អភិបាល​ខេត្ត​កំពត លោក ម៉ៅ ធនិន ដាំ​ដើម​ត្នោត​ក្នុង​ពិធី​រុក្ខទិវា កាលពី​ថ្ងៃទី​០៨ ខែ​សីហា ឆ្នាំ​២០២៣។

ព័ត៌មានជាតិ

អភិបាល​ខេត្ត​កំពត​អំពាវនាវ​ឱ្យ​កងកម្លាំង​នៅ​ព្រំដែន​កម្ពុជា-វៀតណាម​ដាំ​ដើម​ត្នោត​ដើម្បី​ការពារ​អត្តសញ្ញាណ​ជាតិ​ខ្មែរ

By ឌឹ ខេមបូឌា ដេលី

August 09, 2023

អភិបាល​ខេត្ត​កំពត អំពាវនាវ​ឱ្យ​កងកម្លាំង​ដែល​ឈរ​ជើង​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា-វៀតណាម ជួយ​ដាំ និង​ថែទាំ​ដើម​ត្នោត​ឲ្យ​បាន​ល្អ ដើម្បី​ចូលរួម​ថែរក្សា​ការពារ​អត្តសញ្ញាណ​ជាតិ​ខ្មែរ​ឲ្យ​គង់វង្ស ដើម្បី​កុំ​ឲ្យ​ជនបរទេស​មក​ឈ្លានពាន ឬ​បន្លំ​យក​ទឹកដី​កំណើត​របស់​ខ្មែរ។

កាលពី​ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​២០២៣ នៅ​ចំណុច​អន្លង់ថ្ងាន់ ស្ថិត​នៅ​ភូមិ​អន្លង់ថ្ងាន់ ឃុំ​ឫស្សីស្រុក​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត អាជ្ញាធរ​មូលដ្ឋាន​ដែល​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​បាន​សហការ​គ្នា​ដាំ​ដើម​ត្នោត​ចំនួន ៧៥០​ដើម​នៅ​សងខាង​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​កម្ពុជា-វៀតណាម ប្រវែង ៥​គីឡូម៉ែត្រ​តាម​ការ​ណែនាំ​របស់​អភិបាល​ខេត្ត​កំពត លោក ម៉ៅ ធនិន។

អភិបាល​ខេត្ត​កំពត លោក ម៉ៅ ធនិន បញ្ជាក់​ថា រដ្ឋបាល​ខេត្ត​មាន​ចក្ខុវិស័យ​ធ្វើ​ឱ្យ​តំបន់​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា-វៀតណាម​ក្លាយ​ជា​តំបន់​ទាក់ទាញ​ទេសចរ​តាមរយៈ​ដើម​ត្នោត ស្ករ​ត្នោត ទឹក​ឆ្នោត ផ្លែ​ត្នោត និង​ផលិតផល​ត្នោត​ជាច្រើន​ទៀត ខណៈ​ដើម​ត្នោត​ក៏​ជា​អត្តសញ្ញាណ​របស់​ជាតិ​ខ្មែរ​ដែរ។

ការ​ដាំ​ដើម​ត្នោត​នេះ ធ្វើឡើង​បន្ទាប់ពី​អភិបាល​ខេត្ត​កំពត ជំរុញ​ឱ្យ​ពលរដ្ឋ អាជ្ញាធរ កងកម្លាំង ព្រះសង្ឃ សិស្សានុសិស្ស​រស់នៅ​តំបន់​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា-វៀតណាម នាំគ្នា​ដាំ​ដើម​ត្នោត​ឱ្យ​បាន​ច្រើន ដើម្បី​ការពារ​ទឹកដី​របស់​ខ្លួន​ពី​ការ​ឈ្លានពាន​កាលពី​ពេល​ថ្មីៗ​នេះ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៩ សីហា នេះ​ថា ការ​ដាំ​ដើម​ត្នោត គឺ​គំនិត​ល្អ​មួយ ព្រោះ​ដើម​ត្នោត​ជា​ប្រភេទ​រុក្ខជាតិ​ដែល​មាន​អាយុ​វែង ក្នុង​នោះ​ក៏​ជា​ផ្នែក​មួយ​ក្នុង​ការ​សម្គាល់​នូវ​អត្តសញ្ញាណ​ជាតិ​របស់​ខ្មែរ​ផង​ដែរ ប៉ុន្តែ​បើ​ដាំ​ដើម​ត្នោត​ដើម្បី​ការពារ​ពី​ការ​ឈ្លានពាន​របស់​បរទេស​មិនមែន​ជា​ជម្រើស​ល្អ​ទេ។

លោក សេក សុជាតិ លើកឡើង​ថា បើ​មន្ត្រី​កម្ពុជា​មាន​បំណង​ការពារ​ទឹកដី​ពី​ការ​ឈ្លានពាន រដ្ឋាភិបាល​មាន​កាតព្វកិច្ច​យ៉ាង​សំខាន់​ក្នុង​ការ​ដាំ​បណ្ដុះ​ធនធាន​មនុស្ស​ឱ្យ​រឹងមាំ ដើម្បី​ប្រែ​ក្លាយ​ពួកគេ​ឱ្យ​ទៅ​ជា​មនុស្ស​មាន​សមត្ថភាព​ពេញលេញ​ក្នុង​ការ​ទ្រទ្រង់​ប្រទេស​ជាតិ​របស់​ពួកគេ​ទៅ​ថ្ងៃ​មុខ ព្រោះ​ថា​ធនធាន​ដែល​អាច​ថែរក្សា​បូរណភាព​ទឹកដី​ពិតប្រាកដ​បាន គឺ​មាន​តែ​មនុស្ស​ប៉ុណ្ណោះ ដូច្នេះ​យុវជន​ខ្មែរ​គឺ​ត្រូវការ​ការ​ថែទាំ និង​ការ​យកចិត្ត​ទុកដាក់​បណ្តុះបណ្តាល​ខ្លាំង​ណាស់​ពី​រដ្ឋាភិបាល។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា ប្រសិនបើ​ធនធាន​មនុស្ស​របស់​កម្ពុជា​ទន់​ខ្សោយ ទោះ​ត្រូវ​ដាំ​ដើម​ត្នោត​ក្រវាត់​ព្រំដែន​ពេញ​ផ្ទៃ​ប្រទេស ក៏​មិន​អាច​ការពារ​បូរណភាព​ទឹកដី​របស់​ខ្លួន​ពី​ការ​ឈ្លានពាន​របស់​បរទេស​ជិតខាង ដែល​ចិញ្ចឹម​មហិច្ឆតា​រំលោភ​យក​ទឹកដី​ខ្មែរ​បាន​ដែរ។ ផ្ទុយ​ទៅវិញ បរទេស​ជិតខាង​ដែល​តែងតែ​ឈ្លានពាន​ទឹកដី​ប្រទេស​ទន់​ខ្សោយ ពួកគេ​មិន​បាន​សំអាង​ទៅ​លើ​រុក្ខជាតិ​ណា​មួយ​យក​មក​ការពារ​ទឹកដី​របស់​ពួកគេ​នោះ​ទេ គឺ​គេ​ពឹង​តែ​ទៅ​លើ​ធនធាន​មនុស្ស​ដែល​គេ​បាន​បណ្តុះបណ្តាល​តែប៉ុណ្ណោះ។

កាលពី​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២៣ កន្លងទៅ ស្នងការ​នគរបាល​ខេត្ត​កំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ ធ្លាប់​បាន​អះអាង​ថា គណៈកម្មការ​ព្រំដែន​កំពុង​បន្ត​ធ្វើការ​ជាមួយ​ភាគី​វៀតណាម ដើម្បី​ជំរុញ​បញ្ចប់​ការ​បោះ​បង្គោល​ព្រំដែន​ដែល​នៅ​សេសសល់ ដើម្បី​ធានា​បាន​ទាំង​សន្តិសុខ និង​កិច្ចការពារ​ដល់​បូរណភាព​ទឹកដី ខណៈ​ការ​បោះ​បង្គោល​ព្រំដែន​ក្នុង​ខេត្ត​កំពត ជាមួយ​ប្រទេស​វៀតណាម នៅ​សល់​ចំណុច​មួយ​ចំនួន​មិនទាន់​ឯកភាព​គ្នា​នៅឡើយ។

ប្រទេស​កម្ពុជា​មាន​ខេត្ត​ចំនួន ៩ ដែល​នៅ​ជាប់​ព្រំប្រទល់​ជាមួយ​ប្រទេស​វៀតណាម ដូចជា​ខេត្ត​កំពត ខេត្ត​ព្រៃវែង ខេត្ត​ស្វាយរៀង ខេត្ត​កំពង់ចាម ខេត្ត​ក្រចេះ ខេត្ត​មណ្ឌលគិរី ខេត្ត​រតនគិរី ខេត្ត​កណ្ដាល និង​ខេត្ត​តាកែវ ដែល​មាន​ព្រំដែន​គោក​រួម​គ្នា​ប្រវែង ១២៧០​គីឡូម៉ែត្រ ក្នុង​នោះ​ខេត្ត​កំពត មាន​ខ្សែបន្ទាត់​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​វៀតណាម ប្រវែង ៤២,៣​គីឡូម៉ែត្រ ខណៈ​បង្គោល​ព្រំដែន​នៃ​ខេត្ត​នេះ​ជាមួយ​ប្រទេស​វៀតណាម សព្វថ្ងៃ​នៅ​សល់​ចំនួន ៥​បង្គោល​ទៀត​ដែល​នៅ​មិន​ទាន់​ឯកភាព​គ្នា​នៅឡើយ ដោយ​គិត​ចាប់ពី​បង្គោល​លេខ ២៩៦ ដល់​បង្គោល​លេខ ៣០០។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ខេត្ត​ដែល​នៅ​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ទាំងអស់​តែងតែ​រង​នូវ​ការ​រំលោភ​បំពាន​គ្រប់​បែប​យ៉ាង​ពី​សំណាក់​ប្រទេស​វៀតណាម រាប់​ចាប់តាំងពី​ការ​ឆ្លង​ចូល​ទៅ​នេសាទ​ដោយ​ខុស​ច្បាប់ និង​ការ​លែង​សត្វ​ពាហនៈ​ចូល​ទៅ​ក្នុង​ទឹកដី​ខ្មែរ ដូចជា​នៅ​ខេត្ត​ស្វាយរៀង នា​ពេល​កន្លងមក ជាដើម រហូត​ដល់​ការ​រំលោភ​យក​ទឹកដី​ខ្មែរ​តាម​វិធី​ផ្សេងៗ​ថែម​ទៀត ខណៈ​រដ្ឋាភិបាល​កម្ពុជា​មិន​មាន​វិធានការ​ទប់ស្កាត់​ការ​រំលោភ​បំពាន​ទាំងនោះ​នៅឡើយ​ទេ៕