35 C
Phnom Penh

លោក ហ៊ុន សែន ពង្រីក​ផ្ទៃដី​ដែន​ជម្រក​សត្វព្រៃ​ចំនួន​បី ខណៈ​លោក​ធ្លាប់​កាត់​ឆ្វៀល​ដែន​ជម្រក​សត្វព្រៃ​ផ្សេង​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​ពង្រីក​ផ្ទៃដី​ដែន​ជម្រក​សត្វព្រៃ​នៅ​តំបន់​ចំនួន​៣ ដើម្បី​ការពារ​សោភ័ណភាព​ធម្មជាតិ ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវចម្រុះ ខណៈ​ដែន​ជម្រក​សត្វ​មួយ​ចំនួន​ត្រូវ​បាន​កាត់​ឲ្យ​អ្នក​មាន​អំណាច និង​ក្រុមហ៊ុន​របស់​អ្នកឧកញ៉ា​ដែល​ស្និទ្ធ​នឹង​គ្រួសារ​លោក ហ៊ុន សែន ជា​បន្តបន្ទាប់។

បើ​តាម​អនុក្រឹត្យ​ចំនួន​បី​ដាច់ដោយឡែក​ពី​គ្នា​ដែល​ចេញ​ដោយ​លោក ហ៊ុន សែន កាលពី​ខែ​កក្កដា ឆ្នាំ​២០២៣ នេះ បាន​សម្រេច​កែប្រែ​ដែន​ជម្រក​សត្វ​ចំនួន ៣ ដែល​មាន​ផ្ទៃដី​ជាង ២​ម៉ឺន​ហិកតារ។ ដែន​ជម្រក​សត្វព្រៃ​ដែល​រដ្ឋាភិបាល​សម្រេច​ពង្រីក​ទំហំ​ផ្ទៃដី ក្នុង​នោះ​រួម​មាន​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​សំកុស ដែន​ជម្រក​សត្វព្រៃ​គូលែន-ព្រហ្មទេព និង​ដែន​ជម្រក​សត្វព្រៃ​បឹងពែរ។

ប្រភព​ដដែល​អះអាង​ថា ដែន​ជម្រក​សត្វព្រៃ​ភ្នំ​សំកុស ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់ ខេត្ត​បាត់ដំបង និង​ខេត្ត​កោះកុង ដែល​ត្រូវ​បាន​រដ្ឋាភិបាល​បន្ថែម​ផ្ទៃដី​ជិត ៣​ម៉ឺន​ហិកតារ (២៨៦៣៤​ហិកតារ) ពី​លើ​ផ្ទៃដី​ដែល​មាន​ស្រាប់​ចំនួន​ជាង ៣​សែន ៣​ម៉ឺន​ហិកតារ (៣៣៣៧៥០​ហិកតារ) ដែល​ចំនួន​ផ្ទៃដី​សរុប​ជាង ៣​សែន ៦​ម៉ឺន​ហិកតារ (៣៦២៣៨៤​ហិកតារ)។

ចំណែក​ដែន​ជម្រក​សត្វព្រៃ​គូលែន-ព្រហ្មទេព ត្រូវ​រដ្ឋាភិបាល​សម្រេច​បញ្ចូល​ដី​ផ្ទៃ​បន្ថែម​ទំហំ​ជាង ២​ម៉ឺន ៦​ពាន់​ហិកតារ (២៦៣៩៧​ហិកតារ) បន្ថែម​ពី​លើ​ផ្ទៃដី​ដែល​មាន​ស្រាប់​ចំនួន​ជាង ៤​សែន​ហិកតារ (៤០២៥០០​ហិកតារ) ដែល​ផ្ទៃ​សរុប​បច្ចុប្បន្ន​មាន​ចំនួន​ជាង ៤​សែន ២​ម៉ឺន​ហិកតារ (៤២៨៩៧១​ហិកតារ) ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​សៀមរាប ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ។

សម្រាប់​ដែន​ជម្រក​សត្វព្រៃ​បឹងពែរ ដែល​មាន​ភូមិសាស្ត្រ​ស្ថិត​នៅ​ខេត្ត​សៀមរាប ខេត្ត​ព្រះវិហារ និង​ខេត្ត​កំពង់ធំ វិញ ត្រូវ​បាន​រដ្ឋាភិបាល​បន្ថែម​ផ្ទៃដី​ទំហំ​ជាង ២​ម៉ឺន ៣​ពាន់​ហិកតារ (២៣៣៨៣​ហិកតារ) បញ្ចូល​បន្ថែម​ពី​លើ​ផ្ទៃដី​ដែល​មាន​ស្រាប់​ទំហំ​ជាង ២​សែន ៤​ម៉ឺន​ហិកតារ (២៤២៥០០​ហិកតារ) ដោយ​ផ្ទៃដី​សរុប​បច្ចុប្បន្ន​មាន​ចំនួន​ជាង ២​សែន ៦​ម៉ឺន​ហិកតារ (២៦៥៨៨៣​ហិកតារ)។

អនុក្រឹត្យ​នេះ​ថា​ការ​សម្រេច​ពង្រីក​ផ្ទៃដី​នៅ​តំបន់​ដែន​ជម្រក​សត្វព្រៃ​ទាំង ៣ នេះ ដើម្បី​ថែរក្សា និង​ការពារ​សោភ័ណភាព​ធម្មជាតិ ឬ​ទេសភាព ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវចម្រុះ ព្រមទាំង​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សហគមន៍​មូលដ្ឋាន រួម​ទាំង​ការ​លើក​កម្ពស់​ការ​អប់រំ ការ​សិក្សា​ស្រាវជ្រាវ​ក្នុង​តំបន់​នោះ។

ក្រៅពី​ពង្រីក​ដែន​ជម្រក​សត្វព្រៃ​ខាងលើ​នេះ កាលពី​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​ក៏​សម្រេច​កែ​ទំហំ​ដី​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «បូកគោ» ពី​ទំហំ​ជាង ១​សែន ៥​ម៉ឺន ៤​ពាន់​ហិកតារ (១៥៤៤៥៨​ហិកតារ) ទៅ​ជាង ១​សែន ៥​ម៉ឺន ៦​ពាន់​ហិកតារ​ដែរ (១៥៦១១៦​ហិកតារ) ខណៈ​ផ្ទៃដី​ចំនួន​ជាង ១១​ហិកតារ (១១,១៧៧​ហិកតារ) ក្នុង​ឧទ្យាន​ជាតិ​បូកគោ​បាន​ផ្តល់​ទៅ​អ្នកឧកញ៉ា សុខ គង់។ ចំណែក​ឧទ្យាន​ជាតិ​បុទុមសាគរ នៅ​ខេត្ត​កោះកុង ជាង ៦​ហិកតារ ត្រូវ​កាត់​ទៅ​ឲ្យ​កូន​របស់​អ្នកឧកញ៉ា លី យ៉ុងផាត់ ផង​ដែរ។

ជាក់ស្ដែង តំបន់​ការពារ​ក្នុង​ឧទ្យាន​ជាតិ​គិរីរម្យ និង​ដែន​ជម្រក​សត្វព្រៃ​កែវសីមា កំពុង​ត្រូវ​បាន​ធ្វើ​អនុបយោគ​ទៅ​ឱ្យ​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​សមាជិក​គ្រួសារ​របស់​ឧកញ៉ា​ដ៏​ល្បី​ឈ្មោះ គឺ​អ្នកស្រី ជឹង សុភាព ព្រមទាំង​ភរិយា​របស់​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

អនុក្រឹត្យ​មួយ​ចុះ​ថ្ងៃទី​១៩ ខែ​កក្កដា កំណត់​ផ្ទៃដី ៧០​ហិកតារ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវសីមា សង្កាត់​រមនា ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី ដោយ​ចាត់​ថ្នាក់​ឡើងវិញ​ពី​ទ្រព្យសម្បត្តិ​សាធារណៈ​ទៅ​ជា​ដី​ឯកជន ដើម្បី​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន One Prosperity សម្រាប់​ការ​វិនិយោគ​អេកូ​ទេសចរណ៍។

យោង​តាម​បញ្ជី​ពាណិជ្ជកម្ម​របស់​ក្រសួង​ពាណិជ្ជកម្ម​ក្រុមហ៊ុន One Prosperity ដឹកនាំ​ដោយ​អ្នកស្រី អ៊ឹម ប៉ូលីកា ភរិយា​របស់​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ ចំណែក​នាយក ៤​រូប​ទៀត រួម​មាន​អ្នកស្រី ឡាវ សុខហ៊ុយ លោក ជឹង ធានគាត លោក ជឹង ធានសេង និង​លោកស្រី ជឹង សុគន្ធាវី។ អ្នកស្រី ជឹង សុគន្ធាវី និង​លោក ជឹង ធានសេង គឺ​ជា​កូន​របស់​អ្នកស្រី ជឹង សុភាព អគ្គនាយក​ក្រុមហ៊ុន ភាពីម៉ិច (Pheapimex) ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​យាយ​ភូ។

លោក ជឹង ធានសេង និង​លោក ជឹង ធានគាត គឺជា​នាយក​ក្រុមហ៊ុន​មួយ​ផ្សេង​ទៀត​ដែល​បាន​ទទួល​ដី​ទំហំ ៨៥,៧២​ហិកតារ​នៃ​ឧទ្យាន​ជាតិ​គិរីរម្យ ក្នុង​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច នៅ​ក្នុង​អនុក្រឹត្យ​ចុងក្រោយ​បង្អស់។ ចំណែក​អ្នកស្រី ជឹង សុគន្ធាវី បាន​ទទួល​ដី​ទំហំ ២២២​ហិកតារ​នៅ​គិរីរម្យ តាមរយៈ​ក្រុមហ៊ុន One More របស់​លោកស្រី​នៅ​ក្នុង​អនុក្រឹត្យ​ពី​លើក​មុន។

ក្រៅពី​ដែន​ជម្រក​សត្វព្រៃ ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ នៅ​ខេត្ត​ព្រះសីហនុ ក៏​ត្រូវ​បាន​កាត់​ឲ្យ​កូនៗ​របស់​លោក ហ៊ុន សែន និង​មន្ត្រី​ជាន់ខ្ពស់​ផ្សេង​ទៀត​នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស