28 C
Phnom Penh

លោក ហ៊ុន សែន ថា​នឹង​វិល​កាន់​តំណែង​នាយករដ្ឋមន្ត្រី​វិញ​បើ​លោក ហ៊ុន ម៉ាណែត មាន​គ្រោះថ្នាក់​ដល់​ជីវិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​រំលោភ​ច្បាប់​ក្រាញ​អំណាច​ត​ត្រកូល​ផ្ដាច់មុខ​នៅ​កម្ពុជា​លោក ហ៊ុន សែន ប្រកាស​ថា លោក និង​អ្នក​នយោបាយ​ចាស់ៗ នឹង​មិន​ព្យាយាម​ជះ​ឥទ្ធិពល​របស់​ខ្លួន​ក្នុង​ការ​សម្រេច​ចិត្ត​របស់​នាយករដ្ឋមន្ត្រី​ថ្មី​នោះ​ទេ ប៉ុន្តែ​លោក​នឹង​វិល​មក​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​វិញ ប្រសិនបើ​លោក ហ៊ុន ម៉ាណែត មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត។

មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប កំពុង​វាត​វង់​អំណាច​ក្នុង​វង្ស​ត្រកូល​លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​ក្រវាត់​ក្រុង​ទី​៣ នៅ​ថ្ងៃទី​៣ ខែ​សីហា ឆ្នាំ​២០២៣ នេះ​ថា ទោះបីជា​នាយករដ្ឋមន្ត្រី​ថ្មី​ត្រូវ​ដឹកនាំ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ គឺ​ជា​លោក ហ៊ុន ម៉ាណែត ក៏ដោយ ក៏​អ្នក​នយោបាយ​ចាស់ៗ​នៅតែ​មិន​ទាន់​ចាកចេញ​ពី​ឆាក​នយោបាយ​ដែរ ជាក់ស្តែង​ដូចជា​រូបលោក​ផ្ទាល់ នៅតែ​មាន​តួនាទី​សំខាន់​ក្នុង​កិច្ចការ​នយោបាយ​ដដែល​ក្នុង​នាម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។

មេដឹកនាំ​ខ្មែរ​ដែល​កំពុង​រុញ​ឱ្យ​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​ការ​ដឹកនាំ​តាម​បែប​ក្រុម​គ្រួសារ​និយម​លោក ហ៊ុន សែន លើកឡើង​ថា អ្នក​នយោបាយ​ចាស់ៗ​ដែល​មិន​ទាន់​ចាកចេញ​ពី​ឆាក​នយោបាយ មិនមែន​មាន​តែ​រូបលោក​ទេ គឺ​មាន​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ៤​រូប និង​សមាជិក​ការិយាល័យ​នយោបាយ​ជាច្រើន​រូប​ទៀត ដែល​មួយ​ចំនួន​ក្នុង​ចំណោម​នោះ​គឺ​មាន​តួនាទី​នៅ​ក្នុង​ស្ថាប័ន​រដ្ឋសភា និង​មួយ​ចំនួន​ទៀត គឺ​ស្ថិត​នៅ​ក្នុង​ស្ថាប័ន​ព្រឹទ្ធសភា​ផង​ដែរ។

អ្នក​នយោបាយ​ដែល​ពលរដ្ឋ​ខ្មែរ​ចាត់ទុក​ជា​មេដឹកនាំ​បំផ្លាញ​កម្ពុជា​ដល់​ឫសគល់ លោក ហ៊ុន សែន បញ្ជាក់​ថា ទោះ​ជា​លោក​សន្យា​ថា​នឹង​មិន​ព្យាយាម​ជះ​ឥទ្ធិពល​ក្នុង​ការ​សម្រេច​ចិត្ត​របស់​នាយករដ្ឋមន្ត្រី​ថ្មី រដ្ឋមន្ត្រី​តាម​ក្រសួង ស្ថាប័ន ឬ​ក៏​ការ​សម្រេច​ចិត្ត​របស់​រាជរដ្ឋាភិបាល​ក៏ដោយ តែ​ការ​សម្រេច​របស់​ពួកគេ​ធ្វើ​យ៉ាងណា​ក៏ដោយ​កុំ​ឱ្យ​ខុសពី​គោលនយោបាយ​គណបក្ស​ដែល​បាន​សន្យា​ចំពោះ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត គឺ​ត្រូវ​យក​គោលនយោបាយ​ទាំងនោះ​ទៅ​ច្នៃ​ក្នុង​ការ​ដឹកនាំ​ឱ្យ​មាន​ភាព​ជឿនលឿន​ទៅ​មុខ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ប្រកាស​លាលែង​តំណែង​ជា​នាយករដ្ឋមន្ត្រី និង​ប្រកាស​ផ្ទេរ​តំណែង​ឱ្យ​កូនប្រុស​របស់​គាត់​ក្នុង​ការ​ដឹកនាំ​កម្ពុជា​ទៅ​ថ្ងៃ​មុខ​កាលពី​ពេល​ថ្មីៗ​នេះ។

