32 C
Phnom Penh

បុរស​ខ្លាំង​ណែនាំ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ឱ្យ​យកចិត្ត​ទុកដាក់​ប្រយុទ្ធ​ប្រឆាំង និង​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​ក្រាញ​អំណាច​ត្រកូល​លោក ហ៊ុន សែន ណែនាំ​ឱ្យ​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​ដែល​ដឹកនាំ​ដោយ​កូនប្រុស​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត ត្រូវតែ​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​បំផុត​លើ​ការ​ប្រយុទ្ធ​ប្រឆាំង និង​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន​នៅ​កម្ពុជា​ឱ្យ​មាន​ប្រសិទ្ធភាព។

មេដឹកនាំ​ខ្មែរ​ក្តាប់​អំណាច​បន្ត​ពូជ​លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​ជួបជុំ​រវាង​សមាជិក​រាជរដ្ឋាភិបាល​អាណត្តិ​ចាស់ និង​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី កាលពី​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០២៣ នេះ​ថា ក្នុង​នាម​រូបលោក​ដែល​បន្ត​កាន់​តំណែង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាត់ទុក​បញ្ហា​គ្រឿងញៀន​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​សម្រាប់​សង្គម​កម្ពុជា។

លោក ហ៊ុន សែន បញ្ជាក់​ថា ដើម្បី​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន​ឱ្យ​មាន​ប្រសិទ្ធភាព លោក​បាន​ផ្ដួចផ្ដើម​គំនិត​ឱ្យ​ធ្វើ​កំណែ​ទម្រង់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត​ដែរ ព្រោះ​ថា​បើ​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នេះ​ទទួល​បាន​ជោគជ័យ នោះ​វា​គឺ​ជា​សមិទ្ធផល​ដ៏​ធំ​មួយ​ឆ្លុះបញ្ចាំង​ពី​សមត្ថភាព​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​យ៉ាង​ជាក់ច្បាស់។

ទាក់ទិន​នឹង​បញ្ហា​នេះ មន្ត្រី​នគរបាល​ជាន់ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ ធ្លាប់​បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​កាលពី​ពេល​កន្លងទៅ​ថា ហាង ខារ៉ាអូខេ ក្លឹប​រាត្រី និង​រង្គសាល​ដែល​នៅ​តាម​ខេត្ត និង​រាជធានី​ភ្នំពេញ បាន​ក្លាយ​ជា​ទីតាំង​ចែកចាយ​គ្រឿងញៀន​យ៉ាង​អនាធិបតេយ្យ ក្នុង​នោះ​មាន​ក្លឹប​មួយ​ឈ្មោះ ទ្រូហ្វេស (True Face) ជា​ក្លឹប​រក​លុយ​ឱ្យ​គ្រួសារ​ត្រកូល​ហ៊ុន ហើយ​ក្លឹប​នេះ​គ្មាន​សមត្ថកិច្ច​ណា​ម្នាក់ ឬ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ណា​មួយ​ហ៊ាន​ប៉ះពាល់​ឡើយ។

សារព័ត៌មាន The Cambodia Daily ក៏​បាន​ទទួល​ឯកសារ​ជា​វីដេអូ​ជាច្រើន​ផង​ដែរ​ពី​មន្ត្រី​នគរបាល​ទាំងនោះ ដោយ​បង្ហាញ​ពី​ការ​ចែកចាយ​ថ្នាំញៀន​រាប់​ពាន់​គ្រាប់​ក្នុង​មួយ​យប់ៗ​នៅ​ក្នុង​ក្លឹប​នោះ ហើយ​យុវជន និង​មនុស្ស​វ័យ​កណ្តាល​ជាច្រើន​បាន​ធ្លាក់​ខ្លួន​ក្លាយ​ទៅ​ជា​អ្នក​ប្រើប្រាស់ និង​ជួញដូរ​ថ្នាំញៀន​យ៉ាង​អនាធិបតេយ្យ​ថែម​ទៀត​សព្វថ្ងៃ​នេះ។

មន្ត្រី​នគរបាល​ខាងលើ​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​គ្រឿងញៀន​ស្ទើរតែ​ក្លាយ​ទៅ​ជា​ថ្នាំ​ពេញ​និយម​សម្រាប់​អ្នក​មាន​លុយ និង​អ្នក​មាន​អំណាច​ទៅ​ហើយ ដោយ​ពួកគេ​បង្ហាញ​ឫកពារ​ថា អ្នក​ដែល​មិន​ចេះ​ប្រើ​ថ្នាំញៀន គឺជា​ប្រភេទ​មនុស្ស​ដែល​មិន​ទាន់​សម័យ ឬ​ស៊ីវិល័យ ជាដើម ខណៈ​មន្ត្រី​ធំៗ និង​ឧកញ៉ា​មួយ​ចំនួន​សុទ្ធតែ​បាន​ប្រើប្រាស់​វា​ដើម្បី​ស្វែងរក​ការ​សប្បាយ​បំពេញ​តណ្ហា​របស់​ខ្លួន អំឡុង​ពេល​ជួញដូរ​ផ្លូវភេទ និង​ក្លាយ​ជា​អ្នក​ផ្គត់ផ្គង់​ថ្នាំ​ទាំងនេះ​នៅ​ក្នុង​ទីផ្សារ​ស្រុក​ខ្មែរ ដែល​ពួកគេ​អាង​អ្នក​មាន​អំណាច​កាង​នៅ​ពីក្រោយ។

ទាក់ទិន​នឹង​បញ្ហា​នេះ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ធ្លាប់​ជា​ភ្នាក់ងារ​បង្កប់​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន គឺ​លោក មុំ អស្សនី ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា កូនប្រុស​ពៅ​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី គឺជា​មនុស្ស​ដែល​ចូលចិត្ត​ស្វែងរក​ការ​សប្បាយ​ជាមួយ​ស្រី​ផ្សេង​ក្រៅពី​ប្រពន្ធ​ខ្លួនឯង​នៅ​តាម​ក្លឹប​កម្សាន្ត​ជា​ញឹកញាប់ និង​ចូលចិត្ត​ប្រើ​ថ្នាំញៀន​ដើម្បី​ពង្វក់​អារម្មណ៍​ជា​ប្រចាំ​ផង​ដែរ រាល់​ពេល​ដែល​គាត់​ចេញ​ទៅ​សប្បាយ​នៅ​តាម​ក្លឹប​ម្តងៗ។

លោក មុំ អស្សនី បញ្ជាក់​ថា ការ​ផលិត និង​ចែកចាយ​គ្រឿងញៀន ត្រូវ​គេ​រក​ឃើញ​ថា​កំពុងតែ​ចរាចរណ៍​យ៉ាង​អនាធិបតេយ្យ​ក្នុង​ចំណោម​សែស្រឡាយ សាច់ញាតិ បក្ខពួក ទាំង​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល និង​អ្នកជំនួញ​ធំៗ ដូចជា​ក្រុម​ឧកញ៉ា ជាដើម ដែល​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​គ្រួសារ​នៃ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បច្ចុប្បន្ន​នេះ។

កាលពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០២៣ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក កែ គឹមយ៉ាន បាន​លើកឡើង​ថា បច្ចុប្បន្ន​នេះ កម្ពុជា​នៅតែ​បន្ត​រង​ការ​គំរាមកំហែង​ឥត​ឈប់ឈរ​ពី​ការ​ចរាចរណ៍ ការ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅឡើយ ក្នុង​នោះ​ការ​ចរាចរ​គ្រឿងញៀន​ទាំង​តាម​ផ្លូវ​គោក ផ្លូវទឹក បញ្ញើ​ប្រៃសណីយ៍ និង​ផ្លូវអាកាស​ផង​ដែរ ជាពិសេស​ករណី​រក្សាទុក កែច្នៃ ផលិត និង​ជួញដូរ​គ្រឿងញៀន​នៅ​កម្ពុជា​នៅតែ​បន្ត​កើត​មាន​ដដែល​សព្វថ្ងៃ​នេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស