ឧត្តមសេនីយ៍ ប្រាវិត វង្សាវ៉ាត (Prawit Wongsuwon) ជា​ឧបនាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha)។

ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយ៍​ម្នាក់​មក​ពី​គណបក្ស​ប៉ាល្ល័ង្គ​ប្រាចារ៉ាត់​ចង់​បាន​តំណែង​នាយករដ្ឋមន្ត្រី​ថៃ

By ឌឹ ខេមបូឌា ដេលី

August 15, 2023

ស្ថានភាព​នយោបាយ​នៅ​រាជាណាចក្រ​ថៃ កំពុងតែ​ដើរ​លើ​វិថី​មួយ​ដែល​មិន​ច្បាស់លាស់ ព្រោះ​ថា​បក្ស​ដែល​មិន​មាន​និន្នាការ​នឹង​ពួក​យោធា លំបាក​ខ្លាំង​ដើម្បី​ចាប់​យក​ឱកាស​កាន់​តំណែង​នាយករដ្ឋមន្ត្រី​ថ្មី​របស់​រាជាណាចក្រ​នេះ។

នៅ​ថ្ងៃទី​១៥ សីហា នេះ អ្នក​សង្កេតការណ៍​មាន​ការ​ភ្ញាក់ផ្អើល​ដែល​បក្ស​ប៉ាល្ល័ង្គប្រាចារ៉ាត់ ទម្លាយ​ព័ត៌មាន​ថា ឧត្តមសេនីយ៍ ប្រាវិត វង្សាវ៉ាត ជា​ឧបនាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​លោក ប្រាយុទ្ធ ចាន់អូចា កំពុង​សម្លឹង​ទៅ​រក​តំណែង​ជា​នាយករដ្ឋមន្ត្រី​អាណត្តិ​សភា​ថ្មី​នេះ ប្រសិនបើ​បេក្ខជន​មកពី​គណបក្ស​ភឿថៃ ពុំ​ទទួល​បាន​សំឡេង​គាំទ្រ​គ្រប់គ្រាន់​ពី​ការ​បោះឆ្នោត​សភា​រួម​គ្នា​នៅ​ក្នុង​ពេល​ប្រជុំ​ខាងមុខ​នេះ។

កាលពី​ថ្ងៃទី​១២ សីហា បក្ស​ភឿថៃ បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយ​បក្ស​របស់​ពួក​យោធា គឺ​បក្ស​ប៉ាល្ល័ង្គប្រាចារ៉ាត់ ដឹកនាំ​ដោយ​លោក ប្រាវិត វង្សាវ៉ាត និង​បក្ស​ថៃ​រួបរួម​ជាតិ ដឹកនាំ​ដោយ​លោក ប្រាយុទ្ធ ចាន់អូចា ដែល​ជា​មេ​រដ្ឋប្រហារ​រំលាយ​រដ្ឋាភិបាល​របស់​បក្ស​ភឿថៃ នៅ​ឆ្នាំ​២០១៤។

កិច្ចព្រមព្រៀង​របស់​បក្ស​ទាំង​បី​នេះ ធ្វើឡើង​ក្រោយពី​បក្ស​ភឿថៃ បាន​ព្រមព្រៀង​នឹង​បក្ស​ភូមិឆាតថៃ ដែល​ជា​បក្ស​មាន​និន្នាការ​នឹង​ពួក​យោធា ក្នុង​ការ​ស្វែងរក​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​ដ៏​ទូលំទូលាយ តែ​គ្មាន​ទេ​បក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ​របស់​លោក ភីថា លឹមចារឿនរ៉ាត់។

ក្រោយពី​ដើរ​ចេញពី​សម្ព័ន្ធភាព ៨​គណបក្ស ដែល​ក្នុង​នោះ​មាន​បក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ​ដែរ​នោះ បក្ស​ភឿថៃ ដែល​ធ្លាប់​ជា​បក្ស​លម្អៀង​ខ្លាំង​ខាង​ប្រជាធិបតេយ្យ បាន​ពង្រីក​សម្ព័ន្ធភាព​ថ្មី។ ការ​បែក​ចេញពី​បក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ​នេះ​ហើយ ដែល​នាំ​ឱ្យ​បក្ស​របស់​ពួក​យោធា​ឈោង​ចាប់​ដៃ​នឹង​បក្ស​ភឿថៃ ដែល​មាន​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីត​នាយករដ្ឋមន្ត្រី​និរទេស​ខ្លួន​នៅ​ពីក្រោយ។

នៅ​ថ្ងៃ​អង្គារ ទី​១៥ សីហា នេះ កាសែត​បាងកក​ប៉ុស្តិ៍​ចុះផ្សាយ​ថា បេក្ខជន​នាយករដ្ឋមន្ត្រី​មកពី​បក្ស​ភឿថៃ លោក Srettha Thavinsin ទំនង​លំបាក​ខ្លាំង​ក្នុង​ការ​រក​សំឡេង​ឆ្នោត​ឱ្យ​បាន​គ្រប់​សំឡេង ៣៧៦ ក្នុង​សំឡេង​សរុប ៧៥០ ដែល​ក្នុង​នោះ​សមាជិក​ព្រឹទ្ធសភា​ជា​ក្រុម​ចាត់តាំង​ដោយ​ពួក​យោធា​មាន ២៥០​រូប អាច​ជា​ឧបសគ្គ​រាំង​ខ្ទប់​លោក Srettha ដែល​គេ​ថា​អាច​ដូច​នឹង​លោក ភីថា មេដឹកនាំ​បក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ ដែល​បរាជ័យ​នៅ​ក្នុង​ការ​បោះឆ្នោត​រួម​គ្នា​នៃ​សមាជិក​សភា និង​ព្រឹទ្ធសភា បើ​ទោះជា​លោក ភីថា មាន​សំឡេង​ក្នុង​ដៃ​របស់​លោក ៣១១​សំឡេង​ក៏ដោយ​នោះ។

ក្នុង​ការ​បោះឆ្នោត​នៅ​ថ្ងៃទី​១៧ កក្កដា លោក ភីថា ទទួល​បាន​ការ​គាំទ្រ​ពី​សមាជិក​ព្រឹទ្ធសភា​តែ ១៣​សំឡេង​ប៉ុណ្ណោះ។ ឥឡូវ​នេះ ការ​ទម្លាយ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា គណបក្ស​ភឿថៃ កំពុងតែ​គិត​ថា តើ​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​ខ្លួន​អាច​ទទួល​បាន​សំឡេង​ចេញពី​សមាជិក​ព្រឹទ្ធសភា​ដែរ​ឬ​ទេ ហើយ​មាន​ការ​គាំទ្រ​ដោយ​សំឡេង​លើសលប់ ឬ​ក៏​ដូច​នឹង​ករណី​លោក ភីថា?

កាសែត​បាងកក​ប៉ុស្តិ៍​បន្ត​ចុះផ្សាយ​ថា គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ​បាន​ប្រជុំ​គ្នា​សម្រេច​មិន​គាំទ្រ​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​ភឿថៃ នោះ​ទេ ដោយ​ចោទ​ថា​បក្ស​នេះ​បាន​រត់​ទៅ​ឱបក្រសោប​ជាមួយ​នឹង​ពួក​យោធា​ទៅ​ហើយ​នោះ គឺ​ខុស​នឹង​ឆន្ទៈ​របស់​ប្រជាជន បើ​បក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ​គាំទ្រ​បក្ស​ភឿថៃ។