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣ សីហា នេះ​ថា លោក​មើល​មិន​ឃើញ​ទេ​ថា ឥទ្ធិពល​របស់​លោក ហ៊ុន សែន នឹង​មិន​ជ្រៀតជ្រែក​កិច្ចការ​រដ្ឋាភិបាល​ថ្មី​ដែល​នឹង​ដឹកនាំ​ដោយ​កូនប្រុស​របស់​គាត់​នោះ ព្រោះ​តំណែង​ដែល​គាត់​ធ្លាប់​ប្រកាស​កាលពី​ពេល​កន្លងទៅ ដូចជា​ការ​បន្ត​ធ្វើជា​ប្រធាន​បក្ស ប្រធាន​ព្រឹទ្ធសភា និង​ប្រធាន​ឧត្ដមក្រុមប្រឹក្សា​ព្រះមហាក្សត្រ គឺ​សុទ្ធតែ​ជា​តួនាទី​ដែល​មាន​អំណាច​បញ្ជា​លើ​នាយករដ្ឋមន្ត្រី និង​ចាត់ចែង​កិច្ចការ​របស់​រដ្ឋាភិបាល​ពេញ​ទាំងអស់។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា លោក ហ៊ុន ម៉ាណែត នៅ​ពេលនេះ​ស្ថិត​ក្នុង​ដំណាក់កាល​ហាត់​រៀន​ដឹកនាំ​ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី​ប៉ុណ្ណោះ ដែល​មាន​ន័យ​ថា គាត់​ត្រូវការ​ឪពុក​របស់​គាត់​ជួយ​ដឹកនាំ​មុខ បង្ហាញ​ប្រាប់ និង​ណែនាំ​នៅឡើយ ព្រោះ​គាត់​មិនទាន់​មាន​សមត្ថភាព​ដឹកនាំ ឬ​ធ្វើការ​សម្រេច​ចិត្ត​ដោយ​ខ្លួនឯង​ទេ ខណៈ​លោក ហ៊ុន សែន ក៏​ប្រើ​ពេលវេលា​នេះ​ដើម្បី​តាមដាន​មើល​សមត្ថភាព​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត ដែរ ដើម្បី​ឱ្យ​ប្រាកដ​ក្នុង​ចិត្ត​ថា នៅ​ពេល​ដែល​អវត្តមាន​គាត់​ទៅ កូន​របស់​គាត់​មាន​ជំហរ និង​សមត្ថភាព​ពេញលេញ​ដូច​ការ​រៀបចំ​របស់​គាត់​ជា​យូរ​មក​ហើយ​នោះ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ បញ្ជាក់​ថា តួនាទី​ធំៗ​ទាំង ៣ ខាងលើ​របស់​លោក ហ៊ុន សែន និង​តួនាទី​ជា​នាយករដ្ឋមន្ត្រី​កូនប្រុស​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត បង្ហាញ​ពី​ការ​រៀបចំ​សែស្រឡាយ​អំណាច​កាន់តែ​ធំៗ​ក្នុង​រង្វង់​ក្រុម​គ្រួសារ​របស់​គាត់​ផង និង​ជា​ការ​រៀបចំ​សេនារីយ៉ូ​អំណាច​ដែល​ទំនង​ជា​បើក​ផ្លូវ​ឱ្យ​លោក ហ៊ុន សែន បោះ​ជំហាន​ទៅ​កាន់​តួនាទី​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ ដែល​កាន់តែ​មាន​អំណាច​លើសលប់​ទៅ​លើ​ស្ថាប័ន​កំពូលៗ​របស់​ជាតិ​ទាំង ៣ ទៅ​ថ្ងៃ​មុខ​ផង​ដែរ ដើម្បី​ជួយ​សម្រួល​រាល់​ការ​ជាប់​គាំង​នយោបាយ​ឱ្យ​កូនប្រុស​របស់​គាត់។

ទាក់ទិន​នឹង​បញ្ហា​នេះ កាល​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​អះអាង​ថា បន្ទាប់ពី​លាលែង​តំណែង​ជា​នាយករដ្ឋមន្ត្រី លោក​នឹង​កាន់កាប់​តំណែង​ជា​ប្រធាន​គណបក្ស​ទៅ​ថ្ងៃ​មុខ​បន្ត​ទៀត ព្រោះ​ថា​ប្រសិនបើ​នាយករដ្ឋមន្ត្រី​ថ្មី និង​គណៈរដ្ឋមន្ត្រី​ថ្មី​អនុវត្ត​ខុសពី​គោលជំហរ​គណបក្ស នោះ​លោក​នឹង​មាន​សិទ្ធិ​ដក​តំណែង​របស់​ពួកគេ​គ្រប់​ពេល​ទាំងអស់ ត្បិត​នៅ​កម្ពុជា ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណបក្ស ដូច្នេះ​បក្ស​ត្រូវតែ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​គ្រប់គ្រង​អ្នក​ទាំងនោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស