កាលពីថ្ងៃទី៨ សីហា មហាយក្សចិនបានទាមទារសាជាថ្មីឲ្យហ្វីលីពីន អូសនាវាខ្មោចរបស់ខ្លួនចេញពីតំបន់ជម្លោះនៅសមុទ្រចិនខាងត្បូង។ មិនតែប៉ុណ្ណោះ ហ្វីលីពីនបានកោះហៅឯកអគ្គរដ្ឋទូតចិន នៅម៉ានីល ដើម្បីតវ៉ាប្រឆាំងឆ្មាំសមុទ្រចិនដែលបានបាញ់ទឹករារាំងមិនឲ្យទូកហ្វីលីពីនដឹកស្បៀងទៅផ្គត់ផ្គង់ទ័ពជើងទឹកដែលកំពុងប្រចាំការនៅលើខ្មោចនាវាចម្បាំងនោះ។
មកដល់ថ្ងៃទី១០ ខែសីហា នេះ ហ្វីលីពីន ប្រកាសថាតំបន់នោះស្ថិតក្នុងតំបន់នៃកោះថ្មប៉ប្រះទឹក Second Thomas របស់ហ្វីលីពីន គឺគ្មានអ្វីដែលត្រូវធ្វើតាមការគាបសង្កត់របស់ក្រុងប៉េកាំង នោះទេ។ បច្ចុប្បន្ននេះ ហ្វីលីពីនលែងស្ថិតនៅក្រោមឥទ្ធិពលចិនដូចសម័យលោក រ៉ូឌ្រីងហ្គូ ឌូទើតេ ទៀតហើយ។
ក្រសួងការបរទេសចិន បានទាមទារសាជាថ្មីឲ្យហ្វីលីពីន អូសខ្មោចនាវាចម្បាំងរបស់ខ្លួនចេញពីតំបន់ថ្មប៉ប្រះទឹកនោះ ដោយក្រុងប៉េកាំងអះអាងថា ខ្មោចនាវាចម្បាំងរបស់ហ្វីលីពីនឈ្មោះ BRP Sierra Madre ត្រូវបានហ្វីលីពីនយកទៅចតចោលនៅតំបន់កូនកោះថ្មប៉ប្រះទឹករបស់ចិន ដែលមានឈ្មោះថា Ren’ai ដែលថាទីនោះជាដែនទឹករបស់ចិន។
ក្រុងប៉េកាំងបានបញ្ជាក់ថា ហ្វីលីពីនបានសន្យាថានឹងសណ្ដោងអូសខ្មោចនាវាចម្បាំងនោះចេញពីតំបន់កោះថ្មប៉ប្រះទឹកនោះ។ តែផ្ទុយទៅវិញ ហ្វីលីពីនបង្កើនសកម្មភាពរបស់ខ្លួនដើម្បីជួសជុលនាវានោះ គឺក្នុងគោលដៅចាប់យកតំបន់នោះជាដែនទឹករបស់ខ្លួន។ ចិនទាមទារឱ្យហ្វីលីពីនគោរពកិច្ចសន្យារបស់ខ្លួន។
ចិនបានទាមទារឲ្យហ្វីលីពីនត្រូវតែចេញមុខធានាថាគ្មានវត្តមានសំណង់អ្វីទាំងអស់នៅលើកូនកោះដែលជាថ្មប៉ប្រះទឹកនៅប្រជុំកោះ Spratley។ ក្រុងប៉េកាំងអះអាងថា ខ្លួនមានកម្មសិទ្ធិស្ទើរទាំងអស់គឺមានដល់ទៅ ៩០ភាគរយនៃផ្ទៃទឹកសរុប ៣លាន ៥សែនគីឡូម៉ែត្រក្រឡា។
រយៈពេលជាង ២០ឆ្នាំមកនេះ ចិនព្យាយាមពង្រីកដែនទឹកហៀចូលទៅដែនទឹកប្រទេសក្នុងតំបន់មានដូចជា ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រ៊ុយណេ ដោយសំអាងលើតំបន់ភូមិសាស្ត្រ ប្រវត្តិសាស្ត្រ និងផែនទីរបស់ខ្លួន។ ក្រុងប៉េកាំងបានយកផែនទីរបស់ខ្លួនតាំងពីឆ្នាំ១៩៤០ ដែលមានគំនូស ៩ឆ្នូតជាសំអាង ហើយវាតយកទឹកដីប្រទេសជិតខាង។
តាមរយៈការគូសផែនទីថ្មី ចិនបង្កើតសំណង់យោធា កំពង់ផែ និងកន្លែងចូលសំចតយន្តហោះចម្បាំង រហូតចិនដាក់ពង្រាយកាំភ្លើងធំ និងដំឡើងប្រព័ន្ធមីស៊ីលនៅលើកូនកោះតូចធំទាំងនោះ ដោយឈានដល់ការបំពានដែនទឹកនៃប្រទេសហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ហើយចុងក្រោយគឺប្រទេសឥណ្ឌូនេស៊ី។
តែមកដល់ពេលនេះ ប្រធានាធិបតីហ្វីលីពីន ដែលមិនមែនលោក ឌូទើតេ ដែលគេហៅថាអាយ៉ងរបស់ចិន គឺលោក ហ្វីឌឺណង់ ម៉ាកូសជ័រ មិនបានធ្វើតាមការទាមទាររបស់ចិនឡើយ។
ប្រធានាធិបតីថ្មីនេះហើយបានសម្រេចប្រឈមមុខនឹងចិន។ នៅពេលលោកស្បថចូលកាន់តំណែង កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លោកសច្ចាថា នឹងមិនដកខ្លួនចេញពីការប្រឈមមុខនឹងចិនដាច់ខាត ទោះជាចិនលើកទ័ពមកគំរាមក៏ដោយ។ លោកថា សាលដីកាឆ្នាំ២០១៦ របស់តុលាការមជ្ឈិត្តការអន្តរជាតិ បានផ្ដល់សិទ្ធិឱ្យហ្វីលីពីនចូលទៅកាន់កាប់ឡើងវិញនៅតំបន់សមុទ្រដែលធ្លាប់ជាដែនទឹករបស់ហ្វីលីពីន។ លោកបានអំពាវនាវឱ្យចិន គោរពច្បាប់សមុទ្រអន្តរជាតិឆ្នាំ១៩៨២ និងសាលក្រមរបស់តុលាការអន្តរជាតិនេះ។
ឥឡូវនេះ កងទ័ពសហរដ្ឋអាមេរិកដែលលោក ម៉ាគូសជ័រ បានចុះហត្ថលេខាឱ្យមកតាំងមូលដ្ឋានទ័ពនៅលើទឹកដីហ្វីលីពីន ក៏មាននៅលើកោះដែលស្ថិតក្នុងដែនជម្លោះជាមួយចិននៅសមុទ្រចិនខាងត្បូងផងដែរ។ វត្តមានកងទ័ពមហាអំណាចនេះហើយដែលនាំឱ្យហ្វីលីពីនសព្វថ្ងៃនេះហ៊ានប្រឈមមុខនឹងចិនជាមហាយក្សក្នុងតំបន់។
តើខ្មោចនាវាចម្បាំង BRP Sierra Madre ជារបស់ប្រទេសណា ?
BRP Sierra Madre គឺជានាវាចម្បាំងរបស់សហរដ្ឋអាមេរិក។ វាជានាវាសម្រាប់ដឹកកងទ័ពទៅប្រយុទ្ធនឹងកងទ័ពសត្រូវកាលពីក្នុងសង្គ្រាមលោកលើកទី២។ អាមេរិកប្រើនាវានោះរហូតដល់សម័យសង្គ្រាមត្រជាក់ គឺសង្គ្រាមនៅឥណ្ឌូចិន ឬសង្គ្រាមវៀតណាមខាងត្បូង តែអាមេរិកបានប្រគល់នាវានោះទៅឲ្យកងទ័ពជើងទឹកហ្វីលីពីន ខណៈហ្វីលីពីនជាសម្ព័ន្ធមិត្តយោធាជាមួយមហាអំណាចនេះ។
ក្រោយពីនាវានោះប្រើលែងបាន គឺនៅឆ្នាំ១៩៩៩ ហ្វីលីពីនក៏បានអូសវាទៅចតនៅតំបន់កូនកោះថ្មប៉ប្រះទឹក Second Thomas ប្រជុំកោះ Spratley។ ទីនោះហើយជាភស្តុតាងដែលទ័ពហ្វីលីពីនចាត់ទុកជាដែនទឹករបស់ខ្លួន។
ខ្មោចនាវាចម្បាំងនេះមានប្រវែង ១០០ម៉ែត្រ។ បច្ចុប្បន្នមានទ័ពជើងទឹកហ្វីលីពីនជាង ១០នាក់កំពុងស្ថិតនៅលើនាវានោះ ហើយវាជាប៉ុស្តិ៍យាមរបស់កងទ័ពជើងទឹកហ្វីលីពីន នៅសមុទ្រចិនខាងត្បូង ក្នុងគោលដៅការពារដែនទឹករបស់ខ្លួន៕