29 C
Phnom Penh

មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​រូប​ថា​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នឹង​កាន់តែ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​សិទ្ធិមនុស្ស​អន្តរជាតិ​អះអាង​ថា ការ​ផ្ទេរ​អំណាច​ពី​ឪពុក គឺ​លោក ហ៊ុន សែន ដែល​ជា​មេ​យោធា​ទៅ​ឱ្យ​កូនប្រុស​របស់​ខ្លួន គឺ​លោក ហ៊ុន ម៉ាណែត ក៏​ជា​មន្ត្រី​យោធា គឺជា​សញ្ញា​នៃ​ការ​កើនឡើង​អំពី​ការ​រំលោភ​សិទ្ធិមនុស្ស​កាន់តែ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។

នាយករង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ច (Human Rights Watch) លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) បាន​លើកឡើង​នៅ​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៩ ខែ​សីហា ថា លោក ហ៊ុន ម៉ាណែត មិន​អាច​ដឹកនាំ​រដ្ឋាភិបាល​ដែល​ឪពុក​របស់​គាត់​រៀបចំ​ឱ្យ ងាក​ទៅ​រក​ការ​លើក​ស្ទួយ​សិទ្ធិមនុស្ស និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​របប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​ទេ ព្រោះ​ការ​ដឹកនាំ​របស់​គាត់ គឺ​មាន​លោក ហ៊ុន សែន ដែល​ជា​ឪពុក​ជា​អ្នក​ចាត់ចែង​ពីក្រោយ​ខ្នង។

លោក​អះអាង​ថា លោក​គ្មាន​សង្ឃឹម​ថា​រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត នឹង​ឆ្ពោះ​ទៅ​រក​ភាព​ល្អ​ប្រសើរ​ជាង​ឪពុក​របស់​គាត់​ឡើយ ខណៈ​អ្នកទោស​មនសិការ​ដែល​ជា​សកម្មជន​នយោបាយ សកម្មជន​បរិស្ថាន សកម្មជន​សិទ្ធិមនុស្ស និង​មេដឹកនាំ​បក្ស​ប្រឆាំង ជាដើម កំពុង​រង​នូវ​ការ​ផ្ដន្ទាទោស​ទាំង​អយុត្តិធម៌​ក្នុង​ជំនាន់​ដឹកនាំ​របស់​លោក ហ៊ុន សែន ក៏​នឹង​មិន​ទទួល​បាន​នូវ​យុត្តិធម៌ ឬ​សេរីភាព​ក្នុង​ជំនាន់​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត នោះ​ដែរ។

លោក ហ្វីល រ៉ូប៊ើតសុន បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​ដែល​ធ្លាប់​រស់នៅ​ក្នុង​ការ​គំរាមកំហែង និង​ធ្វើ​ចំណាកស្រុក​ទៅ​ស៊ីឈ្នួល​ជា​កម្លាំង​សេដ្ឋកិច្ច​របស់​ប្រទេស​ជិតខាង នឹង​ត្រូវ​បន្ត​រស់នៅ​បែប​នេះ​ក្នុង​ជំនាន់​របស់​លោក ហ៊ុន ម៉ាណែត បន្ត​ទៀត ហើយ​ពួកគេ​ត្រូវ​រង់ចាំ​រដ្ឋាភិបាល​ថ្មី​ដែល​បម្រើ​ផល​ប្រយោជន៍​ជាតិ​ពិតប្រាកដ​ទៅ​ទទួល​យក​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ប៉ុន្តែ​ទម្រាំ​ដល់​ពេល​នោះ កម្លាំង​ដែល​សម្រាប់​បម្រើ​សេដ្ឋកិច្ច​ជាតិ​ខ្លួនឯង​នឹង​ត្រូវ​បាត់បង់​ស្ទើរតែ​ទាំងអស់​ទៅ​ហើយ។

កាលពី​ថ្ងៃទី​២១ ខែ​កក្កដា ឆ្នាំ​២០២៣ ក្នុង​បទសម្ភាសន៍​របស់​លោក ហ៊ុន សែន ជាមួយ​សារព័ត៌មាន​ចិន លោក ហ៊ុន សែន អះអាង​ថា ការ​ផ្ទេរ​អំណាច​ពី​ឪពុក​ទៅ​កូន​មិនមែន​មាន​តែ​កម្ពុជា​ទេ ខណៈ​ប្រទេស​មួយ​ចំនួន​ក៏​ធ្លាប់​ធ្វើ​បែប​នេះ​ដែរ ក្នុង​នោះ​នៅ​សហរដ្ឋ​អាមេរិក លោក ចច ប៊ូស ធ្វើ​ជា​ប្រធានាធិបតី កូនប្រុស​របស់​គាត់​លោក ចច ដាប់ប៊លយូ ប៊ូស ក៏​ធ្វើ​ជា​ប្រធានាធិបតី​ដូច​ឪពុក​របស់​គាត់​ដែរ។ ជាង​នេះ​ទៀត ជីតា​របស់​លោក ស៊ីនសូ អាបេ ធ្លាប់​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ប្រទេស​ជប៉ុន ខណៈ​លោក ស៊ីសូ អាបេ ក៏​បាន​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ជប៉ុន​ដែរ។ លោក លី ក្វាន់យូ ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​សិង្ហបុរី ចំណែក​កូន​របស់​គាត់ លោក លី ស៊ានឡុង ក៏​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ដែរ។

ចំណែក​ប្រទេស​កូរ៉េខាងជើង ដែល​ផ្ទេរ​អំណាច​ពី​ជីតា​មក​ចៅ លោក ហ៊ុន សែន មិន​បាន​លើក​យក​មក​ប្រៀបធៀប​នោះ​ទេ ខណៈ​របៀប​នៃ​ការ​ផ្ទេរ​អំណាច​នៅ​កម្ពុជា គឺ​មាន​លក្ខណៈ​ដូច​គ្នា​ទៅ​នឹង​ប្រទេស​កូរ៉េខាងជើង​បេះបិទ។

ទាក់ទិន​នឹង​បញ្ហា​នេះ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ដោយសារតែ​កម្ពុជា​យក​គំរូ​បន្ត​វេន​តាម​ប្រទេស​ស៊ីរី គឺ​ឪពុក​ផ្ទេរ​អំណាច​ឲ្យ​ទៅ​កូន ស្ថានការណ៍​នឹង​កាន់តែ​យ៉ាប់យ៉ឺន​ទៅៗ ដូចជា​ការ​គាបសង្កត់​លើ​សិទ្ធិ​សេរី នឹង​បន្ត​កើត​មាន​កាន់តែ​ខ្លាំង ប្រសិនបើ​គ្មាន​ការ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​គ្រប់គ្រង​ប្រទេស​នេះ​ទេ​នោះ។

លោក សម រង្ស៊ី លើកឡើង​ថា ទោះ​លោក ហ៊ុន ម៉ាណែត រៀនសូត្រ​ពី​សហរដ្ឋ​អាមេរិក​ក៏ដោយ ក៏​គាត់​មិន​អាច​ធ្វើ​អ្វី​កើត​ដែរ ក្រៅតែ​ពី​ដឹកនាំ​ក្រោម​ប្រព័ន្ធ​ដែល​ឪពុក​គាត់​បាន​រៀបចំ​ទុក​ឲ្យ ដែល​ជា​កត្តា​មួយ​ជំរុញ​ការ​ដឹកនាំ​របស់​គាត់​ឱ្យ​ធ្លាក់​ទៅ​ក្នុង​អំពើ​ដ៏​អាក្រក់​ដូច​ដែល​កូនប្រុស​របស់​មេដឹកនាំ​ស៊ីរី លោក Bashar al-Assad ដែល​រៀនសូត្រ​ពី​ប្រទេស​អង់គ្លេស ហើយ​ទទួល​អំណាច​ពី​ឪពុក​ខ្លួនឯង បាន​ជំរុញ​ឱ្យ​គាត់​ដឹកនាំ​ប្រទេស​ស៊ីរី ទៅ​រក​របប​ផ្ដាច់ការ និង​ពុករលួយ​សាហាវ​ជាង​ឪពុក​របស់​គាត់​ទៀត។

កាលពី​ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០២៣ លោក ហ៊ុន សែន បាន​លើកឡើង​ថា ព្រះមហាក្សត្រ​ខ្មែរ​បាន​ចេញ​ព្រះរាជក្រឹត្យ​ចាត់តាំង​នាយករដ្ឋមន្ត្រី​ថ្មី​សម្រាប់​ដឹកនាំ​ប្រទេស​កម្ពុជា​ហើយ បន្ទាប់ពី​លោក​សម្រេច​ដក​ខ្លួន​ចេញ​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ក្រុម​អ្នក​បន្ត​វេន​ដឹកនាំ​បន្ត។

ជាង​នេះ​ទៀត កាល​ពី​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២២ លោក ហ៊ុន សែន ធ្លាប់​បាន​អះអាង​ថា លោក​នឹង​កាន់កាប់​តំណែង​ជា​ប្រធាន​គណបក្ស​ទៅ​ថ្ងៃ​មុខ​បន្ត​ទៀត បើ​ទោះបីជា​លោក​ចាកចេញ​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​ក៏ដោយ ព្រោះ​ថា​ប្រសិនបើ​នាយករដ្ឋមន្ត្រី​ថ្មី និង​គណៈរដ្ឋមន្ត្រី​ថ្មី​អនុវត្ត​ខុស​ពី​គោលជំហរ​របស់​គណបក្ស នោះ​លោក​នឹង​មាន​សិទ្ធិ​ដក​តំណែង​របស់​ពួកគេ​គ្រប់​ពេល​ទាំងអស់ ព្រោះ​ថា​នៅ​កម្ពុជា ពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណបក្ស ដូច្នេះ​បក្ស​ត្រូវតែ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​គ្រប់គ្រង​អ្នក​ទាំងនោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស