32 C
Phnom Penh

លោក ហ៊ុន សែន សម្រេច​ពង្រីក​ផ្ទៃដី​ឧទ្យាន​ជាតិ​កែប​និង​ដែន​ជម្រក​សត្វព្រៃ​គូលែន​ព្រហ្មទេព​ដើម្បី​ថែរក្សា​ជា​សម្បត្តិ​ធម្មជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន សម្រេច​ពង្រីក​ផ្ទៃដី​ឧទ្យាន​ជាតិ​កែប​ពី​ទំហំ ១១៥២​ហិកតារ ទៅ​ជា ១២៣០​ហិកតារ និង​ដែន​ជម្រក​សត្វព្រៃ​គូលែន​ព្រហ្មទេព ដែល​នឹង​ពង្រីក​ពី ៤០២៥០០​ហិកតារ​ទៅ​ជាង ៤២៨៩៧១​ហិកតារ ក្នុង​គោលបំណង​ធានា​ការពារ​ថែរក្សា​សោភណភាព​ធម្មជាតិ និង​ទេសភាព​ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវចម្រុះ​សម្រាប់​វិទ្យាសាស្ត្រ ការ​អប់រំ ការ​សិក្សា​ស្រាវជ្រាវ និង​ការ​កម្សាន្ត ជាដើម។

មេដឹកនាំ​ខ្មែរ​ដែល​កំពុង​ផ្ទេរ​អំណាច​បន្ត​ត្រកូល​លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​មួយ​កាលពី​ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០២៣ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៨ សីហា នេះ បាន​សម្រេច​ពង្រីក​ឧទ្យាន​ជាតិ​កែប​បន្ថែម​ទៀត​ក្នុង​ទំហំ​ផ្ទៃដី ៧៨​ហិកតារ និង​ដែន​ជម្រក​សត្វព្រៃ​គូលែន​ព្រហ្មទេព ក្នុង​ទំហំ​ដី ២៤៧១​ហិកតារ​ផង​ដែរ ដើម្បី​រក្សា​លំនឹង​បរិស្ថាន រួម​ចំណែក​កាត់បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ និង​ហានិភ័យ​គ្រោះ​មហន្តរាយ​ធម្មជាតិ។ លើស​ពី​នេះ ក៏​ដើម្បី​លើក​កម្ពស់​តួនាទី​សក្ដានុពល និង​កិត្យានុភាព​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​ដើម្បី​ឆ្លើយតប​ទៅ​នឹង​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ផង​ដែរ។

មេដឹកនាំ​ខ្មែរ​ដែល​ល្មោភ​អំណាច​ត​កូន​ត​ចៅ​លោក ហ៊ុន សែន បាន​អះអាង​ក្នុង​អនុក្រឹត្យ​ខាងលើ​នេះ​ថា ការ​ពង្រីក​ឧទ្យាន​ជាតិ​កែប និង​ដែន​ជម្រក​សត្វព្រៃ​គូលែន​ព្រហ្មទេព​នេះ ក៏​ដើម្បី​ជំរុញ និង​លើក​កម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម និង​សហគមន៍​មូលដ្ឋាន ដើម្បី​រួម​ចំណែក​ក្នុង​កិច្ច​គាំពារ​បរិស្ថាន​ផង​ដែរ បន្ថែម​ពី​លើ​ការ​ផ្តល់​នូវ​ការ​ផលិត និង​ការ​ផ្តល់​នូវ​សេវាកម្ម​ធម្មជាតិ​សម្រាប់​ប្រើប្រាស់​ដោយ​ចីរភាព​ទៅ​ថ្ងៃ​មុខ។

មេដឹកនាំ​ខ្មែរ​ដែល​កំពុង​ក្តាប់​អំណាច​តាម​បែប​ផ្ដាច់ការ​លោក ហ៊ុន សែន បញ្ជាក់​ថា ក្រសួង​បរិស្ថាន​មាន​សមត្ថកិច្ច​ត្រូវ​រៀបចំ​កែប្រែ និង​គ្រប់គ្រង​តំបន់​ឧទ្យាន​ជាតិ​កែប និង​ដែន​ជម្រក​សត្វព្រៃ​គូលែន​ព្រហ្មទេព ដោយ​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋបាល​ខេត្ត ដើម្បី​ធានា​ដល់​ការ​គ្រប់គ្រង​បរិស្ថាន ការ​អភិរក្ស​ជីវចម្រុះ ការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​និរន្តរភាព និង​ការ​រស់នៅ​ប្រកប​ដោយ​ចីរភាព ស្រប​តាម​លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន។

ការ​ចេញ​អនុក្រឹត្យ​ពង្រីក​ផ្ទៃដី​តំបន់​ការពារ​ទាំង​ពីរ​ខាងលើ​នេះ ធ្វើឡើង​ស្រប​ពេល​ការ​សម្បទាន​ដី​នៅ​តាម​ឧទ្យាន​ជាតិ​នានា​នៅ​តាម​បណ្តា​ខេត្ត​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ធ្វើ​ជា​កម្មសិទ្ធិ កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ហូរហែ​សព្វថ្ងៃ​នេះ។

កាលពី​ថ្ងៃទី​០១ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៣ អតីត​ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​នរោត្តម សីហនុ បាន​ឡាយព្រះហស្តលេខា​លើ​ព្រះរាជ្យក្រឹត្យ​មួយ​សម្រេច​បង្កើត​ឧទ្យាន​ជាតិ​កែប​លើ​ទំហំ​ផ្ទៃដី ៥​ពាន់​ហិកតារ (៥០០០​ហិកតារ) ស្មើ​នឹង ៥០​គីឡូម៉ែត្រ​ក្រឡា ដែល​មាន​ព្រំប្រទល់​ខាងជើង​ជាប់​នឹង​ផ្លូវជាតិ​លេខ​១៦ ខាងត្បូង​ជាប់​នឹង​ឆ្នេរសមុទ្រ ហើយ​ខាងកើត និង​ខាងលិច​ជាប់​នឹង​ផ្លូវជាតិ​លេខ​១៦២។

យ៉ាងណា​ក៏ដោយ នៅ​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​២០១០ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​មួយ​សម្រេច​កែប្រែ​ឧទ្យាន​ជាតិ​ដែល​មាន​ទំហំ​ផ្ទៃដី ៥​ពាន់​ហិកតារ​នេះ​មក​នៅ​ត្រឹមតែ ១១៥២​ហិកតារ​វិញ។

ទាក់ទិន​នឹង​បញ្ហា​នេះ ដី​នៅ​ក្នុង​តំបន់​ឧទ្យាន​ខេត្ត​កែប ក៏​ត្រូវ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក ហ៊ុន សែន កាត់​ឆ្វៀល​ឱ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើ​ជា​កម្មសិទ្ធិ​ជា​បន្តបន្ទាប់​ផង​ដែរ។ ជាក់ស្តែង កាលពី​ថ្ងៃទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​កាត់​ដី​ឧទ្យាន​ជាតិ​កែប​ទំហំ ២៩​ហិកតារ​ស្ថិត​ក្នុង​សង្កាត់​ព្រៃធំ ក្រុង​កែប ខេត្ត​កែប ដើម្បី​ជួល​ទៅ​ឱ្យ​ក្រុមហ៊ុន វ័នម័រ (One More Ltd) របស់​អ្នកឧកញ៉ា ជឹង សុគន្ធាវី សម្រាប់​ប្រែ​ក្លាយ​ទីតាំង​នោះ​ទៅ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ។

ចំណែក​ដែន​ជម្រក​សត្វព្រៃ​គូលែន​ព្រហ្មទេព ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ថ្ងៃទី​១ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៣ ដែរ​តាម​ព្រះរាជ្យក្រឹត្យ​ដែល​បាន​ឡាយព្រះហស្តលេខា​ដោយ​សម្តេច​ព្រះ​នរោត្តម សីហនុ ដែល​មាន​ទំហំ​ផ្ទៃដី ៤០២៥០០​ហិកតារ​ស្ថិត​ក្នុង​ខេត្ត​សៀមរាប និង​ខេត្ត​ព្រះវិហារ។

ព្រះរាជក្រឹត្យ​របស់​សម្តេច​ព្រះ​នរោត្តម សីហនុ ចុះ​ថ្ងៃទី​១ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៣ បញ្ជាក់​ថា តំបន់​ឧទ្យាន​ជាតិ​របស់​កម្ពុជា​មាន​ចំនួន ៧​កន្លែង ដែល​មាន​ផ្ទៃដី​សរុប​ជាង ៧​សែន​ហិកតារ ចំណែក​ដែន​ជម្រក​សត្វព្រៃ​មាន​ចំនួន ១០​កន្លែង ដែល​មាន​ផ្ទៃដី​សរុប​ជាង ២​លាន ៣​ម៉ឺន​ហិកតារ ខណៈ​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​មាន ៣​កន្លែង ដែល​មាន​ផ្ទៃដី​សរុប​ជាង ៣​សែន​ហិកតារ ដូច្នេះ​សរុប​ផ្ទៃដី​តំបន់​ការពារ​ទាំងអស់​មាន​ចំនួន​ជាង ៣​លាន​ហិកតារ ខណៈ​ផ្ទៃដី​ដែល​មាន​ព្រៃឈើ​មាន​ចំនួន​ដល់​ទៅ​ជាង ១០​លាន​ហិកតារ​ឯណោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ របាយការណ៍​សង្គម​ស៊ីវិល​ធ្លាប់​បាន​សម្ដែង​នូវ​ការ​ព្រួយបារម្ភ​កាលពី​ពេល​កន្លង​ទៅ​ថា តំបន់​អភិរក្ស​នៅ​កម្ពុជា​បាន​បាត់បង់​ជា​បន្តបន្ទាប់​ក្រោម​ការ​សម្បទាន​របស់​រដ្ឋាភិបាល​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន ដែល​ធ្វើ​ឱ្យ​តំបន់​ទាំងនោះ​មាន​តែ​ឈ្មោះ ប៉ុន្តែ​ការពិត​ដី​នៅ​ក្នុង​តំបន់​នោះ​ត្រូវ​បាន​ក្រុមហ៊ុន​ឯកជន​កាន់កាប់​ធ្វើ​ជា​កម្មសិទ្ធិ​ទៅ​ហើយ​នោះ។

កាលពី​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ លោក ហ៊ុន សែន ចុះហត្ថលេខា​លើ​អនុក្រឹត្យ​មួយ​ដោយ​កំណត់​ដី​សាធារណៈ​របស់​រដ្ឋ​ជិត ១​លាន​ហិកតារ​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ខេត្ត​ចំនួន​១៥ ដើម្បី​ត្រៀម​ធ្វើ​អនុបយោគ និង​បែងចែក​សម្រាប់​កម្មសិទ្ធិ​ឯកជន​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​នានា​ដើម្បី​ធ្វើការ​អភិវឌ្ឍ។

យ៉ាងណា​ក៏ដោយ កាលពី​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០២៣ យុវជន​ស្រឡាញ់​បរិស្ថាន បាន​នាំគ្នា​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​បរិស្ថាន ដើម្បី​ស្នើ​ឲ្យ​ក្រសួង​ដកហូត​ដី​នៅ​តំបន់​ការពារ​ពី​វិស័យ​ឯកជន​ឲ្យ​មក​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ ក្នុង​នោះ​ពួកគេ​ក៏​បាន​ស្នើ​ឱ្យ​បញ្ឈប់​សកម្មភាព​កាត់​ដី​ព្រៃ​ធម្មជាតិ​នៅ​តំបន់​ការពារ​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ផង​ដែរ ប៉ុន្តែ​ត្រូវ​ក្រសួង​បរិស្ថាន​ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​ក្រុម​យុវជន​ទាំងនោះ​ទៅវិញ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស