​គ្រប់គ្រង និង​ដឹកនាំ​ដោយ​គ្រួសារ​ហ៊ុន​ប៉ុណ្ណោះ មិនមែន​ជា​សមាសភាព​រដ្ឋាភិបាល​សម្រាប់​ដឹកនាំ​ប្រទេស​កម្ពុជា​នោះ​ទេ ព្រោះ​លោក ហ៊ុន ម៉ាណែត មិនមែន​ជា​ធនធាន​មនុស្ស​ដែល​អាច​ដឹកនាំ​ប្រទេស​កម្ពុជា​បាន​ឡើយ ក្រៅតែ​ពី​ទទួល​បញ្ជា​ពី​លោក ហ៊ុន សែន ដែល​ជា​ឪពុក​នោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស