មេ​រដ្ឋប្រហារ​យោធា​ភូមា ឧត្ដមសេនីយ៍ មីន អ៊ុងឡាំង (Min Aung Hlaing) និង​អ្នកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi)។

ព័ត៌មានអន្តរជាតិ

របប​សឹក​ភូមា​កំពុង​លេង​ល្បែង​នយោបាយ​គ្មាន​សច្ចភាព​នៅ​ចំពោះ​មុខ​សហគមន៍​អន្តរជាតិ

By ឌឹ ខេមបូឌា ដេលី

August 06, 2023

របប​សឹក​ភូមា ដែល​ប្លន់​អំណាច​ពី​រដ្ឋាភិបាល​ប្រជាធិបតេយ្យ កំពុងតែ​លេង​ល្បែង​នយោបាយ​ថ្មី​មួយ​ទៀត​នៅ​ចំពោះ​មុខ​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ ជាពិសេស​សមាគម​អាស៊ាន ដោយ​ការ​បន្ធូរបន្ថយ​ទោស​អ្នក​នយោបាយ​ល្បីៗ​នៅ​ក្នុង​ប្រទេស​នេះ ដែល​ពួកគេ​កំពុង​រង​ការ​ដាក់​ទណ្ឌកម្ម​ឲ្យ​មាន​ទោស​ម្នាក់ៗ​រាប់​សិប​ឆ្នាំ។

កាលពី​ថ្ងៃទី​១ សីហា របប​សឹក​ភូមា​បាន​កាត់​បន្ថយ​ទោស​លើ​អ្នកស្រី អ៊ុងសាន ស៊ូជី ដោយ​ទម្លាក់​ទោស ៦​ឆ្នាំ​ក្នុង​ទោស​សរុប ៣៣​ឆ្នាំ ដែល​អ្នកស្រី អ៊ុងសាន ស៊ូជី ត្រូវ​បាន​ចោទ​ក្នុង​សំណុំរឿង ១៩​ករណី។ ចំណែក​ឯ​ប្រធានាធិបតី មីន វីយីន ក៏​ត្រូវ​បាន​ទម្លាក់​ទោស ៤​ឆ្នាំ ខណៈ​បុរស​នេះ​មាន​ទោស​រាប់​សិប​ឆ្នាំ​ដូច​នឹង​អ្នកស្រី ស៊ូជី ផង​ដែរ។

យ៉ាងតិច​ណាស់​អ្នកទោស​មនសិការ ១២៥​នាក់​ត្រូវ​បាន​បន្ធូរបន្ថយ​ទោស​នៅ​ក្រោម​ហេតុផល​ដែល​ពួក​យោធា​អះអាង​ថា យោង​ទៅ​លើ​ពិធីបុណ្យ​សាសនា​ដែល​ជា​ខែ​ចូល​ព្រះវស្សា​នៃ​អ្នកបួស​ទាំងអស់​ដែល​ដើរ​តាម​សាសនា​ព្រះពុទ្ធ។

ភូមា​ជា​ប្រទេស​មួយ​ដែល​ប្រតិបត្តិ​សាសនា​ព្រះពុទ្ធ​ម៉ត់ចត់​ជាងគេ ប៉ុន្តែ​ការ​ដែល​របប​សឹក​ភូមា​បន្ធូរបន្ថយ​ទោស​អ្នកទោស​នយោបាយ​ដូចនេះ មាន​ករណី​ពីរ​យ៉ាងតិច​នៅ​ពីក្រោយ​របប​សឹក​នេះ ដែល​មិន​គិត​ពី​ពួក​យោធា​សម្រាល​ទោស​អ្នក​នយោបាយ​ប្រឆាំង​ដោយ​ហេតុផល​បុណ្យ​សាសនា។

តើ​កត្តា​អ្វី​ខ្លះ​ដែល​ពួក​យោធា​ភូមា​ផ្លាស់ប្ដូរ​ល្បែង​នយោបាយ​របស់​ខ្លួន​បន្តិច​ម្ដងៗ​នៅ​ចំពោះ​មុខ​សម្ពាធ​អន្តរជាតិ ?

ទោះ​ជា​ពួក​យោធា​បង្ហាញ​ជំហរ​របស់​ខ្លួន​ដូចនេះ គឺជា​រឿង​ដែល​ពួក​យោធា​ភូមា​ផ្ដេកផ្ដួល​ទៅ​លើ​សាសនា​ក្តី តែ​ធាតុ​ពិត​វា​មិនមែន​រឿង​ដូចនេះ​ទេ ដែល​គេ​ថា​វា​គ្រាន់តែ​ជា​ល្បែង​ល្បិច​របស់​ពួក​យោធា​តែប៉ុណ្ណោះ ដើម្បី​ប្រាប់​ទៅ​សហគមន៍​អន្តរជាតិ​ថា ពួកគេ​មាន​ចេតនា​ចង់​បន្ធូរបន្ថយ​ស្ថានភាព​តានតឹង និង​ហិង្សា​នៅ​ក្នុង​សង្គម​ប្រទេស​ភូមា។

ហេតុការណ៍​នេះ​នាំ​ឱ្យ​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា ពួក​យោធា​ភូមា​មាន​រឿងរ៉ាវ​នៅ​ពីក្រោយ​យ៉ាងតិច​ពីរ​ករណី៖

តើ​ពួក​យោធា​ភូមា បង្ហាញ​ពី​សច្ចភាព​របស់​ខ្លួន​ដែរ​ឬ​ទេ ?

លោក Phil Robertson នាយករង​អង្គការ Human Rights Watch ប្រចាំ​តំបន់​អាស៊ី​យល់​ថា ក្រុម​យោធា​ភូមា​កំពុង​ស្វះស្វែង​បង្ហាញ​ពី​ភាព​សមហេតុ​ផល​របស់​ខ្លួន និង​ចេតនា​ចង់​ចរចា​តាមរយៈ​ការ​បន្ថយ​ទោស តែ​តាម​ការពិត គឺ​គ្មាន​ទេ។ ការ​កាត់​បន្ថយ​ទោស​ជា​លក្ខណៈ​ផ្ដាច់ការ​នៃ​របប​យក​ប្រព័ន្ធ​តុលាការ​របស់​ខ្លួន​ដែល​កាត់ទោស​តាម​តែ​ចិត្ត ហើយ​អ្នក​ជាប់​ទោស​មិន​បាន​ដឹង​ច្បាស់លាស់​អំពី​ទោស​របស់​ខ្លួន​ជា​ទោស​អ្វី​ផង​នោះ។

អ្នក​សង្កេតការណ៍ និង​អ្នកវិភាគ​មួយ​ចំនួន​ក៏​យល់ស្រប​នឹង​ទស្សនៈ​របស់​លោក Phil Robertson ផង​ដែរ។ ក្រុម​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា របប​សឹក និង​របប​ផ្ដាច់ការ​ចូលចិត្ត​លេង​ហ្គេម (Game) បែប​វាយ​ចំអក​សហគមន៍​អន្តរជាតិ និង​អ្នក​ប្រជាធិបតេយ្យ ដែល​ពួកគេ​លេង​បែប​នេះ​ដើម្បី​កំដរ​ជីវិត និង​អំណាច​របស់​ពួកគេ​តែប៉ុណ្ណោះ។ របប​សឹក និង​របប​ផ្ដាច់ការ​នេះ​មិន​មាន​សច្ចភាព​ឡើយ។ ពួកគេ​ដឹកនាំ​ប្រទេស​ពោរពេញ​ដោយ​ការ​លេង​ល្បែង​ប្រជាភិថុតិ​បោក​បញ្ឆោត​ប្រជាជន​តែប៉ុណ្ណោះ។ របប​ពីរ​នេះ​ដឹកនាំ​ប្រទេស​ដោយ​យក​ជើង​ដើរ​ជាន់​ឈាម​ប្រជាជន ដូចជា​របប​សឹក​ភូមា​នេះ​ដែរ ដែល​សម្លាប់​ប្រជាជន​យ៉ាង​រង្គាល​ក្រោម​ហេតុផល​ពង្រឹង​អំណាច​របស់​ខ្លួន។

បើ​តាម​អង្គការ​សហប្រជាជាតិ អំពើ​ហិង្សា​ក្នុង​សង្គម​នៃ​របប​សឹក​បាន​បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋ​ជាង ៣០០០​នាក់​បាត់បង់​ជីវិត និង​ជាង ២​ម៉ឺន ៤​ពាន់​នាក់​ត្រូវ​ចាប់​ខ្លួន ហើយ​ជាង ១​លាន​នាក់​ត្រូវ​បង្ខំ​ចិត្ត​រត់​ភៀស​ខ្លួន។

ទាំង​អង្គការ​សហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ​មាន​ដូចជា​សហរដ្ឋ​អាមេរិក សមាគម​អាស៊ាន សហភាព​អឺរ៉ុប ប្រទេស​ជប៉ុន អូស្ត្រាលី កាណាដា បាន​អំពាវនាវ​ឱ្យ​ពួក​យោធា​ដោះលែង​អ្នកទោស​នយោបាយ និង​រៀបចំ​ការ​បោះឆ្នោត​មួយ​មាន​លក្ខណៈ​សេរី និង​បើក​ចំហ ប៉ុន្តែ​គ្រប់​ការ​ចរចា និង​ការ​សម្របសម្រួល​គ្មាន​បាន​លទ្ធផល​អ្វី​ទាំងអស់។

ឥឡូវ​នេះ របប​សឹក​បន្ត​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ថែម​ទៀត។ មាន​ន័យ​ថា ការ​រៀបចំ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០២៣ នេះ គឺ​គ្មាន​ទេ។ ការ​រៀបចំ​ការ​បោះឆ្នោត​អាច​ធ្វើ​បាន លុះត្រាតែ​ពួក​យោធា​ដឹង​ច្បាស់​ថា​បក្ស​របស់​ខ្លួន​អាច​ឈ្នះ​ឆ្នោត ហើយ​ស្ថាប័ន​បោះឆ្នោត​នេះ​ត្រូវតែ​ស្ថិត​នៅ​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​ខ្លួន៕