ព័ត៌មានអន្តរជាតិ

ជប៉ុន​ថ្កោលទោស​រុស្ស៊ី​គំរាម​បញ្ឆេះ​សង្គ្រាម​នុយក្លេអ៊ែរ ខណៈ​ក្រុង​តូក្យូ​រំលឹក​ខួប​ទម្លាក់​គ្រាប់បែក​បរមាណូ

By ឌឹ ខេមបូឌា ដេលី

August 09, 2023

កាលពី​ថ្ងៃ​អាទិត្យ ទី​៦ ខែ​សីហា នេះ​ជា​គម្រប់​ខួប ៧៨​ឆ្នាំ​នៃ​ការ​ទម្លាក់​គ្រាប់បែក​បរមាណូ​លើ​កោះ​ហ៊ីរ៉ូស្ហ៊ីម៉ា នៃ​ប្រទេស​ជប៉ុន ដោយ​កងទ័ព​អាកាស​សហរដ្ឋ​អាមេរិក។ តែ​ក្នុង​ឱកាស​នោះ លោក​នាយករដ្ឋមន្ត្រី​ជប៉ុន ហ្វូមីអូ គីស៊ីដា បាន​ថ្កោលទោស​រុស្ស៊ី​ដែល​គំរាមកំហែង​ចង់​បញ្ឆេះ​សង្គ្រាម​នុយក្លេអ៊ែរ​វាយប្រហារ​ទៅ​លើ​ទឹកដី​អ៊ុយក្រែន ទៅ​វិញ។

នៅ​ក្នុង​ពិធី​ប្រារព្ធ​ខួប ៧៨​ឆ្នាំ​នៃ​ការ​ទម្លាប់​គ្រាប់បែក​បរមាណូ​លើ​កោះ​ហ៊ីរ៉ូស្ហ៊ីម៉ា និង​ណាកាសាគី ដែល​មាន​អ្នក​ចូលរួម​ជា​ជនរងគ្រោះ និង​ឥស្សរជន​បរទេស​មក​ពី ១១១​ប្រទេស តែ​លើក​នេះ​ពុំ​មាន​តំណាង​ប្រទេស​រុស្ស៊ី និង​បេឡារុស នោះ​ទេ។ លោក ហ្វូមីអូ គីស៊ីដា បាន​លើកឡើង​ពី​សោកនាដកម្ម​ដែល​ប្រជាជន​ជប៉ុន​រងគ្រោះ​ស្លាប់​បាត់បង់​ជីវិត។ ប៉ុន្តែ​សារ​របស់​លោក ហ្វូមីអូ គីស៊ីដា បាន​លើកឡើង​យ៉ាង​ច្រើន​ឆ្លើយតប​ទៅ​នឹង​សារ​របស់​មេដឹកនាំ​វិមាន​ក្រឹមឡាំង ដែល​គំរាម​វាយប្រហារ​ទៅ​លើ​ទឹកដី​អ៊ុយក្រែន ដោយ​ក្បាលគ្រាប់​នុយក្លេអ៊ែរ។

នាយករដ្ឋមន្ត្រី​ជប៉ុន​ចាត់ទុក​សារ​របស់​មេដឹកនាំ​រុស្ស៊ី ថា​ជា​ការ​បង្ហាញ​កំហឹង​ដ៏​ឈឺចាប់​ចំពោះ​សាច់ញាតិ​ជនរងគ្រោះ​ដែល​បាន​បាត់បង់​គ្រួសារ​របស់​ពួកគេ​ដោយសារ​ការ​ទម្លាក់​គ្រាប់បែក​បរមាណូ​លើ​កោះ​ហ៊ីរ៉ូស្ហ៊ីម៉ា និង​ណាកាសាគី។

បើ​និយាយ​ទៅ​មាន​តែ​ជប៉ុន​មួយ​គត់​ដែល​បាន​រងគ្រោះ​ពី​ការ​វាយប្រហារ​ដោយ​អាវុធ​ប្រល័យ​លោក​នេះ​ក្នុង​សម័យ​សង្គ្រាម​លោក។

លោក​នាយករដ្ឋមន្ត្រី ហ្វូមីអូ គីស៊ីដា បាន​ថ្លែង​ថា សហគមន៍​អន្តរជាតិ​ត្រូវតែ​បញ្ចេញ​សំឡេង​រួម​តែ​មួយ​ប្រឆាំង​នឹង​ការ​ប្រើ​អាវុធ​នុយក្លេអ៊ែរ។

ជាមួយ​គ្នា​នេះ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ អង់តូនីញ៉ូ ហ្គូទែរេស ក៏​បាន​ថ្លែង​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​លោក​ថា គ្រាប់បែក​បរមាណូ​លើ​កោះ​ហ៊ីរ៉ូស្ហ៊ីម៉ា និង​ណាសាគី ជា​ការ​បញ្ជាក់​អំពី​ការ​សោកស្តាយ​បំផុត​ដែល​ប្រទេស​ខ្លះ​នៅតែ​យក​អាវុធ​នុយក្លេអ៊ែរ​មក​គំរាម​ប្រល័យ​លោក។

ការ​ទម្លាក់​គ្រាប់បែក​បរមាណូ​លើ​កោះ​ហ៊ីរ៉ូស្ហ៊ីម៉ា ថ្ងៃទី​៦ ខែ​សីហា ឆ្នាំ​១៩៤៥ បាន​សម្លាប់​មនុស្ស​ប្រមាណ ១៤​ម៉ឺន​នាក់ ហើយ​មនុស្ស​ប្រមាណ ៧​ម៉ឺន ៤​ពាន់​នាក់​បាន​ស្លាប់​នៅ​ណាកាសាគី។

ចំពោះ​មេដឹកនាំ​រុស្ស៊ី ដែល​គំរាម​បាញ់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ជា​អាវុធ​ប្រល័យ​លោក​ទៅ​លើ​ទឹកដី​នៃ​ប្រទេស​អ៊ុយក្រែន គឺ​លោក ឌីមិតទ្រី មីដវិនឌៀវ អតីត​ប្រធានាធិបតី​ដែល​បច្ចុប្បន្ន​ជា​នាយករង​ទី​១ នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​រុស្ស៊ី​បន្ទាប់ពី​លោក វ្លាឌីមៀ ពូទីន។ លោក មីដវិនឌៀវ ព្រមាន​ថា ប្រសិនបើ​អ៊ុយក្រែន​វាយ​យក​បាន​ទឹកដី​ទាំងអស់​ពី​រុស្ស៊ី​មក​វិញ រាប់​ទាំង​ឧបទ្វីប​គ្រីមៀ មាន​តែ​សង្គ្រាម​នុយក្លេអ៊ែរ​ទេ​ដែល​ត្រូវ​បញ្ចប់​សង្គ្រាម។

ឥឡូវ​នេះ រុស្ស៊ី​បញ្ជូន​គ្រាប់​នុយក្លេអ៊ែរ​ទៅ​ដាក់​ពង្រាយ​ខ្លះៗ​ហើយ​នៅ​លើ​ទឹកដី​នៃ​ប្រទេស​បេឡារុស ដែល​មាន​ព្រំដែន​ជាប់​នឹង​អ៊ុយក្រែន ហើយ​ក៏​ជាប់​នឹង​ប្រទេស​ប៉ូឡូញ និង​ប្រទេស​លីទុយអានី ដែល​ជា​សមាជិក​យោធា​ណាតូ​ដែរ។

ប្រធានាធិបតី​បេឡារុស លោក អាឡិចហ្សង់ឌឺ លូកាឆេនកូ ដែល​ពួក​បស្ចិម​ប្រទេស​ហៅថា​ជា​អាយ៉ង​លោក​ប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀ ពូទីន ក៏​បាន​ព្រមាន​ថា បើ​ប្រទេស​របស់​លោក​ធ្លាក់​ក្នុង​ការ​ឈ្លានពាន​ពី​ប្រទេស​ណា​ក៏ដោយ គឺ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដែល​មាន​នៅ​លើ​ទឹកដី​របស់​លោក​ស្រាប់​ហើយ​នេះ នឹង​ត្រូវតែ​ប្រើប្រាស់​វា​ដើម្បី​ការពារ​ទឹកដី​របស់​បេឡារុស។

ចំណែក​សហរដ្ឋ​អាមេរិក​ជា​ប្រទេស​មាន​ក្បាល​គ្រប់​អាវុធ​ប្រល័យ​លោក​នេះ​លំដាប់​ទី​២ បន្ទាប់ពី​រុស្ស៊ី បាន​ចេញ​សារ​ព្រមាន​ទាំង​រុស្ស៊ី និង​បេឡារុស ថា កុំ​បង្ក​សង្គ្រាម​អាវុធ​នេះ​ឱ្យ​សោះ ដែល​វា​មិន​ត្រឹម​គ្រោះថ្នាក់​ប្រទេស​រងគ្រោះ​នោះ​ទេ គឺ​វា​អាច​គ្រោះថ្នាក់​ចំពោះ​ប្រទេស​ដែល​បង្ក​សង្គ្រាម​នុយក្លេអ៊ែរ​នេះ​ដែរ។

យ៉ាងណា​ក៏ដោយ ភាព​ផុយ​ស្រួយ​នៃ​ការ​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ​នេះ គឺ​ងាយ​បំផុត។ តាម​ដំណឹង​មក​ថា រុស្ស៊ី​ដាក់​ពង្រាយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​តាម​ព្រំដែន​ជាប់​នឹង​អ៊ុយក្រែន​ទៅ​ហើយ។

នៅ​លើ​ពិភពលោក​នេះ ប្រទេស​ដែល​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ គឺ​មាន ៩​ប្រទេស រួម​មាន៖

  1. រុស្ស៊ី មាន ៥៨៨៩​គ្រាប់
  2. អាមេរិក មាន ៥២២៤​គ្រាប់
  3. ចិន មាន ៤១០​គ្រាប់
  4. បារាំង មាន ២៩០​គ្រាប់
  5. អង់គ្លេស មាន ២២៥​គ្រាប់
  6. ប៉ាគីស្ថាន មាន ១៧០​គ្រាប់
  7. ឥណ្ឌា មាន ១៦៤​គ្រាប់
  8. អ៊ីស្រាអែល មាន ៩០​គ្រាប់ និង
  9. កូរ៉េខាងជើង មាន ៣០​គ្រាប់។

ចំណែក​សហរដ្ឋ​អាមេរិក បាន​ដាក់​ពង្រាយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​នៅ​អឺរ៉ុប​មាន ៥​ប្រទេស គឺ៖

  1. អ៊ីតាលី មាន ៣៥​គ្រាប់
  2. តួកគី មាន ២០​គ្រាប់
  3. អាល្លឺម៉ង់ ១៥​គ្រាប់
  4. បែលហ្ស៊ិក ១៥​គ្រាប់ និង
  5. ហុឡង់ដ៍ មាន ១៥​គ្រាប់។

នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ www.icanw.org/nuclear_arsenals