ក្រោយពី​បក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ ចេញ​សេចក្ដី​ថ្លែងការណ៍​ដូចនេះ ការ​ផ្សព្វផ្សាយ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បក្ស​ប៉ាល្ល័ង្គប្រាចារ៉ាត់ ជា​បក្ស​ធំ​ទី​៤ ហើយ​មាន​បក្ស​ថៃ​រួបរួម​ជាតិ គាំទ្រ​រួច​ស្រេច​ហើយ​នោះ នាំ​ឲ្យ​លោក ប្រាវិត វង្សាវ៉ាត់ បង្ហើប​ព័ត៌មាន​ថា លោក​មិន​បោះបង់​ចោល​ឋានៈ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​ប៉ាល្ល័ង្គប្រាចារ៉ាត់ នោះ​ទេ។

ក្នុង​ស្ថានភាព​បែប​នេះ​ដែល​នាំ​ឲ្យ​អ្នក​សង្កេតការណ៍​គិត​ថា លោក ប្រាវិត ទំនង​ចង់​បាន​តំណែង​នាយករដ្ឋមន្ត្រី​ឲ្យ​តែ​បក្ស​ភឿថៃ ដើរ​ដល់​ក្រឡា​ទាល់ច្រក ព្រោះ​តែ​ពុំ​អាច​ក្លាយ​ជា​បក្ស​ដឹកនាំ​ក្បាលម៉ាស៊ីន​រដ្ឋាភិបាល​បាន​នោះ។

អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា លោក ប្រាវិត ជា​ឧត្តមសេនីយ៍​យោធា​ដែល​បាន​ចូលរួម​ចំណែក​ជាមួយ​លោក ប្រាយុទ្ធ ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ភឿថៃ នៅ​ឆ្នាំ​២០១៤ រំពឹង​ថា សមាជិក​ព្រឹទ្ធសភា​អាច​នឹង​មិន​បោះឆ្នោត​គាំទ្រ​បេក្ខភាព​នាយករដ្ឋមន្ត្រី​មកពី​គណបក្ស​ភឿថៃ នោះ​ទេ បើ​ទោះ​ជា​ខុសពី​លោក Srettha Thavinsin ក៏ដោយ​នោះ។

តែ​អ្នក​សង្កេតការណ៍​ក៏​មើល​ឃើញ​ដែរ​ថា ប្រធាន​គណបក្ស​ភូមិឆាតថៃ លោក អានុទីន ចាន់វីរៈគុល ក៏​អាច​ក្លាយ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ផង​ដែរ បើ​បក្ស​ភឿថៃ​អស់​ឱកាស​ជា​បក្ស​ដឹកនាំ​រដ្ឋាភិបាល។

ដូច្នេះ បេក្ខជន​នាយករដ្ឋមន្ត្រី គឺ​អាច​មាន​លោក អានុទីន ចាន់វីរៈគុល និង​លោក​ឧត្តមសេនីយ៍ ប្រាវិត វង្សាវ៉ាត់។ តែ​លោក ប្រាវិត វង្សាវ៉ាត់ ទំនង​មាន​ប្រៀប​ជាង​លោក អានុទីន ព្រោះ​តែ​សមាជិក​ព្រឹទ្ធសភា ២៥០​រូប នឹង​គាំទ្រ​បុរស​វ័យ​ជាង ៧០​ឆ្នាំ​រូប​នេះ​ឲ្យ​កាន់​តំណែង​នាយករដ្ឋមន្ត្រី​ថៃ​ទី​៣០ ជំនួស​លោក ប្រាយុទ្ធ ដែល​បាន​សម្រេច​ឈប់​ធ្វើ​នយោបាយ​ហើយ​នោះ។

លោក ប្រាយុទ្ធ បាន​ថ្លែង​ធានា​ពី​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​ពី​រដ្ឋាភិបាល​ចាំ​ផ្ទះ​របស់​លោក ទៅ​ឱ្យ​រដ្ឋាភិបាល​ថ្មី ឱ្យ​តែ​ត្រូវ​បាន​បង្កើត​ចេញ​រូបរាង​ឡើង​ជា​ផ្លូវការ​ហើយ​នោះ៕